ជំពូកទី ១១
យ៉ាកុបបានឃើញព្រះដ៏ប្រោសលោះរបស់លោក — ក្រឹត្យវិន័យលោកម៉ូសេជាគំរូអំពីព្រះគ្រីស្ទ ហើយបញ្ជាក់ថា ទ្រង់នឹងយាងមកមែន។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ យ៉ាកុបបាននិយាយជាច្រើនសេចក្ដីទៀតទៅប្រជាជនខ្ញុំនៅពេលនោះ ទោះជាយ៉ាងណាក៏ដោយ មានតែរឿងប៉ុន្មាននេះទេដែលខ្ញុំបានឲ្យសរសេរទុក ព្រោះរឿងទាំងឡាយដែលខ្ញុំសរសេរទុក ខ្ញុំឃើញថាល្មមគ្រប់គ្រាន់ហើយ។
២ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ សរសេរពាក្យពេចន៍របស់លោកអេសាយថែមទៀត ព្រោះព្រលឹងខ្ញុំត្រេកអរចំពោះពាក្យពេចន៍របស់លោក។ ត្បិតខ្ញុំនឹងប្រៀបពាក្យទាំងឡាយរបស់លោកទៅលើប្រជាជនខ្ញុំ ហើយខ្ញុំនឹងផ្សាយពាក្យទាំងឡាយដល់កូនចៅខ្ញុំទាំងអស់ ត្បិតលោកពិតជាបានឃើញព្រះដ៏ប្រោសលោះរបស់ខ្ញុំ ដូចជាខ្ញុំបានឃើញទ្រង់ដែរ។
៣ហើយយ៉ាកុប ដែលជាប្អូនខ្ញុំ ក៏បានឃើញទ្រង់ដូចខ្ញុំបានឃើញដែរ ហេតុដូច្នោះហើយ ខ្ញុំនឹងផ្សាយពាក្យទាំងឡាយរបស់ពួកគេដល់កូនចៅរបស់ខ្ញុំ ដើម្បីបញ្ជាក់ដល់កូនចៅខ្ញុំថា ពាក្យទាំងឡាយរបស់ខ្ញុំជាពាក្យពិត។ ហេតុដូច្នោះហើយ ព្រះទ្រង់មានព្រះបន្ទូលថា ដោយពាក្យពេចន៍របស់អ្នកទាំងបី នោះយើងនឹងតាំងពាក្យរបស់យើងឡើង។ ទោះជាយ៉ាងនេះក៏ដោយ គង់តែព្រះទ្រង់បានបញ្ជូនសាក្សីថែមទៀត ហើយព្រះអង្គបានបញ្ជាក់អស់ទាំងពាក្យរបស់ព្រះអង្គ។
៤មើលចុះ ព្រលឹងខ្ញុំត្រេកអរក្នុងការបញ្ជាក់ដល់ប្រជាជនខ្ញុំនូវការពិតអំពីការយាងមកនៃព្រះគ្រីស្ទ ហើយដោយគោលបំណងនេះ ទើបក្រឹត្យវិន័យលោកម៉ូសេត្រូវបានប្រទានមក ហើយអស់ទាំងអ្វីដែលព្រះទ្រង់បានប្រទានដល់មនុស្ស ចាប់តាំងពីកំណើតលោកិយមក គឺជាគំរូអំពីព្រះអង្គ។
៥ហើយព្រលឹងខ្ញុំក៏ត្រេកអរចំពោះសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោរបស់យើងដែរ មែនហើយ ព្រលឹងខ្ញុំត្រេកអរដល់ព្រះគុណរបស់ទ្រង់ ហើយដល់សេចក្ដីយុត្តិធម៌ និងព្រះចេស្ដា និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ក្នុងផែនការដ៏ធំ ហើយអស់កល្បជានិច្ច នៃការរំដោះពីសេចក្ដីស្លាប់។
៦ហើយព្រលឹងខ្ញុំត្រេកអរក្នុងការបញ្ជាក់ដល់ប្រជាជនខ្ញុំថា លើកលែងតែព្រះគ្រីស្ទនឹងយាងមក នោះមនុស្សលោកទាំងអស់នឹងត្រូវវិនាស។
៧ត្បិតបើសិនជាគ្មានព្រះគ្រីស្ទទេ នោះក៏គ្មានព្រះដែរ ហើយបើសិនជាគ្មានព្រះទេ នោះក៏គ្មានយើងរាល់គ្នាដែរ ព្រោះមិនអាចមានការបង្កបង្កើតបានឡើយ។ ប៉ុន្តែមានព្រះមួយអង្គ ហើយទ្រង់ជាព្រះគ្រីស្ទ ហើយទ្រង់នឹងយាងមកក្នុងពេលកំណត់របស់ទ្រង់។
៨ហើយឥឡូវនេះ ខ្ញុំសរសេរពាក្យរបស់លោកអេសាយខ្លះថា បើសិនជាប្រជាជនខ្ញុំណាម្នាក់បានឃើញពាក្យទាំងនេះហើយ នោះគេអាចលើកចិត្តគេឡើង ហើយអរសប្បាយសម្រាប់មនុស្សលោកទាំងអស់។ ឥឡូវនេះ នេះគឺជាពាក្យទាំងឡាយ ហើយអ្នករាល់គ្នាអាចប្រៀបពាក្យទាំងឡាយនេះទៅលើខ្លួនអ្នក ហើយទៅលើមនុស្សលោកទាំងអស់៕