វិវរណៈ ៥
« គ្រប់គ្នាក៏បន្លឺសំឡេងថាកូនចៀម »
តើការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាអ្នកគិតថា យើងថ្វាយបង្គំទ្រង់ទាំងពីរព្រះអង្គ ? យ៉ូហានបានឃើញបល្ល័ង្ករបស់ព្រះ និងសត្វដែលមានសិរីល្អជាច្រើនកំពុងសរសើរ និងថ្វាយបង្គំទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់បន្ថែមទៀត ។
សកម្មភាពរៀនសូត្រដែលអាចមាន
បល្ល័ង្ករបស់ព្រះ
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញចិត្តអ្នកឲ្យមានបំណងប្រាថ្នាពិតប្រាកដក្នុងការថ្វាយបង្គំទ្រង់ទាំងទ្វេ ?
នៅពេលយើងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងថ្វាយដល់ទ្រង់នូវសេចក្តីស្រឡាញ់ ការគោរព និងការបម្រើរបស់យើង ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ថ្វាយបង្គំ, ការថ្វាយបង្គំ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់យើង ហើយជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់ ។
-
តើអ្នកមានឱកាសណាខ្លះដើម្បីថ្វាយបង្គំព្រះវរបិតា និងព្រះរាជបុត្រា ?
សូមចំណាយពេលមួយភ្លែតដើម្បីគិតថា តើអ្នកបានគោរពប្រណិប័តន៍ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយស្មោះស្ម័គ្រញឹកញាប់ប៉ុណ្ណាដែរ ។ សូមសញ្ជឹងគិតអំពីរបៀបដែលជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ ប្រសិនបើអ្នកថ្វាយបង្គំទ្រង់ទាំងពីរព្រះអង្គញឹកញាប់ និងប្រកបដោយអត្ថន័យ ។ សូមស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសិក្សា វិវរណៈ ៥ ដើម្បីដឹងពីរបៀបដែលអ្នកអាចថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែស្មោះស្ម័គ្រជាងនេះទៅទៀត ។
គ្រប់គ្នាក៏បន្លឺសំឡេងថាកូនចៀម
នៅក្នុងការនិមិត្តរបស់លោក យ៉ូហានបានឃើញបល្ល័ង្ករបស់ព្រះនៅក្នុងនគរសេឡេស្ទាល ។ នៅជុំវិញបល្ល័ង្កមានសភាវៈដែលមានជីវិតដ៏រុងរឿង និងសត្វសាហាវជាច្រើនកំពុងសរសើរ និងថ្វាយបង្គំព្រះ ( សូមមើល វិវរណៈ ៤:១–១១ ) ។ លោកបានឃើញព្រះវរបិតាសួគ៌គង់លើបល្ល័ង្ករបស់ទ្រង់ ដោយកាន់ក្រាំងដែលមានបិទត្រាទាំងប្រាំពីរ ( សូមមើល វិវរណៈ ៥:១ ) ។ ក្រាំងមាននូវព្រះហឫទ័យរបស់ព្រះ សេចក្ដីអាថ៌កំបាំង និងកិច្ចការទាំងឡាយក្នុងអំឡុងពេល ៧,០០០ ឆ្នាំនៃការរស់នៅខាងសាច់ឈាមលើផែនដីនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦–៧ ) ។
សូមអាន វិវរណៈ ៥:២–៤ ដោយរកមើលប្រតិកម្មរបស់យ៉ូហាន ។
-
តើអ្នកបានសម្គាល់ឃើញអ្វីខ្លះ ?
-
ដោយសារក្រាំងដែលមានត្រាតំណាងឲ្យប្រវត្តិសាស្ត្រខាងសាច់ឈាមរបស់ផែនដី យ៉ូហានប្រហែលជាបារម្ភថា បើគ្មានអ្នកណាស័ក្តិសមនឹងបើកវាទេ នោះគោលបំណងរបស់ព្រះក្នុងការបង្កើតផែនដីនឹងមិនសម្រេចបានឡើយ ។ តើនឹងមានអ្វីអាចកើតឡើងចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ប្រសិនបើផែនការរបស់ទ្រង់សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេមិនត្រូវបានអនុវត្តនោះ ?
