ធនធាននានាសម្រាប់ការគ្រប់គ្រង តម្រូវការខាងអារម្មណ៍
អារម្មណ៍ខ្លាំងដូចជាការបាក់ទឹកចិត្ត ឬការព្រួយបារម្ភជួយយើងឲ្យដឹងថាយើងមានភាពតានតឹងខ្លាំង ។ សូមអាន « គោលការណ៍ទូទៅសម្រាប់ការគ្រប់គ្រងលើភាពតានតឹង » ទំព័រ 17–22 សម្រាប់សេចក្ដីណែនាំទូទៅ ។ លើសពីនេះទៅទៀត សេចក្ដីណែនាំនៅក្រោមអាចជួយជាមួយនឹងអារម្មណ៍ជាក់លាក់ ។
ក
អារម្មណ៍នឹកផ្ទះ
-
បន្តមមាញឹក ។ ការនឹកផ្ទះគឺជារឿងទូទៅ ជាពិសេសប្រសិនបើអ្នកពុំធ្លាប់ឃ្លាតចេញឆ្ងាយពីផ្ទះច្រើន ។ ចូរធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍សោកសៅពីរបីនាទី ប៉ុន្តែរួចហើយសូមក្រោកឡើង ហើយធ្វើឲ្យខ្លួនឯងមានភាពមមាញឹក ។ វិធីដ៏ល្អបំផុតដើម្បីទប់ទល់នឹងវាគឺការធ្វើឲ្យខ្លួនអ្នកងាកចេញពីការព្រួយបារម្ភ ឬការសោកសៅតាមរយៈការបន្តការមានភាពមមាញឹក និងការបម្រើដល់មនុស្សដទៃទៀត ។
-
ស្រាយចេញ ហើយរៀបចំទុកដាក់ ។ សូមបើកវ៉ាលីរបស់អ្នក ។ រៀបចំកន្លែងផ្ទាល់ខ្លួនរបស់អ្នក ។ ដាក់តាំងរូបភាពមួយដែលជួយអ្នកឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណ ហើយចងចាំពីហេតុផលដែលអ្នកចង់បម្រើព្រះអម្ចាស់ ។ សម្អាត ធុងសំរាមចាស់ ហើយផ្ទះអ្នកជា « ផ្ទះរបស់អ្នក » ។ ធ្វើម្ហូបដែលអ្នកចូលចិត្ត ។
-
ធ្វើបញ្ជីមួយពីកិច្ចការដែលមិនបានធ្វើឲ្យអ្នកផ្លាស់ប្ដូរ ។ គិតពីទំនាក់ទំនងរបស់អ្នក កម្លាំងរបស់អ្នក និងកិច្ចការផ្សេងទៀតដែលនៅតែដដែល ទោះជាមានរឿងជាច្រើនបានផ្លាស់ប្ដូរក្ដី ។ ឧទាហរណ៍ ៖ « ខ្ញុំជាមនុស្សកំប្លែង ឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំ ខ្ញុំចង់បម្រើ » ។ បន្ថែមកិច្ចការដែលអ្នកនៅចង់បន្តធ្វើដូចជាពេលអ្នកនៅផ្ទះ ៖ « ខ្ញុំនឹងត្រូវបានបន្តធ្វើការសម្រេចិត្ត ខ្ញុំនឹងត្រូវបន្តចុះសម្រុងនឹងមនុស្សដទៃទៀត ខ្ញុំនឹងត្រូវបន្តខិតខំធ្វើការ » ។
-
ពិនិត្យមើលហេតុផលរបស់អ្នកសម្រាប់ការមកបម្រើបេសកកម្មឡើងវិញ ។ សូមថ្វាយបេសកកម្មរបស់អ្នកដោយស្ម័គ្រចិត្តជាអំណោយមួយចំពោះការថ្លែងអំណរគុណដល់ព្រះអង្គសង្គ្រោះ ហើយសរសេរពីពរជ័យរបស់អ្នក ។ រំឭកខ្លួនឯងពីអ្វីដែលពួកអ្នកដឹកនាំចាំជួយ ឬមនុស្សជាទីស្រឡាញ់នៅផ្ទះនឹងប្រាប់ដល់អ្នកពីការបម្រើរបស់អ្នក ។
-
■ សុំការប្រសិទ្ធពរបព្វជិតភាពមួយ ។
-
