ម៉ាថាយ ២៥:១៤–៤៦
ការត្រៀមខ្លួនសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ
ព្រះអង្គសង្គ្រោះបានបង្រៀនរឿងប្រៀបប្រដូចអំពីប្រាក់ និងរឿងប្រៀបប្រដូចអំពីសត្វចៀម និងពពែ ដើម្បីជួយសិស្សរបស់ទ្រង់ឲ្យដឹងពីរបៀបដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីរឿងប្រៀបប្រដូចទាំងនេះ ហើយជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមរំឭកពីរឿងប្រៀបប្រដូចមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ។ រូបភាពខាងក្រោមនេះអាចជួយអ្នកឲ្យចងចាំរឿងមួយចំនួន ដែលអ្នកបានសិក្សារួចហើយនៅឆ្នាំនេះ ។
-
តើអ្នកនៅចាំការបង្រៀនអ្វីខ្លះមកពីរឿងប្រៀបប្រដូចទាំងនេះ ?
-
តើការបង្រៀនដែលអ្នកបានរៀនក្នុងឆ្នាំនេះ អំពីរឿងប្រៀបប្រដូចទាំងនេះបានជួយអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកមានទំនុកចិត្តប៉ុណ្ណាដែរ ទៅលើសមត្ថភាពរបស់អ្នកក្នុងការរៀនសូត្រអំពីព្រះអង្គសង្គ្រោះតាមរយៈរឿងប្រៀបប្រដូចរបស់ទ្រង់ ?
សូមរំឭកពីរបៀបយល់ដឹងរឿងប្រៀបប្រដូច
វាអាចមានប្រយោជន៍ក្នុងការរំឭកមតិយោបល់ឡើងវិញ អំពីរបៀបដែលយល់ពីរឿងប្រៀបប្រដូច ។ នៅដើមឆ្នាំនេះ អ្នកបានរៀនបួនជំហានអំពីការយល់ដឹងរឿងប្រៀបប្រដូច ។ ប្រសិនបើអ្នកមិនបានសិក្សាជំហានទាំងនេះទេ ឬត្រូវការជំនួយក្នុងការចងចាំពីជំហានទាំងនេះ សូមពិចារណាយោងទៅមេរៀន « ម៉ាថាយ ១៣ » ។
សូមសរសេរចំណងជើងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមទុកចន្លោះរវាងចំណងជើងនីមួយៗ ដើម្បីកត់ត្រាការរកឃើញ និងការយល់ដឹងនានា ។
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបខាងវិញ្ញាណ ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
នៅពេលអ្នកបន្តមេរៀននេះ អ្នកនឹងអនុវត្តគោលការណ៍ទាំងបួននេះចំពោះរឿងប្រៀបប្រដូច ដែលមាននៅក្នុង ម៉ាថាយ ២៥:១៤–៤៦ ។
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
ដូចដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីការយាងមកជាលើកទីពីរ និងការជំនុំជម្រះ ទ្រង់បានចែកចាយរឿងប្រៀបប្រដូចទាំងឡាយ ដើម្បីគូសបញ្ជាក់ពីអ្វីដែលយើងអាចធ្វើបាន ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ទ្រង់ផងដែរ ។ សូមជ្រើសរើស ហើយសិក្សារឿងប្រៀបប្រដូចខាងក្រោមមួយដែលព្រះអង្គសង្គ្រោះបានប្រទានឲ្យ ដោយរកមើលព័ត៌មានលម្អិតសំខាន់ៗ ។
រឿងប្រៀបប្រដូចអំពីប្រាក់
សូមអាន ម៉ាថាយ ២៥:១៤–៣០ ឬមើលវីដេអូ « The Parable of the Talents » ( ៣:០៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ព័ត៌មានខាងក្រោមនេះអាចនឹងផ្ដល់អត្ថប្រយោជន៍ នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ៖
-
« ប្រាក់មួយពាន់ » សំដៅទៅលើប្រាក់ដ៏ច្រើននៅសម័យបុរាណ ។ ក្នុងរឿងប្រៀបប្រដូចនេះ វាអាចតំណាងឲ្យ « អ្វីដែលមានតម្លៃដ៏អស្ចារ្យ » ដូចជាដំណឹងល្អ ឬពរជ័យ អំណោយ សមត្ថភាព និងឱកាសដែលព្រះអម្ចាស់ប្រទានដល់យើង ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រាក់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org) ។
-
ពាក្យ « ការប្រាក់ » អាចសំដៅទៅលើការគិតការប្រាក់លើប្រាក់កម្ចី ឬអាចបង្ហាញពីអត្រាការប្រាក់ខ្ពស់ហួសហេតុ ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រាក់ » ) ។
-
ព្រះអម្ចាស់តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។
-
អ្នកបម្រើតំណាងឲ្យយើងម្នាក់ៗ ។
សូមគូររូបភាពដែលបង្ហាញពីរឿងប្រៀបប្រដូចនេះ ។
រឿងប្រៀបប្រដូចអំពីចៀម និងពពែ
