ព្រះគម្ពីរ
ម៉ូសាយ 28


ជំពូក​ទី ២៨

ពួក​បុត្រា​នៃ​ម៉ូសាយ​ទៅ​បង្រៀន​សាសនា​ដល់​ពួក​សាសន៍​លេមិន — ម៉ូសាយ​បកប្រែ​ផ្ទាំង​នៃ​សាសន៍​យ៉ារេឌ ដោយ​ប្រើ​ត្បូង​នៃ​អ្នក​មើល​ឆុត​ទាំង​ពីរ​ដុំ។ ប្រមាណ​ជា​ឆ្នាំ ៩២ ម.គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​បុត្រា​នៃ​ម៉ូសាយ បាន​ធ្វើ​ការណ៍​អស់​ទាំង​នេះ​ហើយ នោះ​ពួក​គេ​បាន​នាំ​មនុស្ស​មួយ​ចំនួន​តូច​ទៅ​ជាមួយ​នឹង​គេ ហើយ​បាន​ត្រឡប់​ទៅ​ជួប​បិតា​ខ្លួន​ដែល​ជា​ស្ដេច​វិញ ហើយ​បាន​សូម​ឲ្យ​ទ្រង់​អនុញ្ញាត​ឲ្យ​គេ ជាមួយ​នឹង​ពួក​មនុស្ស​ដែល​គេ​បាន​រើស​នោះ ឡើង​ទៅ​ឯ​ដែន​ដី​នីហ្វៃ ដើម្បី​គេ​អាច​បង្រៀន​នូវ​រឿង​ទាំង​ឡាយ ដែល​គេ​បាន​ឮ ហើយ​ដើម្បី​គេ​អាច​ចែករំលែក​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​ទៅ​ដល់​បង​ប្អូន​គេ គឺ​ពួក​សាសន៍​លេមិន —

ក្រែង​គេ​អាច​នាំ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​បរិវត្ត​ពួក​គេ​អំពី​សេចក្ដី​ទុច្ចរិត​នៃ​ពួក​អយ្យកោ​គេ ហើយ​ក្រែង​គេ​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​ស្អប់​ដល់​ពួក​សាសន៍​នីហ្វៃ ដើម្បី​គេ​អាច​នាំ​ឲ្យ​ពួក​គេ​បាន​អរ​រីករាយ​នៅ​ក្នុង​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ផង ដើម្បី​ឲ្យ​ពួក​គេ អាច​បាន​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​ទៅ​វិញ​ទៅ​មក ហើយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​ត​ទៅ​ទៀត​នៅ​លើ​ដែនដី​ទាំង​អស់ ដែល​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​បាន​ប្រទាន​ដល់​គេ។

ឥឡូវ​នេះ ពួក​គេ​មាន​បំណង​ចង់​ប្រកាស​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ​ដល់​សត្វ​លោក​គ្រប់​រូប ព្រោះ​ពួក​គេ​ពុំ​អាច​ទ្រាំ​ឲ្យ​ព្រលឹង​មនុស្ស​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ មែន​ហើយ ទោះ​បី​គ្រាន់តែ​គិត​ថា ព្រលឹង​មនុស្ស​ណា​ម្នាក់​ត្រូវ​ស៊ូទ្រាំ​នូវ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក៏​ធ្វើ​ឲ្យ​ពួក​គេ​ញាក់ និង​ញ័រ​ទៅ​ហើយ។

ហើយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​យ៉ាង​ដូច្នោះ​ហើយ ត្បិត​ពួក​គេ​ធ្លាប់​ជា​មនុស្ស​អាក្រក់​បំផុត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​បាប​ទាំង​ឡាយ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ទត​ឃើញ​នៅ​ក្នុង​សេចក្ដី​មេត្តាករុណា​ដ៏​និរន្តរ៍​របស់​ទ្រង់​ថា ល្មម​ទុក​ជីវិត​ឲ្យ​ពួក​គេ​ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​បាន​ទ្រាំ​ការ​សោកសៅ​ដ៏​ច្រើន​នៅ​ក្នុង​ព្រលឹង ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ​បាន​រង​ទុក្ខ​វេទនា​ដ៏​ច្រើន ហើយ​បាន​ខ្លាចក្រែង​ពួក​គេ​ត្រូវ​បោះបង់​ចោល​រហូត​ត​ទៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​សូម​អង្វរ​បិតា​របស់​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ សូម​ឲ្យ​ពួក​គេ​អាច​បាន​ឡើង​ទៅ​ដែនដី​នីហ្វៃ។

