ការយល់ដឹងពីភាពតានតឹង
ភាពតានតឹងគឺជាផ្នែកធម្មតាមួយនៃជីវិត
នៅពេលអ្នកចាប់ផ្ដើមនូវបទពិសោធន៍ថ្មីណាមួយ ( ដូចជាការចូលរួមសាសនាចក្រ ឬការចូលរៀននៅសាលាថ្មីមួយ ) នោះអ្នកនឹងមានអារម្មណ៍រំភើបរីករាយចំពោះឱកាសនោះ—ហើយភ័យខ្លាច ដោយសារអ្នកពុំដឹងពីអ្វីដែលអ្នកត្រូវរំពឹងទុកនោះទេ ។ ជារៀងរាល់ពេល អ្នករៀនដើម្បីប្រឈមមុខនឹងឧបសគ្គទាំងនេះ ហើយអ្នករីកចម្រើននៅក្នុងដំណើរការនេះ ។
បេសកកម្មទាំងឡាយគឺគ្មានភាពខុសប្លែកគ្នានោះទេ ។ ពេលខ្លះ បេសកកម្មមួយមានអារម្មណ៍ដូចជាដំណើរផ្សងព្រេងខាងវិញ្ញាណមួយដ៏អស្ចារ្យ—ឬយ៉ាងហោចណាស់ជាការលំបាកមួយដែលអ្នកអាចទ្រាំទ្របាន ។ អ្នកដើរឆ្ពោះទៅមុខយ៉ាងស្ងប់ស្ងាត់ដោយសេចក្ដីជំនឿ ដោយយល់ដឹងថា ភាពភ័យខ្លាច ឬភាពព្រួយបារម្ភភាគច្រើនដែលបានអ្នកជួបគឺជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ។ អ្នកតាំងចិត្តក្លាហានដោយដឹងថា អ្នកនឹងសម្របខ្លួនជាមួយនឹងពេលវេលា រីកចម្រើនខាងវិញ្ញាណ ហើយអភិវឌ្ឍជំនាញថ្មីៗជាច្រើន ។ បទពិសោធន៍ទាំងឡាយដែលអ្នកភ័យខ្លាចនៅគ្រាមួយនោះ បានក្លាយជារឿងមួយដែលអាចគ្រប់គ្រងបាន ។ អ្នកថែមទាំងរីករាយនឹងផ្នែកនៃជីវិតជាអ្នកផ្សព្វផ្សាយសាសនាដែលអ្នកមានអារម្មណ៍ធុញថប់នៅគ្រាមួយ ។ អ្នកពឹងផ្អែកលើព្រះវិញ្ញាណ រីកចម្រើនលើភាពជឿជាក់ ហើយស្វែងរកសេចក្ដីអំណរនៅក្នុងការបម្រើរបស់អ្នក ។
ប៉ុន្តែ នៅពេលផ្សេងទៀត អ្នកប្រហែលជាជួបនឹងបញ្ហា ឬបទពិសោធន៍ដែលពុំបានរំពឹងទុកជាមុន ដែលពិបាក ឬសោកសៅលើសពីអ្វីអ្នកបានរំពឹងទុក ។ អ្នកអាចងឿងឆ្ងល់ថាតើអ្នកអាចទទួលបានជោគជ័យដោយរបៀបណា ។ ធនធានទាំងឡាយដែលនៅគ្រាមួយអ្នកបានពឹងផ្អែក ដើម្បីជួយអ្នក ប្រហែលជាគ្មាន ។ ជំនួសឲ្យអារម្មណ៍លើកទឹកចិត្តឲ្យព្យាយាម នោះអ្នកអាចក្លាយជាព្រួយបារម្ភ ឆាប់ខឹង អស់កម្លាំង ឬស្មុគស្មាញ ។ អ្នកអាចមានរោគសញ្ញាខាងរាងកាយដូចជា ការឈឺចាប់ ឈឺក្រពះ ការដេកបានតិច ឬ ជំងឺ ។ អ្នកអាចមានបញ្ហានឹងការរៀនសូត្រ ឬ ការទំនាក់ទំនងនឹងមនុស្សទូទៅ ។ អ្នកអាចមានអារម្មណ៍បាក់ទឹកចិត្ត ឬ ចង់ឈប់ ។
ដូចជាកុងទ័ររថយន្តមួយដែលវារំឭកអ្នកឲ្យបន្ថយល្បឿន ចាក់សាំង ឬ ត្រួតពិនិត្យម៉ាស៊ីនដែរ នោះរោគសញ្ញាទាំងនេះគឺជាសញ្ញាដើម្បីរំឭកអ្នកឲ្យបន្ថយល្បឿន បំពេញ « ធុង » ខាងវិញ្ញាណរបស់អ្នក ហើយស្វែងរកដំណោះស្រាយថ្មី ។ កូនសៀវភៅនេះមានយោបល់ និង ឧបករណ៍នានាដែលអាចជួយអ្នកបាន ។
កម្រិតទាំងបួននៃភាពតានតឹង
