ថ្នាក់​សិក្ខាសាលា
យ៉ាកុប ២


យ៉ាកុប ២

« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ »

Youth doing a service project in Australia

តើអាចមានភាពខុសគ្នារវាងអ្នកដែលនិយាយថា ពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ និងអ្នកដែលអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដែរឬទេ ? យ៉ាកុបបានផ្ដល់នូវភាពខុសគ្នាដ៏សំខាន់មួយថា សេចក្ដីជំនឿពិតទៅលើព្រះយេស៊ូវគ្រីស្ទត្រូវបានឆ្លុះបញ្ចាំង មិនត្រឹមតែនៅក្នុងអ្វីដែលមនុស្សម្នាក់គិត ឬនិយាយប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងអ្វីដែលពួកគេធ្វើដែរ ។ មេរៀននេះនឹងអនុញ្ញាតឲ្យអ្នកពិនិត្យមើលពីរបៀប ដែលអ្នកអាចអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបានពេញលេញជាងមុន តាមរយៈទង្វើសុចរិត ។

ការជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដែលសកម្ម ។ ពេលកំពុងរៀបចំបង្រៀន សូមផ្តោតលើអ្វីដែលសិស្សនឹងធ្វើ ។ សូមលើកទឹកចិត្តសិស្សឲ្យប្រឹងប្រែងរៀនពីព្រះគម្ពីរ និងពីគ្នាទៅវិញទៅមក ។ នៅពេលសិស្សធ្វើដូច្នេះ ទំនុកចិត្តរបស់ពួកគេលើសមត្ថភាពរៀនពីព្រះគម្ពីរនឹងកើនឡើង ។ សិស្សក៏នឹងមានទំនោរក្នុងការអនុវត្តអ្វីដែលពួកគេបានរៀនផងដែរ ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលជិតស្និទ្ធនឹងពួកគេ ដែលមានសេចក្ដីជំនឿខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអាច សូមអញ្ជើញសិស្សឲ្យសួរសំណួរដូចតទៅនេះទៅកាន់បុគ្គលនេះ ៖ « តើសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ជះឥទ្ធិពលលើសកម្មភាព និងអាកប្បកិរិយារបស់អ្នកយ៉ាងដូចម្ដេច ? តើអ្នកនឹងធ្វើអ្វីផ្សេងដែរឬទេ ដោយសារសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ? សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយអ្វីដែលពួកគេរៀន ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការទទួលបានពរជ័យ—ដូចជាការបង្កាត់ភ្លើង

សូមពិចារណាគូររូបភ្លើងនៅលើក្ដារខៀន ។

តើអ្នកកំពុងស្វែងរកពរជ័យ ឬចម្លើយចំពោះការអធិស្ឋានមកពីព្រះវរបិតាសួគ៌ឬ ? វាអាចមានប្រយោជន៍ ដើម្បីប្រៀបធៀបដំណើរការនៃការស្វែងរកពរជ័យទាំងនេះ ទៅនឹងការបង្កាត់ភ្លើងដើម្បីទទួលពន្លឺ និងកម្តៅពីវា ។

  • តើអ្នកនឹងធ្វើជំហានអ្វីខ្លះដើម្បីបង្កាត់ភ្លើង ?

  • តើសកម្មភាពនៃការគូសឈើគូសមានសារៈសំខាន់ប៉ុនណា ?

សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បីរៀនពីរបៀបដែលការទទួលពរជ័យគឺដូចជាការបង្កាត់ភ្លើង ។ អ្នកក៏អាចមើលវីដេអូ « Abound with Blessings » ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១:០២ ដល់ ៣:២៧ ។

2:3
Official portrait of Elder Dale G. Renlund of the Quorum of the Twelve Apostles, January 2016.

ចូរយើងប្រដូចពរជ័យពីស្ថានសួគ៌ទៅនឹងគំនរឈើដ៏ធំមួយ ។… [ វា ] មានចំនួនប្រេងដ៏ច្រើនមហិមាដែលអាចបង្កើតជាភ្លើង និងកម្តៅបានរយៈពេលច្រើនថ្ងៃ ។ …

ដើម្បីឲ្យភាយថាមពលកម្តៅពីគំនរឧសនោះ គេត្រូវការគូសឈើគូស ហើយដុតកម្ទេចឧសនោះឲ្យឆេះសិន ។ កម្ទេចឧសនឹងឆេះភ្លាម ហើយធ្វើឲ្យកំណាត់ឈើធំៗឆេះដែរ ។ …

