ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩


ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

ទិដ្ឋភាពទូទៅ

នៅពេលដែលព្រះយេស៊ូវបានធ្វើការងារបម្រើនៅស្រុកកាលីឡេ ស្ត្រីម្នាក់ដែលមានបញ្ហាធ្លាក់ឈាមបានជាសះស្បើយដោយការពាល់ព្រះពស្ត្រព្រះភូសារបស់ទ្រង់ ។ ព្រះអម្ចាស់បានប្រោសកូនស្រីរបស់យ៉ៃរ៉ុសពីស្លាប់ ។ ព្រះយេស៊ូវគ្រីស្ទបានត្រាស់ហៅ និងណែនាំពួកសាវកដប់ពីរនាក់ ហើយបានបញ្ជូនពួកគាត់ឲ្យចេញទៅប្រកាស ធ្វើការងារបម្រើ និងព្យាបាលអ្នកឈឺ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវការការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

ម៉ាកុស ៥:២៤–៣៥;

ម៉ាថាយ ៩:២០–២២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីរបៀបទាញយកព្រះចេស្ដានៃព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ពួកគេ ដោយអនុវត្តសេចក្តីជំនឿរបស់ពួកគេលើទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីគ្រាមួយ ដែលពួកគេបានងាកមករកព្រះយេស៊ូវគ្រីស្ទដើម្បីទូលសូមជំនួយ ។ ពួកគេក៏អាចគិតពីបទពិសោធន៍របស់អ្នកផ្សេងផងដែរ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ រៀបចំបង្ហាញសេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន ។

  • វីដេអូ ៖ « Jesus Heals a Woman of Faith » ( ១:៣៨ ); « Drawing the Power of Jesus Christ into Our Lives » ( ចាប់ពីលេខកូដម៉ោង ១១:៣០ ដល់ ១៣:២០ )

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្ហាញវីដេអូ « Jesus Heals a Woman of Faith » ( ១:៣៨ ) ។ ប្រសិនបើសុសវែរដែលអ្នកប្រើអនុញ្ញាតឲ្យមានការបំបែកថ្នាក់ សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាក្រុមដើម្បីពិភាក្សាអំពីសំណួរទាំងនេះ ៖ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថា ការទទួលជំនួយពីព្រះអង្គសង្គ្រោះគឺជាបំណងប្រាថ្នាធំបំផុតរបស់អ្នក ? តើជីវិតរបស់អ្នកនឹងមានភាពខុសប្លែកយ៉ាងណា បើអ្នកទាញយកព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទបានញឹកញាប់ជាងនេះនោះ ?

ម៉ាកុស ៥:២១–២៤, ៣៥–៤៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យអនុវត្តសេចក្ដីជំនឿ និងការជឿលើព្រះគ្រីស្ទក្នុងគ្រាភ័យខ្លាច និងភាពមិនច្បាស់លាស់ ។

  • ការរៀបចំរបស់សិស្ស ៖ លើកទឹកចិត្តសិស្សឲ្យចងចាំឃ្លាថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។ សូមស្នើសុំឲ្យពួកគេសញ្ជឹងគិតពីរបៀប ដែលឃ្លានេះអាចជួយពួកគេអំឡុងពេលដែលមានការសាកល្បង ។

  • វីដេអូ ៖ « Jesus Raises the Daughter of Jairus » ( ៣:២៥ )

  • សម្ភារសម្រាប់សិស្ស ៖ បើអាច សូមនាំយកសម្ភារសិល្បៈសម្រាប់ឲ្យសិស្សប្រើដើម្បីបង្កើតរូបភាពជាមួយឃ្លាថា « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖សូមអញ្ជើញសិស្សឲ្យចែកចាយនៅក្នុងមុខងារឈែតអំពីបទគម្ពីរ ឬសេចក្តីថ្លែងការណ៍នៃសន្និសីទទូទៅអំពីការមិនភ័យខ្លាច ។ បន្ទាប់មក សិស្សជាក់លាក់មួយចំនួនអាចត្រូវបានអញ្ជើញឲ្យចែកចាយបទគម្ពីរមួយ ដែលពួកគេបានរកឃើញដោយការចែកចាយអេក្រង់របស់ពួកគេ និងការបង្ហាញព្រះគម្ពីរពីបណ្ណាល័យដំណឹងល្អតាមអនឡាញ ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។

