ជំពូកទី ១៤
ទេវតាប្រាប់នីហ្វៃអំពីពរជ័យ និងពាក្យបណ្ដាសាទាំងឡាយ ដែលនឹងធ្លាក់មកលើពួកសាសន៍ដទៃ — មានសាសនាចក្រតែពីរគត់ គឺ ៖ សាសនាចក្រនៃកូនចៀមនៃព្រះ និងសាសនាចក្រនៃអារក្ស — ពួកបរិសុទ្ធនៃព្រះនៅគ្រប់សាសន៍ ត្រូវបានបៀតបៀនដោយសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ — សាវកយ៉ូហាននឹងសរសេរអំពីចុងបំផុតនៃលោកិយ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍នឹងកើតឡើងថា ប្រសិនបើពួកសាសន៍ដទៃនឹងប្រុងស្ដាប់តាមកូនចៀមនៃព្រះ នៅថ្ងៃនោះដែលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់ពួកគេ ដោយព្រះបន្ទូល និងព្រមទាំងដោយព្រះចេស្ដាដែរ ដោយការប្រព្រឹត្តិដែលជាការយកថ្មជំពប់ចេញ —
២ហើយបើមិនមានចិត្តរឹងរូសទាស់នឹងកូនចៀមនៃព្រះទេ នោះពួកគេនឹងត្រូវបានរាប់ក្នុងចំណោមពូជឪពុករបស់អ្នក មែនហើយ ពួកគេនឹងត្រូវបានរាប់ក្នុងចំណោមវង្សអ៊ីស្រាអែល ហើយពួកគេនឹងត្រូវបានទៅជារាស្ត្រមួយ ដែលមានពរនៅលើដែនដីសន្យារហូតតទៅ ពួកគេនឹងមិនត្រូវធ្លាក់ទៅក្នុងការជាប់ឃុំឃាំងទៀតឡើយ ហើយវង្សអ៊ីស្រាអែលក៏នឹងមិនត្រូវលាយឡំតទៅទៀតដែរ។
៣ហើយឯរណ្ដៅដ៏ជ្រៅ ដែលត្រូវបានជីកសម្រាប់ពួកគេដោយសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ គឺជាសាសនាចក្រ ដែលត្រូវបានបង្កើតឡើងដោយអារក្ស និងកូនចៅវា ដើម្បីឲ្យវាអាចនាំព្រលឹងមនុស្សយកទៅស្ថាននរក — មែនហើយ គឺជារណ្ដៅដ៏ជ្រៅដែលត្រូវបានជីកសម្រាប់សេចក្ដីបំផ្លិចបំផ្លាញនៃមនុស្ស នោះនឹងត្រូវបំពេញដោយពួកអ្នកដែលបានជីកវា រហូតដល់សេចក្ដីបំផ្លិចបំផ្លាញទាំងស្រុងរបស់ពួកគេ កូនចៀមនៃព្រះមានព្រះបន្ទូលថាដូច្នោះ គឺមិនមែនជាសេចក្ដីបំផ្លិចបំផ្លាញនៃព្រលឹងទេ តែគឺជាការចោលព្រលឹងទៅក្នុងស្ថាននរកនោះ ដែលគ្មានចុងបំផុតវិញ។
៤ត្បិតមើលចុះ នេះគឺស្របតាមការជាប់ឃុំឃាំងនៃអារក្ស និងព្រមទាំងស្របតាមសេចក្ដីយុត្តិធម៌នៃព្រះផង ដែលនឹងមានដល់អស់អ្នកណាដែលនឹងធ្វើនូវអំពើទុច្ចរិត និងអំពើដ៏គួរខ្ពើមឆ្អើមនៅចំពោះមុខទ្រង់។
៥ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំ នីហ្វៃថា ៖ អ្នកបានឃើញហើយថា បើសិនជាពួកសាសន៍ដទៃព្រមប្រែចិត្ត នោះនឹងបានស្រួលដល់ពួកគេហើយ ហើយអ្នកក៏ស្គាល់នូវសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់មានដល់វង្សអ៊ីស្រាអែលហើយដែរ ហើយអ្នកក៏បានឮហើយថា អស់អ្នកណាដែលមិនព្រមប្រែចិត្តទេ នោះនឹងត្រូវវិនាស។