ការគូសឈើគូស ហើយដុតកម្ទេចឧសនោះគឺជាទង្វើតូចតាច ដែលអាចបង្កើតថាមពលប៉ូតង់ស្យែលឲ្យឧសនោះឆេះភាយចេញមកបាន ។ មិនថាគំនរឧសនោះធំប៉ុនណាឡើយ ប្រសិនបើគ្មានការគូសឈើគូសទេ នោះភ្លើងពុំឆេះឡើយ ។ …

ស្រដៀងគ្នានេះដែរ ភាគច្រើនពរជ័យដែលព្រះមានព្រះទ័យប្រទានដល់យើង តម្រូវឲ្យមានសកម្មភាពពីយើង—សកម្មភាពនោះផ្តោតទៅលើសេចក្តីជំនឿយើងទៅលើព្រះយេស៊ូវគ្រីស្ទ ។… ជារឿយៗ សកម្មភាពដែលតម្រូវឲ្យមានគឺតូចតាច ពេលប្រៀបធៀបទៅនឹងពរជ័យដែលយើងទទួលបាននៅទីបំផុត ។

( ឌេល ជី រេនឡាន់ « Abound with Blessings » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០ )

  • តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះពីពាក្យប្រដូចរបស់អែលឌើរ រេនឡាន់ ?

  • តើអ្នកគិតថា ការធ្វើសកម្មភាពដោយ « ផ្ដោតសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ » មានន័យដូចម្ដេច ?

សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លុះបញ្ចាំង ហើយឆ្លើយសំណួរបន្តបន្ទាប់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។

សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមវិធីណាខ្លះ ? តើសកម្មភាពអ្វីខ្លះដែលអ្នកនឹងធ្វើដោយសារសេចក្ដីជំនឿនេះ ?

  • តើចម្លើយ និងពរជ័យអ្វីផ្សេងទៀតដែលអ្នកបានទទួលពីព្រះ នៅពេលអ្នកបានអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? តើមានវិធីបន្ថែមទៀតដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់មានព្រះទ័យឲ្យអ្នកធ្វើសកម្មភាពដោយសេចក្ដីជំនឿដែរឬទេ ? ហេតុអ្វី ?

សូមអធិស្ឋានទូលសុំឲ្យព្រះវរបិតាសួគ៌ដឹកនាំអ្នក នៅពេលអ្នកស្វែងរកចម្លើយចំពោះសំណួរទាំងនេះ អំឡុងពេលការសិក្សារបស់អ្នក ។

សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ

យ៉ាកុបបានប្រើការប្រៀបប្រដូចមួយទៀត ដើម្បីបង្រៀនយើងអំពីសារៈសំខាន់នៃការធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។

សូមអាន យ៉ាកុប ២:១៤–១៦ ហើយព្យាយាមស្រមៃមើលថា អ្នកនឹងគិតយ៉ាងណា ប្រសិនបើអ្នកបានឃើញស្ថានភាពនេះ ។ ( ពាក្យ « អាក្រាត » នៅក្នុង ខទី ១៥ មានន័យថាស្លៀកពាក់តោកយ៉ាក ) ។

សូមពិចារណាអញ្ជើញសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សម្នាក់ដើរតួជាអ្នកសុំទាន ហើយសិស្សម្នាក់ទៀតដើរតួជាអ្នកដែលអាចជួយអ្នកសុំទានបាន ។ សូមអញ្ជើញសិស្សទីបីឲ្យអាន យ៉ាកុប ២:១៥–១៦ ឮៗ អំឡុងពេលសិស្សពីរនាក់ផ្សេងទៀតដើរតួតាមសាច់រឿងដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។

  • តើអ្នករៀនអ្វីខ្លះ មកពីការប្រៀបប្រដូចរបស់យ៉ាកុប ?

សូមអាន យ៉ាកុប ២:១៧–១៨, ២៦ ( សូមមើល យ៉ាកុប ១:២២ ផងដែរ ) ហើយរកមើលសេចក្ដីពិតដែល យ៉ាកុបបានបង្ហាញតាមរយៈការប្រៀបប្រដូចនេះ ។

  • តើអ្នកអាចសង្ខេបអ្វីដែលយ៉ាកុបបានបង្រៀនដោយរបៀបណា ?

វិធីមួយនៃការបញ្ជាក់ពីសេចក្តីពិតដែលយ៉ាកុបបានបង្រៀនគឺថា សេចក្តីជំនឿពិតទៅលើព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានទង្វើសុចរិត

  • ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងអនុវត្តសេចក្តីជំនឿរបស់យើង ?

