ជំពូកទី ៧
លោកមេចៅក្រមត្រូវគេធ្វើឃាត រដ្ឋាភិបាលត្រូវបំផ្លាញចោល — ហើយប្រជាជនបែកចេញជាពូជអំបូរទាំងឡាយ — យ៉ាកុប ដែលជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់ ក្លាយទៅជាស្ដេចនៃពួកក្រុមផ្សំគំនិតសម្ងាត់មួយ — នីហ្វៃផ្សាយអំពីការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ — ពួកទេវតាធ្វើការងារបម្រើលោករាល់ថ្ងៃ ហើយលោកប្រោសប្អូនប្រុសរបស់លោកឲ្យរស់ពីស្លាប់ — មនុស្សជាច្រើនប្រែចិត្ត ហើយបានទទួលបុណ្យជ្រមុជទឹក។ ប្រមាណជាឆ្នាំ ៣០–៣៣ គ.ស.។
១ឥឡូវនេះ មើលចុះ ខ្ញុំនឹងបង្ហាញដល់អ្នកថា ពួកគេពុំបានបង្កើតឲ្យមានស្ដេចនៅលើដែនដីទេ ប៉ុន្តែនៅក្នុងឆ្នាំដដែលនេះ មែនហើយ គឺឆ្នាំទីសាមសិប នោះពួកគេបានបំផ្លាញនៅលើវេទិកាជំនុំជំរះ មែនហើយ គឺបានធ្វើឃាតមេចៅក្រមនៃដែនដី។
២ហើយប្រជាជនត្រូវបែកបាក់ពីគ្នា ហើយពួកគេបានបែកចេញពីគ្នាទៅជាពូជអំបូរទាំងឡាយ គឺមនុស្សម្នាក់ៗទៅតាមគ្រួសារ និងញាតិសន្តាន និងមិត្តភក្តិរបស់គេ ម្ល៉ោះហើយ ពួកគេបានបំផ្លាញរដ្ឋាភិបាលនៃដែនដី។
៣ហើយពូជអំបូរនីមួយៗ បានតែងតាំងមេ ឬអ្នកដឹកនាំម្នាក់លើពួកគេ ម្ល៉ោះហើយ ពួកគេបានក្លាយទៅជាពូជអំបូរទាំងឡាយ និងពួកអ្នកដឹកនាំពូជអំបូរទាំងឡាយ។
៤ឥឡូវនេះ មើលចុះ គ្មានមនុស្សណាម្នាក់នៅក្នុងចំណោមពួកគេ ដែលគ្មានគ្រួសារ និងញាតិសន្តាន និងមិត្តភក្តិជាច្រើននោះឡើយ ហេតុដូច្នេះហើយ ពូជអំបូរទាំងឡាយរបស់គេ បានក្លាយទៅជាធំដ៏លើសលប់។
៥ឥឡូវនេះ ការណ៍អស់ទាំងនេះបានកើតឡើង តែពុំទាន់មានសង្គ្រាមទាំងឡាយនៅក្នុងចំណោមពួកគេនៅឡើយទេ ហើយអស់ទាំងអំពើទុច្ចរិតនេះបានកើតឡើងដល់ប្រជាជន ដោយមកពីពួកគេបានបណ្ដោយខ្លួននៅក្រោមអំណាចរបស់អារក្សសាតាំង។
៦ហើយរបៀបចាត់ចែងទាំងឡាយរបស់រដ្ឋាភិបាលត្រូវបំផ្លាញចោល ពីព្រោះមកពីការរួមគំនិតសម្ងាត់ នៃមិត្តភក្តិ និងញាតិសន្តានរបស់ពួកជនដែលបានធ្វើឃាតពួកព្យាការី។
៧ហើយពួកគេបានបណ្ដាលឲ្យមានការទាស់ទែងគ្នាមួយដ៏ធំនៅលើដែនដី ដរាបដល់ផ្នែកមនុស្សដែលសុចរិតច្រើន សឹងតែក្លាយទៅជាទុច្ចរិតទាំងអស់ មែនហើយ មាននៅសល់តែមនុស្សសុចរិតតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងចំណោមពួកគេ។