៦ហេតុដូច្នេះហើយ វេទនាដល់ពួកសាសន៍ដទៃ បើសិនជាពួកគេធ្វើចិត្តរឹងរូសទាស់នឹងកូនចៀមនៃព្រះ។
៧កូនចៀមនៃព្រះមានព្រះបន្ទូលថា ៖ ត្បិតពេលនឹងមកដល់ ដែលយើងនឹងធ្វើកិច្ចការដ៏ធំ ហើយអស្ចារ្យនៅចំណោមកូនចៅមនុស្ស ដែលជាកិច្ចការដ៏អស់កល្បជានិច្ច ទោះជាតាមខាងនេះ ឬខាងនោះក៏ដោយ — ទោះជាទុកជាការបរិវត្តន៍ដល់ពួកគេចំពោះសេចក្ដីសុខ សាន្ត និងជីវិតដ៏នៅអស់កល្បជានិច្ច ឬទុកជាការបណ្ដោយឲ្យពួកគេទៅតាមភាពរឹងរូសនៃចិត្តរបស់គេ និងភាពងងឹតងងល់នៃគំនិតរបស់គេ រហូតដល់ត្រូវធ្លាក់ទៅក្នុងការជាប់ឃុំឃាំង ហើយធ្លាក់ទៅក្នុងសេចក្ដីបំផ្លិចបំផ្លាញ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ស្របតាមការជាប់ឃុំឃាំងនៃអារក្ស ដែលយើងមានបន្ទូលមកហើយនោះក្ដី។
៨ហើយហេតុការណ៍បានកើតឡើងថា នៅគ្រាដែលទេវតាមានបន្ទូលនូវពាក្យទាំងនេះ នោះទ្រង់មានបន្ទូលមកខ្ញុំថា ៖ តើអ្នកចាំនូវសេចក្ដីសញ្ញាទាំងឡាយនៃព្រះវរបិតា ដែលទ្រង់មានដល់វង្សអ៊ីស្រាអែលឬទេ? ខ្ញុំបានទូលទ្រង់ថា ៖ ព្រះពរ។
៩ហើយហេតុការណ៍បានកើតឡើងថា ទ្រង់មានបន្ទូលមកខ្ញុំថា ៖ មើលន៏ ចូរមើលសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ ដែលជាមាតានៃសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយ ឯអ្នកបង្កើតសាសនាចក្រនោះ គឺអារក្ស។
១០ហើយទ្រង់មានបន្ទូលមកខ្ញុំថា ៖ មើលន៏ មានសាសនាចក្រតែពីរប៉ុណ្ណោះ មួយគឺជាសាសនាចក្រនៃកូនចៀមនៃព្រះ រីឯមួយទៀត គឺជាសាសនាចក្រនៃអារក្ស ហេតុដូច្នោះហើយ អស់អ្នកណាដែលមិនជាពួកផងសាសនាចក្រនៃកូនចៀមនៃព្រះទេ គឺជាពួកផងសាសនាចក្រដ៏ធំវិញ ដែលជាមាតានៃសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយនោះ ហើយវាជាពេស្យានៃអស់ទាំងផែនដី។
១១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានមើល ហើយបានឃើញពេស្យានៃអស់ទាំងផែនដី ហើយវាអង្គុយនៅលើផ្ទៃទឹកដ៏ធំ ហើយវាមានអំណាចលើផែនដីទាំងមូល នៅគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន។
