ឆ្នាំ ២០១៩
អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ ៖ អ្នកមិន​ឯកោ​ឡើយ
ខែ កក្កដា ឆ្នាំ ២០១៩


អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់ ៖ អ្នកមិន​ឯកោ​ឡើយ

អ្នក​និពន្ធ​នេះ​មក​ពី​ប្រទេស​បារាំង​តែ​កំពុង​រៀន​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

យុវមជ្ឈិមវ័យ​ចែកចាយ​របៀប​ដែល​ពួកគេ​រក​ឃើញ​អត្ថន័យ និង​ភាព​សុខសាន្ត បន្ទាប់​ពី​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់​វិញ​របស់​ពួកគេ និង​របៀ​ប​ដែល​អ្នក​អាច​ធ្វើ​ផងដែរ ។

three young adults walking and laughing

ថត​រូប​ដោយ ធីហ្វានី ម៉ាយ​ឡូន តុង

កងទ័ព​ដែល​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ ព្យាយាម​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ដើម្បី « អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ » នាំ​មក​នូវ « សេចក្តីសង្ឃឹម​ដ៏​ធំ និង​សេចក្តីអំណរ​ដ៏​ខ្លាំង » ( អាលម៉ា ៥៦:១៧ ) ដល់​មនុស្ស​ជាច្រើន ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​ដូច​ជា​ពលទ័ពកម្លោះ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែរ គឺ​ប្រយុទ្ធ​រៀងរាល់​ថ្ងៃ​ដោយ « កម្លាំង​ដ៏​អស្ចារ្យ និង​អនុភាព​ដ៏​ខ្លាំង​ក្លា » ( អាលម៉ា ៥៦:៥៦ ) ។

ប៉ុន្តែ​សូម្បី​តែ​នៅក្នុង​ចំណោម​ពល​ទ័ព​កម្លោះ​ទាំង ២០៦០ នាក់ នៅតែ​មាន ២០០ នាក់ « ត្រូវ​សន្លប់​ដោយសារ​អស់​ឈាម » ( អាលម៉ា ៥៧:២៥ ) ។ តើ​វា​ធ្វើ​ឲ្យ​ពួកគេ​ពុំ​សូវ​អង់អាច​ឬ ? ពុំ​សូវ​ខ្លាំង​ឬ ? ពុំ​សូវមាន​ភាពក្លាហាន​ឬ ? ពុំ​សូវ​ស័ក្តិសម​ដូច​មនុស្ស​ដទៃ​ឬ ? គឺ​មិន​ដូច្នោះ​ទេ ។

ដូច​គ្នា​នេះ​ផងដែរ អ្នក​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​ហេតុផល​មក​ពី​បញ្ហាសុខភាព​ផ្លូវ​ចិត្ត ឬ​រាងកាយ​ក្តី​គឺ ពុំ មែន​មិន​សូវ​អង់អាច ពុំ​សូវ​ខ្លាំង ពុំ​សូវ​ក្លាហាន ឬ​ពុំ​ស័ក្តិសម​នោះ​ទេ ។ ការស៊ូទ្រាំ​របស់​អ្នក​ឆ្លង​កាត់​ការសាកល្បង​របស់​អ្នក​គឺ—ហើយ​គួរតែ—អស្ចារ្យ​ណាស់ ។ អ្នក​ត្រូវបាន​​រក្សា​ទុក​ឲ្យ​មាន​ជីវិត—ប្រហែល​ជា​មាន​របួស​ធ្ងន់ ប៉ុន្តែ​នៅ​មាន​ជីវិត ។ របួស​របស់​អ្នក​ទោះជា​របួស​រាងកាយ ផ្លូវ​ចិត្ត ឬ​ខាង​វិញ្ញាណ​ក្តី ឥឡូវ​នេះ​ត្រូវតែ​មើលថែ​វា ( សូមមើល អាលម៉ា ៥៧:២៨ ) ។ សម្រាប់​​អ្នក​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ហេតុផល​​នៃ​ភាព​ស័ក្តិសម នោះ​ការប្រែចិត្ត​នឹង​ក្លាយ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ការព្យាបាល​របស់​អ្នក ។

