ជំពូកទី ៤
មរ៉ូណៃត្រូវបានបញ្ជាឲ្យបិទត្រានូវការសរសេរទាំងឡាយរបស់បងរបស់យ៉ារេឌទុក — គឺមិនត្រូវបើកបង្ហាញឡើយ រហូតដល់មនុស្សមានសេចក្ដីជំនឿ ដូចជាបងរបស់យ៉ារេឌ — ព្រះគ្រីស្ទទ្រង់បញ្ជាមនុស្សឲ្យជឿដល់ព្រះបន្ទូលរបស់ទ្រង់ និងពាក្យសម្ដីរបស់ពួកសិស្សរបស់ទ្រង់ផង — មនុស្សត្រូវបានបញ្ជាឲ្យប្រែចិត្ត ជឿដល់ដំណឹងល្អ ហើយនឹងបានសង្គ្រោះ។
១ហើយព្រះអម្ចាស់ ទ្រង់បានបញ្ជាទៅបងរបស់យ៉ារេឌឲ្យចុះពីលើភ្នំ ចេញពីវត្តមាននៃព្រះអម្ចាស់ ហើយសរសេរអំពីការណ៍ទាំងឡាយ ដែលលោកបានឃើញ ហើយការណ៍ទាំងនោះត្រូវបានហាមមិនឲ្យដឹងដល់កូនចៅមនុស្សឡើយ រហូតដល់ក្រោយពេលដែលទ្រង់នឹងត្រូវលើកឡើងលើឈើឆ្កាង ហើយដោយហេតុនេះ ទើបស្ដេចម៉ូសាយបានរក្សាការណ៍ទាំងនោះទុក ដើម្បីកុំឲ្យការណ៍ទាំងនោះដឹងដល់មនុស្សលោក រហូតដល់ក្រោយពេលដែលព្រះគ្រីស្ទនឹងបង្ហាញរូបអង្គទ្រង់ដល់រាស្ត្រទ្រង់។
២ហើយបន្ទាប់ពីព្រះគ្រីស្ទពិតជាបានបង្ហាញរូបអង្គទ្រង់ដល់រាស្ត្រទ្រង់ នោះទ្រង់បានបញ្ជាថា ការណ៍ទាំងនោះត្រូវតែសម្ដែងឲ្យដឹង។
៣ហើយឥឡូវនេះ បន្ទាប់ពីនោះមក ពួកគេទាំងអស់ចុះអន់ថយក្នុងការឥតជំនឿ ហើយគ្មានអ្នកណាឡើយ ក្រៅពីពួកសាសន៍លេមិនប៉ុណ្ណោះ ហើយពួកគេបានបដិសេធដំណឹងល្អនៃព្រះគ្រីស្ទ ហេតុដូច្នេះហើយ ខ្ញុំត្រូវបានបញ្ជាថា ខ្ញុំត្រូវលាក់វត្ថុទាំងនោះទុកនៅក្នុងដីទៀត។
៤មើលចុះ ខ្ញុំបានសរសេរនៅលើផ្ទាំងទាំងនេះ នូវការណ៍ទាំងឡាយនោះដែលបងរបស់យ៉ារេឌបានឃើញ ហើយពុំដែលមានការណ៍អ្វីធំជាងនេះ ដែលបានសម្ដែងឲ្យឃើញជាងការណ៍ទាំងនោះ ដែលត្រូវបានសម្ដែងឲ្យឃើញដល់បងរបស់យ៉ារេឌនោះទេ។
៥ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំ ឲ្យសរសេរអំពីការណ៍ទាំងនោះ ហើយខ្ញុំបានសរសេរអំពីការណ៍ទាំងនោះ។ ហើយទ្រង់បានបញ្ជាខ្ញុំថា ខ្ញុំត្រូវបិទទុក ហើយទ្រង់ក៏បានបញ្ជាថា ខ្ញុំត្រូវបិទគ្រឿងបកប្រែទុកផង ហេតុដូច្នោះហើយ ខ្ញុំបានបិទប្រដាប់បកប្រែទុក ស្របតាមព្រះបញ្ញត្តិនៃព្រះអម្ចាស់។
៦ត្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ៖ ការណ៍ទាំងនោះពុំត្រូវទៅដល់ពួកសាសន៍ដទៃឡើយ រហូតដល់ថ្ងៃដែលពួកគេនឹងប្រែចិត្តពីអំពើទុច្ចរិតរបស់ពួកគេ ហើយក្លាយទៅជាស្អាតស្អំនៅចំពោះព្រះអម្ចាស់។
