ធនធាននានាសម្រាប់ការគ្រប់គ្រង តម្រូវការខាងសង្គម
ទំនាក់ទំនងអាចទាំងជាប្រភពនៃភាពតានតឹង និងពរជ័យសម្រាប់ការគ្រប់គ្រងភាពតានតឹង ។ នៅពេលយើងមានភាពតានតឹងខ្លាំង ទំនាក់ទំនងនានាអាចទទួលរងការឈឺចាប់ ។ សូមពិចារណាសេចក្ដីណែនាំទាំងនេះសម្រាប់ការស្ថាបនាទំនាក់ទំនងល្អនានា ។ ក៏សូមមើលផ្នែក « គោលការណ៍ទូទៅសម្រាប់ការគ្រប់គ្រងលើភាពតានតឹង » ផងដែរ នៅទំព័រ 17–22 សម្រាប់គំនិតបន្ថែមទៀត ។
ក
ការនិយាយនឹងមនុស្សប្លែកមុខ
-
ស្គាល់ ហើយប្រើនូវភាពខ្លាំងរបស់អ្នក ។ មនុស្សមួយចំនួនរកឃើញថា ការនិយាយនឹងមនុស្សទូទៅជាភាពរីករាយ មនុស្សផ្សេងទៀតរកឃើញថាជារឿងធុញទ្រាន់ ។ មនុស្សទាំងពីរប្រភេទអាចក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាព ។ ប្រសិនបើអ្នកជាមនុស្សដែលព្រួយបារម្ភនឹងការនិយាយនឹងមនុស្សប្លែកមុខ សូមកុំបោះបង់ការព្យាយាមនោះឡើយ ។ អ្នកមានភាពខ្លាំងផ្សេងទៀតដើម្បីចូលរួមចំណែកក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនា ដូចជា ការធ្វើជាមិត្តល្អចំពោះមនុស្សដែលអ្នកស្គាល់ ការមានគំនិតច្នៃប្រឌិត ការចេះគិតគូរដល់មនុស្សទូទៅ ឬការពូកែដាក់ផែនការ ។ អ្នកប្រហែលជាគិតថាមនុស្សដទៃមិនចូលចិត្តអ្នក ទោះបីវាជាការពិតក្ដី ។ សូមស្វែងរកការបំផុសគំនិត ហើយស្ដាប់តាមព្រះវិញ្ញាណដើម្បីជួយអ្នកឲ្យប្រើភាពខ្លាំងរបស់អ្នកនៅក្នុងការបម្រើរបស់ទ្រង់ ហើយអភិវឌ្ឍនូវលក្ខណៈដូចជាព្រះគ្រីស្ទដែលអ្នកអាចមានសិទ្ធិប្រើក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ អ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ពុំមែនខ្លួនឯងនោះទេ ។
-
រៀនសួរសំណួរដែលបំផុសគំនិត ។ រៀន ហើយអនុវត្តសំណួរដែលធ្វើឲ្យមនុស្សដទៃនិយាយ ។ សួរមនុស្សដទៃពីការងារ ទម្លាប់ គ្រួសារ និងប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេ ។ សួរពីអ្វីដែលមានសារៈសំខាន់បំផុតចំពោះពួកគេ អ្វីដែលពួកគេប្រាថ្នាចង់បាន ឬព្រួយបារម្ភ ។ ស្ដាប់រកឱកាសដើម្បីថ្លែងទីបន្ទាល់ពីគោលការណ៍នៃដំណឹងល្អដែលនឹងទាក់ទងនឹងពួកគេ ។ បង្ហាញចំណាប់អារម្មណ៍ដ៍ស្មោះរបស់អ្នក ។ មានឆន្ទៈដើម្បីឆ្លើយសំណួររបស់ពួកគេពីអ្នកផងដែរ ដោយបន្តផ្ដោតលើសេចក្ដីត្រូវការរបស់ពួកគេ និងសារលិខិតរបស់អ្នក ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង187–88) ។