-
ដកចេញនូវរូបថតដែលរំខាន ។ ដាក់រូបថត ឬរូបភាពដែលរំខានអ្នកពីការមានអារម្មណ៍ពីព្រះវិញ្ញាណ ឬដែលធ្វើឲ្យនឹកផ្ទះទៅឲ្យឆ្ងាយ ។ អ្នកអាចជ្រើសរើសដើម្បីយកវាមួយចំនួនចេញមកម្ដងទៀត នៅពេលអ្នកមានការសម្របខ្លួនបានច្រើនហើយ ។ លើកទឹកចិត្តគ្រួសាររបស់អ្នកឲ្យសរសេរសំបុត្រមកតែសប្ដាហ៍ម្ដងបានហើយ ដើម្បីអ្នកអាចទុក « សំណាញ់ » របស់អ្នកចោល ដូចជាសិស្សរបស់ព្រះយេស៊ូវពីបុរាណ ( សូមមើល ម៉ាថាយ 4:18–22) ហើយផ្ដោតចិត្តទុកដាក់លើកិច្ចការនេះ ។
-
ចូរអត់ធ្មត់ ។ ជាទូទៅ វាចំណាយពេលប្រហែលជាប្រាំមួយសប្ដាហ៍ដើម្បីចាប់ផ្ដើមសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មីមួយ ។ សូមផ្អាកការធ្វើការសម្រេចចិត្តនានា ហើយផ្ដល់ពេលវេលាឲ្យខ្លួនឯងដើម្បីសម្របខ្លួន ។ សូមធ្វើមួយថ្ងៃម្ដងៗ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង ទំព័រ 122) ។
ខ
អារម្មណ៍សោកសៅ ឬបាក់ទឹកចិត្ត
-
សូមមើលបទគម្ពីរ និងដំណើររឿងដែលលើកតម្កើងឡើងវិញ ។ សូមរក្សាទុកបទគម្ពីរ បទពិសោធន៍ផ្ទាល់ខ្លួន ពាក្យដកស្រង់ និងដំណើររឿងគ្រួសារដែលលើកទឹកចិត្ត ហើយលើកតម្កើងដល់អ្នក ។ នៅពេលអ្នកអានដំណើររឿងទាំងនេះ សូមស្រមើស្រមៃឈ្មោះរបស់អ្នកនៅក្នុងដំណើររឿងនោះ ។ (ឧទាហរណ៍ ៖ នីហ្វៃទី2 4, ម៉ូសាយ 24:13–14, អាលម៉ា 36:3, គ. និង ស. 4, 6, 31, សុភាសិត 3:5–6, ហេលេមិន 5:12, និង « មារសត្រូវ » ក្នុងពិតចំពោះសេចក្ដីជំនឿ ) ។
-
សូមមើលពរលោកអយ្យកោរបស់អ្នកឡើងវិញសម្រាប់ស្វែងរកការណែនាំ ។ សូមស្វែងរកវិធីដែលអំណោយទាន និងកម្លាំងរបស់អ្នកអាចចូលរួមចំណែកក្នុងកិច្ចការនេះ ។
-
កុំពន្យារពេល ។ ការពន្យារពេលដល់រឿងទាំងឡាយអាចនាំទៅរកភាពសោកសៅ ។ សូមបំបែកកិច្ចការធំៗទៅជាបំណែកតូចៗ ។ សូមចាប់ផ្ដើម ដោយរំឭកខ្លួនឯងថា « អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺ____ » ឬ « ខ្ញុំនឹងធ្វើកិច្ចការនេះតែប៉ុន្មាននាទីប៉ុណ្ណោះ រួចហើយសម្រាក បើខ្ញុំចង់ធ្វើ » ។
-
ស្ដាប់តន្ត្រី ឬចម្រៀងដែលបានអនុញ្ញាត ។ សូមជ្រើសរើសតន្ត្រីដែលស្ងប់ស្ងាត់ ហើយទន់ភ្លន់ ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬតន្ត្រីដែលរីករាយ ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ។
