ថ្នាក់​សិក្ខាសាលា
វិវរណៈ ២–៣ ផ្នែកទី ២


វិវរណៈ ២–៣ ផ្នែកទី ២

« អស់អ្នកណាដែលឈ្នះ »

Painting of Jesus Christ by Mike Malm. Christ appears to be walking on the water with his arms outstretched to receive those who come, unto Him. There are clouds in the background with sunlight reflecting off the clouds. Light also emanates from around his head.

តើអ្នកធ្លាប់ឆ្ងល់ទេថា តើអ្នកអាចប្រឈមមុខនឹងបញ្ហានៃជីវិតរមែងស្លាប់ដោយជោគជ័យតាមរបៀបណា ? ព្រះអង្គសង្គ្រោះបានបង្រៀនពួកបរិសុទ្ធមកពីព្រះវិហារទាំងប្រាំពីរនៅអាស៊ីពីរបៀបដើម្បីយកឈ្នះលើការបៀតបៀន អំពើបាប និងបញ្ហាប្រឈមផ្សេងទៀត ដើម្បីទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ថា មានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីយកឈ្នះលើឧបសគ្គ និងទទួលបានពរជ័យដែលព្រះអង្គសង្គ្រោះសន្យាថានឹងប្រទាន ។

ការជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដ៏សកម្ម ។ របៀបមួយដើម្បីជួយសិស្សឲ្យក្លាយជាអ្នកចូលរួមដ៏សកម្មគឺផ្តល់ឱកាសឲ្យពួកគេជ្រើសរើសអ្វីដែលពួកគេចង់សិក្សា ។ សូមពិចារណាផ្តល់នូវដំណើររឿងស្រដៀងគ្នាជាច្រើនដែលត្រូវសិក្សា សំណួរដែលត្រូវឆ្លើយ ឬសកម្មភាពដែលត្រូវជ្រើសរើស ។

ការរៀបចំរបស់សិស្ស ៖ សូមឲ្យសិស្សសួរសមាជិកគ្រួសារ ឬមិត្តដែលពួកគេទុកចិត្ដឲ្យចែកចាយបទពិសោធន៍មួយជាមួយពួកគេ នៅពេលដែលពួកគាត់បានយកឈ្នះលើឧបសគ្គមួយ ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។

សកម្មភាពរៀនសូត្រដែលអាចមាន

ការមើលឃើញទីបញ្ចប់តាំងពីដើមមក

សូមពិចារណាដាក់សិស្សជាគូ ហើយអញ្ជើញពួកគេឲ្យពន្យល់គ្នាទៅវិញទៅមកអំពីអាហារដែលពួកគេចូលចិត្ត និងមូលហេតុដែលពួកគេនឹងរំភើបក្នុងការញ៉ាំអាហារនោះ ។ បន្ទាប់មក សូមចែកចាយការប្រៀបធៀបខាងក្រោម ហើយអញ្ជើញសិស្សឲ្យឆ្លើយតបនឹងសំណួរដែលពាក់ព័ន្ធ ។

សូមស្រមៃគិតអំពីខ្លួនអ្នកនៅក្នុងស្ថានភាពខាងក្រោមដែលត្រូវបានពិពណ៌នាដោយបងប្រុស អាម៉េឌ អេស ខ័រប៊ីត នៃគណៈប្រធានយុវជនទូទៅ ។ សូមទស្សនាវីដេអូ « You Can Gather Israel ! » ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ៤:៤៩ ដល់ ៥:២២ ឬអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ។

10:53
The official portrait of Ahmad Corbitt.

ឧបមាថាថ្ងៃមួយមុនពេលបងប្អូនទៅសាលា ឪពុកម្តាយរបស់បងប្អូនបានសន្យាពិតប្រាកដមួយថា ពេលបងប្អូនត្រឡប់មកផ្ទះវិញនឹងមានអាហារដែលបងប្អូនចូលចិត្ត ! បងប្អូនរំភើបណាស់ ! ខណៈពេលដែលនៅក្នុងថ្នាក់ បងប្អូនស្រមៃថាបានបរិភោគអាហារនោះ ហើយបងប្អូនអាចភ្លក់វាបានទៀតផង ។ ធម្មតា បងប្អូនចែកចាយដំណឹងល្អនេះជាមួយអ្នកដទៃ ។ ការទន្ទឹងរង់ចាំត្រឡប់ទៅផ្ទះវិញធ្វើឲ្យបងប្អូនសប្បាយចិត្តណាស់ ហើយការប្រឡង និងឧបសគ្គនានានៅក្នុងថ្នាក់ ហាក់ដូចជាមិនសូវពិបាកទេ ។ គ្មានអ្វីដែលអាចដកយកសេចក្តីអំណរ ឬធ្វើឲ្យបងប្អូនសង្ស័យបានឡើយ ពីព្រោះការសន្យានោះគឺពិត !