ភាពតានតឹងមិនមែនតែងតែជារឿង អាក្រក់ជានិច្ចនោះទេ ។ តាមពិត ភាពតានតឹងគឺជាការឆ្លើយតបធម្មតាមួយខាងផ្លូវកាយ និង ផ្លូវចិត្ត ទៅនឹងការផ្លាស់ប្ដូរ និង ការប្រឈមមុខទាំងឡាយក្នុងជីវិត ហើយវាគឺជាកត្តាចាំបាច់សម្រាប់ការរីកចម្រើន ។ ប៉ុន្តែការជួបភាពតានតឹងច្រើនពេកសម្រាប់រយៈពេលយូរដោយគ្មានការសម្រាកអាចនាំទៅរកបញ្ហា ។
នៅពេលអ្នកខិតខំដើម្បីគ្រប់គ្រងភាពតានតឹងរបស់អ្នកឲ្យមានប្រសិទ្ធភាព នោះវាអាចជួយដើម្បីគិតពីកម្រិតទាំងបួននៃការជួបនឹងភាពតានតឹង ។
សញ្ញាដែលបញ្ជាក់ថាអ្នកស្ថិតនៅកម្រិតនេះ |
អ្វីដែលត្រូវធ្វើ | ||
---|---|---|---|
|
ពណ៌បៃតង |
ភាពជឿជាក់ ភាពរីករាយ ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងឧបសគ្គទាំងឡាយ ធ្វើឲ្យការធ្លាក់ចុះបានប្រសើរឡើងយ៉ាងឆាប់រហ័ស ចុះសម្រុងនឹងដៃគូ ទទួលអារម្មណ៍ពីព្រះវិញ្ញាណ |
នេះគឺជាការល្អបំផុត ។ នៅទីនេះ អ្នកនឹងជួបពួកអ្នកដែលមានភាពតានតឹងដោយសារកិច្ចការផ្សាយសាសនា ការរៀនសូត្រ និងការរីកចម្រើនជារៀងរាល់ថ្ងៃ ។ សូមបន្តខិតខំធ្វើកិច្ចការ ហើយ ទុកចិត្តលើព្រះអម្ចាស់ ។ |
|
ពណ៌លឿង |
តានតឹង ព្រួយបារម្ភ អសន្តិសុខ ខ្វល់ខ្វាយ ពុំបានរៀបចំខ្លួន មានបញ្ហាក្នុងការចុះសម្រុងនឹងមនុស្សដទៃ ពិបាកទទួលអារម្មណ៍ពីព្រះវិញ្ញាណ |
ការស្ថិតនៅក្នុងកម្រិតពណ៌លឿងនេះ នៅពេលខ្លះ វាជារឿងធម្មតាទេ ។ ការធ្វើល្អចំពោះខ្លួនឯង នៅពេលអ្នកគ្រប់គ្រងការប្រឈមមុខទាំងឡាយ ហើយរៀននូវជំនាញថ្មី វានឹងជួយអ្នកឲ្យកាន់តែរឹងមាំ ហើយបង្កើនសមត្ថភាពរបស់អ្នកក្នុងការបម្រើ ។ សូមបន្តអធិស្ឋាន ហើយបម្រើនៅក្នុងសេចក្ដីជំនឿ ។ សូមពឹងផ្អែកលើបទគម្ពីរ និងសុន្ទរកថាក្នុងសន្និសីទ ពួកអ្នកដឹកនាំមណ្ឌល និងអ្នកដឹកនាំហ្សូនរបស់អ្នក ព្រមទាំងកូនសៀវភៅនេះផងដែរដើម្បីទទួលបានជំនួយ ។ |
|
ពណ៌ទឹកក្រូច |
អស់កម្លាំង ( ទាំងផ្លូវកាយ និង ផ្លូវចិត្ត ) Ill ( ឧ. ឈឺក្រពះ ) ឆាប់ខឹង បាក់ទឹកចិត្តយ៉ាងខ្លាំង ពុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណ |
គ្មាននរណាម្នាក់ចង់នៅក្នុងកម្រិតពណ៌ទឹកក្រូចនៃភាពតានតឹងនោះទេ ប៉ុន្តែវាកម្រនឹងនៅជារៀងរហូតណាស់ ។ សូមអធិស្ឋានសម្រាប់ការដឹកនាំ នៅពេលអ្នកសិក្សាព្រះគម្ពីរ ហើយ អនុវត្តសេចក្ដីណែនាំទាំងឡាយនៅក្នុងកូនសៀវភៅនេះ ។ សូមប្រាប់ប្រធានបេសកកម្មរបស់អ្នកឲ្យដឹង ប្រសិនបើអ្នកស្ថិតនៅក្នុងកម្រិតពណ៌ទឹកក្រូចនេះលើសពីបីថ្ងៃ ដើម្បីគាត់អាចជួយដល់អ្នកបាន ។ |
|
ពណ៌ក្រហម |
