ព្រះគម្ពីរ
មរ៉ូណៃ 9


សំបុត្រ​ទី​ពីរ​នៃ​មរមន មក​ដល់​មរ៉ូណៃ ជា​កូន​ប្រុស​របស់​លោក។

មាន​នៅ​ក្នុង​ជំពូក​ទី ៩។

ជំពូក​ទី ៩

ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន កំពុងតែ​ពុករលួយ ហើយ​ចុះ​អន់ថយ — ពួក​គេ​ធ្វើ​ទោស ហើយ​ធ្វើ​ឃាត​គ្នា​ទៅ​វិញ​ទៅ​មក — មរមន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​គុណ និង​សេចក្ដី​ល្អ ស្ថិតស្ថេរ​នៅ​នឹង​មរ៉ូណៃ​រហូត​ត​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ឱ​កូន​ប្រុស​សម្លាញ់​របស់​ឪពុក​អើយ ឪពុក​សរសេរ​សំបុត្រ​មក​កូន​ទៀត ដើម្បី​ឲ្យ​កូន​ដឹង​ថា ឪពុក​នៅ​រស់​នៅ​ឡើយ ប៉ុន្តែ​ឪពុក​នឹង​សរសេរ​អំពី​ការណ៍​ខ្លះ ដែល​ប្រកប​ទៅ​ដោយ​ក្ដី​ទុក្ខ​ព្រួយ។

ត្បិត​មើល​ចុះ ឪពុក​ទើប​តែ​មាន​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​មួយ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន តែ​នៅ​ក្នុង​ការ​ប្រយុទ្ធ​នោះ ពួក​យើង​គ្មាន​ជ័យ​ជម្នះ​ទេ ហើយ​អើគេអានទុស ត្រូវ​ដួល​ស្លាប់​ដោយ​ផ្លែ​ដាវ ព្រម​ទាំង​លូរាំ និង​អែមរ៉ុន​ផង មែន​ហើយ ហើយ​ពួក​យើង​ត្រូវ​បាត់បង់​មនុស្ស​ដ៏​ចំណាន​របស់​យើង​មួយ​ចំនួន​ធំ។

ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ខ្លាចក្រែង​ពួក​សាសន៍​លេមិន​នឹង​បំផ្លាញ​ប្រជាជន​នេះ​ចោល​ទៅ ត្បិត​ពួក​គេ​ពុំ​ប្រែ​ចិត្ត​សោះ ឯ​អារក្ស​សាតាំង​វា​ចេះតែ​ចាក់​រុក​ពួក​គេ​ដ៏​ឥត​ឈប់​ឈរ​ឲ្យ​មាន​កំហឹង​ខឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

មើល​ចុះ ឪពុក​មាន​ការ​នឿយហត់​ជាមួយ​នឹង​ពួក​គេ​រហូត ហើយ​កាល​ឪពុក​ពោល​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​ដោយ​តឹង​រឹង នោះ​ពួក​គេ​ក៏​ញ័រ​រន្ធត់ ហើយ​មាន​កំហឹង​ខឹង​នឹង​ឪពុក ហើយ​កាល​ឪពុក​ពុំ​ប្រើ​ពាក្យ​តឹង​រឹង នោះ​ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ទៅ​វិញ ហេតុ​ដូច្នោះ​ហើយ ឪពុក​ខ្លាចក្រែង​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​ឈប់​តស៊ូ​នៅ​ជាមួយ​នឹង​ពួក​គេ​ហើយ។

ត្បិត​ពួក​គេ​មាន​កំហឹង​ជា​អតិបរមា រហូត​ដល់​ឪពុក​យល់​ថា ពួក​គេ​ពុំ​ខ្លាច​ស្លាប់​ឡើយ ហើយ​ពួក​គេ​អត់​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពួក​គេ​មាន​ការ​ស្រេក​ឈាម និង​សងសឹក​គ្នា​ឥត​ឈប់​ឈរ​សោះ។

ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​សម្លាញ់​របស់​ឪពុក​អើយ ទោះ​បី​ពួក​គេ​មាន​ចិត្ត​រឹងរូស​យ៉ាង​ណា​ក៏​ដោយ ក៏​ចូរ​យើង​ព្យាយាមធ្វើ​ការ​ចុះ ត្បិត​បើ​សិន​ជា​យើង​ឈប់​ខិតខំ នោះ​យើង​នឹង​ត្រូវ​បាន​នៅ​ក្រោម​ការ​កាត់ទោស ត្បិត​យើង​មាន​ការណ៍​មួយ​សម្រាប់​ធ្វើ នៅ​ពេល​យើង​នៅ​ក្នុង​រោង​ឧបោសថ​ឥដ្ឋ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈ្នះ​លើ​ខ្មាំងសត្រូវ នៃ​អស់​ទាំង​សេចក្ដី​សុចរិត ឯ​ព្រលឹង​របស់​យើង​នឹង​សម្រាក​នៅ​ក្នុង​នគរ​ព្រះ។

