« តើខ្ញុំអាចគាំទ្រនរណាម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនថា ជាបុគ្គលប្ដូរភេទដោយរបៀបណា ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ ( ឆ្នាំ២០២០ )
« តើខ្ញុំអាចគាំទ្រនរណាម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនថា ជាបុគ្គលប្ដូរភេទដោយរបៀបណា ? » បុគ្គលប្ដូរភេទ ៖ ការគាំទ្រមនុស្សដទៃ
តើខ្ញុំអាចគាំទ្រនរណាម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនថា ជាបុគ្គលប្ដូរភេទដោយរបៀបណា ?
អែលឌើរ រ៉ូណល អេ រ៉ាសបាន បានបង្រៀនថា មនុស្សដែលមានបទពិសោធន៍ជាបុគ្គលប្ដូរភេទមានអារម្មណ៍ថា « ត្រូវការព្រះហស្ដឱបក្រសោបរបស់ព្រះអង្គសង្គ្រោះ ហើយដឹងថាពួកគេមានអ្នកស្រឡាញ់ ។ ជាញឹកញាប់ ព្រះអម្ចាស់ហៅរកយើង ទ្រង់រំពឹងចង់ឲ្យយើងធ្វើជាព្រះហស្ដស្វាគមន៍ និងព្រះហស្ដនៃក្ដីស្រឡាញ់របស់ទ្រង់ ។ យើងត្រូវលើកទឹកចិត្តមិត្តភក្ដិរបស់ពួកគេឲ្យធ្វើដូចគ្នាដែរ » ( « ព្រះយេស៊ូវគ្រីស្ទគឺជាចម្លើយ » [ ជំនួបជាមួយអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ] ) ។
ការនិយាយអំពីអារម្មណ៍មិនស្របគ្នាទាក់ទងនឹងភេទ អាចជារឿងពិបាក និងភាន់ច្រឡំ ។ មនុស្សជាទីស្រឡាញ់របស់អ្នកអាចមិនដឹងពីរបៀបនិយាយទៅកាន់អ្នកអំពីវាទេ ។ ពេលខ្លះ អ្នកអាចមានអារម្មណ៍មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។ ទោះបីជាអ្នកមិនដឹងពីរបៀបឆ្លើយតបនឹងឧបសគ្គ ដែលនរណាម្នាក់ផ្សេងទៀតកំពុងជួបជានិច្ចក្ដី ក៏អ្នកនឹងមិនស្ដាយក្រោយដែរ ពេលអ្នកឈោងទៅជួយដោយសេចក្ដីស្រឡាញ់ និងការយល់ចិត្ត ។
ប្រសិនបើអ្នកមានប្រតិកម្មជ្រុល ខឹងសម្បារ ឬនិយាយអ្វីដែលអ្នកស្ដាយក្រោយ សូមកុំបាក់ទឹកចិត្តឡើយ ។ រឿងនេះអាចពិបាកសម្រាប់អ្នកផងដែរ ។ នេះគឺជាគ្រាមួយនៅក្នុងជីវិត ដែលអ្នកនឹងមានការសន្ទនាជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកគួរតែសុំទោសចំពោះទង្វើរបស់អ្នក សូមធ្វើវាចុះ ។
ប្រសិនបើអ្នកព្រួយបារម្ភ ឬមានទុក្ខសោកនៅក្នុងស្ថានភាពនេះ សូមដឹងថា អ្នកមិនឯកោនោះទេ ។ អ្នកអាចព្រួយបារម្ភថា អនាគតដែលអ្នកស្រមៃឃើញសម្រាប់គ្រួសាររបស់អ្នកនោះគឺរបូតទៅឆ្ងាយ ។ ដំណើរការនៃទុក្ខសោកអាចត្រូវការពេលវេលា ។ ( សូមមើល « Grief » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
ប្រធាន បូនី អេច ខ័រដុន បានពន្យល់ ៖ « យើងទាំងអស់គ្នាចង់ឲ្យគេស្គាល់យើង ។ យើងចង់ធ្វើជាមនុស្សសំខាន់ មនុស្សដែលគេចងចាំ និងមនុស្សដែលមានគេស្រឡាញ់រាប់អាន ។ … យើងអាចស្តាប់ ហើយស្រឡាញ់ដោយគ្មានការវិនិច្ឆ័យ ហើយផ្តល់ក្តីសង្ឃឹម និងជំនួយដោយការណែនាំញែកឲ្យដឹងពីព្រះវិញ្ញាណបរិសុទ្ធ ។ … ទោះបីជាចៀមយើងរឹងមាំ ឬទន់ខ្សោយ រីករាយ ឬឈឺចាប់ក្តី យើងត្រូវប្រាកដថា គ្មាននរណាម្នាក់មានអារម្មណ៍ឯកោឡើយ » ( « Becoming a Shepherd » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៧៤, ៧៦ ) ។