ហេព្រើរ ១២:៩
ព្រះគឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង
ហេតុអ្វីអ្នកគិតថា យើងនិយាយច្រើនអំពីការធ្វើជាបុត្រាបុត្រីរបស់ព្រះ ? តើចំណេះដឹងនេះអាចជះឥទ្ធិពលលើជីវិតរបស់អ្នកដោយរបៀបណា ? ខណៈដែលរំឭកដល់ពួកបរិសុទ្ធហេព្រើរអំពីការកែតម្រូវដែលពួកគេបានទទួលពីឪពុកនៅលើផែនដីរបស់ពួកគេ នោះប៉ុលបានបង្រៀនពួកគេអំពីព្រះវរបិតាសួគ៌គឺ « ព្រះវរបិតាខាងវិញ្ញាណ » ( ហេព្រើរ ១២:៩ ) ។ គោលបំណងនៃមេរៀននេះជួយអ្នកឲ្យស្គាល់ព្រះវរបិតាសួគ៌កាន់តែច្បាស់ ហើយយល់ពីរបៀបដែលចំណេះដឹង និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់អាចជះឥទ្ធិពលវិជ្ជមានដល់ជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីសត្វតោនៅក្នុងសួនសត្វ
នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ស៊ីស្ទើរ ខាធី ខ្លេតុន ភរិយារបស់អែលឌើរ អិល វិតនី ក្លេតុន ក្នុងពួកចិតសិបនាក់បានចែកចាយបទពិសោធន៍របស់គាត់ពេលទៅលេងសួនសត្វនៅប្រទេសអាហ្សង់ទីន ជាកន្លែងដែលគាត់អាចចូលក្នុងទ្រុង ហើយប្រលែងលេងជាមួយសត្វព្រៃដូចជាសត្វតោជាដើម ។ នៅពេលស៊ីស្ទើរ ក្លេតុន បានសួរពីមូលហេតុដែលសត្វដ៏គ្រោះថ្នាក់ត្រូវបានអនុញ្ញាតឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស នោះគាត់បានរៀនអ្វីមួយដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើល ។ អ្នកអាចចង់មើលវីដេអូ « A Regal Identity » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ១:២២ ដល់ ៣:២៦ ឬអានអត្ថបទខាងក្រោមនេះ ៖
[ អ្នកបង្ហាត់បង្រៀន ] បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើសត្វឆ្កែតូចៗជាច្រើនដែលរស់នៅក្នុងទ្រុងទាំងនោះ ។ ពួកគេបានប្រាប់ខ្ញុំថា រឿងមួយដែលពួកគេបានធ្វើគឺចិញ្ចឹមតោជាមួយសត្វឆ្កែទាំងនោះឲ្យនៅជាមួយគ្នាជាប់ជានិច្ច ។ នៅពេលដែលសត្វតោនៅតូច សត្វឆ្កែទាំងនោះធំជាងកូនតោទៅទៀត ។ សត្វឆ្កែជឿថាពួកវាជាអ្នកមើលការខុសត្រូវ ហើយពួកវាបានដេញតាមតោយ៉ាងប្រកៀកដោយឥតមេត្តា និងគ្មានការអាណិតអ្វីសោះឡើយ ។ កូនតោបានទម្លាប់ធ្វើក្រញោនៗនៅកាច់ជ្រុង ហើយមានឥរិយាបថដូចជាខ្លាចកូនឆ្កែដែលពូកែរុកកួនទាំងនោះ ។
ពេលសត្វតោធំឡើង ពួកវាបន្តធ្វើក្រញោនៗនៅកាច់ជ្រុងនោះ ហើយខ្លាចឆ្កែតូចៗ ។ ជាមួយនឹងការទះនឹងក្រញាំជើង តោមួយក្បាលក្នុងចំណោមសត្វតោធំៗទាំងនោះអាចធ្វើឲ្យសត្វឆ្កែទាំងនោះហោះខ្ទាតចេញពីទ្រុងយ៉ាងងាយស្រួល ប៉ុន្តែសត្វតោមិនបានឃើញខ្លួនវាថា ជាសត្វតោដ៏ខ្លាំងនោះទេ ។ ពួកវាឈឺចាប់ដោយមិនដឹងអត្តសញ្ញាណនៃភាពជាស្ដេចរបស់ពួកវា ។ ពួកវាត្រូវបានជាប់គាំង និងកំណត់ដោយការយល់ខុសអំពីសក្តានុពលនៃសញ្ញាណរបស់ពួកវា ។ ពួកវាគិតថាពួកវាតូច និងខ្សោយ ដូច្នេះពួកវាអនុញ្ញាតឲ្យសត្វឆ្កែដែលពូកែរុកកួននោះ គ្រប់គ្រង និងបំភិតបំភ័យពួកវា ។
