ហេព្រើរ ១១ ផ្នែកទី ២
ការរស់នៅដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
តើអ្នកធ្លាប់ឆ្ងល់ថា តើមនុស្សមួយចំនួនរក្សាភាពស្មោះត្រង់បានយ៉ាងណា ទោះបីជានៅពេលប្រឈមមុខនឹងការសាកល្បងដ៏លំបាកបំផុតក្នុងជីវិត ? តើពួកគេយល់យ៉ាងណាអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជួយពួកគេឲ្យស៊ូទ្រាំ ? បន្ទាប់ពីបង្រៀនពួកបរិសុទ្ធហេព្រើរអំពីសេចក្ដីជំនឿ ប៉ុលបានលើកទឹកចិត្តពួកគេឲ្យអនុវត្តសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ដូចមនុស្សស្មោះត្រង់ដទៃទៀតបានធ្វើដែរ ។ មេរៀននេះអាចជួយអ្នកបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីរស់នៅដោយសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយទទួលស្គាល់ពរជ័យដែលព្រះប្រទានដល់អ្នកដោយសារសេចក្ដីជំនឿរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមគិតអំពីបុគ្គលម្នាក់នៅក្នុងព្រះគម្ពីរ ឬប្រវត្តិសាស្ត្រសាសនាចក្រ ឬមនុស្សដែលអ្នកស្គាល់ថា ព្រះប្រទានពរ ដោយសារពួកគេអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ រូបភាពខាងក្រោមអាចជួយអ្នកឲ្យចងចាំដំណើររឿងមួយចំនួនទាំងនេះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះនៅក្នុងរឿងរបស់បុគ្គលនេះ ?
-
តើយើងទទួលឥទ្ធិពលយ៉ាងណា ពេលយើងបានឮ ឬចែកចាយរឿងរ៉ាវនៃសេចក្ដីជំនឿ ? ហេតុអ្វី ?
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីអត្ថន័យនៃការមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមគិតពីរបៀបដែលការអនុវត្តសេចក្ដីជំនឿដែលបានកើនឡើងទៅលើទ្រង់ អាចពង្រឹងអ្នកក្នុងផ្នែកដែលអ្នកអាចនឹងមានអារម្មណ៍ទន់ខ្សោយ និងងាយរងគ្រោះ ។ វាអាចមានប្រយោជន៍ក្នុងការកត់ត្រាចំណាប់អារម្មណ៍ទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចបង្កើនបំណងប្រាថ្នា និងសមត្ថភាពក្នុងការអនុវត្តសេចក្ដីជំនឿរបស់អ្នក ។
អ្នកដែលរស់នៅ « ដោយសេចក្ដីជំនឿ »
ដូចដែលបានកត់ត្រានៅក្នុង ហេព្រើរ ១១ ប៉ុលបានចែកចាយឧទាហរណ៍ជាច្រើននៃបុគ្គលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលរស់នៅ « ដោយសេចក្តីជំនឿ » និង « តាមរយៈសេចក្តីជំនឿ » ។ អ្នកអាចកត់សម្គាល់ឃើញឃ្លាទាំងនេះដដែលៗច្រើនដងក្នុង ហេព្រើរ ១១ ។ នៅពេលអ្នកសិក្សាគំរូមួយចំនួនដែលប៉ុលបានចែកចាយជាមួយពួកបរិសុទ្ធហេព្រើរ សូមគិតអំពីរបៀបដែលសេចក្តីស្រឡាញ់ និងចិត្តសប្បុរសរបស់ព្រះត្រូវបានបង្ហាញជារង្វាន់ និងពរជ័យដែលទ្រង់បានប្រទានដល់អ្នកដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
សូមបង្កើតតារាងជួរឈរពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ស្រដៀងនឹងតារាងខាងក្រោម ។ ត្រូវប្រាកដថា ទុកកន្លែងទំនេរឲ្យច្រើននៅក្រោមចំណងជើងនីមួយៗ ។
របៀបដែលសេចក្ដីជំនឿត្រូវបានអនុវត្ត |
របៀបដែលព្រះប្រទានរង្វាន់ដល់ការប្រព្រឹត្តិដ៏ស្មោះត្រង់ |
សូមសិក្សាយ៉ាងហោចណាស់នូវសំណុំខគម្ពីរមួយខាងក្រោមនេះ ។ នៅពេលអ្នកសិក្សា សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងតារាងនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើមានវិធីណាខ្លះដែលមនុស្សក្នុងខគម្ពីរដែលអ្នកលើកឡើងបានអនុវត្តសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះ ?
