ជំពូកទី ២៨
ពួកបុត្រានៃម៉ូសាយទៅបង្រៀនសាសនាដល់ពួកសាសន៍លេមិន — ម៉ូសាយបកប្រែផ្ទាំងនៃសាសន៍យ៉ារេឌ ដោយប្រើត្បូងនៃអ្នកមើលឆុតទាំងពីរដុំ។ ប្រមាណជាឆ្នាំ ៩២ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកបុត្រានៃម៉ូសាយ បានធ្វើការណ៍អស់ទាំងនេះហើយ នោះពួកគេបាននាំមនុស្សមួយចំនួនតូចទៅជាមួយនឹងគេ ហើយបានត្រឡប់ទៅជួបបិតាខ្លួនដែលជាស្ដេចវិញ ហើយបានសូមឲ្យទ្រង់អនុញ្ញាតឲ្យគេ ជាមួយនឹងពួកមនុស្សដែលគេបានរើសនោះ ឡើងទៅឯដែនដីនីហ្វៃ ដើម្បីគេអាចបង្រៀននូវរឿងទាំងឡាយ ដែលគេបានឮ ហើយដើម្បីគេអាចចែករំលែកនូវព្រះបន្ទូលនៃព្រះទៅដល់បងប្អូនគេ គឺពួកសាសន៍លេមិន —
២ក្រែងគេអាចនាំឲ្យពួកគេស្គាល់ព្រះអម្ចាស់ ជាព្រះរបស់គេ ហើយបរិវត្តពួកគេអំពីសេចក្ដីទុច្ចរិតនៃពួកអយ្យកោគេ ហើយក្រែងគេអាចធ្វើឲ្យពួកគេបាត់ស្អប់ដល់ពួកសាសន៍នីហ្វៃ ដើម្បីគេអាចនាំឲ្យពួកគេបានអររីករាយនៅក្នុងព្រះអម្ចាស់ ជាព្រះរបស់គេផង ដើម្បីឲ្យពួកគេ អាចបានក្លាយទៅជាមិត្តសម្លាញ់ទៅវិញទៅមក ហើយដើម្បីកុំឲ្យមានការទាស់ទែងគ្នាតទៅទៀតនៅលើដែនដីទាំងអស់ ដែលព្រះអម្ចាស់ ជាព្រះរបស់គេបានប្រទានដល់គេ។
៣ឥឡូវនេះ ពួកគេមានបំណងចង់ប្រកាសប្រាប់ពីសេចក្ដីសង្គ្រោះដល់សត្វលោកគ្រប់រូប ព្រោះពួកគេពុំអាចទ្រាំឲ្យព្រលឹងមនុស្សណាម្នាក់ត្រូវវិនាសឡើយ មែនហើយ ទោះបីគ្រាន់តែគិតថា ព្រលឹងមនុស្សណាម្នាក់ត្រូវស៊ូទ្រាំនូវសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ ក៏ធ្វើឲ្យពួកគេញាក់ និងញ័រទៅហើយ។
៤ហើយព្រះវិញ្ញាណនៃព្រះអម្ចាស់បានប្រព្រឹត្តទៅលើពួកគេយ៉ាងដូច្នោះហើយ ត្បិតពួកគេធ្លាប់ជាមនុស្សអាក្រក់បំផុតក្នុងចំណោមមនុស្សដែលមានបាបទាំងឡាយ។ ហើយព្រះអម្ចាស់ទ្រង់បានទតឃើញនៅក្នុងសេចក្ដីមេត្តាករុណាដ៏និរន្តរ៍របស់ទ្រង់ថា ល្មមទុកជីវិតឲ្យពួកគេហើយ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេបានទ្រាំការសោកសៅដ៏ច្រើននៅក្នុងព្រលឹង ដោយព្រោះអំពើទុច្ចរិតទាំងឡាយរបស់គេបានរងទុក្ខវេទនាដ៏ច្រើន ហើយបានខ្លាចក្រែងពួកគេត្រូវបោះបង់ចោលរហូតតទៅ។
៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានសូមអង្វរបិតារបស់ខ្លួនអស់ជាច្រើនថ្ងៃ សូមឲ្យពួកគេអាចបានឡើងទៅដែនដីនីហ្វៃ។
៦ហើយស្ដេចម៉ូសាយបានទៅទូលសួរដល់ព្រះអម្ចាស់ថា តើទ្រង់ត្រូវឲ្យពួកបុត្រាទ្រង់ឡើងទៅក្នុងចំណោមពួកលេមិន ដើម្បីបង្រៀនព្រះបន្ទូលឬអី?
