ថ្នាក់​សិក្ខាសាលា
យ៉ាកុប ១


យ៉ាកុប ១

« សូមដល់ព្រះ »

A young woman prays by her bedside.

តើអ្នកមានអារម្មណ៍ថា អ្នកអាចសុំជំនួយពីព្រះនៅពេលដែលអ្នកមានសំណួរដែលគ្មានចម្លើយ ឬត្រូវការប្រាជ្ញារបស់ទ្រង់ក្នុងការធ្វើការសម្រេចចិត្តដ៏សំខាន់ៗដែរឬទេ ? យ៉ាកុបបានប្រកាសថា អ្នកណាដែលខ្វះប្រាជ្ញាអាច « សូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផង … នោះទ្រង់នឹងប្រទានឲ្យ » ( យ៉ាកុប ១:៥ ) ។ គោលបំណងនៃមេរៀននេះគឺដើម្បីពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌នឹងប្រទានប្រាជ្ញាដល់អ្នកក្នុងការឆ្លើយតបនឹងការអធិស្ឋានរបស់អ្នក ។

ការបង្រៀនព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដោយការជឿជាក់ និងគោលបំណង ។ « ការចាប់អារម្មណ៍ដ៏សំខាន់របស់អ្នក ភាពចំបាច់ និងកាតព្វកិច្ចតែមួយគត់របស់អ្នក គឺដើម្បីបង្រៀនដំណឹងល្អរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលត្រូវបានបង្ហាញនៅថ្ងៃចុងក្រោយទាំងនេះ ។ អ្នកត្រូវបង្រៀនដំណឹងល្អនេះ ដោយប្រើជាប្រភព និងដោយសិទ្ធិអំណាចរបស់អ្នកមកពីព្រះគម្ពីរបរមាណីនៃសាសនាចក្រ និងប្រសាសន៍របស់អ្នកទាំងឡាយណាដែលព្រះបានហៅឲ្យដឹកនាំរាស្ដ្រទ្រង់នៅថ្ងៃចុងក្រោយនេះ » ( ជេ រូបិន ខ្លាក ជុញ្ញ័រ The Charted Course of the Church in Education បោះពុម្ពកំណែថ្មី [ ឆ្នាំ ១៩៩៤ សុន្ទរកថាថ្លែងទៅកាន់ គ្រូបង្រៀនសាសនានៃប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៣៨ ] ទំព័រ ១០ គេហទំព័រ ChurchofJesusChrist.org ) ។

ការរៀបចំសិស្ស: ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ាកុប ១:៥–៦ ហើយគិតអំពីរឿងនានាក្នុងជីវិតរបស់ពួកគេ ដែលពួកគេត្រូវការប្រាជ្ញា ឬការណែនាំពីព្រះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ចម្លើយសំខាន់ៗ

សូមពិចារណាបង្ហាញជម្រើស និងសំណួរដូចខាងក្រោមនេះ ។ សូមទុកពេលឲ្យសិស្សសញ្ជឹងគិតអំពីចម្លើយរបស់ពួកគេដោយស្ងៀមស្ងាត់ មុនពេលបន្តទៅមុខទៀត ។

សូមមើលសំណួរនីមួយៗខាងក្រោម ហើយសញ្ជឹងគិតរឿងទាំងនេះសម្រាប់សំណួរនីមួយៗ ៖ (១) តើខ្ញុំបានទទួលចម្លើយពីព្រះដែរឬទេ ? ( ២ ) តើខ្ញុំកំពុងស្វែងរកចម្លើយដែលខ្ញុំមិនទាន់បានទទួលពីព្រះដែរឬទេ ? ( ៣ ) តើខ្ញុំមិនចាប់អារម្មណ៍ក្នុងការស្វែងរកចម្លើយដែរឬទេ ?

  • តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាសាសនាចក្រពិតឬទេ ?