ហើយ​ស្ដេច​ម៉ូសាយ​បាន​ទៅ​ទូល​សួរ​ដល់​ព្រះ​អម្ចាស់​ថា តើ​ទ្រង់​ត្រូវ​ឲ្យ​ពួក​បុត្រា​ទ្រង់​ឡើង​ទៅ​ក្នុង​ចំណោម​ពួក​លេមិន ដើម្បី​បង្រៀន​ព្រះ​បន្ទូល​ឬ​អី?

ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ម៉ូសាយ​ថា ៖ ចូរ​ឲ្យ​ពួក​គេ​ឡើង​ទៅ​ចុះ ត្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​យើង​នឹង​ដោះ​ពួក​បុត្រា​របស់​អ្នក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​លេមិន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ទៅ ហើយ​ធ្វើ​តាម​សំណូមពរ​របស់​គេ​ចុះ។

ហើយ​ពួក​គេ​បាន​ចេញ​ដំណើរ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ឡើង​ទៅ​ផ្សាយ​ព្រះ​បន្ទូល នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី​ដំណើរការ​របស់​គេ​នៅ​ពេល​ក្រោយ។

១០ឥឡូវ​នេះ ស្ដេច​ម៉ូសាយ​គ្មាន​នរណា​ដើម្បី​ប្រគល់​នគរ​ឲ្យ ព្រោះ​គ្មាន​បុត្រ​ណា​ម្នាក់​ចង់​ទទួល​នគរ​ឡើយ។

១១ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​យក​បញ្ជី​ទាំង​ឡាយ ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន ព្រម​ទាំង​ផ្ទាំង​នីហ្វៃ​ផង និង​វត្ថុ​ទាំង​អស់​ដែល​ទ្រង់​បាន​កត់ ហើយ​បាន​ទុក ហើយ​ថែរក្សា ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​នោះ​មក បន្ទាប់​ពី​បាន​បកប្រែ ហើយ​ចាត់​ឲ្យ​គេ​កត់​បញ្ជី​ទាំង​នោះ ដែល​នៅ​លើ​ផ្ទាំង​មាស ដែល​ប្រជាជន​របស់​លិមហៃ​បាន​ប្រទះ​ឃើញ ដែល​បាន​ប្រគល់​ដល់​ទ្រង់ ដោយ​ដៃ​របស់​លិមហៃ។

១២ហើយ​ទ្រង់​បាន​ធ្វើ​យ៉ាង​នេះ ក៏​ព្រោះ​តែ​ការ​បារម្ភ​ជា​ខ្លាំង​របស់​រាស្ត្រ​ទ្រង់ ព្រោះ​ពួក​គេ​ចង់​ដឹង​ហួស​ប្រមាណ អំពី​ប្រជាជន​ដែល​ត្រូវ​បំផ្លាញ​បង់។

១៣ហើយ​ឥឡូវ​នេះ ទ្រង់​បាន​បកប្រែ​បញ្ជី​ទាំង​នេះ ដោយ​ត្បូង​ទាំង​ពីរ​ដុំ​ដែល​ភ្ជាប់​ទៅ​នឹង​គែម​ពីរ​នៃ​ស៊ុម។

១៤ឥឡូវ​នេះ វត្ថុ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​ដើមដំបូង​មក ហើយ​ត្រូវ​បាន​ប្រគល់​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ក្នុង​គោលបំណង​ដើម្បី​បកប្រែ​ភាសា។

១៥ហើយ​វត្ថុ​ទាំង​នេះ ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ដើម្បី​ទ្រង់​នឹង​បើក​បង្ហាញ​ដល់​សត្វ​លោក​គ្រប់​រូប​ណា ដែល​នឹង​មក​តាំង​នៅ​លើ​ដែនដី​នេះ នូវ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៃ​រាស្ត្រ​ទ្រង់។

