ថ្នាក់​សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧; លូកា ២១:២៥–៣៦


យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧; លូកា ២១:២៥–៣៦

ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ

Profile of a Young Woman in bright sunlight.

ព្រះយេស៊ូវគ្រីស្ទបានបង្គាប់ពួកសិស្សទ្រង់ថា « ចូរកុំឲ្យមានចិត្តថប់បារម្ភឡើយ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣ ) ទោះបីជាមានគ្រោះមហន្តរាយ ទុក្ខលំបាក និងការបំផ្លិចបំផ្លាញដែលនឹងមានមុនការយាងមកជាលើកទីពីរក៏ដោយ ។ មេរៀននេះអាចជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោត ហើយយកឈ្នះលើការភ័យខ្លាចទាក់ទងនឹងព្រឹត្តិការណ៍នៅថ្ងៃចុងក្រោយបាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យវាយតម្លៃលើរបៀប ដែលគោលដៅសិក្សាព្រះគម្ពីររបស់ពួកគេបានជួយពួកគេ ។ សិស្សក៏អាចវាយតម្លៃបានផងដែរ ប្រសិនបើពួកគេពិបាកនឹងរក្សាគោលដៅរបស់ពួកគេ និងរបៀបដែលពួកគេចង់កែលម្អ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការយកឈ្នះលើការបញ្ឆោត

  • តើគំនិតខុសឆ្គងពីរ ឬបីអ្វីដែលមានជាទូទៅក្នុងពិភពលោកនៅសព្វថ្ងៃនេះ ?

ពេលកំពុងមានព្រះបន្ទូលជាមួយពួកសាវករបស់ទ្រង់ ព្រះអង្គសង្គ្រោះបានព្យាករថានឹងមានអ្នកដែលផ្សព្វផ្សាយគំនិតខុសឆ្គង ពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានព្យាករ ។

  • ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងថា សូម្បីតែអ្នកដែលបានរើសតាំងក៏អាចត្រូវបោកបញ្ឆោតបានដែរ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀនថា ព្រះគ្រីស្ទ និងព្យាការីក្លែងក្លាយមិនអាចកំណត់បានថាជាមនុស្សនោះទេ ប៉ុន្តែក៏អាចមកក្នុងទម្រង់នៃគំនិត និងការបង្រៀនមិនពិតផងដែរ ( សូមមើល Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលអ្នកស្វែងរកវិធីដែលអ្នកអាចទុកចិត្តលើព្រះអម្ចាស់ ហើយយកឈ្នះលើគំនិតខុសឆ្គង ឬការបោកបញ្ឆោតទាំងឡាយ ។

បន្ទាប់ពីបានបង្រៀនអំពីការបោកបញ្ឆោតផ្សេងទៀត និងអំពីទីសម្គាល់នៃការយាងមករបស់ទ្រង់ហើយ នោះ( សូមមើល យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២៣–៣៦ ) ព្រះអង្គសង្គ្រោះបានបង្រៀនពីវិធីដើម្បីយកឈ្នះលើការបោកបញ្ឆោត ។ សូមអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៧

សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញនៅក្នុង ខទី ៣៧ ។ សូមពិចារណាពីការសរសេរគោលការណ៍ដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ ប្រសិនបើយើងគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះយើងនឹងមិនត្រូវបានគេបោកបញ្ឆោតឡើយ ។

សូមជួយសិស្សឲ្យយល់ពីអត្ថន័យនៃការរក្សាទុកព្រះបន្ទូលរបស់ព្រះអម្ចាស់ជាកំណប់ទ្រព្យ ។ យើងអាចរក្សាទុកព្រះបន្ទូលរបស់ព្រះអម្ចាស់ជាកំណប់ទ្រព្យបាននៅពេលយើងសិក្សាព្រះគម្ពីរ សិក្សាពាក្យសម្ដីរបស់ព្យាការី និងអ្នកដឹកនាំដ៏បំផុសគំនិតផ្សេងទៀត ហើយទទួល និងធ្វើតាមវិវរណៈផ្ទាល់ខ្លួន ។

សកម្មភាពខាងក្រោមគឺជាឧទាហរណ៍មួយ ។

A drawing of a treasure chest.