  • តើព្រះយេស៊ូវគ្រីស្ទពិតជាព្រះអង្គសង្គ្រោះរបស់ខ្ញុំមែនដែរឬទេ ?

  • តើខ្ញុំគួរផ្តោតលើអ្វីខ្លះដើម្បីធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរឡើង ?

សូមពិចារណាឲ្យសិស្សចែកចាយសំណួរសំខាន់ៗមួយចំនួនទៀតដែលពួកគេ និងអ្នកដែលនៅជុំវិញពួកគេអាចនឹងកំពុងស្វែងរកចម្លើយ ។

នៅពេលអ្នកសិក្សាពាក្យសម្តីរបស់សាវកយ៉ាកុបនៅក្នុង យ៉ាកុប ១ សូមរកមើលគោលការណ៍ដែលអាចជួយអ្នកស្វែងរកចម្លើយចំពោះសំណួរសំខាន់ៗនៅក្នុងជីវិតរបស់អ្នក ។

សូមចែកចាយប្រវត្តិខ្លះអំពីយ៉ាកុប ព្រមទាំងបរិបទសម្រាប់សំបុត្ររបស់លោក ។ ព័ត៌មានមួយចំនួនខាងក្រោមអាចមានប្រយោជន៍ ។ ម្យ៉ាងវិញទៀត សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយអ្វីដែលពួកគេអាចដឹងអំពី យ៉ាកុប និងសំបុត្ររបស់លោក ។

សូមអានព័ត៌មានខាងក្រោមអំពីយ៉ាកុប ។ សូមគិតអំពីសំណួរអ្វីខ្លះដែលលោកប្រហែលជាបានស្វែងរកចម្លើយពេញមួយជីវិតរបស់លោក ។

  1. លោកប្រហែលជាប្អូនប្រុសរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « យ៉ាកុប, ប្អូនប្រុសរបស់ព្រះអម្ចាស់ » គេហទំព័រ ChurchofJesusChrist.org ) ។

  2. ដូចប្អូនប្រុសផ្សេងទៀតរបស់ព្រះអម្ចាស់ដែរ លោកប្រហែលជាមិនបានជឿឡើយកាលពីដំបូងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ៧:៣–៥ ) ។

  3. ក្រោយមក យ៉ាកុបបានក្លាយជាសាវក ហើយយោងតាមអ្នកនិពន្ធដែលជាពួកគ្រីស្ទានពីជំនាន់ដើមថា លោកគឺជាប៊ីស្សពដំបូងគេរបស់សាសនាចក្រនៅក្នុងក្រុងយេរូសាឡិម ( សូមមើល កិច្ចការ ១២:១៦–១៧ ; ២១:១៧–១៨ ; កាឡាទី ១:១៨–១៩ ; ២:៩ ) ។

សូមអាន យ៉ាកុប ១:១ ដើម្បីរកមើលថា តើយ៉ាកុបបានសរសេរទៅនរណា ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាកខនឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា « យ៉ាកុបបានថ្លែងទៅកាន់ …មនុស្សមិនទាន់ត្រូវបានប្រមូលផ្តុំនៅឡើយ មិនទាន់ទទួលបានដំណឹងល្អនៅឡើយ មិនទាន់បានចូលមកក្នុងក្រោលនៃព្រះគ្រីស្ទនៅឡើយ » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ] ៣:២៤៣ ) ។

  • តើសំណួរអ្វីខ្លះដែលមនុស្សមិនទាន់បានទទួលដំណឹងល្អអាចមាន ?

សូមអាន យ៉ាកុប ១:៥–៦ ដោយស្វែងរកសេចក្ដីពិត ដែលយ៉ាកុបបានបង្រៀន ដែលអាចជួយយើង នៅពេលយើងមានសំណួរសំខាន់ៗ ហើយអាចជួយអ្នកដែលកំពុងស្វែងរកសេចក្តីពិតនៃដំណឹងល្អ ។ ( វាអាចមានប្រយោជន៍ក្នុងការដឹងថា ការស្ដីបន្ទោស មានន័យថា ស្វែងរកកំហុស ឬដើម្បីស្តីបន្ទោស ) ។

  • តើអ្នកបានរកឃើញអ្វីខ្លះ ?

សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការសួរសិស្សថា ហេតុអ្វីបានជាអ្វីដែលពួកគេបានរកឃើញមានសារៈសំខាន់ ហើយតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះវា ។ ប្រសិនបើពួកគេមិនចែកចាយអ្វីដែលស្រដៀងនឹងគោលការណ៍ខាងក្រោមទេ សូមសួរសំណួរខាងក្រោម ៖

  • តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ចេញពីវគ្គបទគម្ពីរនេះ ?

សូមគិតពីការសរសេរចម្លើយរបស់សិស្សលើក្ដារខៀន ។

សេចក្តីពិតមួយដែលបានរកឃើញនៅក្នុងវគ្គបទគម្ពីរនេះ គឺថា ព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមទ្រង់ដោយចិត្តជឿ

  • តើអ្នកគិតថា « សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ » មានន័យដូចម្តេច ? ( យ៉ាកុប ១:៦ ) ។

  • ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកងាកទៅរកទ្រង់សម្រាប់ចម្លើយនានា ?

នៅពេលអ្នកបន្តការសិក្សា គិតអំពីគំនិត អារម្មណ៍ និងបទពិសោធន៍ដែលអ្នកមាន នៅពេលអ្នកបានស្វែងរកប្រាជ្ញា ឬចម្លើយចំពោះសំណួររបស់អ្នកពីព្រះ ។

មុននឹងចាប់ផ្តើមផ្នែកបន្ទាប់នៃមេរៀន វាអាចមានប្រយោជន៍ក្នុងការដឹងថា នៅក្នុងមេរៀន « ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ១:៥–៦ » ដែលជាមេរៀនបន្ទាប់ នោះសិស្សនឹងត្រូវបានអញ្ជើញឲ្យសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១៧

គំរូរបស់យ៉ូសែប ស្ម៊ីធ

Joseph Smith, Jr. depicted kneeling in the Sacred Grove during the First Vision. A ray of light can be seen coming from the sky down through the trees toward Joseph.

វាអាចមានប្រយោជន៍ក្នុងការសញ្ជឹងគិតពីគំរូនៃគោលការណ៍ដែលព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមទ្រង់ដោយសេចក្តីជំនឿ ។ ការស្វែងរកប្រាជ្ញាពីព្រះជះឥទ្ធិពលយ៉ាងខ្លាំងដល់យ៉ូសែប ស្ម៊ីធ ។

សូមមើលវីដេអូ « Joseph Smith: The Prophet of the Restoration » ចាប់ពីនាទីទី ៥:០៧ ដល់ ៨:៤២ ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ដោយរកមើល របៀបដែលសេចក្ដីពិតនេះជះឥទ្ធិពលដល់ជីវិតរបស់យ៉ូសែប ។

62:4
  • តើអ្វីបានរំជួលអារម្មណ៍អ្នកយ៉ាងពិសេសពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ?

  • តើចម្លើយរបស់ព្រះដែលបានប្រទានមកក្នុងការនិមិត្តដំបូង ជះឥទ្ធិពលលើជីវិតរបស់យ៉ូសែបយ៉ាងដូចម្ដេច ? តើវាបានជះឥទ្ធិពលលើលោកិយយ៉ាងដូចម្ដេច ? តើវាបានជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ?