-
ស្វែងរកវិធីសាមញ្ញដើម្បីធ្វើឲ្យអ្នកដទៃមានចំណាប់អារម្មណ៍ ។ ព្យាយាមញញឹមធម្មតា ដោយមើល គ្រវីដៃ និយាយសួស្ដី និយាយពាក្យសរសើរដល់ពួកគេ សុំជួយ ឬសួរសំណួរដែលចាប់ផ្ដើមដោយពាក្យនរណាអ្វីទៅពេលណាទីណា ហេតុអ្វី ឬរបៀបណា ។
-
រៀនពីរបៀបដើម្បីបញ្ចប់ការសន្ទនា ។ នៅពេលអ្នកបានពិភាក្សាពីអ្វីដែលមានអារម្មណ៍ថាសមរម្យ ហើយបានសួររកអ្នករៀន នោះសូមសាកល្បង « វាជាការល្អណាស់ដែលបានជួបអ្នក (ឬនិយាយជាមួយអ្នក) ។ យើងដល់ពេល______(ទៅហើយ ត្រលប់ទៅធ្វើការវិញហើយ ទៅរកឡានក្រុងហើយ ទៅរកបងប្រុសស្ម៊ីធ ហើយពីមុនគាត់ចេញទៅ) ។ យើងនឹងជួបអ្នកនៅលើកក្រោយទៀត ! »
-
ដាក់គោលដៅមួយដើម្បីស្គាល់មនុស្សថ្មីម្នាក់នៅគ្រប់ការប្រជុំដែលអ្នកចូលរួម ។ ប្រើឈ្មោះរបស់បុគ្គលនោះនៅនាទីដំបូង និងនៅពេលអ្នកបញ្ចប់ការសន្ទនា ។ សូមសរសេរឈ្មោះដើម្បីជួយអ្នកឲ្យចងចាំ ។
-
អនុវត្តពេលប្រជុំក្នុងមណ្ឌល ។ នេះជាស្ថានភាពគំរូមួយដើម្បីអនុវត្តជំនាញខាងសង្គមដូចជាការស្ដាប់ និងការសួរសំនួរ ។
-
សួររកមតិកែលម្អរ ។ ពុំមែនមនុស្សគ្រប់គ្នាសុទ្ធតែពូកែ « ដឹង » ពីមនុស្សដទៃនោះ ទេ ។ សួរដៃគូរបស់អ្នកឲ្យជួយ ប្រសិនបើអ្នកត្រូវបានគេប្រាប់ថា អ្នកមានការលំបាកក្នុងកត់ចំណាំនៅពេលមនុស្សដទៃមានការមិនស្រណុកចិត្ត ឬមិនមានចំណាប់អារម្មណ៍នោះ ។
-
ផ្ដល់ការទុកចិត្តលើខ្លួនឯង ទោះជាអ្នកពុំមានអារម្មណ៍ក្ដី ។ ការប្រឹក្សាដែលប្រធាន ហ៊ិងគ្លី បានទទួលពីឪពុករបស់លោកអាចអនុវត្តចំពោះអ្នកផងដែរ ៖ « បំភ្លេចខ្លួនឯង ហើយចេញទៅធ្វើការ » (Ensign ខែ កក្កដា ឆ្នាំ 1987 ទំព័រ 7) ។ យើងអាចធ្វើកិច្ចការនេះបានដោយបំភ្លេចចោលពីការភ័យខ្លាចរបស់យើងពីការអនុវត្តផ្ទាល់របស់យើង ហើយផ្ដោតឡើងវិញលើការហៅបម្រើរបស់យើងដើម្បីបម្រើដល់មនុស្សដទៃ និងប្រកាសដំណឹងល្អ ។
-