( ខាធី ឃីប ខ្លេតុន « A Regal Identity » [ ការប្រជុំធម្មនិដ្ឋានយុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥ ] គេហទំព័រ broadcasts.ChurchofJesusChrist.org )
-
តើការប្រៀបធៀបខាងវិញ្ញាណអ្វីខ្លះដែលយើងអាចនឹងធ្វើជាមួយនឹងបទពិសោធន៍របស់ស៊ីស្ទើរ ក្លេតុន ?
-
តើពេលខ្លះយើងអាចដូចសត្វតោនៅក្នុងសួនសត្វនេះដោយរបៀបណា ?
ទ្រង់គឺជា « ព្រះវរបិតាខាងវិញ្ញាណ »
ពេលថ្លែងទៅកាន់សាសន៍ហេព្រើរអំពីរបៀបឆ្លើយតបនឹងការវាយផ្ចាល ឬការកែតម្រូវពីព្រះ ( សូមមើល ហេព្រើរ ១២:៦–៨ ) នោះប៉ុលបានបង្រៀនសេចក្ដីពិតដ៏សំខាន់មួយអំពីទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីពិតនេះ ។
សូមអាន ហេព្រើរ ១២:៩ ហើយពិចារណាគូសសម្គាល់ពាក្យ ឬឃ្លាដែលបង្រៀនអំពីទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ ។ សូមកំណត់ចំណាំថាឃ្លា « ចុះចូល » សំដៅលើការចុះចូល ឬទទួលឥទ្ធិពលពីនរណាម្នាក់ ។
ចេញពីខគម្ពីរនេះ យើងរៀនថា ព្រះគឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។
-
តើការដឹងអំពីសេចក្ដីពិតនេះជះឥទ្ធិពលលើរបៀបដែលអ្នកមើលឃើញខ្លួនឯង និងអ្នកដទៃយ៉ាងដូចម្ដេច ?
អែលឌើរ ថាត អ័រ ខាលីស្ទើរ ក្នុងពួកចិតសិបនាក់បានចែកចាយឧទាហរណ៍មួយអំពីរបៀបដែលការចងចាំអត្តសញ្ញាណរបស់យើងថាជាបុត្រាបុត្រីរបស់ព្រះអាចជះឥទ្ធិពលលើយើងបាន ៖
នៅក្នុងសម័យប្រជុំបំពាក់បំប៉ននាពេលថ្មីៗសម្រាប់ពួកអ្នកមានសិទ្ធអំណាចទូទៅ សំណួរមួយបានសួរថា « តើយើងអាចជួយអ្នកដែលកំពុងពុះពារនឹងការណ៍អាសគ្រាមតាមរបៀបណា ? »
អែលឌើរ រ័សុល អិម ណិលសុន បានក្រោកឈរ ហើយបានឆ្លើយតបថា « បង្រៀនពួកគេអំពីអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ » ។
ចម្លើយនោះបានទាក់ចិត្តខ្ញុំ មិនត្រឹមតែជាការឆ្លើយតបទៅនឹងសំណួរជាក់លាក់នោះប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបដ៏សមស្របចំពោះបញ្ហាប្រឈមភាគច្រើនដែលយើងជួបប្រទះក្នុងជីវិត ។
( ថាត អរ ខាលីស្ទើរ « Our Identity and Our Destiny » ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ ] ទំព័រ ១ គេហទំព័រ speeches.byu.edu )
-
តើការយល់ដឹងអំពីអត្តសញ្ញាណរបស់យើងថា ជាបុត្រាបុត្រីរបស់ព្រះអាចជួយយើងដោះស្រាយបញ្ហាដែលយើងប្រឈមមុខដោយរបៀបណា ?