ពេល​អ្នក​សម្របសម្រួល​ខ្លួន​ទៅ​នឹង​ការនៅ​ផ្ទះ សូម​ប្រាកដ​ថា អ្នក​បាន​ថ្វាយ​ពេលវេលា​របស់​អ្នក​ដើម្បីព្យាបាល និង​ចងចាំ​ដើម្បី​ទុកចិត្ត​លើ​ព្រះ​ជានិច្ច ( សូមមើល អាលម៉ា ៥៧:២៧ ) ។ ទ្រង់​បាន​រំឭក​យើង​ថា ៖ « កាល​យើង​ប្រទាន​ព្រះ​បញ្ញត្តិ​ណា​មួយ​ឲ្យ​ពួក​កូន​មនុស្ស [ ទាំង​ប្រុស​ទាំង​ស្រី ] ធ្វើ​កិច្ចការ​ដល់​ព្រះ​នាម​យើង »—ឧទាហរណ៍ ការបម្រើ​បេសកកម្ម—« ហើយ​ទាំង​កូន​មនុស្ស [ ទាំង​ប្រុស​ទាំង​ស្រី ] ទាំង​នោះ​ចេញ​ទៅ​ដោយ​អស់​ពី​កម្លាំង​របស់​ពួក​គេ និង​ដោយ​អស់​ពី​សមត្ថភាព​ដែល​ពួក​គេ​មាន ដើម្បី​ប្រព្រឹត្ត​កិច្ចការ​នោះ ហើយ​ព្យាយាម​ដោយ​មិន​ឈប់​ឈរ ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​គេ​មក​លើ​ពួក​គេ »—ក្នុង​ករណី​មួយ​ចំនួន ដូច​ជា​របួស​ខាង​រាងកាយ ឬ​ជំងឺ​ផ្លូវ​ចិត្ត ឬ​របួស​ផ្សេងៗ​ទៀត—« ហើយ​បង្ខែ​បង្ខាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ឡើយ មើល​ចុះ គឺជា​ការ​ចាំ​បាច់​ដល់​យើង​នឹង​តម្រូវ​កិច្ចការ​នោះ ពី​ដៃ​នៃ [ ពួកគេ ]…ប៉ុន្តែ​ត្រូវ​ទទួល​នូវ​ដង្វាយ​ទាំង​ឡាយ​របស់​ពួក​គេ​វិញ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១២៤:៤៩ ) ។

ទោះបី​អ្នក​មាន​របួស​អ្វី​ក៏​ដោយ—ឬ​បាន​មាន​របួស​ដដែល​នោះ—នៅក្នុង​ចម្បាំង ដរាប​ណា​អ្នក​បាន​បម្រើ​ដោយ​ស័ក្តិសម ឬ​បាន​ប្រែចិត្ត​ទាំងស្រុង នោះ​ការបរិច្ចាគ​របស់​អ្នក​គឺ​ត្រូវការ និង​ទទួល​យក​ដោយ​ព្រះអម្ចាស់ ។

young adult man

រូបថត​មក​ពី Getty Images

ការអាន​រឿង​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ស្វែងរក​ការព្យាបាល​ដោយ​ពិត​ប្រាកដ ​ដែល​ថា ​អ្នក​​ពុំ​នៅ​ឯកោ​ឡើយ ហើយ​ការចែកចាយ​រឿង​របស់​អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ផងដែរ ។

ចូរ​ដឹង​ថា ព្រះអង្គសង្គ្រោះ​បាន​ទទួល​អារម្មណ៍​នៃ​ការឈឺចាប់​របស់​អ្នក

នៅពេល​ជិះ​យន្តហោះ​ទៅ​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រមៃ​ពីទិដ្ឋភាព​នៃ​ការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​របស់​ខ្ញុំ ។ សេចក្តី​អំណរ​នឹង​មាន​ឡើង គ្រួសារ និង​មិត្តភក្តិ​ខ្ញុំ​នឹង​ឱប​ខ្ញុំ ហើយ​ខ្ញុំ​នឹង​រស់នៅ​ពេញ​មួយ​ជីវិត​ខ្ញុំ​​ដោយ​ជីវិត​សុខសាន្ត ដោយ​រីករាយ​នឹង​គ្រប់​ពរជ័យ​ដែល​កើត​មក​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​វិញ​ដោយ​កិត្តិយស ។

ដប់​មួយ​ខែ​ក្រោយ​មក នៅពេល​ជិះ​យន្ត​ហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ គ្រប់​វិនាទី​ទាំង​អស់​​គឺ​មាន​ការថប់​បារម្ភ​ដ៏​ឈឺ​ចាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ ។ គ្រួសារ​ខ្ញុំ​បាន​រង់ចាំ​ខ្ញុំ ហើយ​ទោះបី​ជា​ពួកគេ​បាន​ស្រែក​ហ៊ោរ និង​ឱប​ខ្ញុំ​ក្តី ពីមុន​ខ្ញុំ​បាន​ដឹង​ពី​រឿង​នេះ នោះ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ដោយ​គ្មាន​គំនិត​អ្វី​សម្រាប់​អនាគត​របស់​ខ្ញុំ​ឡើយ ។