ផ្ដោតលើការជួយ និងការបម្រើដល់មនុស្សដទៃ ។ នៅពេលអ្នកបង្វែរការយកចិត្តទុកដាក់របស់អ្នកទៅរកសេចក្ដីត្រូវការរបស់មនុស្សដទៃ នោះអ្នកនឹងពុំសូវមានអារម្មណ៍ខ្វល់ខ្វាយច្រើនពីសេចក្ដីត្រូវការ ឬការខ្វះខាតផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ ( សូមមើល ម៉ូសាយ2:17 ) ។
ខ
ការចង់នៅតែម្នាក់ឯង
-
បង្កើតនូវអារម្មណ៍នៃភាពឯកជនម្ដងម្កាលដោយការសរសេរ ការអធិស្ឋាន ការអាន ឬការធ្វើផែនការ ។ ទោះជាអ្នកត្រូវនៅជាមួយនឹងដៃគូរបស់អ្នកគ្រប់ពេលក្ដី ក៏អ្នកអាចចំណាយពេលពីរបីនាទីដើម្បីបិទភ្នែករបស់អ្នក ហើយនៅឲ្យស្ងៀម ។
-
សុំដោយត្រង់ៗសម្រាប់ពេលវេលាស្ងប់ស្ងាត់មួយចំនួនដើម្បីគិត ។ ធ្វើឲ្យដៃគូរបស់អ្នកទុកចិត្តថា អ្នកពុំមានការអន់ចិត្តឡើយ ។ បន្តពង្រីកទំនាក់ទំនងរបស់អ្នក ហើយសន្ទនាដោយចិត្តសប្បុរស ។
-
ចេះបែងចែកពេលវេលរបស់អ្នក ។ សូមកុំធ្វើសកម្មភាពមួយប្រភេទយូរពេក ។ ធ្វើឲ្យប្រភេទការងារដែលអ្នកធ្វើមានភាពខុសៗគ្នា ។ ដាក់បញ្ចូលគ្នានូវសកម្មភាពដែលអ្នកបានរៀបចំជាមួយនឹងពេលមួយដ៏ខ្លីនៃភាពស្ងប់ស្ងាត់ និងអំណរគុណ រួចហើយត្រលប់ទៅធ្វើការវិញ ។
គ
ការទំនាក់ទំនងបើកទូលាយនឹងដៃគូ
-
ត្រូវស្ដាប់ជាមុនសិន ។ នៅពេលអ្នករស់នៅជាមួយនឹងមនុស្សម្នាក់ពេញ 24 ម៉ោងរាល់សប្ដាហ៍ នោះអ្នកនឹងសង្កេតឃើញនូវរឿងមួយចំនួនដែលរំខានអ្នក ។ អ្នកមានស្ថានភាពរស់នៅផ្សេងៗពីគ្នា ហើយមានការរំពឹងទុក និង « ច្បាប់ » ខុសគ្នា ចំពោះអ្វីដែលមានអំណរគុណ ឬធម្មតា ។ ឥរិយាបថរបស់ដៃគូអ្នកគឺសមហេតុផលចំពោះរូបគាត់ ទោះជាវាមិនសមហេតុផលចំពោះអ្នកក្ដី ។ នៅពេលធ្វើការកែលម្អរគ្នាទៅវិញទៅមករវាងដៃគូ សូមស្វែងរកបន្ថែមទៀតពីរបៀបដែលគាត់មើលពីរឿងនានា ដោយការសួរសំណួរ និងការស្ដាប់ដោយយកចិត្តទុកដាក់ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង1 189–90 ) ។
-