បទពិសោធន៍របស់អ្នក

សូមផ្ដល់ពេលឲ្យសិស្សបំពេញកិច្ចការខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖

សូមសរសេរគំនិត អារម្មណ៍ និងបទពិសោធន៍ដែលអ្នកមាន ពេលកំពុងស្វែងរកប្រាជ្ញាពីព្រះ ។ សូមពិចារណារួមបញ្ចូលចំណុចមួយចំនួនខាងក្រោម ៖

  • គំនិត និងអារម្មណ៍របស់អ្នកអំពីព្រះឆន្ទៈរបស់ព្រះក្នុងការឆ្លើយសំណួររបស់អ្នក ( សូមមើល យ៉ាកុប ១:៥–៦ ) ។

  • គំនិត និងអារម្មណ៍របស់អ្នកអំពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ជាមួយនឹងការសុំប្រាជ្ញាពីព្រះ ។

  • បទពិសោធន៍ដែលអ្នកធ្លាប់មាន ឬកំពុងមានជាមួយការស្វែងរកប្រាជ្ញាពីព្រះ និងការទទួលបានចម្លើយ ។ ( បទពិសោធន៍ទាំងនេះអាចពាក់ព័ន្ធនឹងការស្វែងរកចម្លើយចំពោះសំណួរនៅដើមមេរៀននេះ ) ។

  • វិធីនានាដែលអ្នកចង់ស្វែងរកប្រាជ្ញាពីព្រះឥឡូវនេះ ឬនៅពេលអនាគត ។

  • ចំណាប់អារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធអំឡុងពេលមេរៀននេះ ដែលអាចជួយអ្នកបាន ។

សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ សូមព្យាយាមបើកចិត្តឲ្យទូលាយ និងស្តាប់នូវអ្វីដែលពួកគេចង់ចែកចាយ ។ សូមអរគុណពួកគេសម្រាប់ចម្លើយរបស់ពួកគេ ។ ខាងក្រោមនេះគឺជាសំណួរតាមដានមួយចំនួនដែលអាចសួរបាន ៖

  • តើគំនិត អារម្មណ៍ ឬបទពិសោធន៍ទាំងនេះធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ?

  • តើអ្នកផ្សេងទៀតនៅក្នុងថ្នាក់អាចចែកចាយបទពិសោធន៍ស្រដៀងគ្នានេះបានដែរឬទេ ?

ប្រសិនបើសិស្សមានសំណួរអំពីការស្វែងរកប្រាជ្ញាពីព្រះ ពួកគេអាចចងចាំសំណួរទាំងនោះសម្រាប់មេរៀនបន្ទាប់ « ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ១:៥–៦ » ដែលពិចារណាអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយក្នុងការស្វែងរកប្រាជ្ញា ។

ដើម្បីជួយរៀបចំសិស្សសម្រាប់ការអញ្ជើញខាងក្រោម សូមពិចារណាបង្ហាញវីដេអូ « Origin » ( ៤:៥៧ ) ដូចដែលបានណែនាំនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ។

សូមគិតអំពីទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកក្នុងការអធិស្ឋាន និងសុំប្រាជ្ញា និងចម្លើយពីព្រះ ។ តើនៅពេលណាជាពេលចុងក្រោយដែលអ្នកទូលសុំប្រាជ្ញា ឬចម្លើយចំពោះសំណួររបស់អ្នកពីព្រះវរបិតាសួគ៌ ? តើអ្នកអាចធ្វើអ្វីនៅថ្ងៃនេះ ដើម្បីចាប់ផ្តើមសុំដោយចិត្តស្មោះសរ និងកាន់តែញឹកញាប់ ? សូមកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកនូវអ្វីដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកធ្វើ ដោយសារតែអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។

វាអាចជួយសិស្សឲ្យដឹងថា នៅក្នុងមេរៀនបន្ទាប់នាពេលខាងមុខ ( « វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១១ » ) សិស្សនឹងមានឱកាសដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានសម្រេចចិត្តធ្វើ ដោយសារមេរៀនស្តីពី យ៉ាកុប ១ នេះ ។

សូមថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះសិស្សម្នាក់ៗ និងបំណងប្រាថ្នារបស់ទ្រង់ក្នុងការប្រទានពរដល់សិស្សម្នាក់ៗឲ្យមានប្រាជ្ញា ។ សូមថ្លែងទីបន្ទាល់ថា ជីវិតរបស់ពួកគេនឹងមានពរដោយការស្វែងរកប្រាជ្ញាពីទ្រង់ ។

វិចារណកថា និងព័ត៌មានសាច់រឿង

ហេតុអ្វីវាសំខាន់ដើម្បីទទួលបានប្រាជ្ញាពីព្រះ ហើយទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនពីទ្រង់ ?

