ជំពូកទី ៤០
ព្រះគ្រីស្ទនាំមកនូវដំណើររស់ឡើងវិញដល់មនុស្សទាំងអស់ — ពួកសុចរិតដែលបានស្លាប់ទៅនឹងទៅឯស្ថានបរមសុខ ឯពួកទុច្ចរិតនឹងទៅឯភាពងងឹតខាងក្រៅ ដើម្បីរង់ចាំថ្ងៃនៃដំណើររស់ឡើងវិញ — នៅក្នុងដំណើររស់ឡើងវិញ នោះអ្វីៗទាំងអស់នឹងបានសាងទៅជារូបរាងដ៏ត្រឹមត្រូវ និងល្អឥតខ្ចោះឡើងវិញ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកចង់និយាយនឹងកូនថែមទៀត ព្រោះឪពុកយល់ឃើញថា កូនកំពុងខ្វល់នៅក្នុងគំនិតអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់។
២មើលចុះ ឪពុកប្រាប់កូនថា គ្មានដំណើររស់ឡើងវិញទេ ឬក៏ឪពុកចង់និយាយម្យ៉ាងទៀតថា រូបកាយដែលរមែងស្លាប់នេះ ពុំអាចប្រដាប់ដោយអមតភាពបានឡើយ ឯរូបកាយដ៏ពុករលួយនេះ ក៏ពុំអាចប្រដាប់ដោយភាពមិនពុករលួយបានដែរ — រហូតដល់ពេលក្រោយ ព្រះគ្រីស្ទយាងមកសិន។
៣មើលចុះ ទ្រង់នឹងនាំមកនូវដំណើររស់ឡើងវិញដល់មនុស្សស្លាប់។ ប៉ុន្តែមើលចុះ កូនប្រុសរបស់ឪពុកអើយ ដំណើររស់ឡើងវិញ នោះពុំទាន់មកដល់ទេ។ ឥឡូវនេះ ឪពុកបើកប្រាប់កូននូវការអាថ៌កំបាំងមួយ ទោះជាយ៉ាងណាក៏ដោយ គង់តែមានការអាថ៌កំបាំងជា ច្រើនដែលត្រូវរក្សាទុកដែលគ្មាននរណាដឹងក្រៅពីព្រះប៉ុណ្ណោះ។ ប៉ុន្តែ ឪពុកបង្ហាញដល់កូននូវការណ៍មួយ ដែលឪពុកបានព្យាយាមសាកសួរដល់ព្រះ ដើម្បីឲ្យឪពុកបានដឹង — គឺអំពីដំណើររស់ឡើងវិញ។
៤មើលចុះ មានពេលមួយដែលបានកំណត់ទុក សម្រាប់មនុស្សទាំងអស់ នឹងបានរស់ពីស្លាប់ឡើងវិញ។ ឥឡូវនេះ កាលណាពេលនោះនឹងមកដល់ នោះគ្មាននរណាដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាបនូវពេលដែលកំណត់ទុក។
៥ឥឡូវនេះ ទោះបីពេលដែលបានកំណត់ទុកនោះ មានម្ដង ពីរដង ឬបីដង ដើម្បីមនុស្សអាចរស់ពីស្លាប់ វាពុំមែនជាការណ៍អ្វីទេ ព្រោះព្រះទ្រង់ជ្រាបនូវការណ៍អស់ទាំងនេះហើយ ហើយឪពុកគ្រាន់តែដឹងថា ការណ៍នោះមែនពិត ក៏ជាការគ្រប់គ្រាន់ហើយ — គឺថា មានពេលមួយដែលបានកំណត់ទុក ដើម្បីឲ្យមនុស្សទាំងអស់អាចរស់ពីស្លាប់ឡើងវិញ។
៦ឥឡូវនេះ ត្រូវតែមានចន្លោះមួយ រវាងពេលនៃសេចក្ដីស្លាប់នឹងពេលនៃដំណើររស់ឡើងវិញ។
៧ហើយឥឡូវនេះ ឪពុកសួរថា តើព្រលឹងរបស់មនុស្សនៅក្នុងស្ថានភាពណា ចាប់ពីពេលនៃសេចក្ដីស្លាប់នេះ ទៅដល់ពេលដែលបានកំណត់ទុកសម្រាប់ដំណើររស់ឡើងវិញ?