សូមអាន ម៉ាថាយ ២៥:៣១–៤៦ ឬមើលវីដេអូ « Ye Have Done It unto Me » ( ៣:១៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ការដឹងព័ត៌មានខាងក្រោមអាចមានប្រយោជន៍ នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ៖
-
« ខាងស្តាំ » ៖ នៅសម័យបុរាណ ការអង្គុយនៅខាងស្តាំព្រះហស្ដស្តេច ឬនៅជាប់នឹងស្តេចនៅខាងស្តាំទ្រង់ គឺជាទីតាំងដ៏មានកិត្តិយសបំផុតនៅក្នុងពិធីជប់លៀង ។
សូមគូររូបភាពដែលបង្ហាញពីរឿងប្រៀបប្រដូចនេះ ។
ធ្វើការប្រៀបធៀបខាងវិញ្ញាណ ហើយស្វែងរកមេរៀនដ៏មានតម្លៃ
សូមប្រើសំណួរខាងក្រោមនេះ ដើម្បីជួយអ្នកឲ្យស្គាល់មេរៀនដែលព្រះអង្គសង្គ្រោះបានបង្រៀន តាមរយៈរឿងប្រៀបប្រដូចរបស់ទ្រង់ ។ សូមធ្វើវាឲ្យជាក់លាក់បំផុតតាមដែលអាចធ្វើបាន ។
-
តើសេចក្ដីពិត ឬមេរៀនអ្វីខ្លះដែលអ្នកបានរៀន នៅពេលអ្នកសិក្សារឿងប្រៀបប្រដូចនេះ ?
-
តើការដឹង និងការរស់នៅតាមសេចក្តីពិតទាំងនេះអាចជួយយើងឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ បានដោយរបៀបណា ? ហេតុអ្វីបានជាអ្នកគិតថា ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្ដីពិតទាំងនេះ ?
-
តើព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌តាមរបៀបណា ?
-
តើអ្នកអាចទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនៅក្នុងសេចក្ដីពិត ដែលទ្រង់បានបង្រៀនតាមរយៈរឿងប្រៀបប្រដូចនេះរបៀបណា ?
-
តើការដឹងពីសេចក្តីពិតទាំងនេះជះឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកក្នុងការរៀបចំខ្លួន ដើម្បីជួបព្រះអង្គសង្គ្រោះក្នុងការយាងមកជាលើកទីពីររបស់ទ្រង់យ៉ាងដូចម្ដេច ?
កំណត់ការអនុវត្តផ្ទាល់ខ្លួន
-
ប្រសិនបើអ្នកសិក្សារឿងប្រៀបប្រដូចអំពីប្រាក់ សូមធ្វើបញ្ជីអំពីសមត្ថភាព និងពរជ័យដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។ ប្រសិនបើអាចធ្វើបាន សូមកំណត់ពរជ័យមួយចំនួន តាមរយៈការឈោងទៅរកមនុស្សដែលអ្នកស្គាល់ ឬដោយការអានពររបស់ លោកអយ្យកោរបស់អ្នក ប្រសិនបើអ្នកមាន ។ សូមគិតអំពីរបៀបដែលព្រះអម្ចាស់អាចនឹងសព្វព្រះទ័យឲ្យអ្នកប្រើសមត្ថភាព និងពរជ័យទាំងនេះ ។
-
ប្រសិនបើអ្នកបានសិក្សារឿងប្រៀបប្រដូចអំពីចៀម និងពពែ សូមគិតអំពីអត្ថន័យរបស់វានៅក្នុងកាលៈទេសៈរបស់អ្នកក្នុងការផ្តល់អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងភាពជាដៃគូដល់នរណាម្នាក់ ។ សូមគិតអំពីមនុស្សដែលអ្នកតែងតែឃើញ ហើយកំណត់នរណាម្នាក់ដែលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យអ្នកជួយ ។ សូមសរសេរពីរបៀបដែលអ្នកអាចជួយបុគ្គលនោះឲ្យខិតទៅជិតទ្រង់ ។
-
សូមចែកចាយសេចក្ដីពិតមួយដែលអ្នកបានរៀននៅក្នុងមេរៀននេះមកពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ហើយពន្យល់ពីរបៀបដែលអ្នកអាចអនុវត្តតាមគោលការណ៍នោះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ចុះបើនរណាម្នាក់ទទួលបានច្រើនជាង ឬតិចជាងខ្ញុំទទួលនោះ ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
ការអភិវឌ្ឍទេពកោសល្យផ្ទាល់ខ្លួន គឺជារង្វាស់ដ៏ល្អបំផុតនៃការរីកចម្រើនផ្ទាល់ខ្លួន ។ … ការប្រៀបធៀបពរជ័យគឺជាការដកយកសេចក្ដីអំណរចេញយ៉ាងពិតប្រាកដ ។ យើងពុំអាចមានការដឹងគុណ និងការច្រណែនក្នុងពេលតែមួយបានឡើយ ។ ប្រសិនបើយើងពិតជាចង់បានព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទទួលបទពិសោធន៍នូវសេចក្ដីអំណរ និងសុភមង្គល នោះយើងគួរតែរីករាយនៅក្នុងពរជ័យរបស់យើង ហើយចូរមានអំណរគុណ ។
( ឃ្វីនថិន អិល ឃុក « Rejoice! » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ២៩–៣០ )
តើសកម្មភាពអ្វីខ្លះដែលព្រះអង្គសង្គ្រោះនឹងវិនិច្ឆ័យយើង ?
