ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១១ ផ្នែកទី ១


ហេព្រើរ ១១ ផ្នែកទី ១

សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ

A woman holding a small picture of Jesus Christ. The picture is a reproduction of a painting by Robert Barrett.

មនុស្សជាច្រើននិយាយអំពីការមានសេចក្ដីជំនឿ—លើខ្លួនពួកគេ លើអ្នកដទៃ និងសូម្បីតែលើព្រឹត្តិការណ៍ ឬវត្ថុនានា ។ ដូច្នេះ តើអ្វីដែលធ្វើឲ្យការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានអំណាច និងសារៈសំខាន់ ? នៅក្នុង ហេព្រើរ ១១ យើងអានការបង្រៀនរបស់សាវកប៉ុល ស្តីពីការអភិវឌ្ឍន៍សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយអ្នកឲ្យយល់ពីអត្ថន័យនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលវាសំខាន់ចំពោះអ្នកផ្ទាល់ ។

ការផ្ដោតលើគោលការណ៍នៃការប្រែចិត្តជឿ ។ ខណៈដែលកំណត់ល្បឿនមេរៀន សូមប្រាកដថាពេលវេលាគ្រប់គ្រាន់ត្រូវបានប្រើប្រាស់ក្នុងការជួយសិស្សឲ្យចូលរួមជាមួយផ្នែកនៃមេរៀនដែលផ្ដោតលើគោលការណ៍នៃការប្រែចិត្តជឿ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ « សេចក្ដីជំនឿគឺ ________ » ហើយត្រៀមខ្លួនចែកចាយចម្លើយរបស់ពួកគេនៅក្នុងថ្នាក់ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការធានានៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ

នេះជាផ្នែកទីមួយនៃមេរៀនពីរផ្នែកដែលសង្កត់ធ្ងន់លើការបង្រៀនរបស់ប៉ុលអំពីសេចក្ដីជំនឿនៅក្នុង ហេព្រើរ ១១ ។ ប្រសិនបើម៉ោងរៀនមានកំណត់ ហើយមេរៀនតែមួយអំពីហេព្រើរ ១១ អាចត្រូវបានបង្រៀន សូមពិចារណាពីរបៀបដែលមេរៀនទាំងពីរអាចត្រូវបានបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាព ។

សិស្សអាចប្រើការរៀបចំរបស់ពួកគេសម្រាប់សកម្មភាពខាងក្រោម ។ វាអាចនឹងមានប្រយោជន៍ក្នុងការសរសេរនិយមន័យនៃសេចក្តីជំនឿនៅលើក្ដារខៀន ហើយឲ្យសិស្សកែសម្រួលពាក្យពេញមួយមេរៀននោះ ។

  • តើអ្នកនឹងនិយាយយ៉ាងណា ប្រសិនបើមាននរណាម្នាក់សួរអ្នកអំពីអត្ថន័យនៃសេចក្ដីជំនឿ ?

សូមសរសេរនិយមន័យរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬក្នុងកំណត់ចំណាំឌីជីថលរបស់អ្នក ។ សូមពិចារណាធ្វើការផ្លាស់ប្តូរ ឬបន្ថែមនិយមន័យនេះ ហើយកត់ត្រាគំនិត និងចំណាប់អារម្មណ៍ផ្សេងទៀត ពេលដែលអ្នកសិក្សានៅថ្ងៃនេះ ។

សូមអាន ហេព្រើរ ១១:១ ហើយគូសសម្គាល់ពីរបៀបដែលសាវកប៉ុលបានឲ្យនិយមន័យអំពីសេចក្ដីជំនឿ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា នៅក្នុងការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ នៃខគម្ពីរនេះ ព្យាការីបានផ្លាស់ប្តូរពាក្យ ចិត្តដែលដឹងជាក់ ទៅជា ការធានា ដែលជាពាក្យមានន័យថា ភាពប្រាកដប្រជា ឬការទុកចិត្ត ( សូមមើល ហេព្រើរ ១១:១ ) ។

សូមពិចារណាអញ្ជើញសិស្សឲ្យនិយាយឡើងវិញនូវ ហេព្រើរ ១១:១ ជាពាក្យរបស់ពួកគេផ្ទាល់ ដើម្បីប្រាកដថាពួកគេយល់ពីពាក្យនៃខគម្ពីរ ។

  • តើអ្នកគិតថាដើម្បីមានការធានា ឬការទុកចិត្តលើអ្វីៗដែលអ្នកនឹងបានដូចសង្ឃឹមមានន័យយ៉ាងណា ?