៨ឥឡូវនេះ ទោះបីពេលដែលបានកំណត់ទុកសម្រាប់មនុស្សរស់ឡើងវិញនោះ មានច្រើនជាងមួយដង ក៏វាពុំជាការណ៍អ្វីដែរ ព្រោះមនុស្សទាំងអស់ ពុំមែនស្លាប់ព្រមគ្នាតែម្ដងទេ ហើយនេះក៏ពុំជាការណ៍អ្វីដែរ ទាំងអស់នេះទុកដូចជាមួយថ្ងៃសម្រាប់ព្រះ ឯពេលវេលារាប់សម្រាប់តែមនុស្សទេ។
៩ហេតុដូច្នេះហើយ មានពេលមួយដែលបានកំណត់ទុកដល់មនុស្ស ដើម្បីឲ្យគេរស់ពីស្លាប់ឡើងវិញ ហើយមានចន្លោះរវាងពេលនៃសេចក្ដីស្លាប់នឹងដំណើររស់ឡើងវិញ។ ហើយឥឡូវនេះ នៅក្នុងរយៈពេលនោះ តើព្រលឹងមនុស្សនឹងនៅក្នុងសភាពណា នោះជារឿងដែលឪពុកបានសូមដល់ព្រះអម្ចាស់យ៉ាងព្យាយាម ដើម្បីឲ្យបានដឹង ហើយនេះគឺជារឿងដែលឪពុកដឹង។
១០ហើយកាលណាដល់ពេល ដែលមនុស្សទាំងអស់ត្រូវរស់ឡើងវិញ ខណៈនោះ គេនឹងដឹងថា ព្រះទ្រង់ជ្រាបពេលទាំងអស់ ដែលបានកំណត់ដល់មនុស្ស។
១១ឥឡូវនេះ ស្ដីអំពីស្ថានភាពនៃព្រលឹងនៅក្នុងចន្លោះ រវាងសេចក្ដីស្លាប់នឹងដំណើររស់ឡើងវិញ — មើលចុះ មានទេវតាបានប្រាប់ឲ្យឪពុកដឹងថា វិញ្ញាណរបស់មនុស្សទាំងអស់នៅមួយរំពេចដែលចាកចេញពីរូបកាយសាច់ឈាមនេះទៅ មែនហើយ វិញ្ញាណរបស់មនុស្សទាំងអស់ ទោះគេល្អ ឬអាក្រក់ក្ដី នឹងបានត្រឡប់ទៅផ្ទះវិញ គឺទៅជួបនឹងព្រះដែលទ្រង់បានប្រទានជីវិតដល់គេ។
១២ហើយបន្ទាប់មក ហេតុការណ៍នឹងកើតឡើងថា វិញ្ញាណរបស់ពួកសុចរិត នឹងបានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ ដែលជាស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ត ជាកន្លែងដែលគេនឹងបានសម្រាកពីអស់ទាំងកង្វល់ ពីអស់ទាំងការបារម្ភ និងពីទុក្ខព្រួយ។
១៣ហើយបន្ទាប់មក ហេតុការណ៍នឹងកើតឡើងថា វិញ្ញាណនៃពួកទុច្ចរិត មែនហើយ គឺជាមនុស្សអាក្រក់ — ត្បិតមើលចុះ ពួកគេពុំមានចំណែក ឬនៃព្រះវិញ្ញាណនៃព្រះអម្ចាស់បន្តិចបន្តួចសោះ ត្បិតមើលចុះ គេបានរើសអំពើអាក្រក់ជាងអំពើល្អ ហេតុដូច្នេះហើយ វិញ្ញាណរបស់អារក្សបានចូលក្នុងពួកគេ ហើយធ្វើជាម្ចាស់នៃផ្ទះរបស់គេ — ហើយពួកមនុស្សទាំងនេះ នឹងត្រូវបោះចោលទៅភាពងងឹតខាងក្រៅ នៅទីនោះនឹងមានការយំសោក ការថ្ងូរ និងការសង្កៀតធ្មេញ ហើយនេះគឺដោយព្រោះអំពើទុច្ចរិតរបស់ពួកគេផ្ទាល់ ដែលទុកឲ្យអារក្សដឹកនាំទៅជាប់ឃុំឃាំងដោយទំនើងចិត្តវា។