៨ម្ល៉ោះហើយ រយៈពេលប្រាំមួយឆ្នាំពុំទាន់ឆ្លងផុតទៅ ចាប់តាំងពីពេលដែលប្រជាជនភាគច្រើន បានបែរចេញពីភាពសុចរិតរបស់គេ បីដូចជាឆ្កែបែរទៅរកកម្អួតវា ឬដូចជាជ្រូកញីបែរទៅននៀលនៅក្នុងខ្នាចវិញ។
៩ឥឡូវនេះ ពួកផ្សំគំនិតសម្ងាត់នេះ ដែលបាននាំមកនូវការទុច្ចរិតដ៏ធំមកលើប្រជាជននោះបានប្រមូលគ្នាមក ហើយបានលើកធ្វើជាមេរបស់ពួកវានូវមនុស្សម្នាក់ដែលពួកវាហៅថា យ៉ាកុប
១០ហើយពួកវាបានហៅគាត់ថាជាស្ដេចរបស់ពួកវា ហេតុដូច្នេះហើយ គាត់ក្លាយទៅជាស្ដេចមួយលើក្រុមមនុស្សទុច្ចរិតនេះ ហើយទ្រង់គឺជាមេម្នាក់ ដែលបានបញ្ចេញសំឡេងរបស់ទ្រង់ ទាស់នឹងពួកព្យាការី ដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវ។
១១ហើយហេតុការណ៍បានកើតឡើងថា ពួកវាពុំសូវមានចំនួនច្រើន ដូចពួកពូជអំបូររបស់ប្រជាជនដែលបានរួបរួមគ្នានោះទេ លើកលែងតែមេដឹកនាំរបស់គេ បានបង្កើតច្បាប់ទាំងឡាយ គឺម្នាក់ៗទៅតាមពូជអំបូររបស់ខ្លួន ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេជាពួកខ្មាំងសត្រូវដែរ ទោះបីពួកគេពុំមែនជាប្រជាជនសុចរិតក្ដី គង់តែពួកគេរួមគ្នានៅក្នុងសម្អប់ទៅលើពួកជន ដែលបានចូលក្នុងសេចក្ដីសញ្ញា ដើម្បីបំផ្លាញរដ្ឋាភិបាលចោលដែរ។
១២ហេតុដូច្នេះហើយ យ៉ាកុប ដោយបានទតឃើញថា ពួកខ្មាំងសត្រូវរបស់ទ្រង់ មានចំនួនច្រើនជាងខ្លួន ឯទ្រង់ជាស្ដេចរបស់ក្រុមនោះ ហេតុដូច្នេះហើយ ទើបទ្រង់បានបញ្ជាប្រជាជនរបស់ទ្រង់ថា ពួកគេត្រូវរត់គេចចូលទៅក្នុងផ្នែកខាងជើងបំផុតនៃដែនដី ហើយនៅទីនោះ ពួកគេបានស្ថាបនានគរមួយ រហូតដល់ពួកគេត្រូវបានរួបរួម ដោយពួកអ្នកដែលបែកបាក់ (ព្រោះទ្រង់បានបញ្ជោរពួកគេថា នឹងមានអ្នកបែកបាក់ជាច្រើន) ហើយពួកវាក្លាយទៅជាមានកម្លាំងគ្រប់គ្រាន់ ដើម្បីតតាំងនឹងពួកពូជអំបូររបស់ប្រជាជន ហើយពួកវាបានធ្វើយ៉ាងនេះ។
១៣ហើយពួកវាបានធ្វើដំណើរទៅយ៉ាងលឿន រហូតដល់មិនអាចត្រូវបង្អាក់បាន គឺរហូតដល់ពួកវាបានទៅផុតពីកណ្ដាប់ដៃរបស់ប្រជាជន។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីសាមសិបទៅ នោះហើយគឺជាកិច្ចការទាំងឡាយរបស់ប្រជាជននីហ្វៃ។
