ថ្នាក់​សិក្ខាសាលា
ម៉ាកុស ៥:២១–២៤, ៣៥–៤៣


ម៉ាកុស ៥:២១–២៤, ៣៥–៤៣

ព្រះយេស៊ូវប្រោសកូនស្រីរបស់យ៉ៃរ៉ុស

Jesus is smiling at the daughter of Jairus who was raised from the dead, her father is in the foreground and some disciples in the background.

ព្រះយេស៊ូវបានប្រោសកូនស្រីរបស់យ៉ៃរ៉ុសពីស្លាប់ ។ គោលបំណងនៃមេរៀននេះនឹងជួយអ្នកឲ្យអនុវត្តសេចក្ដីជំនឿ និងការជឿលើព្រះគ្រីស្ទក្នុងគ្រាភ័យខ្លាច និងភាពមិនច្បាស់លាស់ ។

ការលើកទឹកចិត្តសិស្សឲ្យស្វែងរកបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួន នៅពេលអ្នកបង្រៀន សូមលើកទឹកចិត្តសិស្សឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំង តាមរយៈការស្វែងរកបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួន ។ ក្នុងអំឡុងពេលដកពិសោធន៍ទាំងនេះ ព្រះអម្ចាស់អាចបង្រៀនពួកគេតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។

ការរៀបចំរបស់សិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យទន្ទេញឃ្លា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។ សូមស្នើសុំឲ្យពួកគេសញ្ជឹងគិតពីរបៀប ដែលឃ្លានេះអាចជួយពួកគេអំឡុងពេលដែលមានការសាកល្បង ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ

នៅក្នុងមេរៀនថ្ងៃនេះ អ្នកនឹងសិក្សាបន្ថែមអំពីការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ទោះបីជាក្នុងពេលដែលមានភាពមិនច្បាស់លាស់ និងការភ័យខ្លាចក៏ដោយ ។ សូមគិតអំពីស្ថានភាពណាមួយដែលអាចបង្កើតភាពមិនច្បាស់លាស់ ឬការភ័យខ្លាចនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ សូមសរសេរការណ៍ទាំងនេះមួយ ឬពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

  • តើសេចក្ដីជំនឿរបស់អ្នកមានលក្ខណៈយ៉ាងណា កាលស្ថិតក្នុងស្ថានភាពទាំងនេះ ? សូមសរសេរគំនិតរបស់អ្នកឲ្យបានមួយទៅពីរប្រយោគ ។

នៅពេលអ្នកសិក្សាមេរៀននេះ សូមស្តាប់ការបំផុសគំនិតពីព្រះវិញ្ញាណ ដែលអាចជំរុញអ្នកឲ្យអនុវត្តសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ អំឡុងពេលនៃភាពមិនច្បាស់លាស់ ឬការភ័យខ្លាច ។

Jairus coming to Jesus to heal his daughter.

នៅក្នុង ម៉ាកុស ៥ អ្នកគ្រប់គ្រងសាលាប្រជុំសាសន៍យូដាម្នាក់ឈ្មោះ យ៉ៃរ៉ុស បានប្រឈមនឹងគ្រានៃភាពមិនច្បាស់លាស់ និងការភ័យខ្លាច ។

សូមអាន ម៉ាកុស ៥:២២–២៤ ដោយរកមើលអ្វីដែល យ៉ៃរ៉ុស កំពុងជួបប្រទះ ។ អ្នកក៏អាចមើល « Jesus Raises the Daughter of Jairus » ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ១:០២ ផងដែរ ។

3:27
  • ហេតុអ្វីអ្នកគិតថា យ៉ៃរ៉ុស បានស្វែងរកព្រះអង្គសង្គ្រោះ ?

ខណៈពេលពួកគេកំពុងធ្វើដំណើរទៅផ្ទះរបស់យ៉ៃរ៉ុស ស្ត្រីម្នាក់ដែលមានបញ្ហាធ្លាក់ឈាមបានពាល់ព្រះពស្ត្ររបស់ព្រះអង្គសង្រ្គោះ ហើយបានជាសះស្បើយ ។ ព្រះយេស៊ូវបានឈប់ ហើយមានបន្ទូល និងលួងលោមស្ត្រីរូបនេះ ( សូមមើល ម៉ាកុស ៥:២៥–៣៤ ) ។

  • តើអ្នកស្រមៃឃើញថា តើយ៉ៃរ៉ុសមានគំនិត និងអារម្មណ៍យ៉ាងណា នៅពេលគាត់បានមើលព្រះអង្គសង្គ្រោះមានបន្ទូលជាមួយស្ត្រីនេះ ?