ពន្យល់ដោយការគោរពពីអ្វីដែលរំខានដល់អ្នក ។ប្រសិនបើមានការរិះគន់ ឬកំហឹង នោះដៃគូរបស់អ្នកគឺប្រហែលជាការពារខ្លួនជាជាងធ្វើការសហការ ។ ពន្យល់ពីបញ្ហារបស់អ្នក និងអ្វីដែលអ្នកត្រូវការជាជាងធ្វើការរិះគន់ឥរិយាបថដែលគួរឲ្យរំខានរបស់ដៃគូអ្នក ។ ឧទាហរណ៍ « ខ្ញុំពិតជាមិនចង់ឃើញមានចានប្រឡាក់នោះទេ ប៉ុន្តែខ្ញុំក៏មិនចង់លាងចានទាំងនោះតែម្នាក់ឯងដែរ ។ ខ្ញុំចង់សួរបើយើងអាចមានរបៀប មួយដើម្បីបែងចែកការងារនេះ » ។ ឬ « ខ្ញុំបារម្ភថា អ្នកខឹងនឹងខ្ញុំ នៅពេលអ្នកស្ងៀមស្ងាត់ពេក ។ តើអ្នកអាចប្រាប់ខ្ញុំពីអ្វីដែលអ្នកកំពុងគិតបានទេ ? »
-
ចូរនិយាយត្រង់ៗ ហើយមានចិត្តសប្បុរស ។ ចៀសវាងពីការលើករឿង ឬការវិនិច្ឆ័យអវិជ្ជមាន ។ កុំការពារខ្លួនឯងដោយរៀបរាប់ពីកំហុសរបស់ដៃគូអ្នក ។ ព្យាយាមនិយាយដោយទន់ភ្លន់ ដោយគ្មានកំហឹង ឬការអាណិតខ្លួនឯង ( សូមមើល អេភេសូរ 4:29–32) ។
-
កុំអាក់អន់ចិត្ត ។ ទទួលយកការណែនាំនានាដោយចិត្តមេត្តា ហើយសប្បាយរីករាយឲ្យបានច្រើនតាមដែលអ្នកអាចទទួលយកបាន ទោះជាផ្ដល់ឲ្យដោយមិនសមរម្យក្ដី ។
-
សូមឧស្សាហ៍សរសើរដល់ដៃគូរបស់អ្នក ។ អរគុណគាត់ចំពោះរឿងដែលអ្នកមានអំណរគុណ ។
-
■ សួរដៃគូរបស់អ្នករកការណែនាំពីរបៀបដែលអ្នកអាចកែលម្អរ ។ ក៏សុំព្រះអម្ចាស់ឲ្យជួយអ្នកមើលឃើញពីភាពទន់ខ្សោយរបស់អ្នកផងដែរ ( សូមមើល អេធើរ 12:27 ) ។
-
-
សាកល្បងធ្វើអ្វីមួយល្អសម្រាប់ដៃគូរបស់អ្នករៀងរាល់ថ្ងៃ ។ ចម្អិនអាហារថ្ងៃត្រង់ ស្ដាប់ ខាត់ស្បែកជើង រៀបចំគ្រែដេករបស់គាត់ ញញឹម ព្យួរកន្សែង រៀបចំទុកដាក់ចាន សរសេរលិខិតថ្លែងអំណរគុណទៅឪពុកម្ដាយគាត់ អ៊ុតអាវ សរសើរគាត់ ។
ឃ
ការស្រឡាញ់មនុស្សទូទៅ
-
រៀនពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវិតនៃមនុស្សដែលអ្នកបម្រើ ។ រក្សាបញ្ជីស្ដីពីចំណុចដែលអ្នកស្រឡាញ់ ហើយមានអំណរគុណ ។
-
អធិស្ឋានសុំអំណោយទាននៃសប្បុរសធម៌ ។ ធ្វើដូច្នោះ « ដោយអស់ពីកម្លាំងចិត្ត » ( មរ៉ូណៃ 7:48 ) ។ ទូលសុំឲ្យភ្នែកមើលឃើញមនុស្សដទៃដូចជាព្រះទតឃើញពួកគេ ។
-
បម្រើសមាជិកសាសនាចក្រ ពួកអ្នករៀនថ្មី និងមនុស្សដទៃទៀត ។ សួរពួកគេពីជីវិត ជំនឿ និងបទពិសោធន៍របស់ពួកគេរហូតដល់ឥរិយាបថរបស់ពួកគេមានភាពសមហេតុផលចំពោះអ្នក ។
-
អធិស្ឋានសម្រាប់មនុស្សទូទៅ ។ សូមអធិស្ឋានសម្រាប់មនុស្សទាំងឡាយណាដែលបដិសេធអ្នក និងធ្វើឲ្យអ្នកឈឺចាប់ ( សូមមើល នីហ្វៃ ទី3 12:44 ) ។