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែង ៖
នៅថ្ងៃចុងក្រោយ ព្រះអង្គសង្គ្រោះនឹងមិនសួរអំពីលក្ខណៈនៃការហៅរបស់យើងទេ ។ ទ្រង់នឹងមិនសាកសួរអំពីទ្រព្យសម្បត្តិ ឬកេរ្តិ៍ឈ្មោះរបស់យើងទេ ។ ទ្រង់នឹងសួរថាតើយើងបានបម្រើអ្នកជំងឺ ផ្តល់អាហារ និងទឹកដល់អ្នកស្រេកឃ្លាន ទៅសួរសុខទុក្ខអ្នកដែលជាប់គុក ឬផ្តល់ជំនួយដល់អ្នកទន់ខ្សោយដែរឬទេ [ សូមមើល ម៉ាថាយ ២៥:៣១–៤០ ] ។ ពេលយើងឈោងទៅជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ដែលតូចបំផុត នោះវាក៏ដូចជាយើងធ្វើចំពោះទ្រង់ដែរ [ សូមមើល ម៉ាថាយ ២៥:៤០ ] ។ នោះគឺជាខ្លឹមសារនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
( យ៉ូសែប ប៊ី វ៉ឺតលីន « The Great Commandment » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣០ )
តើព្រះអម្ចាស់រំពឹងអ្វីពីយើងជាមួយនឹងអ្វីដែលទ្រង់ប្រទានដល់យើង ?
អែលឌើរ ស្ទែនលី ជី អេលីស ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានចែកចាយការយល់ដឹងអំពីរឿងប្រៀបប្រដូចស្តីពីប្រាក់ ៖
អ្នកបម្រើដែលបានទទួលប្រាក់ប្រាំពាន់ ហើយបានប្រគល់មកវិញមួយម៉ឺន ព្រមទាំងអ្នកដែលបានពីរពាន់ ហើយបានប្រគល់មកវិញបួនពាន់ នោះត្រូវបានគេប្រកាសថាជាអ្នកបម្រើដ៏ល្អ និងស្មោះត្រង់ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះ គឺអ្នកបម្រើដែលបានទទួលមួយពាន់នោះ បានមើលថែ ហើយប្រគល់វាត្រឡប់ទៅម្ចាស់វិញដោយសុវត្ថិភាព ។ ខ្ញុំភ្ញាក់ផ្អើលចំពោះការឆ្លើយតបរបស់ចៅហ្វាយ ៖ « បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ … ចូរដកប្រាក់១ពាន់នោះពីវាចេញ … ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ » ! ( សូមមើល ម៉ាថាយ ២៥:១៤–៣០. )
រឿងនេះហាក់ដូចទ្រង់មានប្រតិកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលហាក់ដូចជាកំពុងព្យាយាមថែរក្សាអ្វីដែលគាត់ត្រូវបានផ្តល់ឲ្យ ។ ប៉ុន្តែព្រះវិញ្ញាណបានបង្រៀនខ្ញុំពីសេចក្តីពិតនេះ—ព្រះអម្ចាស់រំពឹងថានឹងមានភាពខុសគ្នា !
( ស្ទែនលី ជី អ៊ែលលីស « He Trusts Us! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៥២ )
អែលឌើរ អេលីស បានផ្តល់យោបល់ថាយើងអាចធ្វើ « ឲ្យមានភាពខុសគ្នា » នៅក្នុងជីវិតរបស់យើង តាមរយៈការនៅជាប់នឹងព្រះអម្ចាស់ ( សូមមើល យ៉ូហាន ១៥:៥ ) ការបំពេញកាតព្វកិច្ចខាងវិញ្ញាណរបស់យើង និងការធ្វើតាមព្រះវិញ្ញាណ និងថ្នាក់ដឹកនាំសាសនាចក្ររបស់យើង ។