ព្រះគម្ពីរ
នីហ្វៃ ទី ៣ 9


ជំពូក​ទី ៩

នៅ​ក្នុង​ភាព​ងងឹត សំឡេង​នៃ​ព្រះ​គ្រីស្ទ ប្រកាសប្រាប់​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ប្រជាជន និង​ទី​ក្រុង​ជាច្រើន ដោយ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ — ទ្រង់​ក៏​ប្រកាសប្រាប់​ពី​ទេវ​ភាព​របស់​ទ្រង់​ដែរ ប្រកាស​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ​ហើយ ហើយ​អញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ទ្រង់ ហើយ​បាន​សង្គ្រោះ។ ប្រមាណ ជា​ឆ្នាំ ៣៤ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ឮ​សំឡេង​មួយ​មក​ក្នុង​ចំណោម​បណ្ដា​ជន​ទាំង​អស់​នៃ​ផែនដី​នៅ​លើ​ផ្ទៃ​នៃ​ដែនដី​នេះ ស្រែក​ថា ៖

វេទនា វេទនា វេទនា​ដល់​ប្រជាជន​នេះ វេទនា​ដល់​បណ្ដា​ជន​នៅ​លើ​ផែនដី​ទាំង​មូល លើក​លែង​តែ​ពួក​គេ​ប្រែចិត្ត ព្រោះ​អារក្ស វា​សើច ហើយ​ពួក​ទេវតា​របស់​វា​អរ​រីករាយ ដោយ​មក​ពី​ការ​ស្លាប់​នៃ​កូន​ប្រុស និង​កូន​ស្រី​ទាំង​ឡាយ​ដ៏​ស្រស់​ល្អៗ​របស់​ប្រជាជន​យើង ហើយ​គឺ​មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ ទើប​ពួក​គេ​ត្រូវ​ដួល!

មើល​ចុះ ទី​ក្រុង​សារ៉ាហិមឡា​ដ៏​ធំ​នោះ យើង​បាន​ដុត​នឹង​ភ្លើង និង​បណ្ដា​ជន​ទាំង​ឡាយ​ក្នុង​នោះ​ផង។

ហើយ​មើល​ចុះ ទី​ក្រុង​មរ៉ូណៃ​ដ៏​ធំ​នោះ យើង​បាន​ធ្វើ​ឲ្យ​លិច​ទៅ​ក្នុង​ជម្រៅ​សមុទ្រ រីឯ​បណ្ដា​ជន​នៅ​ទី​នោះ​ត្រូវ​លង់ទឹក​ស្លាប់។

ហើយ​មើល​ចុះ ទី​ក្រុង​មរ៉ូណៃហា​ដ៏​ធំ​នោះ យើង​បាន​គ្រប​ដោយ​ដី ព្រម​ទាំង​បណ្ដា​ជន​នៅ​ទី​នោះ​ផង ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ​ពីមុខ​យើង ដើម្បី​កុំ​ឲ្យ​ឈាម​របស់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ មក​រក​យើង​ទាស់​នឹង​ពួក​គេ​ទៀត​ឡើយ។

ហើយ​មើល​ចុះ ទី​ក្រុង​គី​ល​កាល យើង​បាន​ធ្វើ​ឲ្យ​លិច រីឯ​បណ្ដា​ជន​នៅ​ទី​នោះ​ត្រូវ​កប់​ទៅ​ក្នុង​ជម្រៅ​ដី

មែន​ហើយ ហើយ​ទី​ក្រុង​អូណៃហា ព្រម​ទាំង​បណ្ដា​ជន​នៅ​ទី​នោះ ហើយ​ទី​ក្រុង​ម៉ូគុម ព្រម​ទាំង​បណ្ដា​ជន​នៅ​ទី​នោះ ហើយ​ទី​ក្រុង​យេរូសាឡិម ព្រម​ទាំង​បណ្ដា​ជន​នៅ​ទី​នោះ​ផង ហើយ​យើង​បាន​ធ្វើ​ឲ្យ​ទឹក​ឡើង​នៅ​កន្លែង​ទាំង​នោះ​វិញ ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ​ពីមុខ​យើង ដើម្បី​កុំ​ឲ្យ​ឈាម​របស់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ ឡើង​មក​រក​យើង​ទាស់​នឹង​ពួក​គេ​ទៀត​ឡើយ។