១៤ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីសាមសិបមួយ ពួកគេបានបែកទៅជាពូជអំបូរទាំងឡាយ គឺមនុស្សម្នាក់ៗទៅតាមគ្រួសារ និងញាតិសន្តាន និងមិត្តភក្តិរបស់ខ្លួន ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានមកដល់ការព្រមព្រៀងមួយថា ពួកគេពុំធ្វើសង្គ្រាមរវាងគ្នាឡើយ ប៉ុន្តែពួកគេពុំសាមគ្គីគ្នាខាងច្បាប់ទាំងឡាយរបស់គេ និងរបៀបនៃរដ្ឋាភិបាលរបស់គេឡើយ ព្រោះច្បាប់ទាំងនោះត្រូវបានរៀបចំឡើងតាមគំនិតទាំងឡាយរបស់ពួកអ្នកដែលជាមេរបស់គេ និងពួកអ្នកដឹកនាំរបស់គេ។ ប៉ុន្តែពួកគេបានបង្កើតច្បាប់ទាំងឡាយយ៉ាងតឹងរឹងថា ពូជអំបូរនីមួយៗ ពុំត្រូវបំពារបំពានលើពូជអំបូរមួយទៀតឡើយ ដរាបដល់ពួកគេមានសន្តិភាពដល់កម្រិតមួយនៅលើដែនដី ទោះជាយ៉ាងណាក៏ដោយ គង់តែចិត្តរបស់គេ ត្រូវបែរចេញពីព្រះអម្ចាស់ ជាព្រះរបស់គេ ហើយពួកគេបានចោលថ្មទៅលើពួកព្យាការី ព្រមទាំងបានបណ្ដេញពួកគេចេញពីចំណោមគេដែរ។
១៥ហើយហេតុការណ៍បានកើតឡើងថា នីហ្វៃ — ដោយមានពួកទេវតាមករក ព្រមទាំងសំឡេងនៃព្រះអម្ចាស់ផង ហេតុដូច្នេះហើយ ដោយបានឃើញពួកទេវតា និងជាសាក្សី ហើយដោយមានអំណាចប្រទានឲ្យលោក ដើម្បីឲ្យលោកអាចដឹងអំពីការងារបម្រើនៃព្រះគ្រីស្ទ ហើយជាសាក្សីចំពោះការត្រឡប់ដ៏ឆាប់របស់ពួកគេ ពីភាពសុចរិតទៅកាន់ភាពទុច្ចរិត និងភាពគួរខ្ពើមឆ្អើមទាំងឡាយ
១៦ហេតុដូច្នេះហើយ ដោយព្រួយបារម្ភដល់ភាពរឹងរូសនៃចិត្តរបស់គេ និងភាពងងឹតងងល់នៃគំនិតរបស់គេ នោះលោកបានចេញទៅក្នុងចំណោមពួកគេ ក្នុងឆ្នាំដដែលនោះ ហើយបានចាប់ផ្ដើមធ្វើបន្ទាល់យ៉ាងក្លាហានពីការប្រែចិត្ត និងការផ្ដាច់បាបដោយសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
១៧ហើយលោកបានធ្វើការងារបម្រើជាច្រើនដល់ពួកគេ ហើយការណ៍ទាំងអស់នោះ មិនអាចយកមកសរសេរបានទេ ហើយមួយផ្នែកនៃការណ៍ទាំងនោះគឺពុំគ្រប់គ្រាន់ដែរ ហេតុដូច្នេះហើយ ពុំបានយកមកសរសេរក្នុងគម្ពីរនេះសោះ។ ហើយនីហ្វៃបានធ្វើការងារបម្រើដោយអានុភាព និងសិទ្ធិអំណាចដ៏ធំ។
១៨ហើយហេតុការណ៍បានកើតឡើងថា ពួកគេខឹងនឹងលោក គឺពីព្រោះលោកមានអំណាចខ្លាំងជាងពួកគេ ត្បិតគ្មានលទ្ធភាពណាអាចធ្វើឲ្យពួកគេមិនជឿពាក្យទាំងឡាយរបស់លោកបានឡើយ ត្បិតសេចក្ដីជំនឿរបស់លោកជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនោះធំដ៏ក្រៃលែង បានជាពួកទេវតាធ្វើការងារបម្រើដល់លោកជារៀងរាល់ថ្ងៃ។