៧ហើយនៅថ្ងៃនោះ ពួកគេនឹងអនុវត្តសេចក្ដីជំនឿជឿដល់យើង ព្រះអម្ចាស់មានព្រះបន្ទូលថាដូច្នេះ គឺដូចដែលបងរបស់យ៉ារេឌបានធ្វើ ដើម្បីឲ្យពួកគេអាចក្លាយទៅជាបរិសុទ្ធក្នុងយើង នៅពេលនោះ យើងនឹងសម្ដែងដល់ពួកគេនូវការណ៍ទាំងឡាយ ដែលបងរបស់យ៉ារេឌបានឃើញ ព្រមទាំងលាតត្រដាងដល់ពួកគេនូវវិវរណៈទាំងអស់របស់យើង នេះគឺជាព្រះបន្ទូលនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ គឺជាព្រះវរបិតានៃស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើដែលនៅទីនោះ។
៨ហើយអ្នកណាដែលនឹងតតាំងទាស់នឹងព្រះបន្ទូលនៃព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្ដាសាចុះ ហើយអ្នកណាដែលនឹងបដិសេធការណ៍ទាំងនេះ ចូរឲ្យអ្នកនោះត្រូវបណ្ដាសាចុះ ត្បិតយើងនឹងពុំបង្ហាញអ្វីដែលធំជាងនេះដល់ពួកគេឡើយ ព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះបន្ទូលថាដូច្នោះ ត្បិតយើងនេះហើយដែលបាននិយាយ។
៩ហើយតាមបញ្ជារបស់យើង នោះផ្ទៃមេឃត្រូវបានបើក ហើយបិទ ហើយតាមពាក្យរបស់យើង នោះផែនដីនឹងកក្រើក ហើយតាមបញ្ជារបស់យើង នោះបណ្ដាជននៅទីនោះនឹងស្លាប់ទៅ ដូចត្រូវភ្លើងឆេះ។
១០ហើយអ្នកណាដែលមិនជឿពាក្យរបស់យើង នោះមិនជឿពួកសិស្សរបស់យើងទេ ហើយប្រសិនបើយើងមិននិយាយទេ ចូរអ្នករាល់គ្នាវិនិច្ឆ័យចុះ ត្បិតអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយដែលបាននិយាយនៅថ្ងៃចុងក្រោយបង្អស់។
១១ប៉ុន្តែអ្នកណាដែលជឿដល់ការណ៍ទាំងនេះ ដែលយើងបាននិយាយ គឺអ្នកនោះហើយដែលយើងនឹងមកជួប ដោយសម្ដែងនូវវិញ្ញាណរបស់យើង ហើយអ្នកនោះនឹងដឹង ហើយធ្វើបន្ទាល់។ ព្រោះដោយសារវិញ្ញាណរបស់យើង អ្នកនោះនឹងដឹងថា ការណ៍ទាំងនេះពិត ត្បិតការណ៍ទាំងនេះបញ្ចុះបញ្ចូលឲ្យមនុស្សធ្វើល្អ។
១២ហើយអ្វីក៏ដោយ ដែលបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើល្អ គឺមកពីយើង ត្បិតសេចក្ដីល្អមិនមកពីអ្នកណាក្រៅពីយើងឡើយ។ យើងគឺជាតួអង្គដដែល ដែលបានដឹកនាំមនុស្សទៅដល់អស់ទាំងសេចក្ដីល្អ អ្នកណាដែលនឹងពុំជឿពាក្យរបស់យើង នោះនឹងពុំជឿយើង — ថាយើងជាព្រះឡើយ ហើយអ្នកណាដែលនឹងពុំជឿយើង នោះនឹងពុំជឿដល់ព្រះវរបិតា ដែលបានចាត់ឲ្យយើងមកទេ។ ត្បិតមើលចុះ យើងគឺជាព្រះវរបិតា យើងជាពន្លឺ និងជាជីវិត ហើយជាសេចក្ដីពិតនៃពិភពលោក។