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូររូបវត្ថុដ៏មានតម្លៃ ឬហិបកំណប់មួយ ។ ការរក្សាទុកអ្វីមួយជាកំណប់ទ្រព្យមានន័យថា អ្នកស្រឡាញ់ ប្រកាន់ខ្ជាប់ក្នុងចិត្ត ឬកោតសរសើរយ៉ាងខ្លាំង ។ នៅពេលយើង « ទុកនៅក្នុងចិត្ត » នូវព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះយើងចាត់ទុកព្រះបន្ទូលថាពិសិដ្ឋ ហើយការពារវា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៣៤ ) ។ នៅជុំវិញ ឬក្នុងហិបនោះ សូមសរសេរវិធីដែលយើងអាចរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ទុកក្នុងចិត្តជាកំណប់ទ្រព្យបាន ។

សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ អំពីការរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ទុកក្នុងចិត្ត ។ សូមពិចារណាគូររូបហិបកំណប់នៅលើក្ដារខៀន ហើយអនុញ្ញាតឲ្យសិស្សសរសេរគំនិតរបស់ពួកគេជុំវិញហិបនោះ ។

សូមឲ្យសិស្សអានដំណើររឿងខាងក្រោមនេះ ឬពិចារណាបង្ហាញវីដេអូសុន្ទរកថារបស់ប្រធាន អិម រ័សុល បាឡឺដ « When Shall These Things Be? » ដែលមាននៅលើគេហទំព័រ speeches.byu.edu ចាប់ពីលេខកូដម៉ោង ៣០:៤៧ ដល់ ៣៣:២៦ ។

ប្រធាន អិម រ័សុល បាឡឺដ ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់ដំណើររឿងនៃការជួបជាមួយអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាវិញ ដែលបានអានព័ត៌មានរិះគន់អំពីសាសនាចក្រ ។ យុវជននោះមានសំណួរជាច្រើន ដែលគាត់មិនអាចរកចម្លើយឃើញ ហើយគាត់មានអារម្មណ៍ថាគាត់កំពុងបាត់បង់ទីបន្ទាល់ ។ ប្រធាន បាឡឺដ បានយល់ព្រមរៀបចំចម្លើយចំពោះសំណួររបស់យុវជននោះ ប៉ុន្តែក៏បានអញ្ជើញយុវជននោះឲ្យតាំងចិត្តអានព្រះគម្ពីរមរមនរយៈពេលមួយម៉ោងជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ១០ ថ្ងៃផងដែរ ។ ប្រធាន បាឡឺដ បានមានប្រសាសន៍ ៖

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

ដប់ថ្ងៃក្រោយមក គាត់បានត្រឡប់មកកាន់ការិយាល័យរបស់ខ្ញុំ ហើយខ្ញុំបានត្រៀមខ្លួនជាស្រេច ។ ខ្ញុំបានដកយកក្រដាសខ្ញុំចេញមក ដើម្បីចាប់ផ្ដើមឆ្លើយសំណួររបស់គាត់ ប៉ុន្តែគាត់បានបញ្ឈប់ខ្ញុំ ។

គាត់បាននិយាយថា « លោកប្រធាន វាមិនចាំបាច់នោះទេ » ។ បន្ទាប់មក គាត់បានពន្យល់ ៖ « ខ្ញុំដឹងថា ព្រះគម្ពីរមរមនគឺពិត ។ ខ្ញុំដឹងថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីម្នាក់របស់ព្រះ » ។

( អិម រ័សុល បាឡឺដ « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០ )

  • ហេតុអ្វីបានជាអ្នកគិតថា ការសិក្សាព្រះគម្ពីរមរមនប្រចាំថ្ងៃបានដោះស្រាយកង្វល់ជាច្រើនរបស់យុវជនរូបនេះ ?

  • ហេតុអ្វីបានជាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះចំពោះយើងនៅក្នុងព្រះគម្ពីរមានអំណាចនៅក្នុងជីវិតរបស់យើង ?

សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀប ដែលព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះបានប្រទានពរដល់អ្នកផ្ទាល់ ។ តើព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលយ៉ាងណាទៅលើអារម្មណ៍របស់អ្នកចំពោះទ្រង់ ? តើការរក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទុកជាកំណប់ទ្រព្យ បានជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោតយ៉ាងដូចម្ដេច ?

ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ សូមអញ្ជើញសិស្សបីបួននាក់ឲ្យឡើងចែកចាយ ។

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការមានពេលក្នុងការសិក្សាប្រធានបទនេះបន្ថែម សូមពិចារណាប្រើប្រាស់សកម្មភាពពីផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅទីនេះ ។

ប្រធាន បាឡឺដ ក៏បានទូន្មានផងដែរថា

Official portrait of President M. Russell Ballard of the Quorum of the Twelve Apostles, 2004.