១៦ហើយ​អ្នក​ណា​ដែល​មាន​វត្ថុ​ទាំង​នេះ ត្រូវ​ហៅ​ថា អ្នក​មើល​ឆុត ស្រប​តាម​របៀប​ពី​ជំនាន់​ដើម។

១៧ឥឡូវ​នេះ បន្ទាប់​ពី​ម៉ូសាយ​បាន​បកប្រែ​បញ្ជី​ទាំង​នេះ​ចប់​ហើយ មើល​ចុះ បញ្ជី​នោះ​បាន​រៀប​រាប់​អំពី​ប្រជាជន​ដែល​ត្រូវ​បំផ្លាញ​ចោល ចាប់​តាំង​ពី​ពេល​ដែល​គេ​ត្រូវ​បំផ្លាញ​ចោល រហូត​ទៅ​ដល់​ពេល​ដែល​សង់​ប៉ម​ធំ​ឡើង គឺ​នៅ​ពេល​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បំភាន់​ភាសា​មនុស្ស ហើយ​ពួក​គេ​ត្រូវ​បាន​ខ្ចាត់ខ្ចាយ​ទៅ​លើ​ផ្ទៃ​ផែនដី​ទាំង​មូល មែន​ហើយ គឺ​ចាប់​តាំង​ពី​ពេល​នោះ រហូត​ទៅ​ដល់​ការ​បង្កើត​លោក​អ័ដាម។

១៨ឥឡូវ​នេះ ដំណើរ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ម៉ូសាយ​កើតទុក្ខ​ជា​ខ្លាំង មែន​ហើយ ពួក​គេ​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​សោកសៅ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ដំណើរ​រឿង​នេះ​បាន​ផ្ដល់​ដល់​គេ​នូវ​ការ​ចេះ​ដឹង​ជា​ច្រើន ម្ល៉ោះ​ហើយ ទើប​គេ​បាន​អរ​រីករាយ។

១៩ហើយ​ដំណើរ​រឿង​នេះ​នឹង​ត្រូវ​បាន​សរសេរ​នៅ​ខាង​ក្រោយ ត្បិត​មើល​ចុះ ជា​ការ​ចាំ​បាច់​ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ដឹង​នូវ​រឿង​ទាំង​ឡាយ ដែល​បាន​សរសេរ​នៅ​ក្នុង​ដំណើរ​រឿង​នេះ។

២០ហើយ​ឥឡូវ​នេះ ដូច​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រួច​ហើយ​ថា បន្ទាប់​ពី​ស្ដេច​ម៉ូសាយ​បាន​ធ្វើ​ការណ៍​ទាំង​នេះ​ចប់​ហើយ នោះ​ទ្រង់​បាន​យក​ផ្ទាំង​លង្ហិន និង​វត្ថុ​ទាំង​អស់​ដែល​ទ្រង់​បាន​កត់​ទុក ហើយ​បាន​ប្រគល់​របស់​ទាំង​អស់​ឲ្យ​ទៅ​អាលម៉ា ជា​កូន​ប្រុស​របស់​អាលម៉ា មែន​ហើយ បញ្ជី​ទាំង​អស់ និង​ព្រម​ទាំង​ប្រដាប់​បកប្រែ​ទាំង​ឡាយ​ផង ហើយ​បាន​ប្រគល់​វត្ថុ​ទាំង​អស់​ទៅ​គាត់ ហើយ​បាន​បញ្ជា​ឲ្យ​គាត់​កត់ ហើយ​រក្សា​វត្ថុ​ទាំង​នោះ ហើយ​ឲ្យ​កត់​បញ្ជី​អំពី​ប្រជាជន​ទុក​ផង គឺ​ឲ្យ​ប្រគល់​ពី​តំណ​មួយ​ទៅ​តំណ​មួយ ដូច​ជា​គេ​ធ្លាប់​បាន​ប្រគល់​មក ចាប់​តាំង​ពី​ពេល ដែល​លីហៃ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក​ម្ល៉េះ៕