សូមគិតអំពីសំណួរមុន ពេលអ្នកមើលវីដេអូ « Origin » ( ៤:៥៧ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។

4:57

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

តើព្រះពិតជាសព្វព្រះទ័យ មានបន្ទូលមកកាន់អ្នកមែនទេ ? ពិតណាស់ ! …

អ្នកពុំចាំបាច់ឆ្ងល់ថា តើអ្វីគឺពិតនោះទេ [ សូមមើល មរ៉ូណៃ ១០:៥ ] ។ អ្នកពុំចាំបាច់ឆ្ងល់ថា អ្នកគួរទុកចិត្តនរណាទើបអាចមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន អ្នកអាចទទួលបានសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ហើយថានេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់អាចដកយកនូវសាក្សីមួយដែលកើតនៅក្នុងដួងចិត្ត និងគំនិតរបស់អ្នកអំពីអ្វីដែលជាការពិតបានឡើយ ។ …

យើងគឺជាពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់អ្នកគឺថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់មានព្រះជន្មរស់ !

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥–៩៦ )

យ៉ាកុប ១:៦ តើ « សូមដោយចិត្តជឿ » មានន័យដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានយោងទៅ យ៉ាកុប ១:៥–៦ ហើយបានពន្យល់ថា ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

សូមកត់សម្គាល់ពីតម្រូវការនៃការសូមដោយចិត្តជឿ ដែលខ្ញុំយល់ថា វាសំដៅលើភាពចាំបាច់ក្នុងការមិនគ្រាន់តែបង្ហាញវាប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើកាតព្វកិច្ចពីរគឺទូលអង្វរ និងអនុវត្ត ដែលជាតម្រូវការដើម្បីទូលអង្វរ និងធ្វើសកម្មភាព ។ …

សំណួររបស់យ៉ូសែបមិនគ្រាន់តែផ្តោតលើអ្វីដែលលោកត្រូវដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏លើអ្វីដែលត្រូវ ធ្វើ ផងដែរ ! ការអធិស្ឋានរបស់លោកមិនមែនសាមញ្ញទេថា « តើព្រះវិហារមួយណាត្រឹមត្រូវ ? » សំណួររបស់លោកគឺសួរថា « តើព្រះវិហារមួយណាដែលលោកគួរចូលរួម ? » យ៉ូសែបបានទៅឯព្រៃដើម្បីសូមដោយចិត្តជឿ ហើយលោកតាំងចិត្តធ្វើសកម្មភាព ។

សេចក្ដីជំនឿពិតគឺផ្ដោតនៅក្នុង និងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកសកម្មភាពសុចរិត ។ … យើងបន្តទៅមុខ ហើយតស៊ូក្នុងកិច្ចការឧទ្ទិសនៃការអធិស្ឋាន បន្ទាប់ពីយើងនិយាយ « អាម៉ែន » ដោយធ្វើតាមអ្វីដែលយើងបានសម្តែងចំពោះព្រះវរបិតាសួគ៌ ។

ការសួរដោយសេចក្ដីជំនឿតម្រូវឲ្យមានភាពស្មោះត្រង់ ការខិតខំ ការតាំងចិត្ត និងការតស៊ូ ។

( ដេវីឌ អេ បែដណា « Ask in Faith » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤-៩៥ )