១៤ឥឡូវនេះ នេះហើយគឺជាស្ថានភាពនៃព្រលឹងរបស់ពួកទុច្ចរិត មែនហើយ គឺនៅក្នុងសេចក្ដីងងឹត និងជាស្ថានភាពដ៏ស្ញើបស្ញែង រង់ចាំយ៉ាងភ័យខ្លាចនៃសេចក្ដីគ្នាន់ក្នាញ់ដ៏ឆួលឆាបនូវការពិរោធរបស់ព្រះមកលើពួកគេ ពួកគេត្រូវស្ថិតនៅក្នុងស្ថានភាពបែបនេះ នៅពេលដែលពួកសុចរិតនៅក្នុងស្ថានបរមសុខ រហូតដល់ពេលនៃដំណើររស់ឡើងវិញរបស់គេ។
១៥ឥឡូវនេះ មនុស្សខ្លះបានយល់ថា ស្ថានភាពនៃសុភមង្គល និងស្ថានភាពវេទនានៃព្រលឹងនេះនៅមុនដំណើររស់ឡើងវិញ គឺជាដំណើររស់ឡើងវិញទីមួយ។ មែនហើយ ឪពុកក៏ទទួលស្គាល់ថា នេះគួរតែហៅថា ដំណើររស់ឡើងវិញបាន គឺការប្រោសវិញ្ញាណ ឬព្រលឹង និងភាពរស់នៅ ទៅដល់សុភមង្គល ឬសេចក្ដីវេទនា ស្របតាមពាក្យទាំងឡាយដែលបាននិយាយមក។
១៦ហើយមើលចុះ ដូចដែលបាននិយាយហើយថា មានដំណើររស់ឡើងវិញជាលើកទីមួយ គឺជាដំណើររស់ឡើងវិញដល់ជនណាដែលបានរស់នៅ កំពុងរស់នៅ ឬនឹងរស់នៅក្នុងពេលអនាគត រហូតដល់ដំណើររស់ឡើងវិញ នៃព្រះគ្រីស្ទពីសេចក្ដីស្លាប់។
១៧ឥឡូវនេះ យើងពុំសន្និដ្ឋានថា ដំណើររស់ឡើងវិញលើកទីមួយ តាមរបៀបដែលទើបនិយាយមកនេះជាដំណើររស់ឡើងវិញនៃព្រលឹង និងភាពរស់នៅ ទៅដល់សុភមង្គល ឬសេចក្ដីវេទនាទេ។ កូនពុំអាចសន្និដ្ឋានថា ការណ៍នេះមានន័យដូច្នោះឡើយ។
១៨មើលចុះ ឪពុកនិយាយនឹងកូនថា ទេ ប៉ុន្តែវាមានន័យថា ការជួបជុំនៃព្រលឹងនឹងរូបកាយនៃជនទាំងឡាយ ចាប់តាំងពីជំនាន់លោកអ័ដាម រហូតដល់ដំណើររស់ឡើងវិញនៃព្រះគ្រីស្ទម្ល៉េះ។
១៩ឥឡូវនេះ ទោះបីព្រលឹង និងរាងកាយនៃជនទាំងឡាយ ដែលបាននិយាយដល់ នឹងបានជួបគ្នាឡើងវិញភ្លាមឬទេ ពួកទុច្ចរិត ក៏ដូចជាពួកសុចរិត នោះឪពុកពុំបាច់និយាយទេ ឪពុកគ្រាន់តែនិយាយថា មនុស្សទាំងអស់នឹងរស់ឡើងវិញ ឬនិយាយម្យ៉ាងទៀតថា ដំណើររស់ឡើងវិញរបស់អ្នកទាំងនេះនឹងកើតឡើង មុនពេលដំណើររស់ឡើងវិញ សម្រាប់ជនទាំងឡាយដែលស្លាប់ក្រោយដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ។