ង
ការចុះសម្រុងនឹងពួកអ្នកដឹកនាំបេសកកម្ម
-
ចូរមានចិត្តរាបសា ( សូមមើល គ. និង ស. 112:10 ) ។ ការបន្ទាប់ខ្លួនគឺជាប្រភពនៃរាល់គុណធម៌ ។ សុំការណែនាំពីពួកអ្នកដឹកនាំរបស់អ្នកពីរបៀបដែលអ្នកអាចកែលម្អរ ។ ចូរមានឆន្ទៈដើម្បីទទួលយកការប្រឹក្សា ហើយឲ្យធ្វើឲ្យពួកគេដឹងថា ពួកគេអាចទុកចិត្តអ្នកបាន ។ សូមអរគុណចំពោះពួកអ្នកដឹកនាំរបស់អ្នកសម្រាប់ការបម្រើរបស់ពួកគាត់ ទាំងពាក្យសម្ដី និងជាលាយលក្ខណ៍អក្សរ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើងទំព័រ 123–24.)
-
សុំជំនួយពីអ្នកដឹកនាំ ឬអ្នកបង្វឹកហាត់ម្នាក់ ហើយអត់ធ្មត់ ។ ពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួនសង្ស័យចំពោះពួកអ្នកមានសិទ្ធិអំណាច ឬរកឃើញថាវាជាការពិបាកដើម្បីទទួលយកការណែនាំ ដោយសារពួកគេធ្លាប់ធ្វើជាម្ចាស់លើខ្លួនឯង ។ អ្នកផ្សេងទៀតមានអារម្មណ៍ប្រកួតប្រជែងនឹងពួកអ្នកដឹកនាំដែលមានអាយុស្របាលគ្នា ។ ចូរឲ្យពួកអ្នកដឹកនាំដឹងប្រសិនបើអ្នកមាននូវបញ្ហាទាំងនេះ ។ អធិស្ឋានសុំការបន្ទាបខ្លួនដើម្បីធ្វើជាអ្នកដើរតាមមួយដ៏ល្អ ។
-
អធិស្ឋានសម្រាប់ពួកអ្នកដឹកនាំរបស់អ្នក ។ អធិស្ឋានជាពិសេសចំពោះជនដែលអ្នកពុំមានអារម្មណ៍នៃសេចក្ដីសប្បុរសជាមួយ ។
-
សូមយល់ថា ពួកអ្នកដឹកនាំគឺជាមនុស្សធម្មតា ។ ប្រសិនបើយើងគិតថា ពួកគេដឹកនាំគួរតែធ្វើឲ្យបានល្អជាមនុស្សដទៃទៀត នោះយើងនឹងមានការខកចិត្ត ហើយមានការរិះគន់នៅពេលពួកគេធ្វើខុស ខ្វះការអត់ធ្មត់ បង្ហាញការវិនិច្ឆ័យមិនត្រឹមត្រូវ ឬយល់ខុសពី យើងនោះ ។ រំពឹងទុកចំពោះភាពមិនល្អឥតខ្ចោះ ហើយរកមើលឥរិយាបថវិជ្ជមាន ( សូមមើល មរមន 9:31 ) ។
-
រៀនពីភាពរឹងមាំ និងកំហុសរបស់អ្នកដឹកនាំរបស់អ្នក ។ ធ្វើតារាងគុណសម្បត្តិមួយដែលចង់ធ្វើតាម ឬចៀសវាង នៅពេលវាជាវេណរបស់អ្នកដើម្បីដឹកនាំនោះ ។
ច
ការគ្រប់គ្រងអារម្មណ៍ខាងផ្លូវភេទ ឬស្នេហា
-