-
តើឥទ្ធិពលខាងលោកិយអ្វីខ្លះដែលអាចរំខានយើងពីការចងចាំអត្តសញ្ញាណដ៏ទេវភាពរបស់យើង ?
-
តើអ្វីអាចជួយយើងឲ្យចងចាំ និងគោរពអត្តសញ្ញាណដ៏ទេវភាពរបស់យើង ?
ចំណេះដឹងត្រឹមត្រូវអំពីព្រះវរបិតាសួគ៌
សូមសញ្ជឹងគិតមួយភ្លែតអំពីការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះវរបិតាសួគ៌ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ សូមពិចារណានូវពរជ័យអ្វីខ្លះដែលអ្នកបានទទួល និងអាចទទួលបាននាពេលអនាគត ដោយសារអ្នកជាបុត្រាបុត្រីរបស់ទ្រង់ ។ សូមគិតអំពីអ្វីដែលអាចផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកស្គាល់ទ្រង់កាន់តែប្រសើរ ហើយមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងទ្រង់ ។
បងប្រុស ប្រៃអិន ខេ អាស្តុន អតីតគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ បានសង្កត់ធ្ងន់លើឥទ្ធិពលនៃការមានការយល់ដឹងត្រឹមត្រូវអំពីព្រះវរបិតាសួគ៌ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ៖
ការមាន « គំនិតដ៏ ត្រឹមត្រូវ មួយអំពីបុគ្គលិកលក្ខណៈ ភាពល្អឥតខ្ចោះ និងគុណលក្ខណៈរបស់ [ ព្រះវរបិតាសួគ៌ ] » គឺជារឿងដ៏ចាំបាច់ចំពោះការអនុវត្តសេចក្ដីជំនឿឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានភាពតម្កើងឡើង [ Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣៨ ] ។ ការយល់ដឹងដ៏ត្រឹមត្រូវមួយអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌ អាចផ្លាស់ប្ដូររបៀបដែលយើងមើលឃើញខ្លួនឯង និងមនុស្សដទៃទៀត ហើយជួយយើងឲ្យយល់ពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ និងព្រះរាជបំណងដ៏ធំរបស់ទ្រង់ ដើម្បីជួយយើងឲ្យក្លាយដូចជាទ្រង់ ។ ទស្សនៈខុសឆ្គងមួយអំពីនិស្ស័យរបស់ទ្រង់អាចបន្សល់ទុកឲ្យយើងនូវអារម្មណ៍ថា យើងខ្វះសមត្ថភាពដើម្បីត្រឡប់ទៅវត្តមានរបស់ទ្រង់វិញ ។
( ប្រៃអិន ខេ អាស្តុន « The Father » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៤ )
វិធីមួយដែលយើងអាចទទួលបានការយល់ដឹងត្រឹមត្រូវអំពីព្រះវរបិតាសួគ៌គឺដោយការសិក្សាព្រះគម្ពីរអំពីទ្រង់ ។
សូមចំណាយពេលពីរបីនាទីដើម្បីអាន និងសញ្ជឹងគិតអំពីបទគម្ពីរមួយចំនួនដែលបង្រៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ។ អ្នកអាចប្រើសេចក្ដីយោងបទគម្ពីរខាងក្រោម ឬអ្នកអាចស្រាវជ្រាវ សេចក្តីយោងបទគម្ពីរផ្សេងទៀតនៅក្នុង Topical Guide « God, Attributes of » ( ចំណងជើងនេះមានបញ្ជីចំណងជើងផ្សេងទៀតដែលអ្នកអាចស្រាវជ្រាវនៅពីក្រោមវា ) ឬនៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះ, ក្រុមព្រះ« ( អនុវគ្គស្តីពីព្រះជាព្រះវរបិតា ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមធ្វើបញ្ជីនូវអ្វីដែលបទគម្ពីរទាំងនេះបង្រៀនអ្នកអំពីបុគ្គលិកលក្ខណៈ និងគុណលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងអំពីទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។
-
តើអ្នកបានរៀនសេចក្ដីពិតអ្វីខ្លះអំពីព្រះ ដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វីវាមានអត្ថន័យ ?
