ធីម៉ូថេ ទី២ ៤
« ខ្ញុំបានរក្សាសេចក្តីជំនឿ »
ការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ផ្តល់ពរដល់យើងតាមរបៀបជាច្រើន ។ ទោះបីជាយើងនឹងប្រឈមមុខនឹងការសាកល្បង ហើយនិងការបៀតបៀនក៏ដោយ ក៏តាមរយៈសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ យើងអាចរក្សាភាពក្លាហានរហូតដល់ទីបញ្ចប់បានដែរ ។ បន្ទាប់ពីព្យាយាមដើរតាមព្រះអង្គសង្គ្រោះជាច្រើនទសវត្សរ៍ ប៉ុលបានដឹងថាលោកនឹងត្រូវគេសម្លាប់ក្នុងពេលឆាប់ៗនេះ ។ នៅក្នុងសំបុត្រចុងក្រោយរបស់លោកទៅកាន់ធីម៉ូថេ លោកបានបង្ហាញពីមូលហេតុដែលការរក្សាភាពស្មោះត្រង់គឺមានតម្លៃសម្រាប់លោក និងចំពោះអស់អ្នកដែលជ្រើសរើសស៊ូទ្រាំក្នុងសេចក្ដីជំនឿ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យក្លាយជា ឬបន្តប្ដេជ្ញាក្នុងភាពជាសិស្សពេញមួយជីវិតចំពោះព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស៊ូទ្រាំដោយស្មោះត្រង់
សូមស្រមៃថាតើវានឹងទៅជាយ៉ាងណាដើម្បីដឹងថាអ្នកហៀបនឹងស្លាប់នោះ ។
-
តើអ្នកសង្ឃឹមថានឹងអាចនិយាយអ្វីអំពីជីវិតរបស់អ្នកនៅពេលថ្ងៃនោះមកដល់ ?
-
តើអ្វីនឹងមានសារៈសំខាន់សម្រាប់អ្នកនៅពេលនោះ ? តើអ្វីដែលមិនសំខាន់ ?
-
តើអ្នកគិតថាការខិតខំរបស់អ្នកដើម្បីធ្វើតាមព្រះអង្គសង្គ្រោះពេញមួយជីវិតរបស់អ្នកនឹងជះឥទ្ធិពលដល់អ្នកនៅពេលនោះយ៉ាងដូចម្ដេច ?
បន្ទាប់ពីការបម្រើដ៏ក្លាហានអស់ជាច្រើនទសវត្សរ៍ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុលបានសរសេរទៅកាន់ធីម៉ូថេពីក្នុងគុករ៉ូមដោយដឹងថាលោកនឹងត្រូវគេប្រហារជីវិតឆាប់ៗ ។ ការណ៍នេះទំនងជាសំបុត្រចុងក្រោយដែលប៉ុលបានសរសេរដែលត្រូវបានបញ្ចូលក្នុងព្រះគម្ពីរសញ្ញាថ្មី ។ យើងមានពរជ័យដែលអាចអានគំនិតចុងក្រោយមួយចំនួនរបស់បុរសដ៏អស្ចារ្យម្នាក់នេះ នៅពេលដែលលោកបានឆ្លុះបញ្ចាំងពីជីវិតរបស់លោក និងការខិតមកជិតនៃសេចក្តីស្លាប់របស់លោក ។
ប៉ុលបានប្រៀបធៀបការខិតខំរបស់លោកក្នុងការរក្សាភាពស្មោះត្រង់ចំពោះសកម្មភាពពីរផ្សេងគ្នា ។ សូមអាន ធីម៉ូថេ ទី២ ៤:៦–៧ ហើយរកមើលការប្រៀបធៀបរបស់ប៉ុល ។
-
ហេតុអ្វីបានជាការតយុទ្ធយ៉ាងល្អ និងការរត់ប្រណាំងជាស្រេច បានរក្សាសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់យើង ?