-
ចូរកុំឲ្យមានកំហឹងកើនឡើង ។ ប្រសិនបើមានអារម្មណ៍ពេញដោយកំហឹងចំពោះអ្វីមួយ សូមស្វែងរកជំនួយដោះស្រាយបញ្ហានេះដោយគ្មានការរិះគន់ ឬស្ដីបន្ទោសដល់មនុស្សដទៃទៀត ។ ប្រសិនបើអ្នកមិនចង់និយាយពីរឿងនោះ ដូច្នេះចូរកុំបណ្ដោយឲ្យខ្លួនឯងខឹងនឹងវា ។
-
ដាក់គោលដៅសមស្របនានា ហើយធ្វើផែនការជាក់លាក់ពីរបៀបដែលអ្នកនឹងសម្រេចគោលដៅទាំងនោះ ។ ផ្ដើមពិនិត្យដោះស្រាយរឿងទាំងឡាយដែលធ្វើឲ្យអ្នកសោកសៅម្ដងមួយៗ ។ ភាពសោកសៅឆ្លើយតបយ៉ាងល្អចំពោះគោលដៅ និងផែនការនានា ។ ( សូមមើល ប្រកាសដំណឹងល្អរបស់យើង 149 ) ។
-
ចូរបំភ្លេចចោលនូវអ្វីដែលអ្នកពុំអាចគ្រប់គ្រងបាន ។ អតីតកាល សិទ្ធិជ្រើសរើសរបស់មនុស្សដទៃ ច្បាប់ អាកាសធាតុ ការគ្រប់គ្រងនៃរដ្ឋាភិបាល វប្បធម៌ ដែនកំណត់របស់អ្នក ឬអត្តចរិតរបស់អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតគឺហួសពីការគ្រប់គ្រងរបស់អ្នក ។ សូមផ្ដោតលើរឿងទាំងឡាយដែលអ្នកអាចធ្វើបាន ដូចជាអាកប្បកិរិយារបស់អ្នក ផ្នែករបស់អ្នកនៅក្នុងទំនាក់ទំនងមួយ ការជ្រើសរើសបច្ចុប្បន្នរបស់អ្នក និងឥរិយាបថរបស់អ្នក ។
-
សូមទទួលយកការពិតនៃទម្លាប់ដែលធុញទ្រាន់មួយចំនួន ។ ជីវិតពុំមែនសុទ្ធតែពោរពេញដោយរឿងមានន័យ ហើយរំភើបរីករាយនោះទេ ។ ចៀសវាងការបង្កើតឆាកល្ខោន ប្រើកម្លាំង ឬធ្វើឲ្យមានចម្លោះដើម្បីប្រឈមមុខនឹងភាពអផ្សុក ។ ផ្ទុយទៅវិញ សូមដឹងគុណ ហើយរីករាយចំពោះរឿងល្អៗនៅជុំវិញអ្នក ហើយស្វែងរកវិធីដើម្បីកែលម្អរ និងបម្រើ ។
-
ស្វែងរកកិច្ចការដែលធ្វើឲ្យមានភាពរីករាយ ។ ខណៈដែលគោរពដល់តម្លៃនៃការហៅបម្រើរបស់អ្នក ស្វែងរកភាពរីករាយឡើងវិញ រីករាយនឹងភាពស្រស់ស្អាតនៃពិភពលោកនេះ សូមកត់សម្គាល់ពីចិត្តសប្បុរសរបស់មនុស្សដទៃ ហើយរីករាយនៅក្នុងវត្តមានរបស់ព្រះវិញ្ញាណ ។
-
សូមធ្វើកិច្ចការគ្រឹះ ដូចជា ៖ ការអធិស្ឋាន សិក្សាព្រះគម្ពីរ និងបម្រើ ។ ផ្ដោតយកចិត្តទុកដាក់លើការដឹងគុណ ។ នៅពេលអានព្រះគម្ពីរ ចូរផ្ដោតយកចិត្តទុកដាក់ឲ្យខ្លាំងលើផ្នែកដែលអនុវត្តច្រើនបំផុតចំពោះអ្នក ។ ឧទាហរណ៍ កុំផ្ដោតហួសហេតុពេកលើកំហឹងរបស់ព្រះជាមួយនឹងពួកជនមានបាប ប្រសិនបើអ្នកមានបំណងចង់ក្លាយជាមនុស្សបរិសុទ្ធម្នាក់នោះ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង ទំព័រ VIII ) ។