៧ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកម៉ូសាយថា ៖ ចូរឲ្យពួកគេឡើងទៅចុះ ត្បិតនឹងមានមនុស្សជាច្រើនដែលនឹងជឿដល់ពាក្យសម្ដីរបស់ពួកគេ ហើយពួកគេនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយយើងនឹងដោះពួកបុត្រារបស់អ្នកឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកលេមិន។
៨ហើយហេតុការណ៍បានកើតឡើងថា ម៉ូសាយបានអនុញ្ញាតឲ្យពួកគេទៅ ហើយធ្វើតាមសំណូមពររបស់គេចុះ។
៩ហើយពួកគេបានចេញដំណើរចូលទៅក្នុងទីរហោស្ថាន ដើម្បីឡើងទៅផ្សាយព្រះបន្ទូល នៅក្នុងចំណោមពួកសាសន៍លេមិន ហើយខ្ញុំនឹងរៀបរាប់អំពីដំណើរការរបស់គេនៅពេលក្រោយ។
១០ឥឡូវនេះ ស្ដេចម៉ូសាយគ្មាននរណាដើម្បីប្រគល់នគរឲ្យ ព្រោះគ្មានបុត្រណាម្នាក់ចង់ទទួលនគរឡើយ។
១១ហេតុដូច្នេះហើយ ទើបទ្រង់យកបញ្ជីទាំងឡាយ ដែលឆ្លាក់នៅលើផ្ទាំងលង្ហិន ព្រមទាំងផ្ទាំងនីហ្វៃផង និងវត្ថុទាំងអស់ដែលទ្រង់បានកត់ ហើយបានទុក ហើយថែរក្សា ស្របតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះនោះមក បន្ទាប់ពីបានបកប្រែ ហើយចាត់ឲ្យគេកត់បញ្ជីទាំងនោះ ដែលនៅលើផ្ទាំងមាស ដែលប្រជាជនរបស់លិមហៃបានប្រទះឃើញ ដែលបានប្រគល់ដល់ទ្រង់ ដោយដៃរបស់លិមហៃ។
១២ហើយទ្រង់បានធ្វើយ៉ាងនេះ ក៏ព្រោះតែការបារម្ភជាខ្លាំងរបស់រាស្ត្រទ្រង់ ព្រោះពួកគេចង់ដឹងហួសប្រមាណ អំពីប្រជាជនដែលត្រូវបំផ្លាញបង់។
១៣ហើយឥឡូវនេះ ទ្រង់បានបកប្រែបញ្ជីទាំងនេះ ដោយត្បូងទាំងពីរដុំដែលភ្ជាប់ទៅនឹងគែមពីរនៃស៊ុម។
១៤ឥឡូវនេះ វត្ថុទាំងនេះត្រូវបានរៀបចំឡើង ចាប់តាំងពីដើមដំបូងមក ហើយត្រូវបានប្រគល់ពីតំណមួយទៅតំណមួយក្នុងគោលបំណងដើម្បីបកប្រែភាសា។
១៥ហើយវត្ថុទាំងនេះ ត្រូវបានរក្សាទុកឲ្យបានគង់វង្ស ដោយព្រះហស្តនៃព្រះអម្ចាស់ ដើម្បីទ្រង់នឹងបើកបង្ហាញដល់សត្វលោកគ្រប់រូបណា ដែលនឹងមកតាំងនៅលើដែនដីនេះ នូវអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយនៃរាស្ត្រទ្រង់។
១៦ហើយអ្នកណាដែលមានវត្ថុទាំងនេះ ត្រូវហៅថា អ្នកមើលឆុត ស្របតាមរបៀបពីជំនាន់ដើម។
១៧ឥឡូវនេះ បន្ទាប់ពីម៉ូសាយបានបកប្រែបញ្ជីទាំងនេះចប់ហើយ មើលចុះ បញ្ជីនោះបានរៀបរាប់អំពីប្រជាជនដែលត្រូវបំផ្លាញចោល ចាប់តាំងពីពេលដែលគេត្រូវបំផ្លាញចោល រហូតទៅដល់ពេលដែលសង់ប៉មធំឡើង គឺនៅពេលដែលព្រះអម្ចាស់ទ្រង់បានបំភាន់ភាសាមនុស្ស ហើយពួកគេត្រូវបានខ្ចាត់ខ្ចាយទៅលើផ្ទៃផែនដីទាំងមូល មែនហើយ គឺចាប់តាំងពីពេលនោះ រហូតទៅដល់ការបង្កើតលោកអ័ដាម។
១៨ឥឡូវនេះ ដំណើររឿងនេះបានធ្វើឲ្យប្រជាជនម៉ូសាយកើតទុក្ខជាខ្លាំង មែនហើយ ពួកគេបានពោរពេញទៅដោយការសោកសៅ ទោះជាយ៉ាងណាក៏ដោយ គង់តែដំណើររឿងនេះបានផ្ដល់ដល់គេនូវការចេះដឹងជាច្រើន ម្ល៉ោះហើយ ទើបគេបានអររីករាយ។
១៩ហើយដំណើររឿងនេះនឹងត្រូវបានសរសេរនៅខាងក្រោយ ត្បិតមើលចុះ ជាការចាំបាច់ដែលមនុស្សទាំងអស់ត្រូវដឹងនូវរឿងទាំងឡាយ ដែលបានសរសេរនៅក្នុងដំណើររឿងនេះ។
២០ហើយឥឡូវនេះ ដូចខ្ញុំបាននិយាយប្រាប់អ្នករួចហើយថា បន្ទាប់ពីស្ដេចម៉ូសាយបានធ្វើការណ៍ទាំងនេះចប់ហើយ នោះទ្រង់បានយកផ្ទាំងលង្ហិន និងវត្ថុទាំងអស់ដែលទ្រង់បានកត់ទុក ហើយបានប្រគល់របស់ទាំងអស់ឲ្យទៅអាលម៉ា ជាកូនប្រុសរបស់អាលម៉ា មែនហើយ បញ្ជីទាំងអស់ និងព្រមទាំងប្រដាប់បកប្រែទាំងឡាយផង ហើយបានប្រគល់វត្ថុទាំងអស់ទៅគាត់ ហើយបានបញ្ជាឲ្យគាត់កត់ ហើយរក្សាវត្ថុទាំងនោះ ហើយឲ្យកត់បញ្ជីអំពីប្រជាជនទុកផង គឺឲ្យប្រគល់ពីតំណមួយទៅតំណមួយ ដូចជាគេធ្លាប់បានប្រគល់មក ចាប់តាំងពីពេល ដែលលីហៃបានចាកចេញពីក្រុងយេរូសាឡិមមកម្ល៉េះ៕