១២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញសាសនាចក្រនៃកូនចៀមនៃព្រះ ហើយសមាជិកនៃសាសនាចក្រមានចំនួនតិចណាស់ ពីព្រោះមកពីសេចក្ដីទុច្ចរិត និងសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយនៃពេស្យា ដែលអង្គុយនៅលើផ្ទៃទឹកដ៏ធំនោះ ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានឃើញថា សាសនាចក្រនៃកូនចៀម ដែលជាពួកបរិសុទ្ធរបស់ព្រះ ក៏មាននៅពាសពេញលើផ្ទៃផែនដីដែរ ហើយអំណាចរបស់ពួកគេនៅលើផ្ទៃផែនដីមានចំនួនតូច ពីព្រោះមកពីសេចក្ដីទុច្ចរិតរបស់ពេស្យាដ៏ធំ ដែលខ្ញុំបានឃើញនោះ។
១៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថាមាតាដ៏ធំនៃសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយ បានប្រមូលមនុស្សទាំងហ្វូង នៅពាសពេញលើផ្ទៃផែនដី នៅគ្រប់ទាំងសាសន៍នៃពួកសាសន៍ដទៃ ដើម្បីទៅច្បាំងនឹងកូនចៀមនៃព្រះ។
១៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានឃើញថាព្រះចេស្ដានៃកូនចៀមនៃព្រះ បានយាងចុះមកសណ្ឋិតលើពួកបរិសុទ្ធក្នុងសាសនាចក្រនៃកូនចៀម ហើយលើរាស្ត្រដែលនៅក្នុងសេចក្ដីសញ្ញានៃព្រះអម្ចាស់ ដែលបានខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ហើយពួកគេប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ដោយសិរីល្អដ៏អស្ចារ្យ។
១៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថា សេចក្ដីក្រោធនៃព្រះ បានស្រោចមកលើសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ ដរាបដល់មានសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាមទាំងឡាយក្នុងចំណោមសាសន៍ទាំងឡាយ និងពូជមនុស្សទាំងអស់នៅលើផែនដី។
១៦ហើយខណៈដែលចាប់ផ្ដើមមានសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាមទាំងឡាយ នៅក្នុងចំណោមសាសន៍ទាំងអស់ ដែលជាពួកផងមាតានៃសេចក្ដីគួរខ្ពើមឆ្អើមទាំងឡាយ នោះទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលចុះ សេចក្ដីក្រោធនៃព្រះធ្លាក់មកលើមាតា នៃពួកពេស្យា ហើយមើលចុះ អ្នកឃើញរឿងទាំងអស់នេះហើយ —
១៧ហើយថ្ងៃនោះនឹងមកដល់ កាលសេចក្ដីក្រោធនៃព្រះ នឹងស្រោចមកលើមាតានៃពួកស្រីពេស្យា គឺជាសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនៅលើអស់ទាំងផែនដី ឯអ្នកបង្កើតសាសនាចក្រនោះ គឺអារក្ស ហេតុដូច្នោះហីយ នៅថ្ងៃនោះ កិច្ចការនៃព្រះវរបិតានឹងចាប់ផ្ដើម ក្នុងការរៀបចំផ្លូវ ដើម្បីបំពេញសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានធ្វើដល់ប្រជារាស្ត្ររបស់ទ្រង់ ដែលជាវង្សអ៊ីស្រាអែល។
១៨ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏!