  • តើវាអាចទៅរួចដោយរបៀបណាដើម្បីមានសម្គាល់ពីអ្វីៗដែលអ្នកមើលមិនឃើញ ?

  • ដោយផ្អែកលើខគម្ពីរនេះ តើអ្នកអាចផ្លាស់ប្ដូរ ឬបន្ថែមនិយមន័យនៃសេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ?

សូមពិចារណាសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ឬអញ្ជើញសិស្សឲ្យកែសម្រួលនិយមន័យរបស់សិស្សក្នុងថ្នាក់ ដើម្បីបញ្ចូលគំនិតស្រដៀងគ្នានេះ ។

សេចក្តីពិតដ៏សាមញ្ញមួយដែល ហេព្រើរ ១១:១ បង្រៀននោះគឺថា សេចក្តីជំនឿគឺជាការធានាលើអ្វីៗដែលអ្នកនឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ

សម្រាប់ភាពចម្រុះក្នុងការអានខគម្ពីរបន្ទាប់ សូមពិចារណាបែងចែកសិស្សជាពាក់កណ្តាល ឬអញ្ជើញសិស្សឲ្យធ្វើការជាគូ ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន អាលម៉ា ៣២:២១ ហើយឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន មាត្រានៃសេចក្តីជំនឿ ១:៤ ។ បន្ទាប់មកសិស្សអាចប្រៀបធៀបនូវអ្វីដែលពួកគេបានរៀន ។

សូមអាន អាលម៉ា ៣២:២១ និង មាត្រានៃសេចក្តីជំនឿ ១:៤ ដោយរកមើលការយល់ដឹងបន្ថែមអំពីសេចក្តីជំនឿ ។ អ្នកអាចនឹងចង់ធ្វើសេចក្តីយោងឆ្លង ឬភ្ជាប់ខគម្ពីរទាំងពីរនេះជាមួយនឹង ហេព្រើរ ១១:១

  • តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីជំនឿ ?

  • តើអ្នកអាចផ្លាស់ប្ដូរ ឬបន្ថែមនិយមន័យនៃសេចក្ដីជំនឿរបស់អ្នកដោយសារអ្វីដែលអ្នកបានរៀនដោយរបៀបណា ?

“Christ and the Rich Young Ruler,” by Heinrich Hofmann.

មធ្យោបាយមួយដើម្បីកែសម្រួលសេចក្តីថ្លែងការណ៍មុនៗអំពីសេចក្តីពិតគឺ សេចក្តីជំនឿ លើព្រះយេស៊ូវគ្រីស្ទ គឺជាការធានាពីអ្វីដែលអ្នកនឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ ថាជាការពិត

ប្រសិនបើសេចក្ដីថ្លែងការណ៍ ឬនិយមន័យមុនៗរបស់សិស្សត្រូវបានសរសេរនៅលើក្ដារខៀន សូមកែសម្រួលពាក្យដើម្បីឲ្យពាក្យ « សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ត្រូវបានទាក់ទងគ្នាយ៉ាងច្បាស់ ។

ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ សូមពិចារណាសួរសំណួរខ្លះដូចខាងក្រោម ។ សូមជួយពួកគេឲ្យទទួលស្គាល់តួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ និងតួនាទីផ្ទាល់ខ្លួនរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ ។

វាអាចមានប្រយោជន៍ដើម្បីចែកចាយសេចក្ដីថ្លែងការណ៍ដំបូងរបស់ប្រធាន រ័សុល អិម ណិលសុន នៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៃមេរៀននេះ ។

  • តើអ្នកគិតថា ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ខុសពីការមានសេចក្ដីជំនឿលើនរណាម្នាក់ ឬអ្វីផ្សេងទៀតយ៉ាងដូចម្ដេច ?

  • តើសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យទុកចិត្តទ្រង់យ៉ាងដូចម្ដេច ពេលអ្នកប្រឈមមុខនឹងសំណួរ ឬភាពមិនប្រាកដប្រជានោះ ?

