ជំពូកទី ១៦
អេសាយឃើញព្រះអម្ចាស់ — អំពើបាបទាំងឡាយរបស់អេសាយត្រូវបានអត់ទោសឲ្យ — លោកត្រូវបានហៅឲ្យព្យាករ — លោកព្យាករអំពីការបង្រៀននៃព្រះគ្រីស្ទ ដែលពួកសាសន៍យូដាមិនទទួលស្គាល់ — សំណល់នៃពូជមួយនឹងវិលត្រឡប់ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៦។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១នៅឆ្នាំដែលស្ដេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារបរិសុទ្ធ។
២នៅពីលើទ្រង់មានពួកសេរភីម ម្នាក់ៗមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើស្លាបពីរសម្រាប់ហើរ។
៣ហើយមួយបន្លឺទៅកាន់មួយថា ៖ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់បរិសុទ្ធ ផែនដីទាំងមូលពោរពេញដោយសិរីល្អនៃទ្រង់។
៤ហើយក្របទ្វារក៏ញ័រដោយសូរសំឡេងនៃសេរភីមដែលបន្លឺនោះ ហើយព្រះវិហារបានពេញទៅដោយផ្សែង។
៥ខណៈនោះ ខ្ញុំពោលថា ៖ វរហើយខ្ញុំ! ត្បិតខ្ញុំត្រូវវិនាសជាពិត ពីព្រោះខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្ស ដែលមានបបូរមាត់មិនស្អាតដែរ ព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះអម្ចាស់នៃពួកពលបរិវារ។
៦ខណៈនោះ សេរភីមមួយបានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើង ដែលបានយកពីអាសនាដោយដង្កៀប
៧ហើយក៏ឲ្យប៉ះនឹងមាត់ខ្ញុំ ដោយពោលថា ៖ នែ៎ រងើកភ្លើងនេះបានប៉ះនឹងបបូរមាត់អ្នកហើយ ឯសេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង។
៨រួចខ្ញុំក៏ឮសូរសំឡេងនៃព្រះអម្ចាស់មានព្រះបន្ទូលមកថា ៖ តើយើងនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យយើង? ខណៈនោះ ខ្ញុំទូលឆ្លើយថា ៖ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ។
៩រួចទ្រង់មានព្រះបន្ទូលតបថា ៖ ចូរទៅប្រាប់ដល់ជនជាតិនេះថា — ចូរអ្នករាល់គ្នាស្ដាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ។
១០ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ — ក្រែងគេមើលឃើញដោយភ្នែកគេ ស្ដាប់ឮដោយត្រចៀកគេ ហើយយល់ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា។
១១ខណៈនោះ ខ្ញុំទូលសួរថា ៖ ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ? រួចទ្រង់មានព្រះបន្ទូលតបថា ៖ គឺដរាបដល់កាលណា ទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្ស ដរាបដល់ស្រុកនេះបានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ
១២ហើយដរាបដល់វេលាណាដែលព្រះអម្ចាស់បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ព្រោះមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្ដាលស្រុក។
១៣នោះទោះបើមាន១ភាគ១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រឡប់មកវិញ ហើយនឹងត្រូវវិនាសបាត់ ដូចជាដើមឈើទាល ហើយនិងដើមម៉ៃសាក់ដែលសល់នៅតែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជបរិសុទ្ធជាគល់ឈើនោះឯង៕