ក.យ.ស., ទំនុកដំកើង ១៤:១–៧ (ចូរប្រៀបធៀបនឹងគម្ពីរទំនុកដំកើង ១៤:១–៧)
(អ្នកនិពន្ធទំនុកដំកើងបានអរសប្បាយនៅថ្ងៃនៃការសាងឡើងវិញ)។
១មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានមនុស្សណាម្នាក់បានឃើញព្រះឡើយ។ ពីព្រោះទ្រង់ពុំដែលបង្ហាញខ្លួនដល់យើងឡើយ ហេតុដូច្នេះហើយ គ្មានព្រះទេ។ មើលចុះ ពួកគេសុទ្ធតែពុករលួយ ពួកគេបានប្រព្រឹត្តកិច្ចការទាំងឡាយដែលគួរខ្ពើមឆ្អើម ហើយឥតមានពួកគេណាម្នាក់ ដែលប្រព្រឹត្តល្អសោះ។
២ព្រោះព្រះអម្ចាស់ទ្រង់បានទតមើលពីលើស្ថានសួគ៌ចំពោះកូនចៅមនុស្ស ហើយដោយសំឡេងរបស់ទ្រង់ នោះទ្រង់បានមានព្រះបន្ទូលទៅអ្នកបម្រើរបស់ទ្រង់ថា ចូរអ្នករាល់គ្នាស្វែងរកក្នុងចំណោមកូនចៅមនុស្ស ដើម្បីឲ្យបានឃើញថា មានអ្នកណាខ្លះដែលយល់ពីព្រះឬទេ។ ហើយអ្នកនោះក៏បើកមាត់របស់ខ្លួនទៅរកព្រះអម្ចាស់ ហើយទូលថា មើលចុះ មនុស្សទាំងអស់នេះហើយ ដែលថាខ្លួនជារបស់ផងព្រះអង្គ។
៣ព្រះអម្ចាស់ទ្រង់ក៏មានព្រះបន្ទូលឆ្លើយតបថា ពួកគេបានវង្វេងចេញទាំងអស់ ពួកគេទាំងអស់គ្នាបានក្លាយទៅជាស្មោកគ្រោក អ្នកក៏អាចមើលឃើញហើយថា គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
៤អ្នកទាំងអស់ដែលពួកគេមានសម្រាប់ធ្វើជាគ្រូបង្រៀន នោះសុទ្ធតែជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ហើយពុំមានការចេះដឹងនៅក្នុងពួកគេឡើយ។ ពួកគេនេះហើយ ជាពួកអ្នកដែលស៊ីរាស្ត្ររបស់យើង។ ពួកគេបរិភោគអាហារ ហើយមិនដែលអំពាវនាវដល់ព្រះអម្ចាស់ឡើយ។
៥ពួកគេមានសេចក្ដីភិតភ័យជាខ្លាំង ត្បិតព្រះទ្រង់គង់នៅនឹងតំណមនុស្សសុចរិត។ ទ្រង់ជាទីប្រឹក្សាដល់មនុស្សក្រីក្រ ពីព្រោះពួកគេមានសេចក្ដីខ្មាសដល់ពួកទុច្ចរិត ហើយភៀសខ្លួនទៅរកព្រះអម្ចាស់ សូមទីពឹងជ្រកខ្លួន។
៦ពួកគេមានសេចក្ដីខ្មាសដល់ការទូន្មាននៃមនុស្សក្រីក្រ ពីព្រោះព្រះអម្ចាស់ទ្រង់ជាទីពឹងជ្រករបស់អ្នកនោះ។
៧ឱបើសិនជាស៊ីយ៉ូនបានចេញមកស្ថានសួគ៌ នោះជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល។ ឱព្រះអម្ចាស់អើយ តើពេលណាព្រះអង្គនឹងតាំងស៊ីយ៉ូន? ក្នុងកាលព្រះអម្ចាស់ទ្រង់នាំពួកអ្នកជាប់ឃុំឃាំងនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយ អ៊ីស្រាអែលនឹងរីករាយសាទរ។