-
តើអ្វីដែលអ្នកបានរៀនអាចជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកអំពីខ្លួនអ្នក និងអ្វីដែលអ្នកអាចប្រែក្លាយដោយរបៀបណា ?
-
តើមានសកម្មភាពអ្វីខ្លះដែលអ្នកទទួលបានការបំផុសគំនិតឲ្យធ្វើ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ?
វិចារណកថា និងព័ត៌មានសាច់រឿង
តើការដឹងថាខ្ញុំជាបុត្ររបស់ព្រះអាចជួយខ្ញុំដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
សូមពិចារណាពីអំណាចនៃគំនិតដែលត្រូវបានបង្រៀននៅក្នុងចម្រៀងជាទីស្រឡាញ់របស់យើងគឺបទ « ខ្ញុំជាកូនរបស់ព្រះ » [ ទំនុកតម្កើង លេខ ១៨៨ ] ។ … នេះជាចម្លើយចំពោះសំណួរក្នុងជីវិតមួយដ៏អស្ចារ្យ « តើខ្ញុំជានរណា ? » ខ្ញុំជាកូនរបស់ព្រះ ដែលមានវង្សត្រកូលខាងវិញ្ញាណមកពីព្រះមាតាបិតាសួគ៌ ។ ពូជពង្សនោះចង្អុលបង្ហាញអំពីសក្ដានុពលភាពដ៏នៅអស់កល្បជានិច្ចរបស់យើង ។ គំនិតដ៏មានឥទ្ធិពលនោះ ជាថ្នាំប្រឆាំងនឹងជំងឺថប់អារម្មណ៍ដ៏អស្ចារ្យ ។ វាអាចពង្រឹងយើងម្នាក់ៗ ឲ្យធ្វើការជ្រើសរើសសុចរិត និងស្វែងរកអ្វីដែលល្អបំផុតនៅក្នុងខ្លួនយើង ។
( ដាល្លិន អេក អូក « Powerful Ideas » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៥ )
ហេតុអ្វីយើងមិននិយាយបន្ថែមទៀតអំពីមាតារបស់យើងនៅស្ថានសួគ៌ ?