១៣ចូរមករកយើង ឱពួកអ្នករាល់គ្នាជាសាសន៍ដទៃអើយ ហើយយើងនឹងបង្ហាញដល់អ្នករាល់គ្នានូវការណ៍ទាំងឡាយដ៏ធំលើសលែងទៅទៀត គឺការចេះដឹងដែលត្រូវលាក់ទុក ដោយសារការឥតជំនឿ។
១៤ចូរមករកយើង ឱអ្នករាល់គ្នាជាវង្សអ៊ីស្រាអែលអើយ ហើយអ្នករាល់គ្នានឹងត្រូវបានសម្ដែងឲ្យឃើញនូវការណ៍ដ៏មហិមាទាំងឡាយ ដែលព្រះវរបិតាទ្រង់បានសន្សំទុកឲ្យអ្នក ចាប់តាំងពីកំណើតលោកិយមក ហើយគឺពុំទាន់បានមកអ្នករាល់គ្នាទេ ដោយសារការឥតជំនឿ។
១៥មើលចុះ កាលណាអ្នករាល់គ្នាហែកវាំងនននៃការឥតជំនឿនោះ ដែលធ្វើឲ្យអ្នកជាប់នៅក្នុងស្ថានភាពនៃភាពទុច្ចរិត និងការរឹងរូសនៃចិត្ត និងសេចក្ដីងងឹតនៃគំនិតរបស់អ្នក នៅពេលនោះ ការណ៍ដ៏ធំ និងអស្ចារ្យទាំងឡាយ ដែលត្រូវបានលាក់ទុកពីអ្នក ចាប់តាំងពីកំណើតលោកិយមក — មែនហើយ កាលណាអ្នករាល់គ្នានឹងអំពាវនាវដល់ព្រះវរបិតាដោយនូវនាមយើង ដោយចិត្តសង្រេង និងវិញ្ញាណទន់ទាប នៅពេលនោះ អ្នករាល់គ្នានឹងដឹងថា ព្រះវរបិតានឹកចាំដល់សេចក្ដីសញ្ញាដែលទ្រង់បានធ្វើដល់ពួកអយ្យកោអ្នក ឱវង្សអ៊ីស្រាអែលអើយ។
១៦ហើយពេលនោះ ទើបវិវរណៈទាំងឡាយរបស់យើង ដែលយើងបានប្រើឲ្យសរសេរដោយយ៉ូហាន ដែលជាអ្នកបម្រើរបស់យើង ត្រូវលាតត្រដាងនៅចំពោះភ្នែកនៃប្រជាជនទាំងអស់។ ចូរចាំចុះថា កាលណាអ្នករាល់គ្នា ឃើញការណ៍ទាំងនេះ នោះអ្នករាល់គ្នា នឹងដឹងថា ពេលនោះនៅជិតដៃបង្កើយ ដែលការណ៍ទាំងនោះនឹងត្រូវបានសម្ដែងសព្វគ្រប់។
១៧ហេតុដូច្នេះហើយ កាលណាអ្នករាល់គ្នានឹងទទួលបញ្ជីនេះ នោះអ្នករាល់គ្នាអាចដឹងថា កិច្ចការរបស់ព្រះវរបិតាបានចាប់ផ្ដើមឡើងនៅលើអស់ទាំងផ្ទៃដែនដី។
១៨ហេតុដូច្នេះហើយ ចូរប្រែចិត្តចុះ អស់អ្នករាល់គ្នានៅចុងផែនដីអើយ ហើយមករកយើង ហើយជឿដល់ដំណឹងល្អរបស់យើង ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ត្បិតអ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ ប៉ុន្តែអ្នកណាដែលមិនជឿ នោះនឹងត្រូវជាប់ទោស ហើយទីសម្គាល់ទាំងឡាយនឹងទៅតាមពួកគេដែលជឿដល់នាមយើង។
១៩មានពរហើយ អ្នកណាដែលឃើញថាមានចិត្តស្មោះត្រង់ចំពោះនាមយើងនៅថ្ងៃចុងក្រោយបង្អស់ ត្បិតអ្នកនោះនឹងត្រូវបានតម្កើងឡើងឲ្យរស់នៅក្នុងនគរ ដែលរៀបចំឡើងសម្រាប់អ្នកនោះ ចាប់តាំងពីកំណើតលោកិយមក។ ហើយមើលចុះ គឺយើងនេះហើយដែលបាននិយាយ។ អាម៉ែន៕