-
តើវិធីណាខ្លះដែលព្រះបានប្រទានរង្វាន់ដល់ពួកគេដោយព្រះចេស្តា និងពរជ័យរបស់ទ្រង់ ?
-
តើអ្នកបានរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ ដែលអាចជួយអ្នកនៅក្នុងជីវិតរបស់អ្នក ?
-
ចេញពីការសិក្សាខគម្ពីរទាំងនេះ តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ ?
តាមរយៈគំរូដ៏ស្មោះត្រង់ដែលប៉ុលបានចែកចាយ យើងអាចរៀនសេចក្ដីពិតជាច្រើនអំពីសេចក្ដីជំនឿ អំពីព្រះ និងអំពីខ្លួនយើង ។ សេចក្តីពិតមួយក្នុងចំណោមសេចក្តីពិតដែលបានបង្ហាញក្នុងជំពូកនេះត្រូវបានបង្រៀននៅក្នុង ហេព្រើរ ១១:៦ ៖ ព្រះប្រទានរង្វាន់ដល់អ្នកដែលអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើអ្នកមិនទាន់បានធ្វើដូច្នោះទេ សូមពិចារណាគូសសម្គាល់ « ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់ » នៅក្នុង ខទី ៦ ។
-
តើការស្វែងរកព្រះដោយឧស្សាហ៍ព្យាយាមអាចជាវិធីដើម្បីអនុវត្តសេចក្ដីជំនឿរបស់អ្នកយ៉ាងដូចម្ដេច ?
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យ ពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើង ?
-
ហេតុអ្វីអ្នកគិតថា ការអនុវត្តសេចក្តីជំនឿគឺចាំបាច់សម្រាប់យើងដើម្បីទទួលបានពរជ័យពីព្រះក្នុងជីវិតរបស់យើង ?
-
តើអ្វីអាចជួយអ្នកឲ្យស៊ូទ្រាំ នៅពេលពរជ័យសម្រាប់ការប្រព្រឹត្តិដោយស្មោះត្រង់ហាក់ដូចជាមិនបានកើតឡើង ?
ការរស់នៅដោយសេចក្ដីជំនឿ
បន្ថែមពីលើការប្រទានពរដល់មនុស្សជាច្រើន កាលពីអតីតកាលសម្រាប់ការអនុវត្តសេចក្តីជំនឿលើទ្រង់ ព្រះក៏ « ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ » ( ហេព្រើរ ១១:៦ ) នៅសម័យរបស់យើងនេះផងដែរ ។
ប្រសិនបើអាច សូមមើល « Pure and Simple Faith » ( ៥:២១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកមើលវីដេអូ សូមរកមើលរបៀបដែលព្រះបានប្រទានពរដល់យុវនារីម្នាក់ និងគ្រួសាររបស់នាង នៅពេលពួកគេអនុវត្តសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។ ក៏ត្រូវគិតអំពីវិធីដែលព្រះបានប្រទានពរដល់អ្នក នៅពេលអ្នកបានអនុវត្តសេចក្តីជំនឿទៅលើទ្រង់ផងដែរ ។
សូមគិតពីគ្រាមួយនៅពេលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានពរជ័យពីព្រះចំពោះការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញមកពីបទពិសោធន៍នោះ ?