( អាម៉េឌ អេស ខ័របីត « You Can Gather Israel! » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦២ )

យើងក៏អាចអនុវត្តការប្រៀបធៀបរបស់បងប្រុស ខ័របីត ទៅនឹងជីវិតខាងវិញ្ញាណរបស់យើងផងដែរ ។

  • ហេតុអ្វីបានជាអ្នកគិតថា យើងអាចទ្រាំទ្រនឹងការសាកល្បង និងឧបសគ្គនានានៃជីវិតរមែងស្លាប់នេះបានកាន់តែប្រសើរ នៅពេលយើងបន្តផ្តោតលើការសន្យាដ៏នៅអស់កល្បជានិច្ចដែលបានសន្យាចំពោះយើងដោយព្រះវរបិតាសួគ៌របស់យើង ?

នៅក្នុង វិវរណៈ ២–៣ ព្រះយេស៊ូវគ្រីស្ទបានថ្លែងទីបន្ទាល់អំពីការសន្យាដ៏នៅអស់កល្បជានិ្ចរបស់ទ្រង់ ហើយបានបង្រៀនពួកបរិសុទ្ធអំពីរបៀបដែលពួកគេអាចទទួលបានការសន្យាទាំងនេះ ។ ពួកបរិសុទ្ធនៅជំនាន់របស់យ៉ូហានត្រូវការជំនួយជាមួយនឹងបញ្ហាប្រឈមជាច្រើនដែលស្រដៀងនឹងបញ្ហាដែលអ្នកអាចប្រឈមមុខដែរ រួមមានអំពើបាប ការបៀតបៀន និងភាពព្រងើយកន្តើយ ។ នៅពេលអ្នកសិក្សាជំពូកទាំងនេះ សូមសញ្ជឹងគិតពីរបៀបដែលការយល់ដឹងពីការសន្យាទាំងនេះមកពីព្រះអម្ចាស់ អាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកបាន ។

សូមដាក់បង្ហាញវគ្គបទគម្ពីរ និយមន័យ និងសំណួរខាងក្រោម ។ សូមពិចារណាដាក់សិស្សជាក្រុមតូចៗដើម្បីអានវគ្គបទគម្ពីរ ហើយពិភាក្សាសំណួរ ។

សិស្សអាចត្រូវបានសុំឲ្យសួរសំណួរអំពីការសន្យាទាំងនេះ និងសិក្សាប្រធានបទនានានៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬធនធានផ្សេងទៀតដែលនឹងជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីការសន្យាទាំងនេះ ។

សូមបង្កើតតារាងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដែលស្រដៀងនឹងតារាងខាងក្រោម ។

ខគម្ពីរ

ការសន្យារបស់ព្រះចំពោះអស់អ្នកដែលឈ្នះ

វិវរណៈ ២:៧, ១០–១១, ១៧, ២៥–២៩ ;

៣:៥, ១១–១២, ២០–២១

សូមអានខគម្ពីរនៅផ្នែកខាងឆ្វេងនៃតារាងនេះ ហើយកត់ត្រាការសន្យាដែលអ្នករកឃើញនៅក្នុងខគម្ពីរទាំងនោះនៅផ្នែកខាងស្តាំនៃតារាង ( សូមកត់ចំណាំថា ការសន្យាជាច្រើនអាចរកបាននៅក្នុងជំពូកនីមួយៗ ) ។ និយមន័យខាងក្រោមនេះអាចជួយអ្នកបាន ។

សេចក្ដីស្លាប់ទីពីរ ( វិវរណៈ ២:១១ ) ៖ ការស្លាប់ខាងវិញ្ញាណ ឬការបែកចេញពីព្រះដ៏នៅអស់កល្បជានិច្ច ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីស្លាប់ខាងវិញ្ញាណ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )

នំម៉ាន៉ាដ៏លាក់កំបាំង ( វិវរណៈ ២:១៧ ) ៖ សេចក្ដីយោងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៦:៤៨–៥១ )

គ្រួស‑ស ( វិវរណៈ ២:១៧ ) ៖ យូរីម និង ធូមីម ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៨–១១ )

ផ្កាយព្រឹក ( វិវរណៈ ២:២៨ ) ៖ ព្រះបរមងារសម្រាប់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល វិវរណៈ ២២:១៦ )

  • តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះក្នុងចំណោមការសន្យាទាំងនេះ ?