-
សូមអានអាលម៉ា 26 ហើយស្វែងរកនូវអ្វីដែលអាំម៉ូនបានធ្វើនៅពេលគាត់បាក់ទឹកចិត្ត ។ សូមអានផងដែរនូវគោលលទ្ធិ និងសេចក្ដីសញ្ញា 127:2 ហើយកត់សម្គាល់ពីរបៀបដែលយ៉ូសែប ស្ម៊ីធ ពុំបណ្ដោយឲ្យខ្លួនលោកបាក់ទឹកចិត្ត ។ សូមកុំសោកសៅពីការសោកសៅ ដោយបង្កើតនូវស្ថានភាពមួយដែលគ្មានលទ្ធផលល្អ ។ វាជាការធម្មតាដែលយើងមានពេលបាក់ទឹកចិត្ត តានតឹង ឬនឹកផ្ទះនោះ ។ ភាគច្រើន វានឹងរសាយបាត់ ។
គ
អារម្មណ៍រិះគន់ខ្លួនឯង
-
សូមនិយាយវិជ្ជមានចំពោះខ្លួនឯង ។ សូមមើល « ការតតាំងនឹងការគិតអវិជ្ជមាន » នៅទំព័រ 21 ។
-
សូមដឹងថា អ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើមិនអាចលើសពីមធ្យមភាគបានឡើយ ។ អ្នកនៅតែចង់ខិតខំដើម្បីកែលម្អរ ប៉ុន្តែមិនថាអ្នកប៉ិនប្រសប់ខាងអ្វីមួយនោះទេ ពេលខ្លះអ្នកនឹងអនុវត្តនៅក្រោមមធ្យមភាគផ្ទាល់ខ្លួនរបស់អ្នក ។ នេះពុំមែនជាបុព្វហេតុមួយដែលត្រូវព្រួយនោះទេ ។
-
សូមផ្ដល់គុណសម្បត្តិបន្ថែមដល់ខ្លួនឯងសម្រាប់ការធ្វើអ្វីមួយដែលអ្នកមិនរីករាយ ឬធ្វើមិនបានល្អ ។ កុំប្រាប់ខ្លួនឯងថា វានឹងបានប្រសើរឡើង ប្រសិនបើអ្នករីករាយចំពោះវា ឬប្រសិនបើអ្នកធ្វើវាបានយ៉ាងល្អនោះ ។
-
សូមធ្វើគោលដៅធំៗមួយ ឬពីរ ម្ដងមួយៗ ។ ចៀសវាងការអនុវត្តទូទៅនៃការព្យាយាមកែលម្អរកិច្ចការច្រើនពេកក្នុងពេលតែមួយ ការណ៍នេះអាចជាការសន្ធប់ ហើយអាចនាំទៅរកភាពបរាជ័យ ។
-
សូមស្ដាប់ព្រះវិញ្ញាណ ដោយចិត្តសារទរ ។ ប្រសិនបើអ្នកកំពុងមានគំនិតដែលមើលងាយ ចំអក កំហឹង បញ្ឈឺចិត្ត រអូរទាំ រិះគន់ ឬហៅឈ្មោះចំៗ នោះវាពុំមែនមកពីព្រះឡើយ ។ សូមលុបបំបាត់គំនិតទាំងនោះចេញ ។
-
សូមរកការប្រឹក្សាល្អៗ ។ សុំឲ្យប្រធានបេសកកម្មរបស់អ្នក និងមនុស្សដទៃទៀតជួយអ្នកឲ្យដឹងថា តើអ្នកបានព្យាយាមគ្រប់គ្រាន់ ឬខ្លាំងពេកដែរទេ ហើយទទួលយកការប្រឹក្សារបស់ពួកគេ ។ មនុស្សជាច្រើនដែលរិះគន់ខ្លួនឯងគឺមិនពូកែក្នុងការធ្វើឲ្យរឿងនេះមានការខុសប្លែកឡើយ ។
ឃ
អារម្មណ៍ព្រួយបារម្ភ ឬភ័យខ្លាច
-
សូមរីករាយនឹងធ្វើជាអ្នកចាប់ផ្ដើមម្នាក់ នៅពេលអ្នកថ្មីក្នុងកិច្ចការអ្វីមួយ ។ អ្នកមិនត្រូវបានរំពឹងទុកឲ្យក្លាយជាអ្នកជំនាញនោះទេ ។ ការចង់ដឹង ចាប់អារម្មណ៍ រាបសា និងមានបំណងដើម្បីសាកល្បង គឺវាគ្រប់គ្រាន់ហើយ ។ សូមរីករាយនឹងវា !
