ព្រះគម្ពីរ
នីហ្វៃ ទី ២ 16


ជំពូក​ទី ១៦

អេសាយ​ឃើញ​ព្រះ​អម្ចាស់ — អំពើ​បាប​ទាំង​ឡាយ​របស់​អេសាយ​ត្រូវ​បាន​អត់​ទោស​ឲ្យ — លោក​ត្រូវ​បាន​ហៅ​ឲ្យ​ព្យាករ — លោក​ព្យាករ​អំពី​ការ​បង្រៀន​នៃ​ព្រះ​គ្រីស្ទ ដែល​ពួក​សាសន៍​យូដា​មិន​ទទួល​ស្គាល់ — សំណល់​នៃ​ពូជ​មួយ​នឹង​វិលត្រឡប់ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៦។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

នៅ​ឆ្នាំ​ដែល​ស្ដេច​អ៊ូ​សៀ​ស​ទ្រង់​បាន​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ​អម្ចាស់​ទ្រង់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ​ពស្ត្រ​ទ្រង់​សាយ​មក​ពេញ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ។

នៅ​ពីលើ​ទ្រង់​មាន​ពួក​សេរ​ភី​ម ម្នាក់ៗ​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ដោយ​ស្លាប​ពីរ បាំង​ជើង​ដោយ​ស្លាប​ពីរ ហើយ​ប្រើ​ស្លាប​ពីរ​សម្រាប់​ហើរ។

ហើយ​មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា ៖ បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​ពោរពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់។

ហើយ​ក្រប​ទ្វារ​ក៏​ញ័រ​ដោយ​សូរ​សំឡេង​នៃ​សេរ​ភី​ម​ដែល​បន្លឺ​នោះ ហើយ​ព្រះ​វិហារ​បាន​ពេញ​ទៅ​ដោយ​ផ្សែង។

ខណៈ​នោះ ខ្ញុំ​ពោល​ថា ៖ វរ​ហើយ​ខ្ញុំ! ត្បិត​ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ពី​ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស ដែល​មាន​បបូរមាត់​មិន​ស្អាត​ដែរ ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហាក្សត្រ គឺជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ។

ខណៈ​នោះ សេរ​ភី​ម​មួយ​បាន​ហើរ​មក​ឯខ្ញុំ ដៃ​កាន់​រងើកភ្លើង ដែល​បាន​យក​ពី​អាស​នា​ដោយ​ដង្កៀប

ហើយ​ក៏​ឲ្យ​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា ៖ នែ៎ រងើក​ភ្លើង​នេះ​បាន​ប៉ះ​នឹង​បបូរមាត់​អ្នក​ហើយ ឯ​សេចក្ដី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង។

រួច​ខ្ញុំ​ក៏​ឮសូរ​សំឡេង​នៃ​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​មក​ថា ៖ តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង? ខណៈ​នោះ ខ្ញុំ​ទូល​ឆ្លើយ​ថា ៖ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ។

រួច​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា ៖ ចូរ​ទៅ​ប្រាប់​ដល់​ជនជាតិ​នេះ​ថា — ចូរ​អ្នក​រាល់​គ្នា​ស្ដាប់​ចុះ តែ​ឥត​យល់ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ។

១០ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជនជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ — ក្រែង​គេ​មើល​ឃើញ​ដោយ​ភ្នែក​គេ ស្ដាប់​ឮ​ដោយ​ត្រចៀក​គេ ហើយ​យល់​ដោយ​ចិត្ត រួច​ប្រែចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា។

១១ខណៈ​នោះ ខ្ញុំ​ទូល​សួរ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ? រួច​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា ៖ គឺ​ដរាប​ដល់​កាលណា ទី​ក្រុង​ទាំង​ប៉ុន្មាន​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស ដរាប​ដល់​ស្រុក​នេះ​បាន​ទៅ​ជាទី​ស្ងាត់ឈឹង​ទាំង​អស់​ទៅ

១២ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ​អម្ចាស់​បាន​រើ​យក​មនុស្ស​ទាំង​ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ព្រោះ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់​នៅ​កណ្ដាល​ស្រុក។

១៣នោះ​ទោះ​បើ​មាន​១​ភាគ​១០​សល់​នៅ​ក្នុង​ស្រុក គង់តែ​ចំណែក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​នឹង​ត្រូវ​វិនាស​បាត់ ដូច​ជា​ដើម​ឈើទាល ហើយ​និង​ដើម​ម៉ៃសាក់​ដែល​សល់​នៅ​តែ​គល់​ក្រោយ​ដែល​គេ​កាប់​រំលំ​ហើយ គឺ​ពូជ​បរិសុទ្ធ​ជា​គល់ឈើ​នោះ​ឯង៕

      • គឺ​ប្រមាណ​ជា​ឆ្នាំ ៧៥០ ម.គ.ស.

      • គឺ​ជាយ​ព្រះ​ពស្ត្រ​របស់​ទ្រង់ ឬ​រង​ជើង​នៃ​ព្រះ​ពស្ត្រ.

      • ហេ. ក្រប​នៃ​ធរណីទ្វារ​ញ័រ.

      • ហេ. កាត់​ចេញ; ឧទាហរណ៍ លោក​មាន​ចិត្ត​តប់​ប្រមល់ ដោយ​សា​លោក​មាន​អារម្មណ៍​អំពី​អំពើ​បាប ទាំង​ឡាយ​របស់​ខ្លួន និង​របស់​ប្រជាជន​លោក.

      • គឺ​ជា​និមិត្តរូប​អំពី​ការ​សំអាត.

      • គឺ​ដូច​ជា​ដើម​ឈើ​ដែល​ស្លឹក​រោយ​អស់ ប៉ុន្តែ​នៅ​មាន​ជីវិត និង​សមត្ថ​ភាព​ដើម្បី​ផលិត​ពូជ.