  • តើអ្នកនឹងសង្ខេបព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះអំពីរបៀបទទួលបានការសន្យាដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ដោយរបៀបណា ?

វគ្គបទគម្ពីរទាំងនេះអាចជួយយើងឲ្យយល់ថា ប្រសិនបើយើងឈ្នះ នោះព្រះអង្គសង្គ្រោះនឹងប្រទានពរជ័យនៃភាពតម្កើងឡើងដល់យើង

  • តើការដឹងថា ព្រះគ្រីស្ទបានសន្យានឹងអ្នកនូវពរជ័យដ៏នៅអស់កល្បជានិច្ចជួយអ្នកឲ្យស៊ូទ្រាំនឹងឧបសគ្គនៃជីវិតរមែងស្លាប់ដោយរបៀបណា ?

  • តើការសន្យាមួយណាដែលជំរុញចិត្តអ្នកឲ្យយកឈ្នះលើអ្វីដែលអ្នកកំពុងប្រឈមមុខ ? ហេតុអ្វីទៅ ?

សូមរំឭកសិស្សឲ្យប្រើប្រាស់ការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់រៀន នៅពេលពួកគេឆ្លើយតបទៅនឹងសំណួរខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។

  • តើយើងអាចត្រូវយកឈ្នះអ្វីខ្លះ ដើម្បីទទួលបានភាពតម្កើងឡើង ?

សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសម្គាល់ និងសរសេរនូវអ្វីមួយដែលអ្នកត្រូវការដើម្បីយកឈ្នះក្នុងជីវិតរបស់អ្នក ។ វាអាចជាអំពើបាប ការញៀន ឬបញ្ហាប្រឈមផ្ទាល់ខ្លួនផ្សេងទៀត ។ សូមសរសេរថាហេតុអ្វីបានជាវាពិបាកសម្រាប់អ្នក និងហេតុអ្វីបានជាអ្នកចង់យកឈ្នះវា ។ នៅពេលអ្នកបន្តសិក្សា សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរៀនពីអ្វីដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះលើវា ។

ការយកឈ្នះលោកិយ

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅនេះអំពីការយកឈ្នះ ៖

Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.

តើវាអាចទៅរួចទេ ដើម្បីយកឈ្នះលើលោកិយ ហើយទទួលបានពរជ័យទាំងនេះ ? បាទ ពិតជាអាច ។

អស់អ្នកដែលយកឈ្នះលើលោកិយ អភិវឌ្ឍសេចក្ដីស្រឡាញ់ដ៏ពេញលេញចំពោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ។ …

ការយកឈ្នះលើលោកិយពុំមែនកើតឡើងតែមួយពេលក្នុងជីវិតរបស់បងប្អូននោះទេ ប៉ុន្តែវាកើតឡើងជាច្រើនដងក្នុងជីវិតនេះ ដែលវាកំណត់នូវភាពដ៏នៅអស់កល្បជានិច្ចរបស់យើង ។

( នែល អិល អាន់ឌើរសិន « Overcoming the World » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៩ )

  • តើអ្នកបានរៀនអ្វីខ្លះពីអែលឌើរ អាន់ឌើរសិន អំពីការយកឈ្នះ ?

ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះយើង នោះទ្រង់ទាំងទ្វេចង់ជួយយើងឲ្យយកឈ្នះលើអ្វីៗទាំងអស់ដែលចាំបាច់ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ភាពតម្កើងឡើង ។

សូមពិចារណាបង្ហាញគំនិតដូចខាងក្រោម ឬអនុញ្ញាតឲ្យសិស្សបង្កើតនូវរបៀបផ្ទាល់ខ្លួនរបស់ពួកគេដើម្បីកំណត់នូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ ។

បើចាំបាច់ សូមបោះពុម្ពច្បាប់ចម្លងនៃសុន្ទរកថាខាងក្រោមដោយអែលឌើរ អាន់ឌើរសិន ។

  1. សូមអានសុន្ទរកថាសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៧ ដែលមានចំណងជើងថា « ការយកឈ្នះលោកិយ » ដោយ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមរកមើលការយល់ដឹងអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីយកឈ្នះ ។

