ថ្នាក់​សិក្ខាសាលា
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៣


ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៣

យល់ និងពន្យល់

A group of young women are shown looking at a teacher. They discuss and talk together with each other.

ការយល់អំពីវគ្គបទគម្ពីរជាក់លាក់ និងការអាចពន្យល់ពីសេចក្តីពិតដែលពួកគេបង្រៀន គឺជាចំណុចស្នូលនៃការសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះមានបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់ ហើយអនុវត្តការពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដូចតទៅ ៖ ម៉ាថាយ ៥:១៤–១៦; លូកា ២:១០–១២; យ៉ូហាន ៣:៥; យ៉ូហាន ៣:១៦ ។

ការប្រើប្រាស់វិធីសាស្រ្ត និងមធ្យោបាយផ្សេងៗគ្នា ។ ការប្រើប្រាស់វិធីសាស្រ្តបង្រៀនផ្សេងៗគ្នាក៏អាចមានប្រសិទ្ធភាពចំពោះសិស្សណាដែលរៀនតាមរបៀបផ្សេងៗគ្នាផងដែរ ។

ការរៀបចំរបស់សិស្ស ៖ សូមជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដ៏មានន័យមួយចេញពីព្រះគម្ពីរសញ្ញាថ្មី ។ សូមត្រៀមចែករំលែកជាមួយសិស្សក្នុងថ្នាក់ថា ហេតុអ្វីវគ្គបទគម្ពីរនេះមានអត្ថន័យចំពោះអ្នក ។

សកម្មភាពរៀនសូត្រដែលអាចមាន

មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកប្រចាំតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។

តើអ្នករៀនបានល្អបំផុតដោយរបៀបណា ?

មានវិធីរៀនជាច្រើន ហើយយើងទាំងអស់គ្នារៀន និងរក្សាទុកព័ត៌មានតាមរបៀបផ្សេងៗគ្នា ។

សូមពិចារណាបង្ហាញបញ្ជីដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យអានរបៀបរៀនទាំងនេះ ហើយដាក់ចំណាត់ថ្នាក់របៀបរៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេពីលេខ ១ ដល់លេខ ៤ ដោយលេខ ១ ជាអ្វីដែលអ្នកកំណត់ថារៀនឆាប់ចេះបំផុត និងលេខ ៤ ជាអ្វីដែលអ្នកកំណត់ថារៀនមិនសូវចេះសោះ ។

  • ការមើលផ្ទាល់ភ្នែក ៖ ខ្ញុំរៀនដោយមើលឃើញជាក់ស្តែង និងការស្រមើស្រមៃ ។ រូបគំនូរ ការផាត់ពណ៌ គំនូសតាង ក្រាហ្វិក និងប្រព័ន្ធផ្សព្វផ្សាយដែលមើលឃើញផ្ទាល់ភ្នែក ជួយខ្ញុំឲ្យរៀនសូត្រ និងទទួលបានព័ត៌មាន ។

  • ការចែករំលែកជាមួយអ្នកដទៃ ៖ ការសរសេរ និងការនិយាយជាមួយអ្នកដទៃជួយឲ្យខ្ញុំដំណើរការ និងស្វែងយល់កាន់តែស៊ីជម្រៅ ។

  • ការសិក្សាដោយឯករាជ្យ ៖ ខ្ញុំចូលចិត្តសិក្សាម្នាក់ឯង ហើយខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយឯករាជ្យ ។

  • ការរៀនសូត្រដោយអនុវត្តជាក់ស្តែង ៖ ខ្ញុំរៀនបានល្អបំផុតដោយប្រើអារម្មណ៍ផ្សេងៗដូចជាការប៉ះ ការហិតក្លិន ការស្តាប់ និងការធ្វើចលនារាងកាយ ។

សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះបានរៀបចំការបង្រៀនរបស់ទ្រង់ ដើម្បីបំពេញតាមតម្រូវការរបស់អ្នកទាំងឡាយណាដែលទ្រង់បានបង្រៀន ។

  • ហេតុអ្វីអ្នកគិតថា ព្រះអង្គសង្គ្រោះប្រើរបៀបប្លែកៗដើម្បីបង្រៀនមនុស្សផ្សេង ? តើការណ៍នេះបង្រៀនអ្នកអំពីទ្រង់យ៉ាងដូចម្តេច ?

សូមសម្របលំហាត់ខាងក្រោមអាស្រ័យលើចំនួន និងវគ្គបទគម្ពីរដែលសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការរំឭកឡើងវិញ ។

ការអនុវត្តរបៀបរៀនរបស់អ្នកទៅនឹងចំណេះចំណានខាងគោលលទ្ធិ

សូមចំណាយពេលបន្តិចដើម្បីអានសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ។ សូមមើលថាតើអ្នកអាចរំឭកឃ្លាបទគម្ពីគន្លឹះដែលជាប់ទាក់ទងបានដែរឬទេ ។

ប្រសិនបើសិស្សបានបញ្ចប់ការរៀបចំរបស់សិស្សសម្រាប់មេរៀននេះ សូមពិចារណាអញ្ជើញពួកគេឲ្យចែករំលែកថា តើវគ្គបទគម្ពីរណាដែលមានអត្ថន័យចំពោះពួកគេ ហើយហេតុអ្វី ។

  • តើវគ្គបទគម្ពីរមួយណាដែលអ្នកយល់ថា អ្នកយល់ច្បាស់លាស់បំផុត ? តើអ្នកចង់យល់អ្វីខ្លះឲ្យល្អប្រសើរជាងនេះ ?