១៩ហើយដោយនូវព្រះនាមនៃព្រះយេស៊ូវ នោះលោកបានបណ្ដេញពួកអារក្សអសោចិ៍ និងពួកវិញ្ញាណស្មោកគ្រោកឲ្យចេញ ហើយលោកថែមទាំងបានប្រោសប្អូនប្រុសរបស់លោកពីស្លាប់ បន្ទាប់ពីលោកត្រូវគេចោលនឹងថ្ម ហើយត្រូវប្រជាជនធ្វើឲ្យស្លាប់។
២០ហើយប្រជាជនបានឃើញការណ៍នេះ ហើយបានធ្វើជាទីបន្ទាល់ដល់ការណ៍នេះ ហើយក៏ខឹងនឹងលោកមកពីអំណាចរបស់លោក ហើយលោកថែមទាំងបានសម្ដែងនូវអព្ភូតហេតុជាច្រើនទៀតផង គឺនៅចំពោះភ្នែកនៃប្រជាជនដោយនូវព្រះនាមនៃព្រះយេស៊ូវ។
២១ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីសាមសិបមួយបានកន្លងផុតទៅ ហើយមានតែមនុស្សចំនួនតិចទេ ដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ប៉ុន្តែអស់អ្នកណាដែលបានប្រែចិត្តជឿ នោះបានធ្វើសញ្ញាយ៉ាងពិតប្រាកដដល់ប្រជាជនថា ពួកគេត្រូវបានសណ្ឋិតដោយព្រះចេស្ដា និងព្រះវិញ្ញាណនៃព្រះ ដែលនៅក្នុងព្រះយេស៊ូវគ្រីស្ទ ដែលពួកគេជឿដល់នោះ។
២២ហើយអស់អ្នកណាដែលបានបណ្ដេញពួកអារក្សអសោចិ៍ចេញពីខ្លួន ហើយបានជាពីជំងឺទាំងឡាយរបស់គេ និងភាពពិការរបស់គេ នោះបានសម្ដែងយ៉ាងពិតប្រាកដដល់ប្រជាជនថា ពួកគេត្រូវបានទ្រទ្រង់ដោយព្រះវិញ្ញាណនៃព្រះ ហើយត្រូវបានព្យាបាលឲ្យជា ហើយពួកគេបានបង្ហាញទីសម្គាល់ទាំងឡាយផង ហើយបានសម្ដែងអព្ភូតហេតុខ្លះនៅក្នុងចំណោមប្រជាជន។
២៣ម្ល៉ោះហើយ ឆ្នាំទីសាមសិបពីរក៏កន្លងផុតទៅដែរ។ ហើយនីហ្វៃបានស្រែកទៅកាន់ប្រជាជន នៅដើមឆ្នាំទីសាមសិបបី ហើយលោកបានផ្សាយដល់ពួកគេពីការប្រែចិត្ត និងការផ្ដាច់បាប។
២៤ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចាំផងថា គ្មានអ្នកណាម្នាក់សោះ ដែលត្រូវបាននាំឲ្យមានការប្រែចិត្ត ដែលពុំបានទទួលបុណ្យជ្រមុជដោយទឹកនោះឡើយ។
២៥ហេតុដូច្នេះហើយ មានមនុស្សទាំងឡាយ ដែលនីហ្វៃបានតែងតាំងឡើងក្នុងការងារបម្រើនេះ ដើម្បីឲ្យអស់អ្នកណាដែលមករកពួកគេ នឹងបានទទួលបុណ្យជ្រមុជដោយទឹក ហើយការនេះគឺជាសាក្សី និងជាទីបន្ទាល់មួយនៅចំពោះព្រះ និងដល់ប្រជាជនថា ពួកគេបានប្រែចិត្ត ហើយបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ។
២៦ហើយមានមនុស្សជាច្រើននៅដើមឆ្នាំនេះ ដែលបានទទួលបុណ្យជ្រមុជទឹក ចំពោះការប្រែចិត្ត ម្ល៉ោះហើយ ភាគច្រើននៃឆ្នាំនេះបានកន្លងទៅ៕