សូមអាន ម៉ាកុស ៥:៣៥–៣៦ ដោយរកមើលអ្វីបានកើតឡើងបន្ទាប់ទៀត ។

  • តើយ៉ៃរ៉ុសមានជម្រើសអ្វីខ្លះ នៅពេលមានគេមកប្រាប់គាត់ថា កូនស្រីគាត់ស្លាប់ហើយ ?

  • តើអ្នកគិតថា ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង ខទី ៣៦ បានជួយ យ៉ៃរ៉ុស ឲ្យប្រឈមមុខនឹងការភ័យខ្លាចរបស់គាត់យ៉ាងដូចម្ដេច ?

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលអាចជួយអ្នកឲ្យជឿលើទ្រង់ សូម្បីតែក្នុងគ្រាដែលមានការភ័យខ្លាចក្តី ?

សូមបញ្ចប់ដំណើររឿងដែលនៅសេសសល់ដោយអាន ម៉ាកុស ៥:៣៧–៤៣ ដោយស្វែងរកអព្ភូតហេតុដែលយ៉ៃរ៉ុសបានឃើញ ដោយសារគាត់បានជ្រើសរើសការជឿ ។ ឬអ្នកអាចបន្តមើលវីដេអូ « Jesus Raises the Daughter of Jairus » ពីលេខកូដម៉ោង ១:០៣ ដល់ ៣:១៥ ។

3:27
  • តើដំណើររឿងនេះអាចពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?

ព្រះអម្ចាស់ទូន្មានយើងកុំឲ្យខ្លាច

នៅក្នុងព្រះគម្ពីរទាំងមូល ព្រះអម្ចាស់បានទូន្មានយើងថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។ សូមស្រាវជ្រាវបទគម្ពីរ ឬសុន្ទរកថាសន្និសីទទូទៅរកមើលបទគម្ពីរ ឬសម្រង់សម្ដីដែលទូន្មានយើងកុំឲ្យខ្លាច ។ អ្នកប្រហែលជាចង់ភ្ជាប់ ឬសេចក្តីយោងឆ្លងខគម្ពីរ និងសុន្ទរកថាសន្និសីទទាំងនេះទៅនឹង ម៉ាកុស ៥:៣៦

សិស្សអាចសរសេរបញ្ជីបទគម្ពីរដែលពួកគេរកឃើញនៅលើក្ដារខៀន ។ សូមពិចារណាចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនអំពីការធ្វើតាមការអញ្ជើញរបស់ព្រះអម្ចាស់ថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។

  • ហេតុអ្វីបានជាអ្នកគិតថា ជារឿយៗព្រះអម្ចាស់ទូន្មានយើងកុំឲ្យខ្លាច ?

  • តើអ្នកធ្លាប់ត្រូវបានប្រទានពរ ដោយសារការធ្វើតាមការអញ្ជើញរបស់ព្រះអម្ចាស់ថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ដោយរបៀបណា ?

សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការឆ្លើយសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាអញ្ជើញសិស្សដែលមានឆន្ទៈឲ្យចែករំលែកចម្លើយរបស់ពួកគេ ។ នេះក៏អាចជាឱកាសល្អសម្រាប់សិស្សរាយការណ៍អំពីការរៀបចំរបស់សិស្សផងដែរ ។

  • តើស្ថានភាពអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ដែលព្រះអម្ចាស់អាចនឹងមានបន្ទូលមកអ្នកថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ?

  • តើមានសកម្មភាពអ្វីខ្លះដែលអ្នកអាចធ្វើតាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ? តើសកម្មភាពទាំងនោះនឹងជួយអ្នកឲ្យប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកយ៉ាងដូចម្តេច ?