-
សូមធ្វើដោយរីករាយនូវអ្វីដែលអ្នកអាចធ្វើបាន ហើយចូរឲ្យព្រះធ្វើនូវអ្វីដែលសេសសល់ ។ ពេលខ្លះ ពួកអ្នកផ្សព្វផ្សាយសាសនាមានអារម្មណ៍ថា ឥតប្រយោជន៍ ឬអាម៉ាស់មុខ នៅពេលមនុស្សដទៃទៀតមើលទៅទទួលបានជោគជ័យច្រើនជាងនោះ ។ ប្រសិនបើសាតាំងល្បួងអ្នកឲ្យសង្ស័យខ្លួនឯង ឬប្រៀបធៀបខ្លួនឯងនឹងមនុស្សដទៃ សូមចងចាំថា នេះជាកិច្ចការរបស់ព្រះ ហើយទ្រង់ជ្រើសរើសអ្នកទន់ខ្សោយ ហើយធម្មតាដើម្បីធ្វើកិច្ចការនេះ ។ ទ្រង់បានជ្រើសរើសអ្នក ! សូមទុកចិត្តទ្រង់ ។ ទ្រង់ទុកចិត្តអ្នក !
-
សូមមើលឃើញភាពជោគជ័យ ។ ការព្រួយបារម្ភអាចជាវិធីមួយនៃការបរាជ័យសកម្មខាងផ្លូវចិត្ត ។ ជំនួសឲ្យអនុវត្តនូវអ្វីដែលអាចខុសឆ្គង ឬបន្តព្រួយបារម្ភ ពី « ចុះបើ » សូមអនុវត្តខាងផ្លូវចិត្តនូវលទ្ធភាពវិជ្ជមាន ហើយធ្វើផែនការដើម្បីសម្រេចវា ។ បន្ទាប់មក ប្រសិនបើកិច្ចការទាំងឡាយពុំបានកើតឡើងដូចអ្វីដែលអ្នកសង្ឃឹមទុក សូមស្រមើស្រមៃថាខ្លួនអ្នកកំពុងរៀនពីឧបសគ្គនោះ ហើយកំពុងឆ្ពោះទៅមុខ ។
-
កុំព្យាយាមគ្រប់គ្រងអ្វីដែលអ្នកពុំអាចធ្វើបាន ។ ការព្យាយាមគ្រប់គ្រងកិច្ចការដែលអ្នកពុំអាចគ្រប់គ្រងបាន គឺវាមានតែធ្វើឲ្យអ្នកមានអារម្មណ៍ថាកាន់តែពុំអាចគ្រប់គ្រងបាន ដោយបង្កើនការព្រួយបារម្ភរបស់អ្នក ។ ផ្ដោតកម្លាំងរបស់អ្នកលើកិច្ចការអ្វីមួយដែលអ្នកអាចធ្វើបាន ។
-
សូមសួរថា « តើរឿងដ៏អាក្រក់អ្វីខ្លះទៅដែលអាចកើតមានឡើង ? » ប្រសិនបើលទ្ធផលដ៏អាក្រក់ដែលអាចកើតមានគឺជាអ្វីមួយដែលអ្នកអាចទ្រាំទ្រយកបាន ឬជាអ្វីមួយដែលព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យយកឈ្នះបាន សូមបន្តទៅមុខដោយគ្មានការភ័យខ្លាច ។
-
ព្យាយាមកាត់បន្ថយ 10 ភាគរាយ ប្រសិនបើអ្នកមានទម្លាប់ប្រញាប់ប្រញាល់ច្រើននោះ ។ អ្នកប្រហែលជាកាន់តែមានប្រសិទ្ធភាព ប្រសិនបើអ្នកមានចិត្តស្ងប់ច្រើនជាង ។
-
សូមបម្រើ ។ នៅពេលអ្នកបម្រើដៃគូរបស់អ្នក ពួកអ្នករៀនថ្មី សមាជិក អ្នកជិតខាង ឬជនក្រីក្រ ហើយខ្វះខាត នោះអ្នកនឹងមិនសូវគិតពីខ្លួនឯង ហើយរីករាយច្រើនជាង ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង172–73) ។
ង
អារម្មណ៍ឆាប់ខឹង
-