២០ឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកពុំនិយាយថា ដំណើររស់ឡើងវិញដល់គេ នឹងកើតឡើងព្រមគ្នានឹងដំណើររស់ឡើងវិញនៃព្រះគ្រីស្ទទេ ប៉ុន្តែមើលចុះ ឪពុកឲ្យយោបល់ថា ព្រលឹង និងរាងកាយនៃពួកសុចរិត នឹងបានរួបរួមគ្នាវិញ ព្រមគ្នានឹងដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ និងការយាងទៅស្ថានសួគ៌របស់ទ្រង់វិញ។
២១ប៉ុន្តែ ទោះបីនៅក្នុងពេលជាមួយគ្នានឹងដំណើររស់ឡើងវិញរបស់ទ្រង់ ឬក្រោយក្ដី នោះឪពុកពុំនិយាយទេ ប៉ុន្តែឪពុកនិយាយតែប៉ុណ្ណោះថា មានចន្លោះពេលមួយ រវាងសេចក្ដីស្លាប់នឹងដំណើររស់ឡើងវិញនៃរាងកាយ និងស្ថានភាពនៃព្រលឹងក្នុងសុភមង្គល ឬក្នុងសេចក្ដីវេទនា រហូតដល់ពេលដែលបានកំណត់ទុកដោយព្រះថា មនុស្សស្លាប់នឹងរស់ឡើងវិញ ហើយព្រលឹង និងរាងកាយនឹងបានជួបជុំគ្នាឡើងវិញ នឹងត្រូវនាំទៅឈរនៅចំពោះព្រះ ហើយទទួលការជំនុំជំរះ ស្របតាមកិច្ចការរបស់ខ្លួន។
២២មែនហើយ ការណ៍នេះនាំមកនូវការសាងឡើងវិញនូវអ្វីៗដែលបាននិយាយចេញពីមាត់នៃពួកព្យាការី។
២៣ព្រលឹងនឹងបានផ្គុំចូលទៅក្នុងរាងកាយ ឯរាងកាយ ក៏នឹងបានផ្គុំទៅនឹងព្រលឹង មែនហើយ អវយវៈទាំងអស់ និងគ្រប់សន្លាក់ឆ្អឹង ត្រូវបានផ្គុំទៅនឹងរាងកាយវិញ មែនហើយ ទាំងសក់មួយសរសៃនៅលើក្បាលក៏ពុំបាត់ដែរ ហើយអ្វីៗទាំងអស់នឹងបានសាងទៅជារូបរាងដ៏ត្រឹមត្រូវ និងល្អឥតខ្ចោះឡើងវិញ។
២៤ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ នេះហើយគឺការសាងឡើងវិញ ដូចដែលបាននិយាយចេញពីមាត់នៃពួកព្យាការី —
២៥ហើយបន្ទាប់មក មនុស្សសុចរិតនឹងចែងចាំងនៅក្នុងនគរព្រះ។
២៦ប៉ុន្តែមើលចុះ សេចក្ដីស្លាប់ដ៏គួរស្ញែងខ្លាច នឹងមកដល់ពួកទុច្ចរិត ព្រោះពួកគេស្លាប់ចំពោះអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត ព្រោះពួកគេឥតស្អាត ហើយគ្មានអ្វីដែលឥតស្អាត អាចគ្រងនគរព្រះទុកជាមរតកបានឡើយ ប៉ុន្តែគេនឹងត្រូវបណ្ដេញចេញ ហើយត្រូវផ្ដន្ទាទោសឲ្យទទួលនូវផលទាំងឡាយនៃកិច្ចការទាំងឡាយ ឬការងារទាំងឡាយរបស់ខ្លួន ដែលជាកិច្ចការអាក្រក់ ហើយគេនឹងផឹកនូវកាកនៃពែងល្វីងជូរចត់៕