ហើយ​ឥឡូវ​នេះ ឪពុក​សរសេរ​អំពី​ការ​វេទនា​ទាំង​ឡាយ នៃ​ប្រជាជន​នេះ​ខ្លះ។ ត្បិត​ស្រប​តាម​ដំណឹង​ដែល​ឪពុក​បាន​ទទួល​ពី​អ័ម៉ូរ៉ុន មើល​ចុះ ពួក​សាសន៍​លេមិន​មាន​ឈ្លើយ​សឹក​ជា​ច្រើន ដែល​ពួក​គេ​ចាប់​មក​ពី​ប៉ម​សើរីសា ហើយ​មាន​ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេងៗ​ផង។

រីឯ​ពួក​ប្ដី និង​ពួក​ឪពុក​នៃ​ពួក​ស្ត្រី និង​ពួក​កូន​ក្មេង​ទាំង​នោះ ត្រូវ​ពួក​គេ​សម្លាប់​ចោល ហើយ​ពួក​គេ​យក​សាច់​របស់​ប្ដីៗ មក​ឲ្យ​ពួក​ស្ត្រី​ទាំង​នោះ​ធ្វើ​ជា​អាហារ ឯ​សាច់​របស់​ឪពុក មក​ឲ្យ​កូន​ក្មេង​ទាំង​នោះ​ធ្វើ​ជា​អាហារ​ដែរ ហើយ​គេ​ពុំ​ឲ្យ​ទឹក​ទេ គឺ​ឲ្យ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ហើយ​ទោះ​បី​ពួក​សាសន៍​លេមិន បាន​ធ្វើ​អំពើ​គួរ​ខ្ពើម​ឆ្អើម​យ៉ាង​ធ្ងន់​ដូច្នេះ​ក៏​ដោយ គង់តែ​ពុំ​ទាន់​ហួស​អំពើ​ដែល​ប្រជាជន​យើង​បាន​ធ្វើ​នៅ​ម៉ូរីអានទុម​ដែរ។ ត្បិត​មើល​ចុះ មាន​កូន​ស្រី​ជា​ច្រើន​របស់​ពួក​សាសន៍​លេមិន ត្រូវ​បាន​ចាប់​យក​ទៅ​ជា​ឈ្លើយ ហើយ​បន្ទាប់​ពី​បាន​យក​ពី​ពួក​ស្ត្រី​ទាំង​នេះ​នូវ​អ្វី​ដែល​មាន​តម្លៃ និង​វិសេស​បំផុត​លើ​អ្វីៗ​ទាំង​អស់ គឺ​ព្រហ្មចារីភាព និង​បរិសុទ្ធ​ភាព —

១០ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​យ៉ាង​នេះ​ហើយ នោះ​ពួក​គេ​បាន​ធ្វើ​ឃាត​ពួក​ស្ត្រី​ទាំង​នោះ យ៉ាង​ឃោរឃៅ​បំផុត គឺ​ធ្វើ​ទុក្ខ​ដល់​រូប​កាយ​រហូត​ដល់​ស្លាប់ ហើយ​បន្ទាប់​ពី​បាន​ធ្វើ​យ៉ាង​នេះ​ហើយ នោះ​ពួក​គេ​បាន​ហែក​ស៊ីសាច់​កូន​ស្រី​ទាំង​នោះ ហាក់​បីដូច​សត្វ​សាហាវ ពី​ព្រោះ​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​យ៉ាង​នេះ ដើម្បី​ជា​សញ្ញា​ដល់​សេចក្ដី​ក្លាហាន​មួយ។

១១ឱ​កូន​ប្រុស​សម្លាញ់​របស់​ឪពុក​អើយ ម្ដេច​ក៏​ប្រជាជនទៅ​ជា​បែប​នេះ ដែល​គ្មាន​អារ្យធម៌​បន្តិចសោះ —

១២(ហើយ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ពួក​គេ​ជា​ប្រជាជន​មួយ ដែល​មាន​អារ្យធម៌ ហើយ​គួរ​ឲ្យ​ស្រឡាញ់)

១៣ប៉ុន្តែ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ម្ដេច​ក៏​ប្រជាជនទៅ​ជា​បែប​នេះ បែរជា​ចូល​ចិត្ត​ធ្វើ​អំពើ​គួរ​ខ្ពើម​ឆ្អើម​ជា​ខ្លាំងដូច្នេះ?

១៤ធ្វើ​ម្ដេច​ឲ្យ​ពួក​យើង​អាច​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ឃាត់​ទប់​ព្រះ​ហស្ត​ទ្រង់​ចំពោះ​សេចក្ដី​ជំនុំ​ជំរះ​ទាស់​នឹង​ពួក​យើង​បាន?