សូមទុកពេលឲ្យខួរក្បាលរបស់អ្នកដើម្បីយកឈ្នះលើអារម្មណ៍របស់អ្នក ។ ផ្នែកនៃខួរក្បាលរបស់អ្នកដែលអាចសួររកហេតុផល ហើយប្រើការវិនិច្ឆ័យល្អគឺយឺតជាងផ្នែកខួរក្បាលរបស់ដែលមានកំហឹង ។ សូមងាកចេញពីស្ថានភាពនោះពីរបីនាទី ហើយដកដង្ហើមវែងៗដើម្បីផ្ដល់ពេលដល់ខួរក្បាលរបស់អ្នកមានដំណើរការធម្មតាឡើងវិញ ។
-
កុំចិញ្ចឹមចិត្តចងកំហឹង ។ មនុស្សភាគច្រើនមានកំហឹងនៅពេលពួកគេជ្រើសរើសមើលទៅមនុស្សដទៃទៀតជា (1) ការគម្រាមកំហែង (2) មិនយុត្តិធម៌ ឬ (3) ខ្វះការគោរព ។ ផ្ទុយទៅវិញ ត្រូវមើលថាតើអ្នកអាចគិតពីការពន្យល់មួយដែលមានចិត្តសប្បុរសច្រើនចំពោះអាកប្បកិរិយារបស់ពួកគេ ។ ឧទាហរណ៍ ប្រហែលជាពួកគេអស់កម្លាំង មិនបានទទួលដំណឹង ខ្វះសុវត្ថិភាព ឬគិតថាពួកគេកំពុងតែមានប្រយោជន៍ ។ សូមធ្វើការជ្រើសរើសដែលមិនបញ្ឆេះកំហឹង ។
-
ចូរស្ងប់ចិត្ត ចង់ដឹង ហើយមានចិត្តមេត្តា ។ ចូរចង់ដឹងពីអ្វីដែលមនុស្សដទៃកំពុងគិត និងមានអារម្មណ៍ ។ សួរសំណួរ ស្ដាប់ដោយយកចិត្តទុកដាក់ ប្រាប់មនុស្សម្នាក់ទៀតពីអ្វីដែលអ្នកថាអ្នកបានឮ ហើយសួរថាតើអ្នកយល់រឿងនោះបានត្រឹមត្រូវដែរឬអត់ ។ ប្រសិនបើពុំមែន សូមសាកល្បងម្ដងទៀត ។
-
សូមទប់ស្កាត់ការមាននិន្នាការដើម្បីស្ដីបន្ទោស ឬធ្វើឲ្យមនុស្សដទៃ ឬខ្លួនឯងមានភាពអាម៉ាស់ ។ ផ្ទុយទៅវិញ សូមស្វែងរកអ្វីទៅជាបញ្ហា ហើយសុំជំនួយពីមនុស្សផ្សេងទៀតដើម្បីដោះស្រាយវា មិនថាវាជាកំហុសនរណានោះទេ ។
-
ចូរមានឆន្ទៈដើម្បីសុំទោស ហើយសួរពីអ្វីដែលអ្នកអាចធ្វើដើម្បីធ្វើឲ្យរឿងទាំងឡាយបានប្រសើរឡើងវិញ ។ ការសុំទោសជាសញ្ញាមួយនៃភាពរឹងមាំខាងវិញ្ញាណ ពុំមែនជាសញ្ញានៃភាពទន់ខ្សោយឡើយ ។
-
សូមញញឹម ហើយមានឆន្ទៈដើម្បីសើចចំពោះខ្លួនឯង ។ សូមឆ្លុះកញ្ចក់ដើម្បីមើលឃើញថាអ្នកមានរូបរាងបែបណានៅពេលអ្នកមានកំហឹង ។
-
សូមបម្រើជនដែលអ្នកប្រហែលជាមិនសប្បាយចិត្តជាមួយ ។ សូមអនុវត្តការប្រឹក្សារបស់ព្រះអង្គសង្គ្រោះឲ្យ « ស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្ដាសាអ្នក ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នា » ( នីហ្វៃទី3 12:44 ) ។
-