ពង្រឹងការយល់ដឹងរបស់អ្នកអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ

សូមឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីសេចក្ដីជំនឿផ្ទាល់ខ្លួនរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកមានអារម្មណ៍ថាសេចក្ដីជំនឿរបស់អ្នកលើទ្រង់រឹងមាំតាមរបៀបណាខ្លះ ? តើអ្នកមានអារម្មណ៍ថាសេចក្ដីជំនឿរបស់អ្នកលើទ្រង់អាចកាន់តែរឹងមាំតាមរបៀបណាខ្លះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

15:1
Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

សេចក្តីជំនឿនឹងពុំកើតមានដល់យើងដោយចៃដន្យឡើយ ហើយសេចក្តីជំនឿក៏មិននៅជាប់ជាមួយយើងដោយសារតែមរតករបស់បងច្បងដែរ ។ … សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយមួយពីឋានសួគ៌ដែលប្រទានមក នៅពេលយើងជ្រើសរើសជឿ និងនៅពេលយើងស្វះស្វែងរកវា ហើយតោងជាប់នឹងវា ។ សេចក្តីជំនឿរបស់អ្នកអាចប្រែកាន់តែខ្លាំងឡើងៗ ឬក៏អាចចុះខ្សោយទៅៗ ។ សេចក្តីជំនឿគឺជាគោលការណ៍នៃអំណាច ពុំមែនសំខាន់គ្រាន់តែសម្រាប់ជីវិតនេះនោះទេ ប៉ុន្តែវាសំខាន់នៅក្នុងការរីកចម្រើនរបស់យើងបន្ទាប់ពីសេចក្តីស្លាប់ ។ តាមរយៈព្រះគុណនៃព្រះគ្រីស្ទ នោះថ្ងៃណាមួយ យើងនឹងត្រូវបានសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះនាមទ្រង់ [ សូមមើល អេភេសូរ ២:៨ ] ។ អនាគតនៃសេចក្តីជំនឿរបស់អ្នក ពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ » ។

( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥ )

  • តើអ្វីទៅដែលអ្នកចាប់អារម្មណ៍នៅក្នុងការថ្លែងរបស់អែលឌើរ អាន់ឌើរសិន ?

  • តើលោកជួយអ្នកអ្វីខ្លះឲ្យយល់អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?

សូមចំណាយពេលដើម្បីស្វែងយល់បន្ថែមអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដោយការសិក្សាធនធានមួយចំនួនខាងក្រោម ។ សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមគិតពិចារណា ហើយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យរៀនពីអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ ។

សូមបង្ហាញសំណួរខាងក្រោម និងធនធានដែលបានផ្តល់ឲ្យសម្រាប់សិស្សដើម្បីមើលនៅពេលពួកគេសិក្សា ។ វាអាចមានប្រយោជន៍ក្នុងការផ្តល់ច្បាប់ចម្លងមួយចំនួននៃសុន្ទរកថាមួយ ឬច្រើនសម្រាប់សិស្សដែលមិនមានឧបករណ៍ឌីជីថល ដើម្បីចូលប្រើសម្ភារៈទាំងនេះ ។

សូមពិចារណាដោយប្រុងប្រយ័ត្ននូវសមត្ថភាពសិក្សា ឬតម្រូវការរបស់សិស្សម្នាក់ៗនៅក្នុងថ្នាក់ ។ អ្នកខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការសិក្សាជាមួយដៃគូ ។ សូមកែសម្រួលកិច្ចការ ឬសំណួរដែលពាក់ព័ន្ធ ប្រសិនបើចាំបាច់ ។

អ្នកប្រហែលជាចង់គិតអំពីសំណួរទាំងនេះ ឬសំណួររបស់អ្នកផ្ទាល់នៅពេលអ្នកសិក្សា ៖

  • តើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណាចំពោះខ្ញុំ ?

  • ហេតុអ្វីវាសំខាន់ដែលខ្ញុំអភិវឌ្ឍសេចក្តីជំនឿទៅលើទ្រង់ ?

  • តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងសេចក្តីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ ?