សូមអាន វិវរណៈ ៥:៥–៧ ដោយរកមើលមូលហេតុដែលយ៉ូហានមិនចាំបាច់ត្រូវយំនោះទេ ។ សូមកំណត់ចំណាំថា នៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ៦ លេខប្រាំពីរត្រូវបានប្ដូរជាលេខដប់ពីរវិញ ( នៅក្នុង វិវរណៈ ៥:៦ , ) ។
សូមអាន វិវរណៈ ៥:៨–១៤ ដោយរកមើលពីរបៀបដែលសភាវៈមានជីវិតដ៏រុងរឿងបានឆ្លើយតប នៅពេលព្រះយេស៊ូវគ្រីស្ទអាចយកក្រាំងពីព្រះហស្ដរបស់ព្រះវរបិតាសួគ៌បាន ។ អ្នកក៏អាចអានពីរបៀបដែល យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីសភាវៈដែលមានជីវិតនៅជុំវិញបល្ល័ង្ករបស់ព្រះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២០–២១ បានផងដែរ ។
-
តើអ្នកគិតថា ហេតុអ្វីបានជាសភាវៈដែលមានជីវិតដ៏រុងរឿងបានឆ្លើយតបតាមរបៀបនេះទៅវិញ ?
-
សូមស្រមៃថា អ្នកបាននៅទីនោះដែរ ។ តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ? តើអ្នកនឹងធ្វើអ្វី ?
-
តើយើងអាចរៀនអ្វីខ្លះ ពីរបៀបដែលសភាវៈមានជីវិតដ៏រុងរឿងទាំងនេះបានថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សេចក្តីពិតមួយដែលយើងរៀនគឺថា នៅពេលយើងទទួលស្គាល់ និងមានអំណរគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងចង់ថ្វាយបង្គំ និងសរសើរទ្រង់ទាំងពីរព្រះអង្គ ។
ការថ្វាយបង្គំ
ប៊ីស្សព ឌីន អិម ដេវីស ( ឆ្នាំ ១៩៥១–២០២១ ) នៃគណៈប្រធានប៊ីស្សពបានបង្រៀនអំពីការថ្វាយបង្គំ ។ អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « The Blessings of Worship » ( ចាប់ពីលេខកូដម៉ោង ៣:៣៤ ដល់ ៤:៤៥ និង ៨:៥៤ ដល់ ១១:១៤ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
ពេលយើងថ្វាយបង្គំព្រះ យើងទៅរកទ្រង់ដោយសេចក្ដីស្រឡាញ់ដ៏គាវរភាព ចិត្តរាបសា និងភាពអស្ចារ្យ ។ យើងទទួលស្គាល់ ហើយទទួលយកទ្រង់ជាស្ដេច ជាព្រះបង្កបង្កើតសកលលោក ជាព្រះវរបិតារបស់យើង ។
យើងគោរព ហើយមានគារវភាពចំពោះទ្រង់ ។
យើងបន្ទាបខ្លួនចំពោះទ្រង់ ។
យើងលើកដួងចិត្តរបស់យើងក្នុងការអធិស្ឋានដ៏ខ្លាំងក្លា ស្រឡាញ់បន្ទូលទ្រង់ អររីករាយក្នុងព្រះគុណទ្រង់ ហើយតាំងចិត្តដើរតាមទ្រង់ដោយស្មោះស្ម័គ្រ ។ …
កាលយើងថ្វាយបង្គំ ចិត្តយើងសរសើរតម្កើងព្រះទាំងថ្ងៃទាំងយប់ ។
យើងគោរពទ្រង់ជាបន្តបន្ទាប់—នៅក្នុងសាលាប្រជុំ ផ្ទះ ព្រះវិហារបរិសុទ្ធ និងរាល់កិច្ចការរបស់យើង ។
នៅពេលយើងថ្វាយបង្គំ យើងបើកដួងចិត្តរបស់យើងចំពោះអំណាចនៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជីវិតយើងក្លាយជាភស្តុតាង និងការស្តែងឲ្យឃើញនៃការថ្វាយបង្គំរបស់យើង ។
( ឌីន អិម ដេវីស « The Blessings of Worship » Ensign ឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៤–៩៥ )
-
តើអ្នកបានរៀនអ្វីខ្លះអំពីការថ្វាយបង្គំចេញពីសេចក្ដីថ្លែងការណ៍នេះ ?
-
តើអ្នកគិតថា ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយស្មោះស្ម័គ្រនឹងប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពប្រណិប័តន៍ដោយស្មោះ ?
-
តើការថ្វាយបង្គំរបស់អ្នកអាចបង្ហាញឲ្យឃើញកាន់តែច្បាស់ពីអារម្មណ៍ដែលអ្នកមានចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
សូមជ្រើសរើសសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ ហើយពិចារណាពីរបៀបដែលការថ្វាយបង្គំដោយស្មោះអាចជួយដល់ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការគោរពថ្ងៃឈប់សម្រាក ការតមអាហារ ការចូលរួមព្រះវិហារបរិសុទ្ធ ឲ្យកាន់តែមានអត្ថន័យ ។
-
តើអ្នកបានទទួលអារម្មណ៍អ្វីខ្លះដើម្បីកែលម្អ ឬផ្លាស់ប្ដូររបៀបដែលអ្នកថ្វាយបង្គំ ?