ស៊ូទ្រាំនឹងភាពសោកសៅ ភាពភិតភ័យ និងភាពថប់ប្រារម្ភ ភាពអស់សង្ឃឹម ពិបាកបរិភោគអាហារ ឬ ដេក ( អាចនាំទៅរកជំងឺ ) លើសលុប គ្មានសមត្ថភាពនឹងបន្ត មានអារម្មណ៍ហាក់ដូចជាអ្នកត្រូវបានព្រះបោះបង់ចោល |
ប្រសិនបើអ្នកស្ថិតនៅក្នុងកម្រិតនេះ សូមទាក់ទងទៅប្រធានបេសកកម្មរបស់អ្នកដើម្បីសុំជំនួយ ។ ចូរសុំដៃគូ ឬអ្នកដឹកនាំមណ្ឌលរបស់អ្នកសម្រាប់ការប្រសិទ្ធពរបព្វជិតភាពមួយ ។ សូមពិចារណាយកពេលវេលាមួយចំនួនដើម្បីសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សញ្ជឹងគិតពីសេចក្ដីណែនាំនៅក្នុងសៀវភៅនេះ អធិស្ឋាន និង ប្រហែលជាសម្រាកពីកិច្ចការទាំងឡាយដែលអ្នករកឃើញថាវាជាការលំបាក់បំផុតនៅក្នុងកិច្ចការអ្នកផ្សាយសាសនារហូតដល់អ្នកមានឱកាសនិយាយនឹងប្រធានបេសកកម្មរបស់អ្នក ។ |
តម្រូវការនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនា
ការបម្រើ « ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង » ( គ. និង ស. 4:2 ) នឹងប្រទានពរដល់អ្នកយ៉ាងធំធេង ។ កិច្ចការអ្នកផ្សព្វផ្សាយសាសនាគឺពុំងាយស្រួលនោះទេ ។ តម្រូវការនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនាមានចែកជាផ្នែកមួយចំនួន ៖
តម្រូវការនានា
ការរៀនសូត្រ
ឯកសារ ជម្រុញសមត្ថភាព
ការចុះសម្រុង នឹងមនុស្សទូទៅ
ច្បាប់
ការរំពឹងទុក
ការចាកចេញ ពីតំបន់ដែលសុខស្រួលក្នុងចិត្ត
ធនធាននានា
ព្រះវិញ្ញាណបរិសុទ្ធ
ការគាំទ្រពីមនុស្សដទៃទៀត
ជំនាញថ្មី
ធ្វើផែនការ
ការអធិស្ឋាន
របបអាហារ និង លំហាត់ប្រាណ
ផ្លាស់ប្ដូររបៀបដែលយើងគិត
ព្រះគម្ពីរ
ធ្វើការ
ដង្វាយធួន
ទូទៅ ( សូមមើលទំព័រ 17–22 ) ។ អ្នកជួបនឹងការកែប្រែ និង ការផ្លាស់ប្ដូរជាច្រើននៅក្នុងបេសកកម្មរបស់អ្នក ។ វិធីស្រដៀងគ្នានៃការគ្រប់គ្រងពុំមែនតែងតែមានជានិច្ចនោះទេ ហើយអ្នកត្រូវតែរៀននូវវិធីថ្មីៗ ។ ពេលល្ងាច និង ថ្ងៃចុងសប្ដាហ៍ដែលធ្លាប់ជាពេលសម្រាក ឥឡូវនេះគឺជាពេលវេលាដ៏រវល់បំផុតរបស់អ្នក ។ អ្នកប្រហែលជាមានអារម្មណ៍ថាឆ្គាំឆ្គង ។ ពេលខ្លះអ្នកប្រហែលជាស្មុគស្មាញ ។ អ្នកប្រហែលជាឆ្ងល់ពីរបៀបដើម្បីជួយដល់ពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលជួបបញ្ហា ។
រាងកាយ ( សូមមើល ទំព័រ 23–28 ) ។ អ្នកប្រហែលជាត្រូវប្រើជើងរបស់អ្នក 11–12 ម៉ោងក្នុងមួយថ្ងៃ ដោយការដើរ ការជិះកង់ ការឡើងកាំជណ្ដើរ និងការឈរ ។ អ្នកប្រហែលជាដេកពុំបានច្រើនដូចជាអ្នកធ្លាប់មាននោះទេ ។ អាហារប្រហែលជាមានភាពខុសប្លែក ។ អ្នកនឹងត្រូវចេញទៅក្រៅក្នុងអាកាសធាតុអាក្រក់ ហើយប៉ះពាល់នឹងមេរោគថ្មី ។ ស្ថានភាពថ្មីអាចធ្វើឲ្យមានការអស់កម្លាំង ។