វាអាចជាប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ការបង្រៀនមួយក្នុងចំណោមការបង្រៀនដែលកើតឡើងដដែលៗ នៅក្នុងសំបុត្ររបស់យ៉ាកុបគឺថា យើងគួរតែមើលថែជនក្រីក្រ ជនឈឺថ្កាត់ និងជនខ្វះខាត ( សូមមើល យ៉ាកុប ១:២៧ ; ២:១–៩ ; ៥:១៤–១៥ ) ។ សកម្មភាពបែបនេះបង្ហាញពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។

  • តើការចងចាំអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងសេចក្តីល្អរបស់ទ្រង់អាចជំរុញយើងឲ្យធ្វើសកម្មភាពដោយជំនឿរបស់យើងតាមរបៀបណា ?

ឧទាហរណ៍នៃការធ្វើសកម្មភាពដោយសេចក្ដីជំនឿ

វាអាចជាការបំផុសគំនិត ក្នុងការគិតអំពីគំរូនៃអ្នកដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សូមអាន យ៉ាកុប ២:២១–២៥ ហើយរកមើលគំរូនៃអ្នកទាំងឡាយណានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានធ្វើសកម្មភាពដោយសេចក្តីជំនឿ ។

ប្រសិនបើមានប្រយោជន៍ សូមពិចារណាសួរសំណួរដូចខាងក្រោម ៖

  • តើអ្វីទៅដែលលោកអ័ប្រាហាំត្រូវបានហៅដោយសារតែកិច្ចការរបស់លោក ? ( សូមមើល យ៉ាកុប ២:២៣ ) ។ ហេតុអ្វីអ្នកគិតថាទង្វើដ៏ស្មោះត្រង់របស់លោកបាននាំឲ្យលោកមានងារនេះ ?

  • តើអ្នកគិតថា កិច្ចការរបស់យើងអាចជួយពង្រឹង និងធ្វើឲ្យសេចក្ដីជំនឿរបស់យើងបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេច ? ( សូមមើល យ៉ាកុប ២:២២ ) ។

វាក៏អាចនឹងជួយពន្យល់ថា រ៉ាហាបបានអនុវត្តសេចក្ដីជំនឿរបស់នាងដោយប្រថុយជីវិត ដើម្បីការពារអ្នកបម្រើរបស់ព្រះ ( សូមមើល យ៉ូស្វេ ២:១, ៣ ; ៦:១៧, ២៣, ២៥ ; ហេព្រើរ ១១:៣១ ) ។

សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនៅលើក្រដាសពីរសន្លឹក ។ សិស្សអាចប្រើការរៀបចំសិស្សដែលពួកគេបានរៀបចំនៅក្នុងសកម្មភាពនេះ ។

  • តើអ្នកអាចគិតដល់អ្នកណា មិនថាចេញមកពីជីវិតរបស់អ្នក ឬមកពីបទគម្ពីរទេ តើនរណាដែលបង្ហាញពីការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទទៅជាសកម្មភាព ? តើអ្នករៀនអ្វីខ្លះមកពីគំរូនេះ ?

  • តើអ្វីទៅជារបៀបមួយដែលព្រះយេស៊ូវគ្រីស្ទគឺជាគំរូនៃកិច្ចការសុចរិត ? តើទង្វើសុចរិតរបស់យើងជួយយើងឲ្យកាន់តែដូចទ្រង់យ៉ាងដូចម្ដេច ?

បន្ទាប់ពីសិស្សបានសរសេរចម្លើយរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យបត់ក្រដាសទាំងពីរ ហើយកាន់នៅក្នុងដៃម្ខាង ។ បន្ទាប់មក សិស្សអាចដើរពេញបន្ទប់ ហើយជ្រើសរើសមនុស្សម្នាក់ដើម្បីចែកចាយជាមួយ ។ បន្ទាប់មក សិស្សម្នាក់ៗអាចជ្រើសរើសដៃស្តាំ ឬឆ្វេងរបស់សិស្សផ្សេងទៀត ដើម្បីស្តាប់ចម្លើយរបស់ពួកគេ ។ សិស្សអាចធ្វើសកម្មភាពនេះម្តងទៀតជាមួយសិស្សផ្សេងទៀត ។

ការដោះសោពរជ័យតាមរយៈសកម្មភាពដែលបំផុសគំនិតដោយសេចក្តីជំនឿ

ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ការអញ្ជើញដូចខាងក្រោមទាក់ទងនឹងសេចក្ដីជំនឿ និងសកម្មភាពរបស់យើង ៖