អភិវឌ្ឍការគ្រប់គ្រងលើខ្លួនឯង ។ គំនិត និងអារម្មណ៍ខាងផ្លូវភេទ និងស្នេហាជារឿងធម្មតា ហើយវាត្រូវបានព្រះប្រទានឲ្យ ។ នៅពេលយើងរក្សាទំនាក់ទំនង និងឥរិយាបថរបស់យើងនៅក្នុងព្រំប្រទល់ដែល ព្រះអម្ចាស់បានកំណត់សម្រាប់យើងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា នោះយើងនឹងមានភាពរឹងមាំ ហើយទទួលបានពរជ័យដ៏អស្ចារ្យ ។ ស្ថាបនាកម្លាំងចិត្តរបស់អ្នកដើម្បីធ្វើដូច្នោះ ដោយការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា 121:45, កូរិនថូសទី 1 9:24–27, ម៉ូសាយ 3:19 និង អាល់ម៉ា 38:12 ប្រកបដោយការអធិស្ឋាន ។ សូមរកមើលពាក្យ « គុណធម៌ » «គ្រប់គ្រងខ្លួនឯង » និង « ការទប់ចិត្ត » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរ ។ សូមសរសេរពរជ័យ និងគុណសម្បត្តិដែលនឹងកើតមានចំពោះអ្នកនៅពេលនេះ និងនៅពេលអនាគត នៅពេលអ្នកអភិវឌ្ឍនូវលក្ខណៈទាំងនេះ ។
-
ផ្លាស់គំនិតនោះចេញ ។ ជំនួសឲ្យការគិតតែពីគំនិត និងអារម្មណ៍ខាងផ្លូវភេទ និងស្នេហា សូមអូសទាញខ្លួនឯងឲ្យសម្រាក ហើយធ្វើអ្វីមួយផ្សេងទៀត ។ ច្រៀងទំនុកតម្កើងព្រះ ។ ទន្ទេញបទគម្ពីរ ហើយសូត្រវាឡើងវិញ ។ ផ្ដោតលើអ្វីដែលអ្នកមានអំណរគុណ ។ គិតពីផែនការសម្រាប់ថ្ងៃនោះ ។ ធ្វើលំហាត់ប្រាណ ។ តាំងចិត្តជាថ្មីចំពោះការងាររបស់អ្នក ។ រីករាយ ហើយមានភាពច្នៃប្រឌិត ។
-
ចៀសវាងពីការល្បួង ។ ចៀសវាងពីកន្លែង កាលៈទេសៈ ការសន្ទនា ឬមនុស្សដែលបង្កើតការល្បួង ។ ប្រសិនបើអ្នកបានគិតពីរូបភាព ឬគំនិតដែលបង្កហេតុ សូមកុំគិតពីវាទៀត ។ ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកទៅរកកិច្ចការផ្សេងៗ ហើយចេញឆ្ងាយពីស្ថានភាពឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង 120–21) ។
-
បន្តក្នុងសេចក្ដីសង្ឃឹម និងសេចក្ដីជំនឿ ។ ប្រសិនបើអ្នកកំពុងមានការលំបាកដើម្បីគ្រប់គ្រងអារម្មណ៍របស់ខាងផ្លូវភេទដែលមិនសមរម្យ នោះព្រះអម្ចាស់ចង់ឲ្យអ្នកដឹងថាទ្រង់នៅតែស្រឡាញ់អ្នក ។ សូមកុំបោះបង់ទំនាក់ទំនងរបស់អ្នកជាមួយព្រះ ដោយសារអ្នកមានអារម្មណ៍មិនសក្ដិសម ។ ទោះបីជាអ្នកអាចនឹងពិបាកដើម្បីគ្រប់គ្រងអារម្មណ៍ទាំងនេះក្ដី ក៏ទ្រង់នឹងមិនបដិសេធអ្នកឡើយ ។ លើសពីនេះទៀត ទ្រង់យល់ពីអ្វីដែលអ្នកកំពុងឆ្លងកាត់ ហើយឲ្យតម្លៃទៅលើការខិតខំរបស់អ្នកដើម្បី ទប់ស្កាត់ការល្បួង រៀនពីកំហុស ហើយប្រែចិត្ត ។ ស្វែងរកការប្រឹក្សាពីប្រធានបេសកកម្មរបស់អ្នក ហើយបន្តព្យាយាមយកឈ្នះលើឧបសគ្គទាំងនេះ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង 118–19) ។