សូមពិចារណាដើរចុះឡើងពេញថ្នាក់រៀន នៅពេលដែលសិស្សសិក្សាដើម្បីស្វែងរកបុគ្គលដែលអាចមានសំណួរ ឬត្រូវការជំនួយ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្តព្យាយាម ឬសួរសំណួរឲ្យកាន់តែច្បាស់ដើម្បីជួយសិស្សកែលម្អការគិតរបស់ពួកគេ ។

បទគម្ពីរដែលបានផ្តល់ឲ្យ និងជំនួយការសិក្សា

អាលម៉ា ៣២:២៦–៣៤

អេធើរ ១២:៦–៩

វចនានុក្រមព្រះគម្ពីរប៊ីប ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីជំនឿ »

អ្នកអាចស្វែងរកធនធានផ្សេងទៀតនៅក្នុងព្រះគម្ពីរ ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ដោយស្វែងរកពាក្យ « សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ។

ការទូន្មានដែលបានផ្តល់ឲ្យមកពីថ្នាក់ដឹកនាំសាសនាចក្រ

រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤

នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៨

រីឆាដ ស៊ី អ៊ីដច្លី « Faith—the Choice Is Yours » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣១–៣៣

សូមពិចារណាបែងចែកថ្នាក់ជាគូ ឬជាក្រុមតូចៗ ដូច្នេះសិស្សអាចចែកចាយអ្វីដែលពួកគេបានរៀន ។ ប្រិសនបើពេលវេលាអនុញ្ញាតឲ្យ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកឱកាសមួយដើម្បីចែកចាយអ្វីដែលពួកគេបានរៀនជាមួយនឹងគ្រួសាររបស់ពួកគេ ឬនៅព្រះវិហារ ។ សូមពិចារណាសួរសិស្សអំពីរបៀបដែលនិយមន័យនៃសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្ដូរពេញមួយមេរៀននេះ ។

វិចារណកថា និងព័ត៌មានសាច់រឿង

ហេតុអ្វីវាសំខាន់ដើម្បីដាក់សេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បានទូន្មាន ៖

Official portrait of President Russell M. Nelson taken January 2018

នៅពេលយើងនិយាយ ពីសេចក្ដីជំនឿ—ជាសេចក្ដីជំនឿដែលអាចរើភ្នំបាន—យើងពុំមែននិយាយពីសេចក្ដីជំនឿជាទូទៅទេ តែជាសេចក្ដីជំនឿទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ …

យើងម្នាក់ៗអាចសួរខ្លួនឯងថា តើសេចក្ដីជំនឿយើងនៅឯណា ? វានៅក្នុងក្រុមមួយមែនទេ ? នៅក្នុងយីហោមួយមែនទេ ? នៅលើតារាល្បីម្នាក់មែនទេ ? សូម្បីតែក្រុមល្អបំផុត ក៏ចាញ់ការប្រកួតដែរ ។ រីឯពួកតារាល្បីៗ ក៏អាចបាត់បង់ប្រជាប្រិយភាពដែរ ។ មានអង្គតែមួយគត់ដែលសេចក្ដីជំនឿយើងតែងមានសុវត្ថិភាព គឺលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។

( រ័សុល អិម ណិលសុន « Let Your Faith Show » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩ )

ហេតុអ្វីខ្ញុំគួរព្យាយាមបង្កើនសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖

Official portrait of President Russell M. Nelson taken January 2018

ការហៅរបស់ខ្ញុំទៅកាន់អ្នក …គឺ ចាប់ផ្ដើមថ្ងៃនេះ ដោយបង្កើនសេចក្ដីជំនឿរបស់អ្នក ។ តាមរយៈសេចក្ដីជំនឿរបស់អ្នក នោះព្រះយេស៊ូវគ្រីស្ទនឹងបង្កើនសមត្ថភាពរបស់អ្នកឲ្យរើភ្នំក្នុងជីវិតរបស់អ្នកបាន [ សូមមើល នីហ្វៃ ទី១ ៧:១២ ] ទោះជាឧបសគ្គផ្ទាល់ខ្លួនរបស់អ្នកធំប៉ុនភ្នំហិមាល័យក្ដី ។

ភ្នំរបស់អ្នកអាចជាភាពឯកោ ភាពសង្ស័យ ជំងឺ ឬបញ្ហាផ្ទាល់ខ្លួនផ្សេងៗទៀត ។ ភ្នំរបស់អ្នកអាចមានខុសៗគ្នា ប៉ុន្ដែចម្លើយចំពោះឧបសគ្គនីមួយៗរបស់អ្នកគឺ ត្រូវបង្កើនសេចក្ដីជំនឿរបស់អ្នក ។ សេចក្ដីជំនឿតម្រូវឲ្យមានសកម្មភាព ។ …

សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជា អំណាចដ៏ធំបំផុត ដែលយើងមាននៅក្នុងជីវិតនេះ ។ ការណ៍ទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿ [ សូមមើល ម៉ាកុស ៩:២៣ ] ។