១៥មើល​ចុះ ចិត្ត​ឪពុក​ស្រែក​ឡើង​ថា ៖ វេទនា​ដល់​ប្រជាជន​នេះ។ ឱ​ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​បញ្ចេញ​សេចក្ដី​ជំនុំ​ជំរះ​ចុះ សូម​ព្រះ​អង្គ​បិទបាំង​នូវ​អំពើ​បាប អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ ចេញ​ពី​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ផង!

១៦ហើយ​ម្យ៉ាង​ទៀត កូន​ប្រុស​របស់​ឪពុក​អើយ មាន​ស្ត្រី​មេម៉ាយ និង​កូន​ស្រី​របស់​គេ​ជា​ច្រើន ដែល​នៅ​ឯ​សើរីសា ឯ​ចំណែក​ស្បៀង​អាហារ​ដែល​ពួក​លេមិន​ពុំ​បាន​នាំ​យក​ទៅ មើល​ចុះ ពួក​កងទ័ព​ស៊ី​នីហ្វៃ​បាន​នាំ​ទៅ ហើយ​ទុក​ឲ្យ​ពួក​គេ​ដើរ​គ្រប់​ទិសទី ស្វែងរក​អាហារ ហើយ​មាន​ស្ត្រី​ចាស់ៗ​ជា​ច្រើន បាន​ដួល​សន្លប់​នៅ​តាម​ផ្លូវ ហើយ​ស្លាប់​បង់។

១៧ឯ​កងទ័ព​ដែល​នៅ​ជាមួយ​នឹង​ឪពុក មាន​ភាព​ទន់ខ្សោយ ហើយ​ពល​ទ័ព​សាសន៍​លេមិន ស្ថិតនៅ​ចន្លោះ​រវាង​សើរីសា និង​ឪពុក ហើយ​អស់​អ្នក​ណា​ដែល​រត់​ចូល​ទៅ​ខាង​កងទ័ព​របស់​អើរ៉ុន ក៏​ត្រូវ​ដួល​រងគ្រោះ នៃ​អំពើ​ឃោរឃៅ​របស់​ពួក​គេ។

១៨ឱ​ប្រជាជន​របស់​ឪពុក​អើយ អន់ថយ​អ្វី​ម្ល៉េះ! ពួក​គេ​គ្មាន​របៀបរៀបរយ ហើយ​គ្មាន​សេចក្ដី​មេត្តាករុណា​ឡើយ។ មើល​ចុះ ឪពុក​គឺជា​មនុស្ស​ម្នាក់​តែ​ប៉ុណ្ណោះ ហើយ​ឪពុក​មាន​គ្រាន់តែ​កម្លាំង​នៃ​មនុស្ស​ម្នាក់ ហើយ​ឪពុក​ពុំ​អាច​បង្ខំ​ឲ្យ​ពួក​គេ​ស្ដាប់​តាម​បញ្ជា​របស់​ឪពុក​ត​ទៅ​ទៀត​ឡើយ។

១៩ហើយ​ពួក​គេ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ក្នុង​អំពើ​ខូច​អាក្រក់​របស់​គេ ហើយ​ពួក​គេ​ឃោរឃៅ​ដូច​គ្នា ពុំ​អត់ឱន​ឲ្យ​នរណា​មួយ​សោះ ទោះ​ចាស់ ឬ​ក្មេង ហើយ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វីៗ​សព្វ​យ៉ាង លើក​លែងតែ​អំពើ​ល្អ​ប៉ុណ្ណោះ ហើយ​ឯ​ការ​រង​ទុក្ខ​វេទនា​នៃ​ពួក​ស្ត្រី និង​ពួក​កូន​ក្មេង​របស់​យើង​នៅ​លើ​ដែនដី​នេះ នោះ​ធ្ងន់ធ្ងរ​លើស​អ្វីៗ​ទាំង​អស់ មែន​ហើយ គ្មាន​ភាសា​ឯណា​អាច​ថ្លែង​បាន ឬ​ក៏​អាច​សរសេរ​បាន​ឡើយ។

២០ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ឈប់​សរសេរ​វែងឆ្ងាយ​អំពី​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​នេះ​ហើយ។ មើល​ចុះ កូន​ដឹង​អំពី​ភាព​ទុច្ចរិត​នៃ​ប្រជាជន​នេះ​ហើយ កូន​ដឹង​ថា ពួក​គេ​គ្មាន​ក្រឹត្យ​វិន័យ​អ្វី ហើយ​មាន​ចិត្ត​វក់​វិញ រីឯ​អំពើ​ទុច្ចរិត​របស់​គេ នោះ​ធំ ជាង​ភាព​ទុច្ចរិត​របស់​ពួក​សាសន៍​លេមិន​ទៅ​ទៀត។