សូមសញ្ជឹងគិតមួយនាទីអំពីរបៀបដែលអ្នកកំពុងធ្វើចំណុចនេះក្នុងជីវិតរបស់អ្នកក្នុងការរត់ប្រណាំងរបស់អ្នក ឬការតស៊ូរបស់អ្នកដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ ។ តើអ្នកធ្លាប់មានអារម្មណ៍នឿយហត់ វាយដំ ឬរងរបួសឬទេ ? តើអ្នកធ្លាប់ត្រូវបានល្បួងឲ្យបោះបង់ដែរឬទេ ? តើព្រះអង្គសង្គ្រោះបានជួយអ្នកនៅក្នុងស្ថានភាពទាំងនេះដោយរបៀបណា ? នៅពេលអ្នកសិក្សាថ្ងៃនេះ សូមគិតអំពីមូលហេតុដែលវានឹងមានតម្លៃសម្រាប់អ្នកក្នុងការបន្តការរត់ប្រណាំង ឬប្រយុទ្ធប្រឆាំងនឹងភាពជាសិស្ស ។
តើអ្វីដែលព្រះអង្គសង្គ្រោះប្រទានដល់ពួកអ្នកស្មោះត្រង់
សូមអាន ធីម៉ូថេ ទី២ ៤:៨ ដោយរកមើលពរជ័យដែលព្រះអង្គសង្គ្រោះបានរៀបចំសម្រាប់ប៉ុល និងអស់អ្នកដែលស៊ូទ្រាំដោយស្មោះត្រង់ ។
មកុដនេះគឺជានិមិត្តសញ្ញាសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានគេស្គាល់ផងដែរថាជាភាពតម្កើងឡើង ។
-
ហេតុអ្វីបានជាអ្នកគិតថា ប៉ុលនឹងពណ៌នាអំពីពរជ័យនេះ ដែលព្រះយេស៊ូវគ្រីស្ទប្រទានដល់យើងថាជា « មកុដនៃសេចក្ដីសុចរិត » ?
សេចក្តីពិតមួយដែលយើងអាចរៀនចេញពីវគ្គបទគម្ពីរនេះគឺ ៖ ដោយសារព្រះយេស៊ូវគ្រីស្ទ នោះអស់អ្នកដែលស៊ូទ្រាំដោយស្មោះត្រង់ដល់ទីបញ្ចប់នឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើឃ្លា « កាន់ខ្ជាប់ដរាបដល់ចុងបំផុត » មានអត្ថន័យយ៉ាងណាចំពោះអ្នក ? តើឥឡូវនេះអ្នកត្រូវស៊ូទ្រាំដោយរបៀបណា ? តើអ្វីដែលធ្វើឲ្យការស៊ូទ្រាំដល់ទីបញ្ចប់មានការលំបាក ?
-
តើព្រះអង្គសង្គ្រោះជាគំរូដ៏ល្អឥតខ្ចោះនៃការស៊ូទ្រាំដល់ទីបញ្ចប់តាមរបៀបណា ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ) ។
-
តើការស៊ូទ្រាំរបស់ព្រះអង្គសង្គ្រោះដល់ទីបញ្ចប់មានឥទ្ធិពលលើយើងយ៉ាងដូចម្ដេច ?
សូមចំណាយពេលខ្លះដើម្បីគិតអំពីមនុស្សដែលអាចនឹងរងឥទ្ធិពលដោយជម្រើសរបស់អ្នកដើម្បីស៊ូទ្រាំដល់ទីបញ្ចប់ ។
ក្តីសង្ឃឹមរបស់យើងអាចទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ
អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ដោយសារតែការស៊ូទ្រាំដ៏លំបាកដល់ទីបញ្ចប់ យើងមិនអាចជោគជ័យតែម្នាក់ឯងបានឡើយ ។ លោកបានបង្រៀនថា ៖
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺពិតជាមិនមែនជាគម្រោងដែលធ្វើវាដោយខ្លួនឯងនោះទេ ។… វាទាមទារអំណាចប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ។
( អិល ថម ភែរី « The Gospel of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤៦ )
ដូចប៉ុលដែរ មនុស្សជាច្រើននាក់ទៀតបានស៊ូទ្រាំដល់ទីបញ្ចប់ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។ សូមអានយ៉ាងហោចណាស់ពីរនូវវគ្គបទគម្ពីរនៃព្រះគម្ពីរមរមនដូចខាងក្រោម ។ សូមរកមើលពីរបៀបដែលទំនាក់ទំនងជាមួយព្រះអង្គសង្គ្រោះបានមានឥទ្ធិពលលើព្យាការីម្នាក់ៗ នៅពេលពួកលោកស៊ូទ្រាំដោយស្មោះត្រង់ ហើយសេចក្តីស្លាប់របស់ពួកលោកបានខិតចូលមកជិត ។
លីហៃ ៖ នីហ្វៃទី២ ១:១៤–១៥
អេណុស ៖ អេណុស ១:២៧
មរ៉ូណៃ ៖ មរ៉ូណៃ ១០:៣២–៣៤
-
តើសិស្សទាំងនេះពិពណ៌នាអំពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើទំនាក់ទំនងនោះមានឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍របស់ពួកគេចំពោះការស្លាប់របស់ពួកគេ ?
តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ឲ្យ ?
-
តើអ្នកនឹងផ្តល់ដំបូន្មានអ្វីដល់មនុស្សស្មោះត្រង់ម្នាក់ ដែលបារម្ភថាខ្លួនពួកគេមិនរឹងមាំគ្រប់គ្រាន់ដើម្បីស៊ូទ្រាំ ?
-
តើអ្នកអាចនិយាយអ្វីទៅកាន់នរណាម្នាក់ដែលបានឈប់ដើរតាមព្រះអង្គសង្គ្រោះ ហើយឥឡូវនេះមានអារម្មណ៍ថាវាយឺតពេលក្នុងការចាប់ផ្តើមម្តងទៀត ? តើអ្នកអាចប្រើឧទាហ៍អំពីជីវិតរបស់ប៉ុលដោយរបៀបណាដើម្បីជួយពួកគេឲ្យឃើញថាព្រះអង្គសង្គ្រោះអាចជួយយើងឲ្យផ្លាស់ប្តូរ និងចាប់ផ្តើមឡើងវិញបានយ៉ាងដូចម្ដេច ?
-
តើពួកគេអាចធ្វើជំហានអ្វីខ្លះដើម្បីងាកទៅរកព្រះអង្គសង្គ្រោះដើម្បីសុំជំនួយ ?
តើមានសារអ្វីសម្រាប់អ្នក ?
ត្រលប់ទៅ ធីម៉ូថេ ទី ២ ៤ ហើយអានខទី ៦–៨, ១៨ ។ សូមស្រមៃគិតអំពីខ្លួនអ្នកនៅពេលអនាគត ដោយអាចនិយាយអ្វីដែលប៉ុលបាននិយាយនៅពេលជីវិតអ្នកខិតជិតដល់ពេលចុងក្រោយនៃជីវិតរបស់អ្នក ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមទាំងនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសារលិខិតរបស់ព្រះវរបិតាសួគ៌ទៅកាន់អ្នក ?
-
តើអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅថ្ងៃនេះ បានជួយអ្នកឲ្យយល់កាន់តែច្បាស់ដោយរបៀបណាអំពីតម្រូវការរបស់អ្នកសម្រាប់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងកាន់ខ្ជាប់ដរាបដល់ចុងបំផុតយ៉ាងដូចម្តេច ?
អែលឌើរ អិល ថម ភែរី ( ឆ្នាំ១៩២២–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ការស៊ូទ្រាំដល់ទីបញ្ចប់តម្រូវឲ្យមានភាពស្មោះត្រង់ដល់ទីបំផុត ដូចក្នុងករណីរបស់ប៉ុល ដែលបានប្រាប់ធីម៉ូថេថា « ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ » ( ធីម៉ូថេ ទី២ ៤:៧ ) ។ ជាក់ស្ដែងនេះមិនមែនជារឿងងាយឡើយ ។ វាត្រូវបានរំពឹងថានឹងពិបាក មានបញ្ហាប្រឈម ហើយនៅ ទីបំផុតត្រូវចម្រាញ់ ពេលយើងរៀបចំខ្លួនត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌របស់យើង ហើយទទួលបានពរជ័យដ៏នៅអស់កល្បជានិច្ច ។
( អិល ថម ភែរី « The Gospel of Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤៦ )
សូមមើលវីដេអូ « Endure to the End » ( ២:០៤ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដោយរកមើលពីរបៀបដែលប្រធាន ឌៀថើរ អេស្វ អុជដូហ្វ អតីតគណៈប្រធានទីមួយ បានជួយឆ្លើយសំណួរនេះ ។
ចុះបើពេលខ្លះវាពិបាកនឹងឃើញពរជ័យនៃការនៅតែស្មោះត្រង់ ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
ចូរកុំបោះបង់ ។ ចូរបន្ដដើរទៀត ។ ចូរបន្ដខិតខំ ។ មានជំនួយ និងសុភមង្គលនៅខាងមុខ ។… នៅទីបញ្ចប់វានឹងមិនអីទេ ។ ទុកចិត្តលើព្រះ ហើយជឿលើរឿងល្អៗដែលនឹងមកដល់ ។
… ពរជ័យខ្លះមកឆាប់ ខ្លះមកយឺត ហើយខ្លះមិនមករហូតទៅដល់ស្ថានសួគ៌ ប៉ុន្ដែសម្រាប់អស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពរជ័យនឹងមក ។
( ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ )