លូកា ២២:៤៧–៧១; យ៉ូហាន ១៨:១–២៧
« តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី ? »
ព្រះយេស៊ូវគ្រីស្ទបានតាំងព្រះទ័យយ៉ាងពេញទំហឹងដើម្បីធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។ ការណ៍នេះបង្ហាញឲ្យឃើញជាពិសេសនៅក្នុងការរងទុក្ខរបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី ការចាប់ខ្លួនរបស់ទ្រង់ដែល បានកើតឡើងបន្ទាប់ និងព្រឹត្តិការណ៍ដែលនាំទៅដល់ និងអំឡុងពេលនៃការឆ្កាងទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយជ្រើសរើសឆន្ទៈរបស់ព្រះវរបិតាសួគ៌នៅក្នុងជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការដាក់ឆន្ទៈរបស់ព្រះវរបិតាសួគ៌សំខាន់ជាងឆន្ទៈរបស់យើងផ្ទាល់
សូមស្រមៃថាអ្នកកំពុងឈរនៅមុខទ្វារពីរនោះ ។ ដោយការជ្រើសរើសចូលទ្វារទីមួយ នោះអ្នកនឹងធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ប៉ុន្តែអ្នកនឹងប្រឈមមុខនឹងការសាកល្បងដ៏លំបាកៗ ។ ប្រសិនបើអ្នកជ្រើសរើសចូលតាមទ្វារទីពីរ នោះអ្នកនឹងគេចផុតពីការសាកល្បង ប៉ុន្តែអ្នកនឹងមិនធ្វើតាមអ្វីដែលព្រះវរបិតាសួគ៌ចង់បានសម្រាប់អ្នកឡើយ ។
-
ហេតុអ្វីបានជាមានមនុស្សអាចជ្រើសរើសទ្វារទីមួយ ? ទ្វារទីពីរ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ដែលអាចជួយអ្នកជ្រើសរើសចូលតាមទ្វារទីមួយ ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលការជ្រើសរើសទ្វារទីមួយគឺស្រដៀងនឹងរបៀបដែលទ្រង់បានជ្រើសរើសដើម្បីរស់នៅ ។ នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងមានឱកាសអានអំពីជម្រើសដែលព្រះអង្គសង្គ្រោះបានធ្វើឆ្ពោះទៅរកទីបញ្ចប់នៃជីវិតរមែងស្លាប់របស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមរកមើលអ្វីដែលបំផុសគំនិតអ្នកអំពីសកម្មភាពរបស់ព្រះយេស៊ូវគ្រីស្ទ ។
គេបានក្បត់ព្រះយេស៊ូវគ្រីស្ទ ហើយចាប់ព្រះកាយទ្រង់នៅក្នុងសួនច្បារគែតសេម៉ានី
នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានទូលសុំព្រះវរបិតាទ្រង់ថា « សូមយកពែងនេះចេញពីទូលបង្គំទៅ » ប៉ុន្តែទ្រង់បានបញ្ជាក់យ៉ាងច្បាស់ថា ទ្រង់បានតាំងព្រះហឫទ័យធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតា នៅពេលទ្រង់មានបន្ទូលថា « ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ។ ពែងដែលព្រះយេស៊ូវបានមានព្រះបន្ទូលសំដៅទៅលើការរងទុក្ខ និងការសុគតរបស់ទ្រង់ ។
សូមអាន យ៉ូហាន ១៨:១–៤ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានបន្តបង្ហាញពីការប្តេជ្ញាព្រះទ័យរបស់ទ្រង់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។
សូមធ្វើបញ្ជីនៃរឿងលំបាកមួយចំនួនដែលព្រះយេស៊ូវបានដឹងថានឹង « ត្រូវមកដល់ទ្រង់ » នៅប៉ុន្មានម៉ោងខាងមុខ ប៉ុន្តែទ្រង់បានទទួលយក ( ខទី ៤ ) ។
សូមអាន យ៉ូហាន ១៨:៥–១១ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបចំពោះហ្វូងមនុស្សជាមួយគ្រឿងសស្ត្រាវុធដែលបានយកមកចាប់ទ្រង់ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមដែលមិនបានកត់ត្រាដោយយ៉ូហាន ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងការតាំងចិត្តដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទ សូមអាន ម៉ាថាយ ២៦:៥២–៥៤ និង លូកា ២២:៥០–៥១ ។ អ្នកក៏ប្រហែលជាគួរមើល « The Savior Suffers in Gethsemane » ចាប់ពីលេខកូដម៉ោង ៥:៥៥ ដល់ ៨:៣០ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើមានអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីការទប់ទល់របស់ព្រះយេស៊ូវជាមួយនឹងហ្វូងមនុស្សដែលមានគ្រឿងសស្ត្រាវុធ ?
-
តើគំរូរបស់ព្រះយេស៊ូវគ្រីស្ទជួយឲ្យអ្នកយល់យ៉ាងណាអំពីការប្រឈមមុខនឹងការប្រឆាំង ?
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអង្គសង្គ្រោះអាចដោះស្រាយស្ថានការណ៍ទាំងនេះតាមរបៀបដែលទ្រង់បានធ្វើ ? តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?
ព្រះយេស៊ូវគ្រីស្ទត្រូវបានគេនាំទៅកាន់ការជំនុំជម្រះ
បន្ទាប់ពីការចាប់ខ្លួនរបស់ព្រះយេស៊ូវ ទ្រង់ត្រូវបាននាំទៅចំពោះមុខសម្តេចសង្ឃ កៃផា និងពួកដឹកនាំជនជាតិយូដាដទៃទៀត ។ សូមអាន លូកា ២២:៦៣–៦៥ ដើម្បីរកមើលអំពីការប្រព្រឹត្តិដ៏អយុត្តិធម៌មួយចំនួនដែលព្រះយេស៊ូវបានទទួលពីពួកគេ ។ អ្នកក៏គួរតែមើលវីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:៣៩ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
ហេតុអ្វីបានជាអ្នកគិតថាព្រះអង្គសង្គ្រោះមានព្រះឆន្ទៈស៊ូទ្រាំនឹងការប្រព្រឹត្តិដ៏ឃោរឃៅ និងអយុត្តិធម៌បែបនេះ ?
នៅក្នុងព្រះគម្ពីរមរមន នីហ្វៃ និងអ័ប៊ីណាដៃបានបង្រៀនអំពីមូលហេតុដែលព្រះអង្គសង្គ្រោះស្ម័គ្រព្រះទ័យចុះចូលចំពោះការប្រព្រឹត្តិមកលើទ្រង់បែបនេះ ។ សូមអាន នីហ្វៃទី ១ ១៩:៨–៩ និង ម៉ូសាយ ១៥:៥–៧ ដើម្បីរកមើលថាតើហេតុផលអ្វីខ្លះដែលពួកគេបានសរសេរ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរមេរៀនអ្វីខ្លះដែលអ្នកអាចរៀនអំពី ឬពីព្រះយេស៊ូវគ្រីស្ទមកពីខគម្ពីរទាំងនេះ ។
អ្នកប្រហែលជាគួរសរសេរហេតុផលមួយចំនួនថាហេតុអ្វីបានជាការយល់ពីមេរៀនទាំងនេះមានតម្លៃ ឬមានអត្ថន័យចំពោះអ្នកផ្ទាល់ខ្លួន ។
មេរៀនមួយដែលសំខាន់ដើម្បីយល់ពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ក្នុងគ្រប់ការណ៍ទាំងអស់ ។
-
តើអ្នកគិតថាព្រះយេស៊ូវបានយល់យ៉ាងណាអំពីព្រះវរបិតាសួគ៌ដែលនឹងធ្វើឲ្យទ្រង់ចុះចូលនឹងព្រះទ័យរបស់ទ្រង់ទាំងស្រុង ?
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលដោយការជ្រើសរើសធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយនោះ ?
ប្រធាន រ័សុល អិម ណិលសុន បានសួរសំណួរជាបន្តបន្ទាប់អំពីឆន្ទៈរបស់យើងក្នុងការចុះចូលតាមព្រះឆន្ទៈរបស់ព្រះ ។ សូមចំណាយពេលខ្លះដើម្បីសញ្ជឹងគិតពីរបៀបដែលអ្នកអាចឆ្លើយសំណួរទាំងនេះដោយស្មោះត្រង់ ។ សូមគិតអំពីអ្វីដែលត្រូវការសម្រាប់អ្នកដើម្បីអាចឆ្លើយថា បាទ/ចាស ចំពោះសំណួរនីមួយៗ ។
តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះបន្ទូលទ្រង់ បទបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់មានឥទ្ធិពលលើអ្វីដែលបងប្អូនធ្វើរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងអនុញ្ញាតឲ្យព្រះសូរសៀងរបស់ទ្រង់មានអាទិភាពលើសសំឡេងដទៃទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យអ្វីក៏ដោយដែលទ្រង់សព្វព្រះទ័យឲ្យបងប្អូនធ្វើ មានអាទិភាពជាងមហិច្ឆិតាផ្សេងទៀតដែរឬទេ ? តើបងប្អូន ស្ម័គ្រចិត្ត ដើម្បីទុកឲ្យព្រះទ័យទ្រង់លេបដណ្ដប់ឆន្ទៈរបស់បងប្អូនដែរឬទេ ?
( រ័សុល អិម ណិលសុន « Let God Prevail » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ )
ផ្អែកលើអ្វីដែលអ្នកបានរៀនអំពីការចុះចូលរបស់ព្រះអង្គសង្គ្រោះតាមព្រះឆន្ទៈរបស់ព្រះវរបិតាទ្រង់ សូមសរសេរប្រយោគមួយចំនួនអំពីអ្វីដែលអ្នកចង់ចងចាំ ធ្វើ ឬប្រែក្លាយ ។ សូមពិចារណាពីការបំផុសគំនិតដូចខាងក្រោមនេះដើម្បីជួយអ្នកកត់ត្រាគំនិត និងបំណងប្រាថ្នារបស់អ្នក ។
-
ខ្ញុំចង់ចងចាំថា ព្រះអង្គសង្គ្រោះ …
-
ដូចជាព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ដោយ …
-
គុណលក្ខណៈមួយ ដែលខ្ញុំនឹងព្យាយាមអភិវឌ្ឍ ដើម្បីប្រែក្លាយឲ្យកាន់តែដូចព្រះយេស៊ូវគ្រីស្ទ គឺ …
វិចារណកថា និង ព័ត៌មានសាច់រឿង
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីព្រះឆន្ទៈរបស់ទ្រង់ដើម្បីចុះចូលតាមព្រះវរបិតាសួគ៌ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ភាពស្លូតបូតរបស់ព្រះអង្គសង្គ្រោះ គឺជាគុណលក្ខណៈសំខាន់ដែលអនុញ្ញាតឲ្យទ្រង់ដាក់ព្រះឆន្ទៈរបស់ទ្រង់តាមព្រះ ឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។
ភាពខ្ជាប់ខ្ជួននៃព្រះទ័យចុះចូល និងការគ្រប់គ្រងខ្លួនឯងដោយរឹងប៉ឹងរបស់ព្រះអម្ចាស់គឺជាការបំផុសគំនិត និងជាការណែនាំសម្រាប់ពួកយើងទាំងអស់គ្នា ។ នៅពេលក្រុមអ្នកយាមព្រះវិហារបរិសុទ្ធ និងពួកទាហានរ៉ូមដែលមានគ្រឿងសស្ត្រាវុធបានមកដល់សួនច្បារគែតសេម៉ានី ដើម្បីចាប់ខ្លួនព្រះយេស៊ូវ នោះពេត្រុសបានដកដាវរបស់លោក ហើយបានកាត់ស្លឹកត្រចៀកខាងស្តាំរបស់អ្នកបម្រើនៃសម្តេចសង្ឃម្នាក់ [ សូមមើល យ៉ូហាន ១៨:១០ ] ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានពាល់ស្លឹកត្រចៀករបស់អ្នកបម្រើនោះ រួចបានព្យាបាលគាត់ [ សូមមើល លូកា ២២:៥១ ] ។ សូមកត់សម្គាល់ថា ទ្រង់បានជួយ ហើយប្រទានពរដល់អ្នកដែលនឹងប្រុងចាប់ទ្រង់ ដោយប្រើប្រាស់ព្រះចេស្តាសួគ៌ាដូចគ្នានោះ ដែលអាចរារាំងពីការចាប់ព្រះកាយទ្រង់ និងត្រូវគេឆ្កាងបាន ។
… ភាពស្លូតបូតរបស់ព្រះអង្គសង្គ្រោះត្រូវបានបង្ហាញឡើងនៅក្នុងការឆ្លើយតបដ៏លុតដំរបស់ទ្រង់ ការអត់ធ្មត់ដ៏ក្រៃលែង និងការគ្មានព្រះទ័យប្រើប្រាស់ព្រះចេស្តាដែលគ្មានព្រំដែនរបស់ទ្រង់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ ។
( ដេវីឌ អេ បែដណា « Meek and Lowly of Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៣ )
ហេតុអ្វីបានជាខ្ញុំចង់ថ្វាយឆន្ទះរបស់ខ្ញុំតាមព្រះ ?
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពួកយើងជាច្រើន … គិតខុសថា ដោយអនុញ្ញាតឲ្យឆន្ទៈរបស់យើងត្រូវបានលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះ នោះយើងបាត់បង់លក្ខណៈបុគ្គលរបស់យើង ( សូមមើល ម៉ូសាយ ១៥:៧ ) ។ ពិតណាស់ អ្វីដែលយើងព្រួយបារម្ភនោះគឺការមិនបោះបង់ខ្លួនឯងនោះទេ ប៉ុន្តែជារឿងអាត្មានិយម ដូចជាតួនាទីរបស់យើង ពេលវេលារបស់យើង ភាពលេចធ្លោរបស់យើង និងទ្រព្យសម្បត្តិរបស់យើង ។ គ្មានអ្វីចម្លែកទេដែលយើងត្រូវបានណែនាំដោយព្រះអង្គសង្គ្រោះឲ្យបំភ្លេចខ្លួនយើង ( សូមមើល លូកា ៩:២៤ ) ។ ទ្រង់គ្រាន់តែសុំឲ្យយើងបំភ្លេចខ្លួនចាស់របស់យើងដើម្បីស្វែងរកខ្លួនថ្មីប៉ុណ្ណោះ ។ វាមិនមែនជាសំណួរនៃការបាត់បង់អត្តសញ្ញាណនោះទេ ប៉ុន្តែជាការស្វែងរកអត្តសញ្ញាណពិតរបស់គាត់ ! …
… ការចុះចូលឆន្ទៈរបស់មនុស្សម្នាក់គឺពិតជារឿងផ្ទាល់ខ្លួនជាពិសេស ដែលយើងត្រូវដាក់នៅលើអាសនៈរបស់ព្រះ ។ វត្ថុផ្សេងៗជាច្រើនដែលយើង « ថ្វាយ » បងប្អូន ប្រុស ស្រី តាមពិតគឺជាអ្វីៗដែលទ្រង់បានប្រទានឲ្យ ឬបានឲ្យយើងខ្ចី។ ទោះជាយ៉ាងណាក៏ដោយ ទៅទីបំផុត នៅពេលអ្នកនឹងខ្ញុំ ចុះចូលខ្លួនយើង ដោយការទុកឲ្យឆន្ទៈផ្ទាល់ខ្លួនរបស់យើង ត្រូវបានលេបដណ្ដប់នៅក្នុងព្រះហឫទ័យនៃព្រះ នោះយើងកំពុងថ្វាយអ្វីមួយទៅឲ្យទ្រង់ហើយ ! វាគឺជាទ្រព្យសម្បត្តិតែមួយគត់ ដែលយើងបានថ្វាយពិតប្រាកដ !
( នែល អេ ម៉ាក់ស្វែល « Swallowed Up in the Will of the Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៣, ២៤ )