អារម្មណ៍ ( សូមមើល ទំព័រ 29–34 ) ។ អ្នកប្រហែលជាមានអារម្មណ៍ព្រួយបារម្ភពីអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវធ្វើ ហើយអ្នកប្រហែលជាពិបាកធ្វើចិត្តស្ងប់ស្ងាត់ ។ អ្នកប្រហែលជានឹកផ្ទះ ក្លាយជាបាក់ទឹកចិត្ត ធុញទ្រាន់ ឬមានអារម្មណ៍ឯកោ ។ អ្នកប្រហែលជាប្រឈមមុខនឹងការបដិសេធ ការខកចិត្ត ឬកំហឹងផងដែរ ។ អ្នកប្រហែលជាព្រួយបារម្ភពីគ្រួសារ និង មិត្ត នៅពេលអ្នកពុំបាននទីនោះដើម្បីជួយពួកគេ ។
សង្គម ( សូមមើល ទំព័រ 35–39 ) ។ អ្នកនឹងរស់នៅក្បែរនឹងដៃគូរបស់អ្នក ជាមនុស្សដែលអ្នកប្រហែល ឬពុំមានរឿងជាច្រើនដែលស៊ីសង្វាក់គ្នា ។ អ្នកត្រូវបានរំពឹងទុកឲ្យនិយាយនឹងមនុស្សប្លែកមុខ ទំនាក់ទំនងនឹងពួកអ្នកដឹកនាំសាសនាចក្រ ស្គាល់សមាជិកសាសនាចក្រយ៉ាងឆាប់រហ័ស ហើយរៀនស្រឡាញ់ពួកអ្នករៀនថ្មី ។
បញ្ញា ( សូមមើល ទំព័រ 41–43 ) ។ អ្នកប្រហែលជាកំពុងរៀនភាសាថ្មីមួយ ។ អ្នកនឹងតម្រូវឲ្យចេះមេរៀន និងបទគម្ពីរយ៉ាងស្ទាត់ តម្រូវឲ្យមានជំនាញបង្រៀន និងដោះស្រាយកង្វល់ដែលកើតមាន ។ អ្នកនឹងតម្រូវឲ្យរៀបចំផែនការ គ្រប់គ្រងគោលដៅ សម្របខ្លួននឹងការផ្លាស់ប្ដូរ ហើយដោះស្រាយរាល់បញ្ហាប្រចាំថ្ងៃគ្រប់ប្រភេទ ។
ខាងវិញ្ញាណ ( សូមមើល ទំព័រ 45–49 ) ។ អ្នកនឹងផ្ដល់ដើម្បីពង្រឹងទីបន្ទាល់របស់អ្នក ទប់ទល់នឹងការល្បួង ហើយរៀនទទួលអារម្មណ៍ ហើយស្គាល់ព្រះវិញ្ញាណ ។ អ្នកនឹងតម្រូវឲ្យទទួលយកការកែតម្រូវ ប្រែចិត្ត ប្រឈមមុខនឹងភាពទន់ខ្សោយរបស់អ្នក ហើយសោកស្ដាយដោយរាបសា ព្រមទាំងពឹងផ្អែកលើព្រះអម្ចាស់លើសពីមុន ។
ធនធាននានាដើម្បីជួយអ្នកឲ្យមានតុល្យភាព
នៅពេលអ្នកមានធនធានដើម្បីបំពេញនូវតម្រូវការនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនា នោះអ្នករីកចម្រើន ហើយបរិច្ចាគ ហើយអ្នកនឹងស្ថិតនៅក្នុងកម្រិតពណ៌បៃតង ។ ពេលខ្លះ អ្នកអាចសម្រេចតុល្យភាពនេះបានតាមរយៈការកាត់បន្ថយនូវតម្រូវការពុំចាំបាច់ ដូចជា ការរំពឹងទុកផ្ទាល់ខ្លួនដែលពុំជាក់លាក់ ឬការព្រួយបារម្ភពីអ្វីដែលអ្នកដទៃគិត ។ ទោះជាយ៉ាងណាក្ដី តម្រូវការជាច្រើននៅក្នុងបេសកកម្មមួយពុំអាចកាត់បន្ថយបានឡើយ ។ អ្នកនឹងតម្រូវឲ្យរៀនឯកសារថ្មីៗ ចុះសម្រុងនឹងមនុស្សដទៃទៀត គោរពច្បាប់ បង្រៀន ហើយថ្លែងទីបន្ទាល់ ហើយចាកចេញពីតំបន់សុខស្រួលក្នុងចិត្តរបស់អ្នក ។