  2. សូមអាន យ៉ូហាន ១៦:៣៣ រួចសិក្សាពីរបៀបដែលព្រះអង្គសង្គ្រោះយកឈ្នះលើការល្បួងរបស់អារក្សសាតាំងនៅក្នុង ម៉ាថាយ ៤:១–១១ ។ សូមរកមើលរបៀបដែលអ្នកអាចធ្វើតាមការទូន្មាន និងគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកព្យាយាមយកឈ្នះលើឧបសគ្គ និងអំពើបាប ។

  3. សូមស្វែងរកពាក្យ « យកឈ្នះ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមសិក្សាពាក្យដកស្រង់ ឬបទគម្ពីរដែលអ្នករកឃើញដើម្បីកំណត់ពីរបៀបដែលអ្នកអាចយកឈ្នះបានផងដែរ ។ ជាជម្រើស អ្នកអាចសិក្សាវគ្គបទគម្ពីរចេញពី Topical Guide ក្រោមប្រធានបទ « Overcome, Overcame » បាន ។

សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សដើម្បីបំពេញការសិក្សារបស់ពួកគេ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ឬបានរៀន ព្រមទាំងគំនិត ឬអារម្មណ៍អំពីរបៀបដែលពួកគេអាចអនុវត្តអ្វីដែលពួកគេបានរៀន ។

សូមគិតយ៉ាងហោចណាស់ដល់រឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកឲ្យយកឈ្នះលើឧបសគ្គ ឬអំពើបាបដែលអ្នកបានគិតពីមុននៅក្នុងមេរៀននេះ ។ នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក សូមសរសេរនូវអ្វីដែលអ្នកនឹងធ្វើ ហើយប្តេជ្ញាធ្វើវា ។ សូមពិចារណាចែកចាយផែនការរបស់អ្នកជាមួយឪពុកម្តាយរបស់អ្នក ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្តម្នាក់របស់អ្នក ។

  • តើយើងបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីមេរៀននេះ ?

  • តើអ្នកដឹងអ្វីខ្លះរួចហើយអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់អាចជួយអ្នកឲ្យយកឈ្នះលើគ្រប់រឿង ហើយទទួលបានពរជ័យដែលបានសន្យារបស់ទ្រង់ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

សកម្មភាពរៀនសូត្របន្ថែម

ការយល់ដឹងអំពីពរជ័យនៃភាពតម្កើងឡើង

ប្រសិនបើសិស្សត្រូវយល់កាន់តែច្បាស់អំពីការសន្យារបស់ព្រះអង្គសង្គ្រោះទាក់ទងនឹងភាពតម្កើងឡើង សូមពិចារណាសុំឲ្យពួកគេស្វែងរកក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដូចជា « ដើមជីវិត » « មកុដ » ឬ « ម៉ាន៉ា » ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការបង្ហាញសេចក្តីថ្លែងការណ៍ពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ដែលអាចមានប្រយោជន៍ក្នុងការយល់ដឹងអំពីការសន្យាទាំងនេះ ។

ការកាន់ខ្ជាប់

ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការមើលឃើញរបៀបដែល « ការ [ កាន់ ] ខ្ជាប់ » ( វិវរណៈ ២:២៥ ; សូមមើលផងដែរ ៣:៣ ) អាចជួយពួកគេឲ្យយកឈ្នះលើលោកិយបាន សូមអញ្ជើញពួកគេឲ្យសិក្សាក្នុង នីហ្វៃទី១ ៨:៣០ និងការបកស្រាយដែលនីហ្វៃបានផ្តល់ឲ្យនៅក្នុង នីហ្វៃទី១ ១៥:២១–២៥ ។ សូមអញ្ជើញសិស្សឲ្យកំណត់ពីសកម្មភាពដែលពួកគេអាចធ្វើបានដើម្បី « កាន់ខ្ជាប់ » ដោយចងចាំថា ដើមជីវិត និងដំបងដែកគឺជានិមិត្តសញ្ញាសម្រាប់ព្រះយេស៊ូវគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់ ។ ពួកគេក៏អាចប្រើសេចក្តីថ្លែងការណ៍មកពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ក្រោមប្រធានបទនេះបានផងដែរ ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍នានា នៅពេលពួកគេ ឬអ្នកដទៃទៀតបានកាន់ខ្ជាប់ ហើយយកឈ្នះលើឧបសគ្គ ឬអំពើបាបនោះបាន ។ បន្ទាប់មក ពួកគេអាចធ្វើផែនការដើម្បីយកឈ្នះឧបសគ្គ ឬអំពើបាបទាំងនេះដូចដែលបានរៀបរាប់ពីមុនមកនៅក្នុងមេរៀននេះ ។