ហើយ​មើល​ចុះ ទី​ក្រុង​កាឌីអានដៃ និង​ទី​ក្រុង​កាឌីអុមណា និង​ទី​ក្រុង​យ៉ាកុប និង​ទី​ក្រុង​គីមគីមណូ យើង​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​អស់​ទាំង​នេះ​លិច ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភ្នំ និង​ច្រក​ភ្នំ​ទាំង​ឡាយ​នៅ​កន្លែង​ទាំង​នោះ​វិញ ហើយ​បណ្ដា​ជន​នៅ​ទី​នោះ យើង​បាន​កប់​ទៅ​ក្នុង​ជម្រៅ​ដី ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ​ពីមុខ​យើង ដើម្បី​កុំ​ឲ្យ​ឈាម​របស់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ​ឡើង​មក​រក​យើង​ទាស់​នឹង​ពួក​គេ​ទៀត​ឡើយ។

ហើយ​មើល​ចុះ ទី​ក្រុង​យ៉ាកុប៊ូកាត​ដ៏​ធំ​នោះ ដែល​មាន​ប្រជាជន​របស់​ស្ដេច​យ៉ាកុប​រស់នៅ យើង​បាន​ធ្វើ​ឲ្យ​ឆេះ​ដោយ​ភ្លើង ពី​ព្រោះ​មក​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ និង​អំពើ​ទុច្ចរិត​របស់​ពួក​គេ ដែល​លើស​ជាង​អស់​ទាំង​អំពើ​ទុច្ចរិត​នៃ​ផែនដី​ទាំង​មូល ដោយ​មក​ពី​អំពើ​ឃាតកម្ម និង​ការ​ផ្សំ​គំនិត​ដ៏​សម្ងាត់​ទាំង​ឡាយ​របស់​ពួក​គេ ត្បិត​ពួក​គេ​នេះ​ហើយ​ដែល​បាន​បំផ្លាញ​សន្តិ​ភាព​របស់​រាស្ត្រ​យើង និង​រដ្ឋាភិបាល​របស់​ដែនដី ហេតុ​ដូច្នេះ​ហើយ យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ឆេះ ដើម្បី​បំផ្លាញ​ពួក​គេ​ចេញ​ពី​មុខ​យើង ដើម្បី​កុំ​ឲ្យ​ឈាម​របស់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ ឡើង​មក​រក​យើង​ទាស់​នឹង​ពួក​គេ​ទៀត​ឡើយ។

១០ហើយ​មើល​ចុះ ទី​ក្រុង​លេមិន និង​ទី​ក្រុង​យ៉ូស និង​ទី​ក្រុង​កា​ឌ និង​ទី​ក្រុង​គិសគូមេន យើង​បាន​ធ្វើ​ឲ្យ​ឆេះ​ដោយ​ភ្លើង ព្រម​ទាំង​បណ្ដា​ជន​នៅ​ទី​នោះ​ផង ដោយ​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួក​គេ ក្នុង​ការ​បណ្ដេញ​ពួក​ព្យាការី ហើយ​ចោល​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​យើង បាន​ចាត់​ឲ្យ​ទៅ​ប្រកាស​ដល់​ពួក​គេ អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ។

១១ហើយ​ពី​ព្រោះ​ពួក​គេ​បាន​បណ្ដេញ​ពួក​អ្នក​ទាំង​នោះ​ចេញ ដែល​គ្មាន​អ្នក​ណា​ម្នាក់​សុចរិត​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ ទើប​យើង​បាន​ចាត់​ភ្លើង​ឲ្យ​ចុះ​ទៅ​បំផ្លាញ​ពួក​គេ​ចោល ដើម្បី​ឲ្យ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ អាច​បាន​បិទបាំង​ពីមុខ យើង ដើម្បី​កុំ​ឲ្យ​ឈាម​របស់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ​ក្នុង​ចំណោម​ពួក​គេ​នោះ ស្រែក​មក​រក​យើង​ពី​ក្នុង​ដី​ទាស់​នឹង​ពួក​គេ​ឡើយ។

១២ហើយ​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​ជាច្រើន ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង នៅ​លើ​ដែនដី​នេះ និង​លើ​ប្រជាជន​នេះ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ។

១៣ឱ អស់​អ្នក​ណា​ដែល​ត្រូវ​បាន​លើកលែង ពី​ព្រោះ​អ្នក​រាល់​គ្នា​សុចរិត​ជាង​ពួក​គេ​អើយ ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​មិន​ចង់​ត្រឡប់​មក​រក​យើង ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​ប្រែចិត្ត​ជឿ ដើម្បី​យើង​អាច​ប្រោស​អ្នក​ឲ្យ​បាន​ជា​ទេ​ឬ?