សូមបង្កើតពេលវេលា និងទីកន្លែងដើម្បីសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ បើទោះបីជាវាមានរយៈពេលត្រឹមតែពីរបីនាទីក្នុងមួយពេលក៏ដោយ ។ … នៅក្នុងគម្លាតពេលវេលាដ៏ច្រើនអស្ចារ្យ រឿងទាំងនេះចំណាយពេលតិចណាស់ ។ ប៉ុន្តែអត្ថប្រយោជន៍រយៈពេលវែងសម្រាប់យើង និងក្រុមគ្រួសាររបស់យើងគឺគ្មានដែនកំណត់ និងនៅអស់កល្បជានិច្ច ហើយវានឹងជួយច្រើនដើម្បីរៀបចំយើង … សម្រាប់បញ្ហាប្រឈមដែលកំពុងកើនឡើងជាបន្តបន្ទាប់នាពេលអនាគត ។

( អិម រ័សុល បាឡឺដ « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៦០–៦១ )

សូមវាយតម្លៃការខិតខំរបស់អ្នកជាមួយនឹងការសិក្សា និងការរក្សាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទទុកជាកំណប់ទ្រព្យ ។ តើអ្នកមានអារម្មណ៍ថា អ្នកកំពុងធ្វើបានល្អប៉ុណ្ណាដែរ ? សូមពិចារណាផងដែរថា តើអ្នកជួបប្រទះឧបសគ្គអ្វីខ្លះនៅក្នុងជីវិត និងរបៀបដែលការរក្សាព្រះបន្ទូលរបស់ព្រះគ្រីស្ទទុកជាកំណប់ទ្រព្យនឹងជួយអ្នកឲ្យយកឈ្នះលើឧបសគ្គទាំងនោះ ។

សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេ ។ សូមខិតខំបង្កើតបរិយាកាសដែលមានសុវត្ថិភាពមួយ ដែលស្វាគមន៍ដល់ភាពស្មោះត្រង់ដោយកក់ក្តៅ ។

នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នៅជាប់នឹងរូបភាពនៃហិបកំណប់ទ្រព្យរបស់អ្នក សូមពិចារណាសរសេរគោលដៅមួយអំពីរបៀប ដែលអ្នកចង់រក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ទុកជាកំណប់ទ្រព្យ ។

យកឈ្នះលើការរំខាន និងការភ័យខ្លាច

សូមពិចារណាសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដាក់នៅលើក្ដារខៀន ហើយអញ្ជើញសិស្សម្នាក់ៗ ឬក្រុមតូចៗឲ្យផ្គូផ្គងសេចក្ដីយោងបទគម្ពីរទៅនឹងសេចក្ដីថ្លែងការណ៍ ។

លូកាបានកត់ត្រាការទូន្មាន និងការព្រមានបន្ថែមដែលព្រះអង្គសង្គ្រោះបានចែកចាយអំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមអានខគម្ពីរខាងក្រោមនេះ ហើយផ្គូផ្គងវាទៅនឹងសេចក្តីសង្ខេបត្រឹមត្រូវរបស់វា ។

  1. លូកា ២១:២៥–២៦

  2. លូកា ២១:៣៤–៣៥

  3. លូកា ២១:៣៦

ក. អំពើបាប និងការយកចិត្តទុកដាក់ក្នុងជីវិតនេះ អាចបង្វែរយើងពីការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ខ. នៅថ្ងៃចុងក្រោយ មនុស្សជាច្រើននឹងមានអារម្មណ៍ភ័យខ្លាច ។គ. នៅពេលយើងឧស្សាហ៍ព្យាយាមរកមើលទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អធិស្ឋាន ហើយព្យាយាមធ្វើខ្លួនឲ្យស័ក្ដិសម នោះយើងអាចត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអម្ចាស់បាន ។

( កំណត់ចំណាំ ៖ ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ លូកា ២១:៣៦ បន្ថែមឃ្លា « ហើយរក្សាបទបញ្ញត្តិរបស់ខ្ញុំ » ) ។

  • តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះ ក្នុងពេលកំពុងអានបទគម្ពីរទាំងនេះអំពីការយាងមកជាលើកទីពីរ ?

សូមស្តាប់ដោយយកចិត្តទុកដាក់នូវអ្វីដែលសិស្សចែកចាយ ។ សូមពិចារណាធ្វើការបន្ថែម ឬសង្កត់ធ្ងន់លើអ្វីដែលពួកគេបានចែកចាយដោយការសួរសំណួរមួយចំនួនខាងក្រោមនេះ ។

  • តើមានហេតុផលអ្វីខ្លះ ដែលទឹកចិត្តមនុស្សអាចនឹងធ្លាក់ចុះ ដោយសារការភ័យខ្លាចនាសព្វថ្ងៃនេះ ?