ព្រះអង្គសង្គ្រោះ​បាន​ទត​ឃើញ​ពី​គ្រា​ដ៏​ឈឺចាប់​របស់​ខ្ញុំ ។ ទ្រង់​បាន​ជ្រាប​ពី​អារម្មណ៍​​ដែល​ដេក​នៅលើ​គ្រែ​អស់​បី​សប្តាហ៍​ទាំង​យំ និង​ការដេក​ដើម្បី​គេច​ពី​ការពិត ។ ទ្រង់​បាន​ជ្រាប​ថា ខ្ញុំ​ត្រូវការ​កម្លាំង​របស់​ទ្រង់ ដោយសារ​គ្មាន​នរណា​ទៀត​នៅ​ជុំ​វិញ​ខ្ញុំ​ដែល​អាច​យល់ ឬ​អាណិត​អាសូរ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ហែល​ឆ្លង​កាត់​ឡើយ ។ ប៉ុន្តែ​ទ្រង់​បាន​យល់ ។ ខ្ញុំ​ពុំ​អាច​បម្រើ​បេសកកម្ម​របស់​ខ្ញុំ ឬ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ដោយ​គ្មាន​ទ្រង់​ឡើយ ។

អាលី ប៉ោស្សា ទីក្រុង​ឃ្វីន​ឡេន ប្រទេស​អូស្ត្រាលី

ចូរ​មាន​ឆន្ទៈ ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់

អ្វីៗ​គ្រប់​យ៉ាង​ដំណើរ​ការ​ល្អ​នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​មាន​បទពិសោធន៍​ដ៏អស្ចារ្យ​ដែល​នឹង​បន្ត​នៅក្នុង​ចិត្ត​ខ្ញុំ​ជា​រៀង​រហូត ។ ប៉ុន្តែ បន្ទាប់​ពី​បម្រើ​បាន​ប្រាំ​បី​ខែ​មក ខ្ញុំ​បាន​ចាប់ផ្តើម​មាន​បញ្ហា​សុខភាព ។ បន្ទាប់​ពី​បាន​តម​អាហារ និង​អធិស្ឋាន​ជា​ច្រើន​មក ខ្ញុំ​ត្រូវបាន​បញ្ជូន​ឲ្យ​មក​ផ្ទះ​វិញ ។ ខ្ញុំ​ខ្ទេចខ្ទាំចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​​បានគិត​ថា អ្វី​គ្រប់​យ៉ាង​គឺ​ជា​កំហុស​ខ្ញុំ ។ ខ្ញុំ​បាន​ឈប់​អាន​ព្រះគម្ពីរ ហើយ​ឈប់​អធិស្ឋាន​ញឹកញាប់​ដូច​ពី​មុន​ទៀត ។ ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ខ្ញុំ​អាច​បន្ត​នៅ​បម្រើ​បេសកកម្ម​ទេ​ឬ​អី ។

ប៉ុន្តែ​​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​សាកល្បង​ដើម្បី​ឃើញ​ថា តើ​ខ្ញុំ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ដែរ​ឬ​ទេ ។ វា​មាន​ការលំបាក​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​ការទុកចិត្ត​របស់​ខ្ញុំ​លើ​ទ្រង់ ហើយ​ខ្ញុំ​បាន​ត្រឡប់​ទៅ​តំបន់​បេសកកម្ម​វិញ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ទទួល​បទពិសោធន៍​ដ៏អស្ចារ្យ​ម្តង​ទៀត ។

ប៉ុន្តែ​បញ្ហា​សុខភាព​របស់​ខ្ញុំ​បាន​កើត​ឡើង​សារ​ជា​ថ្មី​ទៀត ។ ប៉ុន្តែ​លើក​នេះ ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ច្រើន​ជាង ។ ដូច្នេះ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​លើក​ទី​ពីរ ។ វា​មាន​ការលំបាក​ណាស់ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​រៀន​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ។

ទោះបីជា​ខ្ញុំ​ពុំ​បាន​បម្រើ​រយៈពេល ២៤ ខែ​ក្តី ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ប្រកប​ដោយ​កិត្តិយស ។ ខ្ញុំ​ដឹង​ថា ពេលវេលា​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​គឺ​មាន​តម្លៃ​សម្រាប់​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​បាន​ជួយ ។ ខ្ញុំ​​មាន​អំណរគុណ​ចំពោះ​​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ​ចំពោះ​ដង្វាយធួន​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់ ។ ទ្រង់​ជ្រាប​ពី​​ឧបសគ្គរបស់​យើង​គ្រប់​គ្នា ។ ហើយ​ប្រសិនបើ​យើង​ទុកចិត្ត​លើ​ទ្រង់​ដោយ​ពិតប្រាកដ នោះ​យើង​នឹង​ពុំ​នៅ​ឯកោ​ឡើយ ។