សកម្មភាពរៀនសូត្របន្ថែម

ទីបន្ទាល់របស់ឪពុកម្តាយ

ដើម្បីពង្រឹងទីបន្ទាល់អំពីការអធិស្ឋានរបស់សិស្ស សូមពិចារណាសួរឪពុកម្ដាយ ឬថ្នាក់ដឹកនាំសាសនាចក្រខ្លះមួយថ្ងៃ ឬពីរថ្ងៃមុនចូលរៀន ដើម្បីសរសេរបទពិសោធន៍ដែលពួកគេមានជាមួយនឹងការទទួលប្រាជ្ញាពីព្រះជាចម្លើយចំពោះការអធិស្ឋាន ។ សូមអានដំណើររឿងនីមួយៗឲ្យសិស្សស្តាប់ ។ ក្នុងករណីខ្លះ វាអាចនឹងមានប្រយោជន៍ក្នុងការផ្តល់ច្បាប់ចម្លងនៃដំណើររឿងនោះដល់សិស្ស ប្រសិនបើវាជារបស់ឪពុកម្តាយ ឬអ្នកដឹកនាំសាសនាចក្ររបស់ពួកគេ ។

ដំបូន្មានរបស់ព្យាការីអំពីការស្វែងរកប្រាជ្ញាពីព្រះ

ប្រសិនបើវាមានប្រយោជន៍សម្រាប់សិស្សក្នុងការសិក្សាការទូន្មានរបស់ព្យាការីបន្ថែមអំពីការស្វែងរកប្រាជ្ញាពីព្រះ សូមអញ្ជើញពួកគេឲ្យចំណាយពេលពីរបីនាទីដើម្បីស្វែងរកធនធានដែលមាន ។ ពួកគេអាចស្វែងរកពាក្យដូចជា « ការអធិស្ឋាន » « វិវរណៈ » ឬ « ទីបន្ទាល់ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ សេចក្ដីណែនាំប្រធានបទ វចនានុក្រមព្រះគម្ពីរប៊ីប ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខាងក្រោមនេះគឺជាវគ្គចំណេះចំណានខាងគោលលទ្ធិមួយចំនួនដែលពួកគេអាចជ្រើសរើសជាផ្នែកនៃការសិក្សារបស់ពួកគេ ៖ សុភាសិត ៣:៥–៦ ; ធីម៉ូថេទី២ ៣:១៥–១៧ ; នីហ្វៃទី ២ ២៨:៣០ ; ម៉ូសាយ ៤:៩ ; មរ៉ូណៃ ១០:៤–៥ ; គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ ; ៨:២–៣

ការទប់ទល់នឹងការល្បួង

គំនិតខាងក្រោមអាចមានប្រយោជន៍សម្រាប់មេរៀននាពេលខាងមុខ ៖

សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវការល្បួងទូទៅដែលយុវជនប្រឈមមុខ ។

សូមអញ្ជើញសិស្សអាន យ៉ាកុប ១:១២–១៦ ដើម្បីស្វែងរកសេចក្ដីពិតនានា ដែលយ៉ាកុបបានបង្រៀនអំពីការល្បួង ។ វាអាចនឹងមានប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ នៃ យ៉ាកុប ១:១២ ផ្លាស់ប្តូរ « ការស៊ូទ្រាំនឹងការល្បួង » ទៅជា « ការទប់ទល់នឹងការល្បួង » ( សូមមើល យ៉ាកុប ១:១២ ) ។

សូមពិចារណាសួរសំណួរខាងក្រោមនេះ ៖

  • ហេតុអ្វីវាសំខាន់ដើម្បីដឹងថា ព្រះមិនមែនជាប្រភពនៃសេចក្ដីល្បួង ?

  • តើអ្វីទៅដែលធ្លាប់ជួយអ្នកឲ្យទប់ទល់នឹងការល្បួង ?

  • តើយើងអាចងាកទៅរកព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយយើងឲ្យយកឈ្នះលើការល្បួងរបស់យើងដោយរបៀបណា ?