  • តើអំពើបាប និងការយកចិត្តទុកដាក់ក្នុងជីវិតនេះ អាចបង្អាក់យើងពីការត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះអម្ចាស់ដោយរបៀបណា ? ហេតុអ្វីបានជាការរំខានបែបនេះមានគ្រោះថ្នាក់ ?

  • តើការអធិស្ឋាន និងការខិតខំដើម្បីមានភាពស័ក្ដិសម ជួយយើងឲ្យរៀបចំខ្លួនដើម្បីជួបនឹងព្រះអម្ចាស់យ៉ាងដូចម្ដេច ?

ព្រះអម្ចាស់បានបំភ្លឺព្រះបន្ទូលខ្លះរបស់ទ្រង់ តាមរយៈប្រធាន រ័សុល អិម ណិលសុន ។ ប្រសិនបើមាន សូមមើលវីដេអូនេះ « Men’s Hearts Shall Fail Them » ( ៣:២៤ ) ។ សូមស្ដាប់នូវអ្វីដែលប្រធាន ណិលសុន បង្រៀនអំពីការយកឈ្នះលើការភ័យខ្លាច និងការសង្ស័យនៅថ្ងៃចុងក្រោយ ។ វីដេអូ និងអត្ថបទនៃវីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។

A drawing of a treasure chest.
  • តើការងាកទៅរកព្រះអម្ចាស់អាចជួយយើងឲ្យយកឈ្នះលើការសង្ស័យនិងការភ័យខ្លាចរបស់យើងនៅក្នុងថ្ងៃចុងក្រោយនេះដោយរបៀបណា ?

ការអនុវត្តអ្វីដែលអ្នកបានរៀនសូត្រ

សូមស្រមៃថា បន្ទាប់ពីមេរៀនមួយអំពីការយាងមកជាលើកទីពីរ មិត្តភក្តិពីរនាក់បាននិយាយដូចខាងក្រោម ៖

មិត្ត #១ ៖ « ខ្ញុំគិតថា ការយាងមកជាលើកទីពីរមិនមែនជារឿងធំដុំនោះទេ ។ តាមពិតទៅ ប៉ាខ្ញុំថែមទាំងគិតថាវានឹងមិនកើតឡើងនោះទេ ។ ខ្ញុំមិនចង់បារម្ភអំពីរឿងបែបនេះទេ » ។

មិត្ត #២ ៖ « ខ្ញុំមិនចូលចិត្តគិតអំពីការយាងមកជាលើកទីពីរទេ ។ ខ្ញុំមានការភ័យខ្លាច និងធុញថប់អំពីរឿងប្រចាំថ្ងៃ ដូចជាការទៅសាលារៀន និងបញ្ហាជាមួយមិត្តភក្តិ ប៉ុន្តែការយាងមកជាលើកទីពីរគឺធំជាងនេះ ។ ទីសម្គាល់ទាំងអស់នៃសង្គ្រាម និងការរញ្ជួយដី និងការបោកបញ្ឆោត—វាស្តាប់ទៅគួរឲ្យភ័យខ្លាចណាស់ » ។

សូមជ្រើសរើសសាច់រឿងមួយក្នុងចំណោមសាច់រឿងមុនៗនេះ ។ ដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ នៅពេលអ្នកសរសេរអ្វីដែលអ្នកអាចនឹងនិយាយ ឬធ្វើបានដើម្បីជួយមិត្តរបស់អ្នក ។ សូមរកមើលវិធីដើម្បីលើកទឹកចិត្តពួកគេឲ្យរក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ទុកជាកំណប់ ហើយទុកចិត្តលើទ្រង់ ។

សូមពិចារណាធ្វើការអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។ សូមអរគុណពួកគេសម្រាប់ការចែកចាយ ហើយសូមចង្អុលបង្ហាញពីគោលការណ៍ពិតចេញពីអ្វី ដែលពួកគេបានចែកចាយ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីគោលការណ៍នៅក្នុងមេរៀនថ្ងៃនេះ ។

វិចារណកថា និង ព័ត៌មានសាច់រឿង

ម៉ាថាយ ២៤:២៤ ។ តើមានឧទាហរណ៍អ្វីខ្លះអំពីការកុហក និងការបោកបញ្ឆោតនៅថ្ងៃចុងក្រោយនេះ ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីវិធីមួយចំនួនដែលសាតាំងកំពុងខិតខំបញ្ឆោតពិភពលោកនាសព្វថ្ងៃនេះ ។

Official portrait of Elder Gary E. Stevenson of the Quorum of the Twelve Apostles, 2015.

