ជំពូកទី ២៤
ពួកលេមិនមកទាស់នឹងរាស្ត្រនៃព្រះ — ពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃបានអររីករាយនៅក្នុងព្រះគ្រីស្ទ ហើយពួកទេវតាបានមកជួបពួកគេ — ពួកគេសុខចិត្តស៊ូទ្រាំដល់ស្លាប់ជាជាងការពារខ្លួន — មានពួកលេមិនថែមទៀតប្រែចិត្តជឿ។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុន និងពួកសាសន៍លេមិន ដែលនៅលើដែនដីអាមូឡុន និងលើដែនដីហេឡាមផង និងពួកជនដែលលើដែនដីយេរូសាឡិម ហើយសរុបសេចក្ដីមក គឺនៅអស់ទាំងដែនដីព័ទ្ធជុំវិញ ដែលមិនទាន់បានប្រែចិត្តជឿ ហើយដែលមិនទាន់បានលើកយកឈ្មោះ អាន់តៃ-នីហ្វៃ-លីហៃ ត្រូវពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុនចាក់រុកឲ្យខឹងនឹងបងប្អូនគេ។
២ហើយសេចក្ដីស្អប់ដែលគេមានចំពោះបងប្អូនគេនោះ បានក្លាយទៅមានទំហំធំពន់ប្រមាណ គឺដរាបដល់គេបានចាប់ផ្ដើមបះបោរទាស់នឹងស្ដេចរបស់គេ ដរាបដល់ពួកគេមិនចង់ឲ្យទ្រង់ធ្វើជាស្ដេចរបស់គេឡើយ ហេតុដូច្នេះហើយ ពួកគេបានកាន់អាវុធប្រឆាំងនឹងប្រជាជនអាន់តៃ-នីហ្វៃ-លីហៃ។
៣ឥឡូវនេះ ស្ដេចបានប្រគល់នគរឲ្យទៅបុត្រទ្រង់ ហើយទ្រង់បានឲ្យនាមបុត្រថា អាន់តៃ-នីហ្វៃ-លីហៃ។
៤ហើយស្ដេចបានសុគតទៅនៅក្នុងឆ្នាំនោះឯង ដែលពួកលេមិនបានចាប់ផ្ដើមរៀបចំធ្វើសង្គ្រាមតទល់នឹងរាស្ត្រនៃព្រះ។
៥ឥឡូវនេះ ពេលអាំម៉ូន និងបងប្អូនលោក និងអស់អ្នកដែលបានឡើងមកជាមួយលោក បានឃើញការរៀបចំរបស់ពួកលេមិន ដើម្បីមកបំផ្លាញបងប្អូនរបស់គេបង់ នោះពួកគេបានធ្វើដំណើរមកដល់ដែនដីម៉ាឌាន ហើយនៅទីនោះ អាំម៉ូនបានជួបនឹងបងប្អូនលោកទាំងអស់គ្នា ហើយចាប់ពីទីនោះមក ពួកគេបានមកឯដែនដីអ៊ីសម៉ាអែល ដើម្បីគេអាចមានការប្រឹក្សាជាមួយនឹងឡាម៉ូណៃ ព្រមទាំងជាមួយនឹងអនុជរបស់ទ្រង់ គឺអាន់តៃ-នីហ្វៃ-លីហៃ អំពីអ្វីដែលគេត្រូវធ្វើ ដើម្បីការពារខ្លួនទប់ទល់នឹងពួកលេមិន។
៦ឥឡូវនេះ គ្មាននរណាម្នាក់សោះក្នុងចំណោមប្រជាជនទាំងអស់ ដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ចង់លើកអាវុធប្រឆាំងនឹងបងប្អូនគេឡើយ ពួកគេក៏មិនទាំងចង់រៀបចំធ្វើសង្គ្រាមដែរ មែនហើយ ហើយស្ដេចរបស់គេក៏បានបញ្ជាពួកគេថា គេមិនត្រូវធ្វើដូច្នោះដែរ។