-
តើអ្នកគិតថា បទពិសោធន៍នោះអាចជួយអ្នកនាពេលអនាគតដើម្បីអនុវត្តសេចក្ដីជំនឿរបស់អ្នកទៅលើទ្រង់ទាំងទ្វេដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
អ្វីៗគ្រប់យ៉ាងដែលល្អក្នុងជីវិត—គ្រប់ពរជ័យដែលសំខាន់ដ៏នៅអស់កល្បជានិច្ចដែលអាចកើតមានឡើង—ចាប់ផ្ដើមដោយសេចក្ដីជំនឿ ។ ការទុកឲ្យព្រះឈ្នះនៅក្នុងជីវិតយើង ចាប់ផ្ដើមដោយសេចក្ដីជំនឿថា ទ្រង់ស្ម័គ្រព្រះទ័យដឹកនាំយើង ។
( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២ )
សូមឆ្លុះបញ្ចាំងអំពីអ្វីដែលអ្នកបានរៀន ហើយអ្នកបានទទួលអារម្មណ៍យ៉ាងណានៅពេលអ្នកបានសិក្សាអំពីសេចក្ដីជំនឿនៅក្នុង ហេព្រើរ ១១ ។ តើអ្នកបានទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដែលជាលទ្ធផលនៃអ្វីដែលអ្នកបានសិក្សា ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿកាន់តែច្រើនឡើងទៅលើព្រះយេស៊ូវគ្រីស្ទ ? សូមពិចារណាកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
វិចារណកថា និងព័ត៌មានសាច់រឿង
តើខ្ញុំទទួលពរជ័យពីព្រះយ៉ាងដូចម្តេច ?
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ភាគច្រើនពរជ័យដែលព្រះមានព្រះទ័យប្រទានដល់យើង តម្រូវឲ្យមានសកម្មភាពពីយើង—សកម្មភាពនោះផ្តោតលើសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿទៅលើព្រះអង្គសង្គ្រោះគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ ដំបូងយើងត្រូវធ្វើសកម្មភាពដោយសេចក្តីជំនឿ បន្ទាប់មកអំណាចនឹងកើតមានឡើង—ស្របតាមព្រះទ័យ និងពេលវេលារបស់ព្រះ ។ លំដាប់លំដោយនេះគឺសំខាន់ណាស់ ។ ជារឿយៗ សកម្មភាពដែលតម្រូវឲ្យមានគឺតូចតាច ពេលប្រៀបធៀបទៅនឹងពរជ័យដែលយើងទទួលបាននៅទីបំផុត [ សូមមើល ម៉ូសាយ ២:២៤–២៥ ] ។
( ឌេល ជី រេនឡាន់ « Abound with Blessings » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧០ )
តើខ្ញុំអាចរៀនអ្វីខ្លះពីគំរូនៃសមាជិកសាសនាចក្រដ៏ស្មោះត្រង់សព្វថ្ងៃនេះ ?