ឧទាហរណ៍ វាធ្វើឲ្យលទ្ធផលអាក្រក់នៃការប្រើថ្នាំខុសច្បាប់ និងការសេពគ្រឿងស្រវឹងថាជារឿងមិនសំខាន់ ហើយផ្ទុយទៅវិញប្រាប់ថា គ្រឿងស្រវឹងនឹងនាំមកនូវសេចក្តីរីករាយ ។ វាជ្រមុជយើងទៅក្នុងធាតុអវិជ្ជមាននានា ដែលអាចកើតមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការប្រៀបធៀបពីភាពទន់ខ្សោយ និងការពិតដ៏ជាក់ស្ដែងផងដែរ ។ លើសពីនេះទៀត វាបើកបង្ហាញឲ្យយើងឃើញនូវមាតិកាអាក្រក់ៗផ្សេងទៀត ដែលមាននៅលើអ៊ីនធឺណិត ដើម្បីធ្វើឲ្យមានការខូចខាត និងការឈឺចាប់ ដូចជារូបអាសគ្រាម ការវាយប្រហារទៅលើអ្នកដទៃតាមរយៈការជេរប្រមាថតាមអ៊ីនធឺណិត និងការសាបព្រោះព័ត៌មានមិនពិត ដើម្បីបង្កើតភាពសង្ស័យ និងការភ័យខ្លាចនៅក្នុងដួងចិត្ត និងគំនិតរបស់យើង ។

( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៥ )

លូកា ២១:២៦ ។ តើខ្ញុំអាចទប់ទល់នឹងការភ័យខ្លាច ហើយជំនួសវាដោយការទទួលយក អនាគតដោយមានសេចក្តីជំនឿដោយរបៀបណា ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជា ៖

Official portrait of Elder Gary E. Stevenson of the Quorum of the Twelve Apostles, 2015.

ប្រាកដណាស់ សន្ដិសុខនៅទីបំផុតរបស់យើងនឹងកើតមាន នៅពេលយើងទឹមខ្លួនយើងទៅនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ! ជីវិត ដោយគ្មាន ព្រះគឺជាជីវិតដែលមានពេញដោយភាពភ័យខ្លាច ។ ជីវិត ដែលមាន ព្រះគឺជាជីវិតដែលមានពេញដោយភាពសុខសាន្ដ ។

( រ័សុល អិម ណិលសុន « Embrace the Future with Faith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសនៃការចាប់ផ្ដើមមួយ ៖ ការរក្សាព្រះបន្ទូលទុកជាកំណប់ទ្រព្យដើម្បីចៀសវាងពីការបោកបញ្ឆោត

សូមអានបញ្ជីខាងក្រោមអំពីគំនិតក្លែងក្លាយ ។ សូមពន្យល់ពីមូលហេតុដែលវាក្លែងក្លាយ ។

  • ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺល្អ ប៉ុន្តែមានរឿងជាច្រើននៅក្នុងជីវិតដែលសំខាន់ជាង ។

  • ខ្ញុំចង់ធ្វើល្អនៅក្នុងពិភពលោកនេះ ប៉ុន្តែខ្ញុំមិនមានអ្វីដែលត្រូវផ្ដល់ច្រើនទេ ។

  • ព្រះយេស៊ូវគ្រីស្ទគឺគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែខ្ញុំគិតថា ទ្រង់មិនខ្វល់ពីរូបខ្ញុំផ្ទាល់នោះទេ ។

  • ការយាងមកជាលើកទីពីរគឺនៅឆ្ងាយណាស់ ។ ខ្ញុំពិតជាមិនចាំបាច់គិតអំពីវាទេ ។

សូមអញ្ជើញសិស្សឲ្យរាយបញ្ជីអំពីគំនិតខុសឆ្គងផ្សេងទៀត ដែលមានជាទូទៅក្នុងពិភពលោកសព្វថ្ងៃនេះ ។បន្ទាប់មក សូមអញ្ជើញពួកគេឲ្យស្រាវជ្រាវក្នុងព្រះគម្ពីរ ឬសេចក្ដីថ្លែងការណ៍របស់ពួកព្យាការី និងសាវកដែលនឹងជួយពួកគេឲ្យចៀសវាងពីការត្រូវបានបោកបញ្ឆោតដោយគំនិតទាំងនេះ ។