៧ឥឡូវនេះ នេះហើយគឺជាពាក្យដែលទ្រង់មានបន្ទូលទៅកាន់ប្រជាជនអំពីរឿងនេះថា ៖ ឱប្រជាជនជាទីស្រឡាញ់របស់យើងអើយ យើងសូមអរព្រះគុណដល់ព្រះរបស់យើង ដែលព្រះដ៏មហិមានៃយើងនៅក្នុងសេចក្ដីល្អសប្បុរស បានចាត់ឲ្យបងប្អូនយើងទាំងឡាយ គឺសាសន៍នីហ្វៃទាំងនេះមករកយើងរាល់គ្នា ដើម្បីមកផ្សាយដល់យើង ហើយដើម្បីបរិវត្តយើងអំពីសណ្ដាប់ទាំងឡាយរបស់ពួកអយ្យកោដ៏ទុច្ចរិតរបស់យើង។
៨ហើយមើលចុះ យើងសូមអរព្រះគុណដល់ព្រះដ៏មហិមារបស់យើង ដែលបានប្រទានដល់យើងរាល់គ្នានូវចំណែកនៃព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីបន្ទន់ចិត្តយើង ដែលបានធ្វើឲ្យយើងបើកការទាក់ទងជាមួយនឹងបងប្អូនយើង គឺពួកសាសន៍នីហ្វៃ។
៩ហើយមើលចុះ យើងក៏សូមអរព្រះគុណដល់ព្រះរបស់យើង ដោយបានបើកឲ្យមានការទាក់ទងនេះហើយ ទើបយើងត្រូវបានបរិវត្ត ពីអំពើបាបទាំងឡាយរបស់យើង និងអំពើឃាតកម្មជាច្រើន ដែលយើងបានប្រព្រឹត្ត។
១០ហើយយើងក៏សូមអរព្រះគុណដល់ព្រះរបស់យើង មែនហើយ ព្រះដ៏មហិមារបស់យើង ដែលទ្រង់បានអនុញ្ញាតឲ្យយើងទាំងឡាយអាចប្រែចិត្តពីការណ៍ទាំងនេះ ព្រមទាំងបានអភ័យទោសឲ្យយើងរាល់គ្នាចំពោះអំពើបាប និងអំពើឃាតកម្មដ៏ច្រើនរបស់យើង ដែលយើងបានប្រព្រឹត្ត ហើយបានដកយកទោសចេញពីក្នុងចិត្តយើង តាមរយៈបុណ្យគុណទាំងឡាយនៃព្រះរាជបុត្រារបស់ទ្រង់។
១១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទាំងឡាយរបស់យើងអើយ ការណ៍ទាំងអស់នេះហើយដែលយើងរាល់គ្នាអាចធ្វើ (ព្រោះយើងជាអ្នកវង្វេងជាងគេបង្អស់នៅក្នុងចំណោមមនុស្សលោក) ដើម្បីប្រែចិត្តពីអំពើបាបទាំងអស់របស់យើង និងអំពើឃាតកម្មជាច្រើន ដែលយើងបានប្រព្រឹត្ត ហើយដើម្បីសូមឲ្យព្រះទ្រង់ដកយកអំពើទាំងនោះចេញពីចិត្តរបស់យើង ព្រោះមានតែការណ៍ទាំងនេះ ហើយដែលយើងអាចធ្វើ ដើម្បីប្រែចិត្តឲ្យបានល្មមគ្រប់គ្រាន់ចំពោះព្រះ ដើម្បីទ្រង់នឹងដកស្នាមប្រឡាក់របស់យើងចេញ —
១២ឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់បំផុតរបស់យើងអើយ ដោយសារព្រះទ្រង់បានដកស្នាមប្រឡាក់របស់យើងរាល់គ្នាចេញ ហើយដាវរបស់យើងរាល់គ្នាបានក្លាយទៅជាជ្រះថ្លា នោះចូរយើងកុំធ្វើឲ្យដាវយើងរាល់គ្នាប្រឡាក់ដោយឈាមរបស់បងប្អូនយើងទៀតឡើយ។