២១មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​អាច​ផ្ដាំផ្ញើ​ពួក​គេ​ដល់​ព្រះ​បាន​ឡើយ ក្រែង​ទ្រង់​នឹង​វាយ​ឪពុក។

២២ប៉ុន្តែ​មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ផ្ដាំផ្ញើ​កូន​ដល់​ព្រះ ហើយ​ឪពុក​ទុក​ចិត្ត​ដល់​ព្រះ​គ្រីស្ទ​ថា កូន​នឹង​ត្រូវ​បាន​សង្គ្រោះ ហើយ​ឪពុក​អធិស្ឋាន​ដល់​ព្រះ សូម​ឲ្យ​ទ្រង់​ទុក​ជីវិត​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​អាច​ធ្វើ​ជា​សាក្សី​ដល់​ការ​ងាក​បែរ​នៃ​រាស្ត្រ​របស់​ទ្រង់​មក​រក​ទ្រង់​វិញ ឬ​ក៏​ការ​បំផ្លិចបំផ្លាញ​សូន្យសុង​របស់​ពួក​គេ ត្បិត​ឪពុក​ដឹង​ថា ពួក​គេ​ត្រូវ​តែ​វិនាស លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ទ្រង់​វិញ។

២៣ហើយ​បើ​សិន​ជា​ពួក​គេ​វិនាស ក៏​ដូច​ជា​ពួក​សាសន៍​យ៉ារេឌ​ដែរ ពី​ព្រោះ​តែ​ចិត្ត​រឹងទទឹង ដោយ​ស្វែងរក​ការ​ខ្ចាយ​ឈាម និង​ការ​សង​សឹក។

២៤ហើយ​ប្រសិន​បើ​ពួក​គេ​វិនាស​មែន យើង​ដឹង​ថា មាន​ពួក​បង​ប្អូន​យើង​ជា​ច្រើន បាន​បែក​ចេញ​ពី​យើង​ទៅ​ចូល​ខាង​ពួក​សាសន៍​លេមិន ហើយ​បង​ប្អូន​ច្រើន​ទៀត នឹង​បែក​ចេញ​ពី​យើង ទៅ​ចូល​ខាង​ពួក​គេ​ដែរ ហេតុ​ដូច្នោះ​ហើយ ចូរ​កូន​សរសេរ​ការណ៍​ខ្លះ​ទៀត បើ​សិន​ជា​កូន​បាន​រួច​ជីវិត ហើយ​បើ​ឪពុក​នឹង​ត្រូវ​វិនាស​ទៅ​ដោយ​ពុំ​បាន​ជួប​កូន ប៉ុន្តែ​ឪពុក​ជឿ​ថា ឪពុក​នឹង​បាន ជួប​កូន​ក្នុង​ពេល​ឆាប់ៗ​នេះ ត្បិត​ឪពុក​មាន​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ ដែល​ឪពុក​ចង់​ប្រគល់​ឲ្យ​កូន។

២៥ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះ​គ្រីស្ទ​ចុះ ហើយ​សូម​កុំ​ឲ្យ​អ្វី​ដែល​ឪពុក​សរសេរ​នេះ ធ្វើ​ឲ្យ​កូន​កើតទុក្ខ​រហូត​ដល់​ស្លាប់​ឡើយ តែ​សូម​ឲ្យ​ព្រះ​គ្រីស្ទ​លើក​កូន​ឡើង ហើយ​សូម​សេចក្ដី​ស៊ូទ្រាំ និង​ការ​សុគត​របស់​ទ្រង់ និង​ការ​បង្ហាញ​ព្រះ​កាយ​ទ្រង់​ដល់​ពួក​អយ្យកោ​យើង និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ និង​ការ​អត់ធ្មត់ និង​សេចក្ដី​សង្ឃឹម​ចំពោះ​សិរី​ល្អ​របស់​ទ្រង់ និង​ចំពោះ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ស្ថិតនៅ​ក្នុង​គំនិត​របស់​កូនជា​រៀង​រហូត​ត​ទៅ។

២៦ហើយ​សូម​ព្រះ​គុណ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ដែល​គង់​លើ​បល្ល័ង្ក​ខ្ពស់​នៅ​ស្ថានសួគ៌ និង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​យើង ដែល​គង់នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ចេស្ដា​របស់​ទ្រង់ លុះ​ដល់​អ្វីៗ​សព្វ​សារពើ​នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ទ្រង់ សូម​ឲ្យ​បាន ហើយ​ស្ថិតស្ថេរ​នៅ​ជាមួយ​កូន​រហូត​ត​ទៅ​ចុះ។ អាម៉ែន៕