១៤មែន​ហើយ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​មក​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច មើល​ចុះ ដៃ​នៃ​សេចក្ដី​មេត្តាករុណា​របស់​យើង​សន្ធឹង​ទៅ​រក​អ្នក ហើយ​អស់​អ្នក​ណា​ដែល​មក អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ហើយ​មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​មក​រក​យើង។

១៥មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ យើង​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ទី​នោះ។ យើង​បាន​គង់នៅ​ជាមួយ​នឹង​ព្រះ​វរបិតា​ចាប់​ពី​ដើមដំបូង​មក​ម្ល៉េះ។ យើង​គង់នៅ​ក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​គង់នៅ​ក្នុង​យើង ហើយ​នៅ​ក្នុង​យើង នោះ​ព្រះ​វរបិតា​បាន​សរសើរ​តម្កើង​ដល់​ព្រះ​នាម​ទ្រង់។

១៦យើង​បាន​មក​រក​រាស្ត្រ​យើង តែ​រាស្ត្រ​យើង​មិន​បាន​ទទួល​យើង​សោះ។ ហើយ​បទគម្ពីរ​ទាំង​ឡាយ​ដែល​ស្ដី​អំពី​ការ​យាង​មក​របស់​យើង នោះ​ត្រូវ​បាន​បំពេញ​ហើយ។

១៧ហើយ​អស់​អ្នក​ណា​ដែល​បាន​ទទួល​យើង អ្នក​នោះ​ហើយ​ដែល​យើង​បាន​ឲ្យ​ក្លាយ​ទៅ​ជា​កូន​ព្រះ ហើយ​ដូច​គ្នា​នេះ យើង​ក៏​នឹង​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​នាម​របស់​យើង ត្បិត​មើល​ចុះ ដោយ​សារ​យើង ទើប​មាន​សេចក្ដី​ប្រោស​លោះ​កើត​ឡើង ហើយ​នៅ​ក្នុង​យើង នោះ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ។

១៨យើង​គឺជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក។ យើង​គឺជា​អាល​ផា និង​អូមេកា គឺជា​ដើម ហើយ​ជា​ចុង។

១៩ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ការ​ខ្ចាយ​ឈាម​ទៀត​ទេ មែន​ហើយ យញ្ញ​បូជា និង​ដង្វាយ​ដុត​ទាំង​ឡាយ​របស់​អ្នក​នឹង​ត្រូវ​ចោល ត្បិត​យើង​មិន​ទទួល​យញ្ញ​បូជា​ទាំង​ឡាយ​របស់​អ្នក និង​ដង្វាយ​ដុត​ទាំង​ឡាយ​របស់​អ្នក​ឡើយ។

២០ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប​វិញ។ ហើយ​អស់​អ្នក​ណា​ដែល​មក​រក​យើង ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដូច​គ្នា​នឹង​ពួក​សាសន៍​លេមិន​ដែរ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួក​គេ​ជឿ​ដល់​យើង នៅ​ក្នុង​ពេល​នៃ​ការ​ប្រែចិត្ត​ជឿ​របស់​គេ នោះ​ត្រូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ពួក​គេ​ពុំ​បាន​ដឹង​ទេ។

២១មើល​ចុះ យើង​បាន​មក​ឯ​លោកិយ ដើម្បី​នាំ​សេចក្ដី​ប្រោស​លោះ​មក​ដល់​ពិភពលោក គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក​ពី​បាប។

២២ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​មក​រក​យើង ដូច​ជា​កូន​ក្មេង​តូច​ម្នាក់ អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ទទួល ត្បិត​នគរ​របស់​ព្រះ​ជា​របស់​ផង​អ្នក​នោះ។ មើល​ចុះ ជំនួស​អ្នក​ទាំង​នោះ​ហើយ​ដែល​យើង​បាន​ប្ដូរ​ជីវិត​របស់​យើង ហើយ​បាន​យក​ជីវិត​យើង​ឡើង​វិញ ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រែចិត្ត ហើយ​មក​រក​យើង ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​បាន​សង្គ្រោះ​ចុះ៕