ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ២:១៧–១៨
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ »
នៅក្នុងមេរៀនមុន អ្នកបានរៀនថា យើងបង្ហាញជំនឿលើព្រះយេស៊ូវគ្រីស្ទ តាមរយៈទង្វើដ៏សុចរិតរបស់យើង ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ាកុប ២:១៧–១៨ ពន្យល់គោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
សូមសរសេរ យ៉ាកុប ២:១៧–១៨ សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ នៅលើក្រដាសមួយសន្លឹក ដោយទុកចន្លោះខ្លះរវាងពាក្យនីមួយៗ ។ សូមសូត្រសេចក្ដីយោងបទគម្ពីរនេះ និងឃ្លាបទគម្ពីរគន្លឹះឲ្យឮៗ ។ បន្ទាប់មកកាត់ពាក្យ និងលេខនីមួយៗឲ្យដាច់ពីគ្នា ច្របល់វាចូលគ្នា ហើយដាក់វាតាមលំដាប់វិញ ។ សូមថាបទគម្ពីរ និងសេចក្ដីយោងនោះម្តងទៀត ។ សូមធ្វើបែបនេះម្ដងទៀតរហូតដល់អ្នកអាចនិយាយសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះតាមការចងចាំ ដោយគ្មានជំនួយពីក្រដាសណាមួយឡើយ ។
នៅពេលអ្នកអាន យ៉ាកុប ២:១៧–១៨ សូមរំឭកពីមេរៀនមុនអំពីគោលការណ៍ដែលថា សេចក្ដីជំនឿពិតលើព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានកិច្ចការសុចរិត ។
-
តើអ្នកអាចពន្យល់សេចក្ដីពិតនេះតាមវិធីមួយដែលអាចជំរុញចិត្តអ្នកដទៃឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿរបស់គាត់ដោយរបៀបណា ?
រៀនអនុវត្ត
សូមពិនិត្យគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ បន្ទាប់មកសម្រាប់គោលការណ៍នីមួយៗ សូមសរសេរប្រយោគមួយដែលសង្ខេបអត្ថន័យរបស់វាជាពាក្យសម្តីផ្ទាល់ខ្លួនរបស់អ្នក ។ ប្រសិនបើមានប្រយោជន៍ សូមរំឭក កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
ការធ្វើសកម្មភាពតាមជំនឿរបស់យើងអាចជាការពិបាក ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « អ្វីដែលយើងដឹងមិនតែងតែឆ្លុះបញ្ចាំងពីអ្វីដែលយើងធ្វើនោះទេ » ( « More Diligent and Concerned at Home » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៧ ) ។ នៅពេលអ្នកអានស្ថានភាពខាងក្រោម សូមគិតអំពីហេតុផលដែលយើងប្រហែលជាមិនតែងតែធ្វើតាមគោលការណ៍នៃដំណឹងល្អដែលយើងដឹង ។
-
យុវនារីម្នាក់ចង់អានបទគម្ពីររបស់នាងរាល់ថ្ងៃ ។ ជួនកាលនាងបាត់បង់ការជំរុញចិត្ត នៅពេលនាងមិនយល់ ឬរកឃើញអត្ថន័យនៅក្នុងអ្វីដែលនាងកំពុងអាននោះ ។
-
យុវនារីម្នាក់បានថ្វាយដង្វាយមួយភាគក្នុងដប់ដោយស្មោះត្រង់ កាលពីកុមារភាព ។ ពេលនេះនាងធំហើយ ហើយមានការងារជាប់លាប់ នោះចំនួនប្រាក់ដង្វាយមួយភាគក្នុងដប់ដែលបានរំពឹងទុកពីនាង គឺច្រើនជាងចំនួនដែលនាងធ្លាប់បានថ្វាយ ហើយកាន់តែពិបាកក្នុងការថ្វាយ ។