១៩ហើយខ្ញុំក៏មើល ហើយបានឃើញបុរសម្នាក់ ហើយបុរសនោះស្លៀកពាក់អាវពណ៌ស។
២០ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ សាវកម្នាក់ក្នុងចំណោមពួកសាវកទាំង១២នាក់នៃកូនចៀម។
២១មើលចុះ លោកនឹងឃើញ ហើយសរសេររឿងដែលនៅសល់ទាំងប៉ុន្មាន មែនហើយ និងព្រមទាំងរឿងជាច្រើនដែលបានកន្លងមកហើយ។
២២ហើយលោកនឹងសរសេរអំពីចុងបំផុតផែនដីដែរ។
២៣ហេតុដូច្នោះហើយ រឿងទាំងឡាយដែលលោកនឹងសរសេរ គឺជារឿងពិត ហើយត្រឹមត្រូវ ហើយមើលចុះ រឿងទាំងនោះបានសរសេរនៅក្នុងគម្ពីរ ដែលអ្នកបានឃើញចេញមកពីមាត់នៃសាសន៍យូដា ហើយនៅពេលដែលរឿងទាំងនោះ ចេញពីមាត់នៃសាសន៍យូដា ឬនៅពេលដែលគម្ពីរនោះ ចេញមកពីមាត់នៃសាសន៍យូដា រឿងដែលបានសរសេរទុកនោះជារឿងដ៏ច្បាស់ ហើយបរិសុទ្ធ និងពិសេសបំផុត ហើយងាយយល់ដល់មនុស្សទាំងអស់។
២៤ហើយមើលចុះ រឿងទាំងឡាយ ដែលសាវកនៃកូនចៀមនេះនឹងសរសេរ គឺជារឿងដ៏ច្រើន ដែលអ្នកបានឃើញមក ហើយមើលចុះ អ្នកនឹងឃើញរឿងដែលនៅសល់ទាំងប៉ុន្មានដែរ។
២៥ប៉ុន្តែរឿងទាំងឡាយដែលអ្នកនឹងឃើញ ពីអំណឹះតទៅ នោះអ្នកមិនត្រូវសរសេរឡើយ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានតែងតាំងសាវកនៃកូនចៀមនៃព្រះ ឲ្យសរសេររឿងទាំងនោះហើយ។
២៦ហើយព្រមទាំងអ្នកផ្សេងៗទៀតដែលបានឃើញ នោះទ្រង់បានបង្ហាញរឿងទាំងអស់ដល់ពួកគេដែរ ហើយពួកគេបានសរសេររឿងទាំងនោះ ហើយរឿងទាំងនោះបានផ្សារភ្ជិតទុក ដើម្បីឲ្យបានចេញមកក្នុងសេចក្ដីបរិសុទ្ធនៃរឿងនោះ ស្របតាមសេចក្ដីពិត ដែលមាននៅក្នុងកូនចៀមនៅក្នុងពេលកំណត់នៃព្រះអម្ចាស់ដល់វង្សអ៊ីស្រាអែល។
២៧ហើយខ្ញុំ នីហ្វៃ បានឮ ហើយធ្វើបន្ទាល់ថា ឈ្មោះរបស់សាវកនៃកូនចៀមនោះ គឺយ៉ូហាន ស្របតាមបន្ទូលរបស់ទេវតា។
២៨ហើយមើលចុះ ខ្ញុំ នីហ្វៃ ត្រូវបានហាមមិនឲ្យសរសេររឿងទាំងឡាយ ដែលនៅសល់ពីរឿង ដែលខ្ញុំបានឃើញ ហើយបានឮនោះទេ ហេតុដូច្នោះហើយ រឿងទាំងឡាយដែលខ្ញុំបានសរសេរ គឺល្មមសម្រាប់ខ្ញុំហើយ ហើយខ្ញុំគ្រាន់តែសរសេរផ្នែកតូចមួយនៃរឿង ដែលខ្ញុំបានឃើញមកប៉ុណ្ណោះ។
២៩ហើយខ្ញុំធ្វើបន្ទាល់ថា ខ្ញុំបានឃើញរឿងទាំងឡាយ ដែលឪពុកខ្ញុំបានឃើញ ហើយទេវតានៃព្រះ បានធ្វើឲ្យខ្ញុំដឹងរឿងទាំងនោះ។
៣០ហើយឥឡូវនេះ ខ្ញុំបញ្ចប់នូវការនិយាយអំពីរឿងទាំងឡាយ ដែលខ្ញុំបានឃើញ កាលដែលខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណ ហើយបើសិនជារឿងទាំងអស់ ដែលខ្ញុំបានឃើញនេះ មិនបានសរសេរទុកក៏ដោយ គង់តែរឿងទាំងឡាយដែលខ្ញុំបានសរសេរទុក គឺជារឿងពិតដែរ។ ហើយគឺយ៉ង៉ាដូច្នោះមែន។ អាម៉ែន ៕