១៣មើលចុះ យើងប្រាប់អ្នករាល់គ្នាថា ទេ ចូរយើងរាល់គ្នារក្សាដាវយើងទុក ដើម្បីកុំឲ្យវាប្រឡាក់ដោយឈាមរបស់បងប្អូនយើងឡើយ ត្បិតប្រសិនបើយើងធ្វើឲ្យដាវយើងប្រឡាក់ម្ដងទៀត នោះវានឹងមិនអាចបានជំរះឲ្យជ្រះថ្លា តាមរយៈព្រះលោហិតនៃព្រះរាជបុត្រានៃព្រះដ៏មហិមារបស់យើងទៀតឡើយ ដែលនឹងត្រូវច្រួចចេញ ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយរបស់យើង។
១៤ហើយព្រះដ៏មហិមា ទ្រង់មានសេចក្ដីមេត្តាករុណាដល់យើងរាល់គ្នា ហើយបានធ្វើឲ្យយើងដឹងការណ៍ទាំងនេះ ដើម្បីកុំឲ្យយើងរាល់គ្នាត្រូវវិនាស មែនហើយ ហើយទ្រង់បានធ្វើឲ្យយើងដឹងការណ៍ទាំងនេះជាមុន ពីព្រោះទ្រង់ស្រឡាញ់ព្រលឹងយើងទាំងឡាយ ដូចជាទ្រង់ស្រឡាញ់កូនចៅរបស់យើងដែរ ហេតុដូច្នេះហើយ ដោយនូវសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះទ្រង់យាងមកពិនិត្យពិច័យយើង ដោយពួកទេវតារបស់ទ្រង់ ដើម្បីធ្វើឲ្យបានដឹងដល់យើង ព្រមទាំងដល់មនុស្សជំនាន់ក្រោយដែរ។
១៥ឱព្រះរបស់យើង ទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណាអ្វីម្ល៉េះ! ហើយឥឡូវនេះ មើលចុះ ដោយសារយើងរាល់គ្នាអាចធ្វើបានតែប៉ុណ្ណេះ ដើម្បីកម្ចាត់ស្នាមប្រឡាក់របស់យើងទាំងឡាយចេញ ហើយធ្វើឲ្យដាវរបស់យើងជ្រះថ្លា នោះចូរយើងលាក់វាទុក ដើម្បីឲ្យវានៅតែជ្រះថ្លា ទុកជាទីបន្ទាល់មួយដល់ព្រះរបស់យើងនៅថ្ងៃចុងក្រោយបង្អស់ ឬនៅថ្ងៃដែលយើងនឹងត្រូវបាននាំទៅឈរចំពោះទ្រង់ ដើម្បីទទួលការជំនុំជំរះថា យើងមិនបានធ្វើឲ្យដាវរបស់យើងប្រឡាក់ដោយឈាមរបស់បងប្អូនយើងឡើយ ចាប់ពីពេលដែលទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់យើង ហើយបានធ្វើឲ្យយើងជ្រះស្អាតដោយការណ៍នោះ។
១៦ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់យើងអើយ បើសិនជាបងប្អូនយើងស្វែងរកបំផ្លាញយើងរាល់គ្នាចោល មើលចុះ យើងនឹងលាក់ដាវរបស់យើងទុក មែនហើយ គឺយើងនឹងកប់វាឲ្យជ្រៅទៅក្នុងដីដើម្បីទុកឲ្យវាជ្រះថ្លា ទុកជាទីបន្ទាល់មួយនៅថ្ងៃចុងក្រោយបង្អស់ថា យើងមិនដែលបានប្រើវាឡើយ ហើយបើសិនជាបងប្អូនយើងបំផ្លាញយើងរាល់គ្នាបង់ មើលចុះ យើងទាំងឡាយនឹងទៅរកព្រះរបស់យើង ហើយនឹងបានសង្គ្រោះ។
១៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលស្ដេចបានបញ្ចប់នូវការនិយាយពាក្យទាំងនេះហើយ នោះប្រជាជនបានមកប្រជុំគ្នាទាំងអស់ ហើយពួកគេបានយកដាវរបស់គេ និងគ្រឿងសស្ត្រាវុធទាំងអស់ដែលប្រើសម្រាប់ការខ្ចាយឈាមមនុស្ស ហើយគេបានកប់វត្ថុទាំងនោះយ៉ាងជ្រៅទៅក្នុងដី។
១៨ហើយគេធ្វើការនេះ ដើម្បីទុកជាទីបន្ទាល់ចំពោះព្រះ និងចំពោះមនុស្សដែរថា គេនឹងពុំប្រើគ្រឿងសស្ត្រាវុធសម្រាប់ការខ្ចាយឈាមមនុស្សទៀតទេ ហើយគេធ្វើការនេះ ដើម្បីបញ្ជាក់ ហើយធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះថា ពួកគេនឹងលះបង់ជីវិតគេផ្ទាល់ជាជាងកំចាយឈាមបងប្អូនគេ ហើយគេនឹងឲ្យទៅបងប្អូនគេជាជាងយកពីបងប្អូនគេវិញ ហើយគេនឹងធ្វើការយ៉ាងសម្បើមដោយដៃគេផ្ទាល់ ជាជាងចំណាយពេលដោយខ្ជិលច្រអូស។
១៩ម្ល៉ោះហើយ យើងឃើញថា កាលពួកលេមិនទាំងនេះត្រូវបាននាំមកឲ្យជឿ ហើយស្គាល់ការពិត នោះពួកគេមានចិត្តរឹងប៉ឹង ហើយសុខចិត្តស៊ូទ្រាំដល់ស្លាប់ ជាជាងប្រព្រឹត្តអំពើបាប ម្ល៉ោះហើយ យើងឃើញថា គេកប់គ្រឿងសស្ត្រាវុធនៃសេចក្ដីសុខសាន្តរបស់គេ ឬគេកប់គ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេដើម្បីសេចក្ដីសុខសាន្ត។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកលេមិនដែលជាបងប្អូនគេ បានរៀបចំធ្វើសង្គ្រាម ហើយបានលើកទ័ពឡើងមកឯដែនដីនីហ្វៃ ដោយមានគោលបំណងមកបំផ្លាញស្ដេចចោល ហើយដើម្បីដាក់អ្នកផ្សេងជំនួសទ្រង់ ហើយព្រមទាំងបំផ្លាញប្រជាជន អាន់តៃ-នីហ្វៃ-លីហៃ ចេញពីដែនដី។
២១ឥឡូវនេះ កាលប្រជាជនបានឃើញថា ពួកគេកំពុងតែមកទាស់នឹងខ្លួនដូច្នោះ ពួកគេបានចេញទៅជួបគេ ហើយបានក្រាបទៅលើដីនៅខាងមុខគេ ហើយបានចាប់ផ្ដើមអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ម្ល៉ោះហើយ ពួកគេនៅក្នុងសភាពបែបនេះ ក្នុងកាលពួកលេមិនចាប់ផ្ដើមវាយសម្រុកមកលើពួកគេ ហើយបានចាប់ផ្ដើមសម្លាប់ពួកគេចោលដោយដាវ។
២២ម្ល៉ោះហើយ ដោយពុំជួបនឹងការប្រឆាំងតបវិញ នោះគេបានសម្លាប់ពួកគេអស់ចំនួនមួយពាន់ប្រាំនាក់ ហើយយើងដឹងថា ពួកគេបានទទួលព្រះពរ ព្រោះគេបានទៅនៅជាមួយនឹងព្រះរបស់គេហើយ។
២៣ឥឡូវនេះ កាលពួកលេមិនបានឃើញថា បងប្អូនគេមិនរត់គេចចេញពីមុខដាវ ឬក៏ងាកទៅឆ្វេង ឬស្ដាំទេ តែពួកគេបានសុខចិត្តដួលចុះ ហើយវិនាស ហើយសរសើរតម្កើងដល់ព្រះវិញ ទោះជាស្ថិតនៅក្នុងការវិនាសដោយមុខដាវក៏ដោយ —