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបង្រៀនថា មនុស្សលោក ទាំងបុរស និងស្ត្រី គឺជាបុត្រាបុត្រីសំណព្វខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ជាព្រះវបិតាសួគ៌ និងព្រះមាតាសួគ៌ ។ …
ដូចសេចក្ដីពិតនៃដំណឹងល្អដទៃទៀតជាច្រើនដែរ ចំណេះដឹងបច្ចុប្បន្នរបស់យើងអំពីព្រះមាតាសួគ៌គឺមានកម្រិត ។ ហេតុដូច្នោះហើយ យើងត្រូវបានប្រទានឲ្យនូវចំណេះដឹងល្មមគ្រប់គ្រាន់ដើម្បីថ្លែងអំណរគុណចំពោះភាពពិសិដ្ឋនៃគោលលទ្ធិនេះ និងដើម្បីយល់ដឹងអំពីលំនាំដ៏ទេវភាពដែលត្រូវបានបង្កើតឡើងសម្រាប់យើង ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះមាតាបិតាសួគ៌ » ( អត្ថបទប្រធានបទដំណឹងល្អ « Mother in Heaven » គេហទំព័រ ChurchofJesusChrist.org ) ។
តើព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទបង្រៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
នៅគ្រប់អ្វីៗទាំងអស់ដែលព្រះយេស៊ូវយាងមកដើម្បីមានបន្ទូល និងធ្វើ រួមមាន និងជាពិសេស នៅក្នុងការរងទុក្ខនៃដង្វាយធួន និងការពលិកម្មរបស់ទ្រង់ នោះទ្រង់កំពុងបង្ហាញដល់យើងថា តើព្រះវរបិតាសួគ៌ដ៏អស់កល្បជានិច្ចរបស់យើងជានរណា និងទ្រង់មានលក្ខណៈបែបណា ហើយថាទ្រង់បានលះបង់ទាំងស្រុងយ៉ាងណាខ្លះសម្រាប់បុត្រាបុត្រីរបស់ទ្រង់គ្រប់ជំនាន់ និងគ្រប់ជាតិសាសន៍នោះ ។ ព្រះយេស៊ូវគ្រីស្ទបានព្យាយាមបើកសម្ដែងក្នុងព្រះបន្ទូល និងទង្វើ ហើយធ្វើឲ្យយើងដឹងដោយផ្ទាល់អំពីលក្ខណៈពិតរបស់ព្រះវរបិតារបស់ទ្រង់ ជាព្រះវរបិតាសួគ៌របស់យើង ។ …
ដូច្នេះការឲ្យអាហារដល់អ្នកស្រេកឃ្លាន ការព្យាបាលអ្នកឈឺ ការវាយផ្ចាលដល់មនុស្សលាក់ពុត ការទូលអង្វរសុំសេចក្ដីជំនឿ—គឺជាអ្វីដែលព្រះគ្រីស្ទបានបង្ហាញយើងពីមាគ៌ានៃព្រះវបិតា ពោលទ្រង់គឺ « ប្រកបដោយក្ដីមេត្តាករុណា និងព្រះគុណ កម្រខឹង អត់ធ្មត់ និងពេញដោយសេចក្ដីល្អ » [ Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៤២ ] ។ នៅក្នុងព្រះជន្មរបស់ទ្រង់ និងជាពិសេសនៅក្នុងការសុគតរបស់ទ្រង់ នោះព្រះគ្រីស្ទកំពុងប្រកាសថា « នេះគឺជាសេចក្តីមេត្តាករុណា របស់ព្រះ ដែលយើងកំពុងបង្ហាញដល់អ្នក ព្រមទាំងវាក៏ជាសេចក្តីមេត្តាករុណារបស់យើងផ្ទាល់ផងដែរ » ។ នៅក្នុងការបង្ហាញដ៏ល្អឥតខ្ចោះរបស់ព្រះរាជបុត្រាអំពីការខ្វល់ខ្វាយដ៏ខ្លាំងក្លារបស់ព្រះវរបិតា នៅក្នុងការរងទុក្ខ និងទុក្ខព្រួយរួមគ្នារបស់ទ្រង់ទាំងទ្វេចំពោះអំពើបាប និងការខូចចិត្តរបស់ពួកយើងទាំងអស់គ្នា នោះយើងឃើញពីអត្ថន័យដ៏ធំធេងបំផុតនៅក្នុងការប្រកាសដូចនេះ ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ចវិញ ។ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកក្នុងលោកិយដើម្បីនឹងជំនុំជម្រះលោកិយនោះទេ គឺឲ្យលោកិយបានសង្គ្រោះដោយសារទ្រង់វិញ » [ យ៉ូហាន ៣:១៦–១៧ ] ។
( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០, ៧២ )