( រ័សុល អិម ណិលសុន « Christ is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២–១០៣, ១០៤ )

តើខ្ញុំត្រូវការអ្វីខ្លះដើម្បីរៀនដោយសេចក្ដីជំនឿ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

បទពិសោធន៍ដែលបានជួយខ្ញុំឲ្យយល់ថា ចម្លើយដែលបានផ្ដល់ឲ្យដោយមនុស្សម្នាក់ទៀត តាមធម្មតាពុំត្រូវបានចងចាំក្នុងរយៈពេលយូរអង្វែងនោះទេ ប្រសិនបើចងចាំទាំងអស់ ។ ប៉ុន្ដែចម្លើយមួយដែលយើងបានរកឃើញ ឬទទួលបានតាមរយៈការអនុវត្តសេចក្ដីជំនឿ តាមធម្មតាត្រូវបានរក្សាទុកអស់ពេញមួយជីវិត ។ ការរៀនសូត្រដ៏សំខាន់បំផុតនៃជីវិតត្រូវបានទទួលតាមរយៈបទពិសោធន៍—មិនមែនតាមការបង្រៀនទេ ។

ការយល់ដឹងខាងវិញ្ញាណដែលអ្នក និងខ្ញុំត្រូវបានប្រទានពរក្នុងការទទួល ហើយដែលត្រូវបានបញ្ជាក់ថាជាការពិតនៅក្នុងចិត្តរបស់យើង គឺមិនអាចផ្តល់ឲ្យអ្នកផ្សេងបានទេ ។ ថ្លៃបង្ហាត់បង្រៀនពីភាពឧស្សាហ៍ព្យាយាម និង ពីការរៀនសូត្រ និងដោយសេចក្ដីជំនឿផងដែរនោះ ត្រូវតែចំណាយដើម្បីទទួលបាន និង « ធ្វើជាម្ចាស់ » ដោយផ្ទាល់លើចំណេះដឹងបែបនោះ ។ មានតែវិធីនេះទេ ទើបអ្វីដែលដឹងក្នុងចិត្តអាចបំប្លែងទៅជាអារម្មណ៍នៅក្នុងចិត្តបាន ។ មានតែតាមវិធីនេះប៉ុណ្ណោះដែលមនុស្សម្នាក់អាចបោះជំហានទៅមុខហួសពីការពឹងផ្អែកលើចំណេះដឹង និងបទពិសោធន៍ខាងវិញ្ញាណរបស់មនុស្សដទៃទៀត ហើយទាមទារពរជ័យទាំងនោះសម្រាប់ខ្លួនឯង ។ មានតែវិធីនេះទេដែលយើងអាចត្រៀមខ្លួនខាងវិញ្ញាណសម្រាប់អ្វីដែលនឹងកើតឡើង ។ យើងត្រូវ « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ( គ. និង ស. ៨៨:១១៨ ) ។

( ដេវីឌ អេ បែដណា « Seek Learning by Faith » Liahona ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៧ )

តើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងដូចម្ដេច ?

សូមមើលវីដេអូ « Campfires of Faith » ( ៣:២៥ ) ដែលក្នុងនោះ អែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអ្នកផ្សេងទៀតចែកចាយអ្វីដែលពួកលោកបានរៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org

3:25

សកម្មភាពរៀនសូត្របន្ថែម

ប្រធាន រ័សុល អិម ណិលសុន មានយោបល់ចំនួនប្រាំ សម្រាប់ការបង្កើនសេចក្ដីជំនឿ

សូមពិចារណាចែកចាយយោបល់ទាំងប្រាំរបស់ប្រធាន រ័សុល អិម ណិលសុន សម្រាប់ការបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលមាននៅក្នុងសុន្ទរកថារបស់លោក « Christ is Risen; Faith in Him Will Move Mountains » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣–១០៤ ) ។ សូមលើកទឹកចិត្តសិស្សឲ្យជ្រើសរើសយោបល់មួយក្នុងចំណោមយោបល់នានា និងដាក់ផែនការដើម្បីបំពេញគឺរយៈពេលមួយសប្ដាហ៍ ។ សូមអញ្ជើញពួកគេឲ្យរាយការណ៍ទៅថ្នាក់រៀនអំពីភាពរីកចម្រើនដែលពួកគេសម្រេចបាន ឬបញ្ហាប្រឈមដែលពួកគេបានជួបប្រទះ ។