២៤ឥឡូវនេះ កាលពួកលេមិនបានឃើញដូច្នោះ នោះពួកគេក៏ឈប់សម្លាប់គេទៅ ហើយមានមនុស្សជាច្រើនដែលមានចិត្តក្ដួលអាណិតមេត្តាដល់បងប្អូនគេ ដែលបានដួលនៅក្រោមផ្លែដាវ ព្រោះពួកគេបានប្រែចិត្តចំពោះការណ៍ទាំងឡាយ ដែលគេបានប្រព្រឹត្ត។
២៥ហើយហេតុការណ៍បានកើតឡើងថា គេបានបោះចោលគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់គេ ហើយគេមិនព្រមកាន់អាវុធទាំងនោះទៀតឡើយ ព្រោះគេមានការឈឺចាប់ចំពោះអំពើឃាតកម្មទាំងឡាយដែលគេបានប្រព្រឹត្ត ហើយគេបានដួលដូចបងប្អូនគេដែរ ដោយរំពឹងដល់សេចក្ដីមេត្តាករុណានៃពួកជន ដែលលើកដៃសម្លាប់គេចោល។
២៦ហើយហេតុការណ៍បានកើតឡើងថា ចំនួនមនុស្សដែលរួបរួមជាមួយនឹងរាស្ត្រនៃព្រះ មានច្រើនជាងចំនួនដែលត្រូវស្លាប់ ហើយពួកអ្នកដែលត្រូវគេសម្លាប់ គឺជាមនុស្សសុចរិត ហេតុដូច្នេះហើយ យើងគ្មានហេតុអ្វីដែលនាំឲ្យសង្ស័យថា ពួកគេពុំបានសង្គ្រោះនោះឡើយ។
២៧ហើយគ្មានមនុស្សទុច្ចរិតណាម្នាក់ត្រូវប្រហារនៅក្នុងចំណោមពួកនោះឡើយ ប៉ុន្តែមានមនុស្សចំនួនជាងមួយពាន់នាក់ត្រូវបាននាំមកឲ្យស្គាល់សេចក្ដីពិត ម្ល៉ោះហើយ យើងឃើញថា ព្រះអម្ចាស់ទ្រង់បានប្រើមធ្យោបាយច្រើនយ៉ាង ដើម្បីធ្វើការសង្គ្រោះដល់រាស្ត្រទ្រង់។
២៨ឥឡូវនេះ កងពលលេមិនច្រើន ដែលបានសម្លាប់បងប្អូនគេដ៏ច្រើននោះ គឺជាពួកសាសន៍អាម៉ាលេកៃ និងពួកសាសន៍អាមូឡុន ពួកនេះជាច្រើនគឺជាអ្នកដើរតាមរបៀបពួកនីហូរ។
២៩ឥឡូវនេះ នៅក្នុងចំណោមពួកអ្នកដែលចូលរួបរួមនឹងរាស្ត្រនៃព្រះ គ្មានពួកសាសន៍អាម៉ាលេកៃ ឬពួកសាសន៍អាមូឡុនទាល់តែសោះ ឬក៏គ្មានជនដែលដើរតាមរបៀបនីហូរឡើយ តែពួកគេគឺជាកូនចៅពិតប្រាកដរបស់លេមិន និងលេមយួល។
៣០ហើយដោយហេតុនេះ យើងអាចវែកញែកយ៉ាងច្បាស់ថា ក្រោយពីប្រជាជនមួយដែលធ្លាប់បានបំភ្លឺដោយព្រះវិញ្ញាណនៃព្រះ ហើយដែលធ្លាប់មានការចេះដឹងដ៏ច្រើនអំពីការណ៍ទាំងឡាយដែលទាក់ទងទៅនឹងសេចក្ដីសុចរិត តែបន្ទាប់មក បានធ្លាក់ទៅក្នុងអំពើបាប និងអំពើរំលង នោះពួកគេក្លាយទៅជារឹងរូសលើសលែងទៅទៀត ម្ល៉ោះហើយ ស្ថានភាពរបស់គេក្លាយទៅជាអាក្រក់ជាជាង បើគេមិនដែលបានស្គាល់ការណ៍ទាំងនេះទៅវិញ៕