សូមមើលថែខ្លួនឯងឲ្យបានល្អ ។ ធ្វើឲ្យប្រាកដថា អ្នកបរិភោគគ្រប់គ្រាន់ ដេកលក់ស្រួល ធ្វើលំហាត់ប្រាណ និងអធិស្ឋាន ដើម្បីអ្នកមានធនធានខាងផ្លូវចិត្តបន្ថែមទៀតដើម្បីប្រឈមមុខនឹងភាពសោកសៅ ។
ឆ
អារម្មណ៍អស់កម្លាំង ឬខ្ជិល
-
សូមផ្ដោតលើកម្លាំងរបស់អ្នក ។ តើអ្វីទៅជាគុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និងអំណោយទានដែលអ្នកនាំមកកាន់បេសកកម្ម ? តើអ្នកអាចប្រើភាពរឹងមាំទាំងនេះក្នុងរបៀបដ៏ច្នៃប្រឌិតនៅសប្ដាហ៍នេះបានដោយរបៀបណា ? ប្រសិនបើអ្នកមានការលំបាក់ក្នុងការមើលឃើញពីភាពរឹងមាំរបស់អ្នក ចូរសុំជំនួយពីមនុស្សដទៃទៀត ។
-
សូមធ្វើមួយជំហានម្ដង ។ សូមរំឭកខ្លួនឯងថា « អ្វីទាំងអស់ដែលខ្ញុំត្រូវធ្វើនៅពេលនេះគឺ____ » ។
-
ធ្វើឲ្យមានភាពរីករាយ ! ដោយគោរពដល់តម្លៃនៃការហៅរបស់អ្នក សូមដាក់គោលដៅដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្លួនឯង ហើយខិតខំដើម្បីបំពេញវា ។ ចូរមានការច្នៃប្រឌិត ហើយអបអរចំពោះខ្លួនឯងសម្រាប់ភាពជោគជ័យ ។
-
សូមកុំដាក់បន្ទុកខ្លួនឯងលើសលុបទៅដោយគោលដៅផ្ទាល់ខ្លួនក្នុងពេលតែមួយច្រើនពេក ។ សូមដាក់គោលដៅផ្ទាល់ខ្លួនមួយ ឬពីរក្នុងពេលតែមួយ ( ដូចជាការរីករាយឲ្យបានច្រើន ឬធ្វើឲ្យការរញ៉េរញ៉ៃមានតិច ) ។ កុំរំពឹងទុកសម្រាប់ការល្អឥតខ្ចោះ ហើយដាក់បញ្ចូលផែនការមួយពីរបៀបដែលអ្នកនឹងខិតខំឡើងវិញ នៅពេលអ្នកមានថ្ងៃដ៏សោកសៅមួយ ។ រំឭកខ្លួនឯងជារឿយៗពីហេតុផលដែលអ្នកចង់ផ្លាស់ប្ដូរ ។
-
ចែកចាយគោលដៅរបស់អ្នកជាមួយនឹងដៃគូ និងប្រធានបេសកកម្មរបស់អ្នក ។ ពួកគេអាចជួយគាំទ្រដល់អ្នក ហើយអាចផ្ដល់នូវគំនិតដ៏មានប្រយោជន៍ដល់អ្នក ។
-
ត្រូវដឹងថាកម្លាំងចិត្តនឹងកើតមានតាមក្រោយ ។ ជារឿយៗ ការចាប់ផ្ដើមជាផ្នែកមួយដ៏លំបាកបំផុត ។ សូមប្រាប់ខ្លួនឯងថា « គ្រាន់តែធ្វើវា 10 នាទីប៉ុណ្ណោះ » នៅពេលអ្នកត្រូវការចាប់ផ្ដើមអ្វីមួយដែលអ្នកពុំចង់ធ្វើ ។ នៅពេលអ្នកចាប់ផ្ដើម នោះអ្នកនឹងមានអារម្មណ៍លើកទឹកចិត្តបន្ថែមទៀត ។
ឆ
ការព្រួយបារម្ភពីមនុស្សជាទីស្រឡាញ់នៅផ្ទះ
-
សូមសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា 31:1–6 ។ នៅក្នុងជំនាន់ដើមនៃសាសនាចក្រ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានហៅឲ្យចាកចេញពីមនុស្សជាទីស្រឡាញ់ក្នុងកាលៈទេសៈដ៏លំបាក ។ សូមអធិស្ឋានថាពរជ័យនៃការបម្រើរបស់អ្នកនឹងត្រូវបានឧទ្ទិសជាប្រយោជន៍ទៅដល់មនុស្សជាទីស្រឡាញ់របស់អ្នក ។ សូមផ្ដល់កិត្តិយសដល់ពួកគេដោយការបម្រើព្រះអម្ចាស់ឲ្យអស់ពីដួងចិត្តរបស់អ្នក ។ ទុកចិត្តលើព្រះអម្ចាស់ដើម្បីប្រទានពរពួកគេ និងអ្នក ស្របតាមពេលវេលា និងព្រះទ័យរបស់ទ្រង់ ។
-
សូមសរសេរសំបុត្រទៅគ្រួសាររបស់អ្នករាល់សប្ដាហ៍ ។ ចែកចាយទីបន្ទាល់ និងបទពិសោធន៍ ព្រមទាំងដំណើររឿងវិជ្ជមានរបស់អ្នក ។ ជារឿយៗ សូមប្រាប់ពួកគេពីពេលដែលអ្នកបានទទួលជំនួយពី ព្រះអម្ចាស់នៅក្នុងជិវិតរបស់អ្នក ។ សូមអធិស្ឋានសម្រាប់ពួកគេ ។ សូមចងចាំពីថ្ងៃកំណើត និងព្រឹត្តិការណ៍ពិសេសៗ ។
-
សូមរំពឹងទុកថាមានឧបសគ្គមួយចំនួននឹងកើតមានចំពោះមនុស្សជាទីស្រឡាញ់របស់អ្នក ។ ភាគច្រើននៃបញ្ហាទាំងនេះនឹងកើតមានមិនថាអ្នកកំពុងបម្រើបេសកកម្មឬអត់នោះ ទេ ។ មនុស្សជាទីស្រឡាញ់របស់អ្នកមានសិទ្ធិជ្រើសរើស ហើយប្រហែលជាធ្វើការសម្រេចចិត្តដែលធ្វើឲ្យអ្នកព្រួយបារម្ភ ជាពិសេសប្រសិនបើអ្នកធ្លាប់ធ្វើជាអ្នកដឹកនាំ ឬជាអ្នកបង្កើតភាពសុខសាន្តនៅក្នុងផ្ទះ ។ វាប្រហែលជាប្រទានពរដល់ជីវិតរបស់ពួកគេដើម្បីពុះពារឧបសគ្គដោយខ្លួនឯង ។ សូមគោរពដល់ការជ្រើសរើសរបស់ពួកគេ ហើយបន្តសម្ដែងសេចក្ដីស្រឡាញ់ និងទំនុកចិត្តរបស់អ្នក ។
ជ
អារម្មណ៍ឯកោ
-
ចូរចង់ដឹងពីមនុស្សដទៃ ។ សួរថាតើពួកគេទ្រាំទ្រនឹងអារម្មណ៍ឯកោបែបណា ។ សួរពីបទពិសោធន៍ និងអារម្មណ៍របស់ពួកគេ ដើម្បីអ្នកអាចយល់ពីពួកគេកាន់តែប្រសើរឡើង ។
-
សូមចែកចាយបន្ថែមទៀត ។ យើងមានអារម្មណ៍ឯកោនៅពេលយើងពុំមានអារម្មណ៍ត្រូវបានគេស្គាល់ ហើយឲ្យតម្លៃចំពោះបុគ្គលិកលក្ខណៈពិតរបស់យើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។ វាជួយយ៉ាងហោចណាស់ឲ្យមានអារម្មណ៍យល់ដឹងដោយខ្លួនឯង ។
-
កំណត់ពីអ្វីដែលអ្នកចង់ឲ្យនិយមន័យចំពោះពាក្យ « ឯកោ » ។ កំណត់ពីអារម្មណ៍ គំនិត និងឥរិយាបថបែបណាដែលកើតមានចំពោះអ្នក ។ បន្ទាប់មក លើកឡើងពីចំណុចទាំងនេះដោយជាក់លាក់ ។