ជំពូកទី ២២
នៅរយៈពេលមួយពាន់ឆ្នាំ មនុស្សគ្រប់រូបនឹងសរសើរតម្កើងព្រះអម្ចាស់ — ទ្រង់នឹងគង់នៅក្នុងចំណោមពួកគេ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ១២។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយនៅថ្ងៃនោះ អ្នកនឹងនិយាយថា ៖ ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងសរសើរតម្កើងដល់ទ្រង់ ត្បិតទោះបើទ្រង់បានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះសេចក្ដីខ្ញាល់នោះបានបែរចេញទៅ ហើយទ្រង់បានកម្សាន្ដចិត្តទូលបង្គំវិញ។
២មើលចុះ ព្រះទ្រង់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ព្រោះព្រះអម្ចាស់ ដែលជាព្រះយេហូវ៉ា ទ្រង់ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ ហើយទ្រង់ជាសេចក្ដីសង្គ្រោះខ្ញុំដែរ។
៣ដោយហេតុនោះ អ្នករាល់គ្នានឹងដងទឹកពីអណ្ដូងនៃសេចក្ដីសង្គ្រោះដោយអំណរ។
៤ហើយនៅថ្ងៃនោះអ្នករាល់គ្នានឹងពោលថា ៖ ចូរសរសើរតម្កើងដល់ព្រះអម្ចាស់ ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ ក្នុងចំណោមប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស។
៥ចូរច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់បានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។
៦ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ត្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្ដាលអ្នករាល់គ្នា៕