-
យុវជនម្នាក់បានរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ជាច្រើនឆ្នាំមកហើយ ។ គាត់ជឿថា ព្រះយេស៊ូវបានរងទុក្ខជំនួសអំពើបាបរបស់មនុស្សជាតិ ហើយថាអំពើបាបរបស់គាត់អាចត្រូវបានអភ័យទោស ។ គាត់មានបទពិសោធន៍ដ៏មានអត្ថន័យជាមួយនឹងការប្រែចិត្តកាលពីអតីតកាល ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានឃើញថា ខ្លួនគាត់ចំណាយពេលយូរដោយមិនគិតពីការប្រែចិត្ត ។
សូមជ្រើសរើសស្ថានភាពមួយក្នុងចំណោមស្ថានភាពខាងលើ ឬគិតពីគោលការណ៍នៃដំណឹងល្អមួយទៀតដែលអ្នកជឿ ប៉ុន្តែមានការលំបាកក្នុងការធ្វើតាម ។ សូមសរសេរពីរបៀបដែលអ្នក ឬមនុស្សនៅក្នុងស្ថានភាពដែលអ្នកបានជ្រើសរើស អាចប្រើគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីដោះស្រាយស្ថានភាពនោះ ។
ប្រសិនបើអ្នកចង់បានជំនួយខ្លះក្នុងការអនុវត្តគោលការណ៍ទាំងនេះ ទៅនឹងស្ថានភាពដែលអ្នកបានជ្រើសរើស សូមពិចារណាឆ្លើយសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមនេះ ។
គោលការណ៍ទី ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
កាលពីអតីតកាល តើអ្នកបានធ្វើសកម្មភាពដោយសេចក្តីជំនឿលើគោលការណ៍នៃដំណឹងល្អអ្វីខ្លះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីបទពិសោធន៍នោះ ដែលអាចជួយអ្នកក្នុងស្ថានភាពនេះ ?
គោលការណ៍ទី ២ ៖ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌មានព្រះតម្រិះបែបណាចំពោះស្ថានភាពនេះ ? តើទ្រង់អាចជួយតាមវិធីណាខ្លះ ?
-
តើការធ្វើតាមគោលការណ៍នេះអាចនាំទៅរកពរជ័យក្នុងពេលបច្ចុប្បន្ននេះ និងដ៏នៅអស់កល្បយ៉ាងដូចម្តេច ?
គោលការណ៍ទី ៣ ៖ ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើ យ៉ាកុប ២:១៧–១៨ អាចជួយក្នុងស្ថានភាពនេះដោយរបៀបណា ? តើមានបទគម្ពីរ ឬសុន្ទរកថាសន្និសីទទូទៅអ្វីផ្សេងទៀត ដែលអាចជួយឲ្យអ្នកយល់កាន់តែច្បាស់ និងមានអារម្មណ៍ជំរុញចិត្ត ដើម្បីរស់នៅតាមគោលការណ៍នេះ ? ( ឧទាហរណ៍ សូមមើល អាលម៉ា ៣២:២៧–២៨ ) ។
-
ជាញឹកញាប់ វាអាចមានប្រយោជន៍ដើម្បីពិភាក្សាបញ្ហាទាំងនេះជាមួយមិត្តភក្តិសមាជិកគ្រួសារ ឬអ្នកដឹកនាំសាសនាចក្រដែលទុកចិត្ត ។ តើព្រះអម្ចាស់អាចនឹងចង់ឲ្យអ្នកពិភាក្សាអំពីស្ថានភាពនេះជាមួយនរណា ?
សូមចំណាយពេលបន្តិចដើម្បីពិចារណាអំពីអ្វីដែលអ្នកបានរៀនតាមរយៈមេរៀននេះ ។ ប្រសិនបើអ្នកបានរកឃើញសេចក្ដីពិតនៃដំណឹងល្អដែលអ្នកផ្ទាល់លំបាកធ្វើតាម សូមវាយតម្លៃដោយស្មោះត្រង់ ប្រសិនបើអ្នកមានគម្រោងធ្វើវាឥឡូវនេះ ។ ប្រសិនបើអ្នកគ្មានគម្រោងធ្វើវាឥឡូវនេះទេ សូមគិតអំពីឧបសគ្គដែលមានលើផ្លូវរបស់អ្នក និងរបៀបដែលព្រះអម្ចាស់អាចជួយអ្នកបាន ។