-
សូមកុំឲ្យឃ្លានពេក ឯកោពេក អស់កម្លាំងពេក ធុញទ្រាន់ពេក ឬតានតឹងពេក ។ រាល់កិច្ចការទាំងនេះអាចធ្វើឲ្យមានការលំបាកទប់ស្កាត់នឹងការល្បួង ។ បរិភោគអាហារសម្រន់ សម្រាក ឬផ្លាស់ប្ដូរសកម្មភាពរបស់អ្នក មានការសន្ទនាល្អមួយ ឬអនុវត្តលំហាត់ប្រាណសម្រាក ( សូមមើលទំព័រ 19 ) ។
-
រក្សាខ្លួនអ្នកឲ្យមានសុវត្ថិភាព ។ សូមចងចាំនៅជាមួយនឹងដៃគូរបស់អ្នកជានិច្ច ហើយកុំនៅតែឯងជាមួយនឹងសមាជិកដែលមានភេទផ្ទុយគ្នា ។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានភាពទាក់ទាញចំពោះនរណាម្នាក់ នោះសូមទាក់ទងនឹងប្រធានបេសកកម្ម ហើយស្វែងរកការប្រឹក្សារបស់គាត់ ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មានមនុស្សម្នាក់កំពុងព្យាយាមចែចង់អ្នក សុំឲ្យដៃគូរបស់អ្នកជួយដល់អ្នក ។ សូមទូរស័ព្ទទៅប្រធានបេសកកម្មដើម្បីប្រាប់គាត់ឲ្យដឹងពីអារម្មណ៍របស់អ្នក ។
-
តមអាហារ ហើយអធិស្ឋានសម្រាប់ការយល់ដឹង និងភាពរឹងមាំ ។ នៅពេលយើងតមអាហារ យើងបដិសេធនូវការស្រេកឃ្លានអាហារដែលធ្វើឲ្យមានសុខភាពល្អតាមធម្មតាក្នុងរយៈពេលមួយ ដើម្បីស្វែងរកភាពរឹងមាំខាងវិញ្ញាណ ហើយអភិវឌ្ឍជំនាញដូចជាការគ្រប់គ្រងខ្លួនឯង ការយល់ដឹងសម្រាប់មនុស្សកំពុងស្រេកឃ្លាន និងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ ជំនាញដូចគ្នាទាំងនេះអាចជួយយើងឲ្យបដិសេធអារម្មណ៍ខាងផ្លូវភេទ ឬស្នេហាតាមធម្មតាក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ ការតមអាហារនឹងមិនលុបបំបាត់នូវអារម្មណ៍ខាងផ្លូវភេទនោះទេ ប៉ុន្តែការតមអាហារប្រចាំខែអាចជួយយើងឲ្យទទួលបានភាពរឹងមាំ ការយល់ដឹងពីខ្លួនឯង និងកម្លាំងចិត្តដើម្បីគ្រប់គ្រងអារម្មណ៍ទាំងនេះដោយសមរម្យ ។ (សូមមើល ប្រកាសដំណឹងល្អរបស់យើង 95–97) ។