បើអាចសូមនាំយកសម្ភារសិល្បៈដែលសិស្សអាចប្រើបាន ដើម្បីបង្កើតរូបភាពក្នុងសកម្មភាពដូចខាងក្រោម ។ សិស្សក៏អាចបង្កើតរូបភាពឌីជីថលផងដែរ ។

សូមបង្កើតរូបភាពជាមួយឃ្លាថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។ អ្នកក៏អាចចង់បញ្ចូលឃ្លាផ្សេងទៀតពីព្រះគម្ពីរ ឬសម្រង់សម្ដីដែលអ្នកបានរកឃើញផងដែរ ។ សូមដាក់រូបភាពនេះនៅកន្លែងមួយ ដែលវានឹងជួយអ្នកឲ្យចងចាំដល់ការជឿលើព្រះយេស៊ូវគ្រីស្ទដើម្បីកុំឲ្យខ្លាច ។

វិចារណកថា និង ព័ត៌មានសាច់រឿង

តើសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទគឺជាអ្វី ?

សម្រង់សម្ដីខាងក្រោមពីប្រធានបទដំណឹងល្អបង្រៀនអំពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ៖

ការមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទមានន័យថា ការពឹងផ្អែកទាំងស្រុងទៅលើទ្រង់—ដោយទុកចិត្តលើព្រះចេស្ដា ព្រះបញ្ញាញាណ និងសេចក្តីស្រឡាញ់ដ៏និរន្តរ៍របស់ទ្រង់ ។ វារួមមានទាំង ការជឿលើការបង្រៀនទាំងឡាយរបស់ទ្រង់ផងដែរ ។ វាមានន័យថា ការជឿទោះបីជាយើងមិនយល់គ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើក៏ដោយ ។ ដោយសារទ្រង់ធ្លាប់ដកបទពិសោធន៍រាល់់ការឈឺចាប់ ទុក្ខវេទនា និងជំងឺគ្រប់បែបយ៉ាងរបស់យើង នោះទ្រង់ញាណដឹងពីរបៀបដែលទ្រង់អាចជួយយើងឲ្យយកឈ្នះលើការលំបាកប្រចាំថ្ងៃរបស់យើងបាន ។

( ប្រធានបទដំណឹងល្អ « Faith in Jesus Christ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )

តើអ្វីទៅដែលអាចជួយយើងឲ្យជឿ ហើយកុំឲ្យខ្លាច ?

អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

ព្រះយេស៊ូវបានមានបន្ទូលប្រាប់មេដឹកនាំសាលាប្រជុំថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » [ ម៉ាកុស ៥:៣៦ ] ។ ភាពជាសិស្សគឺជាការជឿលើទ្រង់ក្នុងរដូវកាលដែលមានសេចក្តីសុខសាន្ត ហើយការជឿទ្រង់ក្នុងរដូវកាលដែលមានការលំបាក នៅពេលដែលការឈឺចាប់ និងការភ័យខ្លាចរបស់យើងត្រូវបានស្ងប់ដោយការជឿជាក់ថា ទ្រង់ស្រឡាញ់យើង ហើយរក្សាការសន្យារបស់ទ្រង់ ។

( នែល អិល អាន់ឌើរសិន« What Thinks Christ of Me? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១១៣ )

ឧបសគ្គ ការលំបាក សំណួរ ការសង្ស័យ—រឿងទាំងនេះគឺជាចំណែកនៃជីវិតរមែងស្លាប់របស់យើង ។ ប៉ុន្តែយើងពុំនៅម្នាក់ឯងទេ ។ ក្នុងនាមជាសិស្សនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ យើងមានអាងនៃពន្លឺ និងសេចក្ដីពិតខាងវិញ្ញាណ ដែលមានចំពោះយើង ។ ភាពភ័យខ្លាច និងសេចក្ដីជំនឿពុំអាចនៅជាមួយគ្នាក្នុងដួងចិត្តយើងក្នុងពេលតែមួយបានទេ ។ នៅក្នុងគ្រានៃការលំបាករបស់យើង យើងជ្រើសរើសផ្លូវនៃសេចក្ដីជំនឿ ។ ព្រះយេស៊ូវមានបន្ទូល ៖ « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » [ ម៉ាកុស ៥:៣៦ ] ។

( នែល អិល អាន់ឌើរសិន « You Know Enough » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៤ )

តើមានវិធីអ្វីខ្លះដែលព្រះអម្ចាស់អាចព្យាបាលយើងបាន ?

ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានបង្រៀន ៖

Official Portrait of President Dallin H. Oaks taken March 2018.

ពរជ័យនៃការព្យាបាលកើតមានតាមវិធីជាច្រើន ដែលពរជ័យនីមួយៗសមស្របទៅនឹងតម្រូវការផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ដូចដែលទ្រង់បានជ្រាប ព្រោះទ្រង់ស្រឡាញ់យើងបំផុត ។ ជួនកាល « ការព្យាបាល » បានជួយយើងឲ្យជាពីជំងឺ ឬសម្រាលបន្ទុករបស់យើង ។ ប៉ុន្តែជួនកាលយើង « បានជា » តាមរយៈការត្រូវបានផ្តល់នូវកម្លាំង ឬការយល់ដឹង ឬការអត់ធ្មត់ដើម្បីស៊ូទ្រាំនឹងបន្ទុកដែលយើងមាន ។

( ដាល្លិន អេក អូក « He Heals the Heavy Laden » Ensign Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧–៨ )

សកម្មភាពរៀនសូត្របន្ថែម

រំឭកឡើងវិញចូរមកតាមខ្ញុំ

សូមពិចារណារំឭកឡើងវិញជាមួយសិស្សនូវគំនិតសិក្សាសម្រាប់ ម៉ាថាយ ៩:១៨–២៦; ម៉ាកុស ៥:២២–៤៣ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តចង់ចែករំលែកបទពិសោធន៍របស់ពួកគេ ចេញពីការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។

វាក៏អាចមានគុណប្រយោជន៍ផងដែរក្នុងការពិភាក្សាអំពីសេចក្តីថ្លែងការណ៍មួយចំនួននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » អំពីការយកឈ្នះលើការភ័យខ្លាចតាមរយៈសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ។

សេចក្ដីជំនឿ និងការភ័យខ្លាច

សូមជួយសិស្សឲ្យយល់ថា សេចក្ដីជំនឿ និងការភ័យខ្លាចមិនអាចកើតមានក្នុងពេលតែមួយបានទេ ។ សូមពិចារណាអាន ម៉ាកុស ៤:៤០ និង ម៉ាកុស ៥:៣៦ ជាថ្នាក់ដើម្បីបង្ហាញពីចំណុចនេះ ។ សូមពិភាក្សាអំពីមូលហេតុដែលសេចក្ដីជំនឿ និងការភ័យខ្លាចមិនអាចដើរទន្ទឹមគ្នាបាន និងវិធីដែលយើងអាចអនុវត្តសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ដើម្បីយកឈ្នះលើការភ័យខ្លាចរបស់យើងបាន ។ សំណួរខាងក្រោមនេះអាចជាផ្នែកមួយនៃការពិភាក្សានេះ ៖ តើមានអ្វីកើតឡើងចំពោះសេចក្ដីជំនឿរបស់យើង នៅពេលយើងចុះចាញ់ការភ័យខ្លាច ? តើធ្វើដូចម្តេចដើម្បីយកឈ្នះលើការភ័យខ្លាចបានដោយសេចក្ដីជំនឿ ?

វាក៏អាចមានគុណប្រយោជន៍ផងដែរក្នុងការពិភាក្សាអំពីសេចក្តីថ្លែងការណ៍នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » អំពីការយកឈ្នះលើការភ័យខ្លាចតាមរយៈសេចក្ដីជំនឿលើព្រះអម្ចាស់ ។

ឧទាហរណ៍នៃការរក្សាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ

ដើម្បីជួយសិស្សឲ្យយល់ថា យើងអាចរក្សាសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទបាន ទោះបីពេលដែលការជាសះស្បើយពុំកើតឡើងតាមរបៀបដែលយើងសង្ឃឹមចង់បានក៏ដោយ សូមពិចារណាមើលនូវអ្វីដែល អែលឌើរ សេន អិម បូវិន នៃពួកចិតសិបនាក់ចែកចាយអំពីគ្រាដ៏លំបាកមួយ នៅពេលដែលព្រះអម្ចាស់បានព្យាបាលដួងចិត្តរបស់គាត់ ។ សូមមើល « Because I Live, Ye Shall Live Also » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៤:០៤ ដល់ ១០:៥៧ ។

11:26