សូមបំពេញសកម្មភាព ក, ខ, គ, ឬ ឃ ដោយប្រើផ្នែកមួយនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិចាស់ៗ ( ឬវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀតពីព្រះគម្ពីរសញ្ញាថ្មី ) ដែលអ្នកចង់យល់កាន់តែច្បាស់លាស់ ។ ប្រសិនបើពេលវេលាអនុញ្ញាត សូមបំពេញសកម្មភាពជាច្រើនជាមួយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងៗគ្នា ។

ក ៖ ការមើលផ្ទាល់ភ្នែក

សូមបង្កើតរូបគំនូរ ការផ្គុំរូប មីម សិល្បៈសព្ទ បណ្ដុំពាក្យ ឬរូបភាពតំណាងដែលអាចមើលឃើញផ្ទាល់ភ្នែកផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីអ្វីដែលវគ្គបទគម្ពីររបស់អ្នកបង្រៀន ។ សូមចុចតំណភ្ជាប់នេះដើម្បីទទួលបានឧទាហរណ៍មួយចំនួន ៖

សិល្បៈសព្ទមីម

ខ ៖ ការចែកចាយជាមួយអ្នកដទៃ

សូមបង្កើតផែនការដើម្បីបង្រៀនវគ្គបទគម្ពីររបស់អ្នក ។ សូមគិតអំពីសំណួរដែលអ្នកនឹងសួរដើម្បីជួយអ្នកដែលអ្នកកំពុងបង្រៀនឲ្យយល់ពីវគ្គបទគម្ពីរនេះ បង្កើតវីដេអូពន្យល់ពីអត្ថន័យនៃពាក្យ និងឃ្លាសំខាន់ៗ ឬប្រើតន្ត្រីដើម្បីបង្រៀនអ្នកដទៃ ។

គ ៖ ការសិក្សាដោយឯករាជ្យ

សូមជ្រើសរើសពាក្យសំខាន់ពីវគ្គបទគម្ពីរដើម្បីសិក្សា ។ សូមកត់ត្រានិយមន័យ សេចក្តីយោងបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រដែលធ្វើឲ្យអ្នកយល់កាន់តែស៊ីជម្រៅ ។

ឃ ៖ ការរៀនសូត្រដោយអនុវត្តជាក់ស្តែង ៖

សូមបង្កើត ឬកំណត់វត្ថុ ឬលំនាំដែលអាចមើលឃើញ ដែលអាចតំណាងឲ្យវគ្គបទគម្ពីរ ឬពាក្យ ឬឃ្លាជាក់លាក់ពីវគ្គបទគម្ពីរនោះ ។ ឧទាហរណ៍ សម្រាប់ ម៉ាថាយ ៥:១៤–១៦ អ្នកអាចប្រើប្រភពពន្លឺផ្សេងៗគ្នាដើម្បីបង្ហាញពីការអញ្ជើញរបស់ព្រះគ្រីស្ទដើម្បី « ឲ្យពន្លឺរបស់អ្នកចែងចាំង » ។

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយការរៀនសូត្ររបស់ពួកគេជាដៃគូ ឬជាក្រុមតូចៗ ។ បន្ទាប់មក សូមបង្ហាញខ្នាត និងសំណួរខាងក្រោមដើម្បីឲ្យសិស្សសញ្ជឹងគិតពីបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។

(ក) យល់ស្រប (ខ) យល់ស្របខ្លះ (គ) មិនយល់ស្រប ហើយក៏មិនបដិសេធដែរ ( ឃ ) បដិសេធ

  1. ខ្ញុំយល់កាន់តែច្បាស់អំពីវគ្គបទគម្ពីរ ( មួយ ឬច្រើន ) ដែលខ្ញុំបានជ្រើសរើស ។

  2. ឥឡូវនេះ ខ្ញុំកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្ញុំក្នុងការពន្យល់អំពីវគ្គបទគម្ពីរ ( មួយ ឬច្រើន ) ដែលខ្ញុំបានជ្រើសរើស ទៅអ្នកផ្សេង ប្រសិនបើខ្ញុំត្រូវការ ។

  3. ខ្ញុំជឿថា ការប្រើវិធីស្រដៀងគ្នានេះសម្រាប់ការរៀនសូត្រ និងការរំឭកឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិផ្សេងទៀតនឹងមានគុណប្រយោជន៍ចំពោះខ្ញុំ ។

សូមអនុញ្ញាតឲ្យសិស្សពិភាក្សាអំពីចម្លើយរបស់ពួកគេចំពោះសំណួរមុនៗ ។ សូមជួយពួកគេឲ្យយល់ថា ការរីកចម្រើនរបស់ពួកគេកើតឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ និងជំនួយដ៏ទេវភាពរបស់ទ្រង់ ។ សូមអញ្ជើញសិស្សឲ្យមើលទៅព្រះវរបិតាសួគ៌ា ដើម្បីទទួលបានជំនួយផ្ទាល់ខ្លួននៅក្នុងការសិក្សាទាំងអស់របស់ពួកគេ ។