Official portrait of President Russell M. Nelson taken January 2018

ដើម្បីធ្វើអ្វីៗបានល្អ វាតម្រូវឲ្យមានការខិតខំ ។ ការក្លាយជាសិស្សដ៏ពិតម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ គឺគ្មានករណីលើកលែងទេ ។ ការបង្កើនសេចក្ដីជំនឿ និងការទុកចិត្តរបស់អ្នកលើទ្រង់តម្រូវឲ្យមានការខិតខំ ។ …

…តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកមានជំនឿ បន្ថែមទៀត នោះ ? សូមគិតពីការណ៍នេះ ។ សូមកត់ត្រាវាទុក ។ រួចហើយ សូម ទទួលជំនឿបន្ថែមទៀត តាមរយៈការធ្វើអ្វីមួយដែល តម្រូវឲ្យមានជំនឿបន្ថែម

( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ឆ្នាំ ២០២១ ទំព័រ ១០៣ )

សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកមានសេចក្ដីជំនឿបន្ថែមទៀតនោះ ?

  • តើមានជំហានអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីធ្វើតាមចំណាប់អារម្មណ៍របស់អ្នក ?

សូមចំណាយពេលមួយនាទី ដើម្បីចាប់ផ្តើមធ្វើសកម្មភាពតាមចំណាប់អារម្មណ៍របស់អ្នក ។ ឧទាហរណ៍ យោងតាមអ្វីដែលអ្នកទទួលអារម្មណ៍ថា អ្នកគួរធ្វើ នោះអ្នកអាចផ្ញើអត្ថបទ ផ្តល់ការអធិស្ឋាន ដាក់ការរំឭកនៅក្នុងប្រតិទិនរបស់អ្នក ឬរៀបចំផែនការអ្វីដែលអ្នកនឹងធ្វើបន្ទាប់ទៀត ។

សូមសួរប្រសិនបើមានសិស្សណាចង់ចែកចាយអ្វីដែលពួកគេបានចាប់ផ្តើមធ្វើ ឬមានគម្រោងនឹងធ្វើ ។ ការចែកចាយគំនិតអាចលើកទឹកចិត្តសិស្សផ្សេងទៀត ។

សូមពិចារណាអំពីការចែកចាយទីបន្ទាល់ ឬបទពិសោធន៍ផ្ទាល់ខ្លួនអំពីមូលហេតុដែលសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគួរតម្រែតម្រង់សកម្មភាពរបស់យើង ។

វិចារណកថា និងព័ត៌មានសាច់រឿង

តើការបង្រៀនរបស់យ៉ាកុបអំពីសេចក្ដីជំនឿ និងការប្រព្រឹត្តិផ្ទុយពីការបង្រៀនរបស់ប៉ុលឬទេ ?

នៅក្នុងបរិបទនៃ យ៉ាកុប ២:១៤ យ៉ាកុបបានប្រើពាក្យ ប្រព្រឹត្តតាម ខុសពីរបៀបដែលសាវកប៉ុលបានប្រើ ។ នៅពេលប៉ុលបានប្រើពាក្យ ការប្រព្រឹត្តិ គាត់បានសំដៅជាចម្បងទៅលើកិច្ចការនៃក្រឹត្យវិន័យរបស់ម៉ូសេ ( សូមមើល រ៉ូម ៣:២៧–៣១ និង កាឡាទី ២:១៥–១៦ ) ។ នៅពេលយ៉ាកុបបានប្រើពាក្យ ប្រព្រឹត្តតាម លោកសំដៅទៅលើសកម្មភាពនៃការលះបង់ ឬកិច្ចការនៃសេចក្ដីសុចរិត ។

សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ ប៉ុន្តែចុះតើការប្រព្រឹត្តតាមដែលគ្មានសេចក្ដីជំនឿវិញនោះ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សេចក្ដីជំនឿពិតគឺផ្ដោតនៅក្នុង និងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកសកម្មភាពសុចរិត ។ … សកម្មភាពតែម្យ៉ាងពុំមែនជាសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះទេ ប៉ុន្តែការធ្វើសកម្មភាពស្របតាមគោលការណ៍ត្រឹមត្រូវ គឺជាធាតុមួយដ៏សំខាន់នៃសេចក្ដីជំនឿ ។

( ដេវីឌ អេ បែដណា « Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៥ )

សកម្មភាពរៀនសូត្របន្ថែម

យ៉ាកុប ១:២២ ។ « ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ »

សូមពិចារណាបង្ហាញវីដេអូ « Doers of the Word » ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដែលពិពណ៌នាអំពី យ៉ាកុប ១:១៩–២៧ ។ សូមអញ្ជើញសិស្សឲ្យរកមើលការបង្រៀនដែលជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃការប្រព្រឹត្តដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។

3:0

យ៉ាកុប ២:៩ ។ « តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ »

គោលការណ៍នេះអាចត្រូវបានបង្រៀនជាឧទាហរណ៍មួយ អំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីជំនឿតាមរយៈកិច្ចការរបស់យើង ។ សូមជ្រើសរើសសិស្សម្នាក់ដោយចៃដន្យ ហើយឲ្យនំតូចមួយដល់គាត់ ។ សូមប្រាប់សិស្សក្នុងថ្នាក់រៀនថា អ្នកឲ្យនំទៅសិស្សនេះ ព្រោះធ្វើតាមហេតុផលមួយចំនួនដែលអ្នកចង់ធ្វើ ( ដូចជាដោយសារពណ៌សម្លៀកបំពាក់ដែលពួកគេពាក់ ) ។ សូមសួរសំណួរថា « តើការប្រព្រឹត្តរបស់ខ្ញុំទៅលើសិស្សម្នាក់នេះធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ ? ជួនកាលហេតុអ្វីយើងបង្ហាញការពេញចិត្តចំពោះអ្នកដទៃ ? សូមអញ្ជើញសិស្សម្នាក់អាន យ៉ាកុប ២:១–៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលថា យ៉ាកុបបានព្រមានពួកបរិសុទ្ធអំពីអ្វីខ្លះ ។ តើពួកគេបានឃើញអ្វីខ្លះ ? តើយើងអាចចៀសវាងពីការពេញចិត្តមនុស្សមួយចំនួនលើសអ្នកផ្សេងដោយរបៀបណា ?

សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប ២:៨ ដោយស្ងៀមស្ងាត់ ដោយរកមើលថា យ៉ាកុបបានរំឭកពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ដែលវានឹងជួយពួកគេឲ្យបញ្ឈប់ការនិយមពេញចិត្តបែបលម្អៀង ។ សូមឲ្យសិស្សគិតអំពីបុគ្គលម្នាក់ដែលពួកគេស្គាល់ ដែលធ្វើជាគំរូអំពីមនុស្សដែលមានសេចក្ដីស្រឡាញ់ស្មើភាពគ្នា ទោះបីក្នុងកាលៈទេសៈផ្សេងគ្នាក៏ដោយ ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីបុគ្គលដែលពួកគេបានគិតនោះ និងហេតុផលរបស់វា ។ តើព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូយ៉ាងណាចំពោះការស្រឡាញ់អ្នកដទៃដោយស្មើភាពគ្នា ? សូមអញ្ជើញសិស្សឲ្យគិត អំពីរបៀបដែលពួកគេអាចធ្វើឲ្យបានកាន់តែប្រសើរឡើង តាមគំរូរបស់ព្រះអង្គសង្គ្រោះ ក្នុងរបៀបដែលពួកគេមើលឃើញ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ។

យ៉ាកុប ២:១៩–២០ ។ ការមានសេចក្ដីជំនឿទៅលើព្រះគឺខុសពីការទទួលស្គាល់ថាទ្រង់មានមែនពិត

សកម្មភាពនេះអាចត្រូវបានបង្រៀនបន្ទាប់ពីសេចក្ដីថ្លែងការណ៍របស់អែលឌើរ រេនឡាន់ ឬវីដេអូ និងសំណួរបន្តបន្ទាប់ទៀត ។ តើសិស្សអាចយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងសេចក្ដីជំនឿ និងការប្រព្រឹត្តិតាមដោយរបៀបណា ? សូមអញ្ជើញពួកគេឲ្យអាន យ៉ាកុប ២:១៩–២០ ដោយរកមើលគំរូដែលយ៉ាកុបផ្ដល់ឲ្យដើម្បីបង្ហាញថា មនុស្សអាចជឿលើព្រះដោយគ្មានសេចក្ដីជំនឿលើព្រះ ។ តើសិស្សបានឃើញអ្វីខ្លះ ? តើពួកគេនឹងពណ៌នាអំពីភាពខុសគ្នារវាងការមានសេចក្ដីជំនឿទៅលើព្រះ និងការជឿលើព្រះយ៉ាងដូចម្តេច ?