វីដេអូខាងក្រោមរៀបរាប់អំពីគំរូនៃបុគ្គលដែលអនុវត្តសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីរបៀបដែលគំរូរបស់ពួកគេអាចជះឥទ្ធិពលលើអ្នក ដើម្បីអនុវត្តសេចក្ដីជំនឿកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក ។ វីដេអូទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
វីដេអូ ៖ « My New Life » ( ៨:២០ )
វីដេអូ ៖ « Sealed Together: The Manaus Temple Caravan » [ ១៤:១៤ ]
វីដេអូ ៖ « Living beyond ‘What If?’: Cambry Kaylor » [ ១៤:៤៧ ]
សម្រង់វីដេអូ ៖ « Faith Is Not by Chance, but by Choice » [ ១០:៤៩–១៤:១៣ ]
ប្រសិនបើខ្ញុំមិនទទួលបានចម្លើយ ឬពរជ័យ តើខ្ញុំមិនស្មោះត្រង់គ្រប់គ្រាន់ទេឬ ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អព្ភូតហេតុ ទីសម្គាល់ និងការណ៍អស្ចារ្យទាំងឡាយកើតមាននៅក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនេះនៅក្នុងជីវិតរបស់អ្នក និងជីវិតខ្ញុំ ។ …
… អព្ភូតហេតុមិនតែងតែកើតឡើងតាមអ្វីដែលយើងសូម ឬតាមអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែពេលយើងដាក់ទីទុកចិត្តនៅក្នុងព្រះអម្ចាស់ ទ្រង់នឹងនៅទីនោះ ហើយទ្រង់នឹងធ្វើឲ្យត្រូវ ។ ទ្រង់នឹងលៃលកនូវអព្ភូតហេតុដើម្បីឲ្យត្រូវនឹងអ្វីដែលយើងត្រូវការនៅពេលនោះ ។ …
មានពេលច្រើនដែលយើងសង្ឃឹមថា មានអព្ភូតហេតុមួយ ដើម្បីព្យាបាលមនុស្សជាទីស្រឡាញ់ម្នាក់ បង្វែរសកម្មភាពអយុត្តិធម៌ចេញ ឬដើម្បីលួងលោមដួងចិត្តដែលឈឺចាប់ ឬព្រលឹងដែលស្រងាកចិត្ត ។ ការមើលទៅបញ្ហាដោយទស្សនវិស័យនៃជីវិតរមែងស្លាប់ នោះយើងចង់ឲ្យព្រះអម្ចាស់ធ្វើអន្តរាគមន៍ ដើម្បីជួសជុលនូវអ្វីដែលបានបាក់បែក ។ តាមរយៈសេចក្តីជំនឿ អព្ភូតហេតុនឹងកើតឡើង បើទោះជាវាមិនកើតតាមពេលវេលារបស់យើង ឬជាមួយនឹងដំណោះស្រាយដែលយើងចង់បាននោះក៏ដោយ ។ តើនោះមានន័យថា យើងពុំមានសេចក្តីជំនឿគ្រប់គ្រាន់ ឬពុំទទួលបាននូវអន្តរាគមន៍របស់ទ្រង់មែនដែរទេ ? អត់ទេ ។ យើងគឺជាបុត្រជាទីស្រឡាញ់របស់ព្រះអម្ចាស់ ។ ទ្រង់បានប្រទានព្រះជន្មទ្រង់សម្រាប់យើង ហើយដង្វាយធួនរបស់ទ្រង់បន្តលោះយើងពីបន្ទុក និងអំពើបាប នៅពេលយើងប្រែចិត្ត និងខិតកាន់តែជិតទ្រង់ ។
ព្រះអម្ចាស់បានរំឭកយើងថា « ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ » [ អេសាយ ៥៥:៨ ] ។ ទ្រង់ថ្លែងទៅ « អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក » [ ម៉ាថាយ ១១:២៨ ]—សម្រាកពីការព្រួយបារម្ភ ការខកចិត្ត ការភ័យខ្លាច ការមិនស្តាប់បង្គាប់ ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រឡាញ់ សម្រាប់ក្តីសុបិន្តដែលបាត់បង់ ឬបាក់ទឹកចិត្ត ។ ភាពសុខសាន្តក្នុងពេលច្របូកច្របល់ ឬទុក្ខព្រួយគឺជាអព្ភូតហេតុមួយ ។ សូមចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ៖ « តើយើងពុំបាននិយាយដោយភាពសុខសាន្តដល់គំនិតរបស់អ្នកអំពីការណ៍នោះទេឬអី ? តើអ្នកអាចមានសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ ? » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២៣ ] អព្ភូតហេតុនោះគឺថា ព្រះយេស៊ូវគ្រីស្ទដែលជាព្រះយេហូវ៉ាដ៏មហិមា ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត នឹងឆ្លើយតបដោយភាពសុខសាន្ត ។
( រ៉ូណល អេ រ៉ាសបាន « Behold! I Am a God of Miracles » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៩, ១១១ )