អ្នកអាចស្ថិតនៅក្នុងតុល្យភាពដោយការបង្កើនធនធានរបស់អ្នកដើម្បីបំពេញតម្រូវការទាំងនេះ ។ ធនធានដ៏សំខាន់បំផុតមួយចំនួនសម្រាប់ការបំពេញនូវតម្រូវការនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនាគឺការអធិស្ឋាន សិក្សាព្រះគម្ពីរ ការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ និងការបម្រើអ្នកដទៃ ។ ធនធានបន្ថែមទៀតរួមមាន ការប្រកាសដំណឹងល្អរបស់យើង ជំនួយពីពួកអ្នកដឹកនាំបេសកកម្ម និងធនធានជាច្រើនទៀតដែលមាននៅក្នុងកូនសៀវភៅនេះ ។
ការប្រើប្រាស់ធនធានទាំងនេះនឹងជួយអ្នកឲ្យពឹងផ្អែកលើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួនរបស់ទ្រង់ ។ ទ្រង់គឺជាប្រភពជំនួយដ៏សំខាន់បំផុតក្នុងការប្រឈមមុខនឹងតម្រូវការ និង ភាពតានតឹងនានានៅក្នុងជីវិតជាអ្នកផ្សព្វផ្សាយសាសនា ។
ចូរមើលមកឯយើង
សូមចងចាំថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់អ្នក ។ សូមទុកចិត្តលើទ្រង់ និង លើព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីព្យាបាល ហើយប្រោសលោះអ្នក ។ ព្រះមានផែនការដ៏ល្អឥតខ្ចោះមួយសម្រាប់កូនចៅដែលមិនល្អឥតខ្ចោះរបស់ទ្រង់ ។ នេះគឺជាដំណឹងល្អដែលអ្នកនឹងប្រកាសដល់ពិភពលោក ។ សូមចងចាំពីការសន្យាទាំងនេះថា ៖ « ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ដូចជាយើងបានប្រាប់ដល់ពួកសិស្សរបស់យើងថា កន្លែងណាដែលមានពីរឬបីនាក់ប្រជុំជាមួយគ្នាដោយនូវនាមយើងអំពីការណ៍ណាមួយ មើលចុះ យើងនឹងនៅកណ្ដាលចំណោមពួកគេ—ដូចជាយើងនៅកណ្ដាលចំណោមអ្នកដែរ ។
« ចូរកុំខ្លាចនឹងធ្វើល្អឡើយ… ត្បិតពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រោះចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រោះចុះពូជល្អ នោះអ្នករាល់គ្នាក៏ នឹងច្រូតបានពូជល្អទុកជារង្វាន់របស់អ្នកដែរ ។
« ហេតុដូច្នេះហើយ កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ត្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ ។
« មើលចុះ យើងមិនបានកាត់ទោសអ្នកទេ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក ។
« ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ ។
« ចូរមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់ កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក » ( គ. និង ស. 6:32–37 ) ។