ម៉ាថាយ ៩:៣៦–៣៨; ម៉ាថាយ ១០

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីការហៅ និងគោលបំណងរបស់ពួកសាវកក្នុងនាមជាអ្នកតំណាង និងសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍របស់ពួកគេជាមួយពួកសាវករបស់ព្រះអម្ចាស់ ដោយសួរសំណួរដូចតទៅនេះ ៖ តើសាវករបស់ព្រះអង្គសង្រ្គោះបាននាំអ្នកមកជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ? តើមានអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីពួកលោក ? តើអ្នកមានសំណួរអ្វីខ្លះអំពីតួនាទីរបស់សាវកម្នាក់ ? សូមពិចារណាអំពីគំនិតជំនួសសម្រាប់ការរៀបចំរបស់សិស្សដែលបានចែកចាយនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សូមរៀបចំដើម្បីបង្ហាញ ឬផ្តល់ឯកសារចែកជូនអំពី សេចក្តីថ្លែងការណ៍របស់ប្រធាន ណិលសុន និងសំណួរសម្រាប់សិស្សដើម្បីវាយតម្លៃអារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេចំពោះពួកសាវកនៃព្រះយេស៊ូវគ្រីស្ទ ។

  • ធនធានសម្រាប់សិស្ស ៖ សូមពិចារណាថា តើធនធានណាមួយមកពី និងអំពីពួកសាវកសម័យទំនើបណា ដែលអ្នកនឹងផ្តល់ដល់សិស្សរបស់អ្នក ។

លូកា ៩:២៤–២៦, ៥៧–៦២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យកំណត់ពីវិធីដើម្បីក្លាយជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីវិធីដែលពួកគេកំពុងព្យាយាមធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីជួយសិស្សឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានសិក្សា សូមពិចារណាប្រើក្តារខៀន ឬមុខងារស្រដៀងគ្នា ។ សិស្សអាចបំពេញឃ្លាថា « ដើម្បីក្លាយជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាច … »

ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៣

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យបង្កើនការយល់ដឹងរបស់ពួកគេ និងអនុញ្ញាតឲ្យពួកគេរៀនពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដូចតទៅ ៖ ម៉ាថាយ ៥:១៤–១៦ ; លូកា ២:១០–១២ ; យ៉ូហាន ៣:៥ និង យ៉ូហាន ៣:១៦

កំណត់ចំណាំ ៖ មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អាចនឹងត្រូវបង្រៀនជំនួសឲ្យមេរៀនរំឭកឡើងវិញនេះ ។ សូមមើលតារាងកាលវិភាគដែលនាយកប្រចាំតំបន់ ឬអ្នកសម្របសម្រួលប្រចាំភូមិភាគផ្តល់ឲ្យដើម្បីធានាថា មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗនឹងត្រូវបានបង្រៀន អំឡុងពេលដែលថ្នាក់សិក្ខាសាលាកំពុងសិក្សា ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយពីម៉ាថាយ លូកា ឬយ៉ូហានដែលមានអត្ថន័យចំពោះពួកគេ ។ សូមស្នើសុំឲ្យពួកគេគិតអំពីមូលហេតុដែលវគ្គបទគម្ពីរនេះមានអត្ថន័យចំពោះពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេនៅក្នុងថ្នាក់ ។

  • មាតិកាដែលត្រូវបង្ហាញ ៖ សូមពិចារណាបង្ហាញបញ្ជីរបៀបរៀនសូត្រដែលសិស្សនឹងប្រើ ដើម្បីវាយតម្លៃថាវិធីសាស្ត្រណាមួយដែលជួយឲ្យពួកគេរៀនបានល្អបំផុត ។

  • វត្ថុ ៖ ពិនិត្យមើលសកម្មភាពដែលបញ្ជាក់ពីរបៀបរៀនសូត្រផ្សេងៗ ហើយកំណត់សម្ភារដែលសិស្សរបស់អ្នកត្រូវការដើម្បីសម្រេចបាននូវសកម្មភាពដែលពួកគេជ្រើសរើសដោយជោគជ័យ ។

  • យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្តល់គំនិតដល់សិស្សអំពីវត្ថុ និងឧបករណ៍ផ្សេងៗនៅផ្ទះរបស់ពួកគេដែលពួកគេអាចប្រើ នៅពេលពួកគេបំពេញសកម្មភាពនៃរបៀបរៀនសូត្រ ។ សូមអញ្ជើញសិស្សឲ្យចែកវត្ថុរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។