ហ្វីលីព ហូមមែន ហ្គូយអាស ប្រទេស​ប្រេស៊ីល

កុំ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ឆ្ងល់​ពី​មូលហេតុ​ឡើយ

គំនិត​នៃ​ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​គឺ​គួរ​ឲ្យ​ខ្លោច​ផ្សារ​ណាស់ ។ ពេល​អ្នក​ផ្តល់​ប្រឹក្សា​បាន​ផ្តល់​យោបល់​នេះ​ដល់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​លាយឡំ​នឹង​អារម្មណ៍​សោកសៅ​ថា ៖ ខ្មាស​អៀន ។ ធូរស្បើយ ។ ​មានកំហុស ។ ​មានភាពសុខសាន្ដ ។ កើតទុក្ខ ។​ អារម្មណ៍​ទាំង​អស់​នេះ​កើត​ក្នុង​ពេល​តែ​មួយ ។

ខ្ញុំ​ដឹង​ថា ព្រះ​កំពុង​គាំទ្រ​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ឆ្លង​កាត់សប្តាហ៍​ដំបូង​នោះ​បន្ទាប់​ពី​ទៅ​ដល់​ផ្ទះ​វិញ ។ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​ឆ្លង​កាត់​បាន​មួយ​សប្តាហ៍​ទៀត ។ ហើយ​មួយ​សប្តាហ៍​ទៀត ។ រហូត​ដល់​ទីបំផុត​ខ្ញុំ​​អាច​មាន​អារម្មណ៍​ដូច​ធម្មតា​វិញ​ម្តង​ទៀត ។ ឪពុក​របស់​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ធំ​បំផុត​របស់​ខ្ញុំ ហើយ​គាត់​ពិត​ជា​មើល​ថែទាំង​ខ្ញុំ​យ៉ាង​ខ្លាំង ។ គាត់​​ចង់​និយាយ និង​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​ជានិច្ច ។ ដោយ​ពុំ​ស្វែងរក​មូលហេតុ​ដែល « នាំ​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ឡើយ » ប៉ុន្តែ​គ្រាន់តែ​ចង់​ដឹង​ថា តើ​ខ្ញុំ​មាន​សុខទុក្ខ​យ៉ាង​ណា​ដែរ ។

ពេល​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ទៅ​ដោយ​គ្រោះថ្នាក់​មក​ពី​ការឡើង​​ភ្នំ​រយៈពេល​ពីរបី​ខែ​ក្រោយ​មក នោះ​ខ្ញុំ​បាន​ដឹង​​ដោយ​ពុំ​សង្ស័យ​ថា ព្រះ​មាន​ផែនការ​មួយ​សម្រាប់​ខ្ញុំ ។ ការ​ដែល​អាច​នៅ​ជាមួយ​ឪពុក​របស់​ខ្ញុំ​សម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នៃ​ជីវិត​របស់​គាត់ បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ខ្ញុំ​នៅតែ​មិន​យល់​ពី​ហេតុផល​ទាំងអស់​ពី​មូលហេតុ​ដែល​ខ្ញុំ​ត្រូវតែ​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​ខ្ញុំ​បាន​ត្រឡប់​មក​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​រៀន​ថា ប្រសិនបើ​អ្នក​ចំណាយ​ពេល​ច្រើន​ពេក​ឆ្ងល់​ពី​មូលហេតុ នោះ​អ្នក​ខកខាន​ពី​អព្ភូតហេតុ​ដ៏អស្ចារ្យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​រៀងរាល់​ថ្ងៃ ។

គ្រីស្ទិន វ៉ាតាប៊ី រដ្ឋ​អូហៃអូ ស.រ.អា

សូម​សម្រប ការរំពឹង​ទុក​របស់​អ្នក

ពេល​ខ្ញុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​​មិន​អាច​បន្ត​បេសកកម្ម​ខ្ញុំ​បាន នោះ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​នោះ​គឺ​ជា​រឿង​ដែល​ផ្ទុយ​ពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ។ ខ្ញុំ​ក៏​មាន​ការបាក់​ទឹកចិត្ត​ដោយ​ការបាត់បង់​សុខភាព​របស់​ខ្ញុំ​ភ្លាមៗ ដែល​ក្រោយ​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​ជា​ការចាប់ផ្តើម​នៃ​លក្ខខណ្ឌ​រាំរ៉ៃ និង​ពិការភាព ។

ខណៈពេល​សម្រប​ខ្លួន​ទៅ​នឹង​ជំងឺ​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បាត់​បង់​គោលបំណង​ខ្ញុំ ។ ខ្ញុំ​ត្រូវការ​ជំនួយ​ខ្លាំង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​ផ្តល់​ឲ្យ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​បន្ត​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​បន្ត​សិក្សា អធិស្ឋាន ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះវិញ្ញាណ ។ នា​ថ្ងៃ​មួយ អំឡុងពេល​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី នោះ​ខ្ញុំ​បាន​ឃើញ​រូប​គំនូរ​មួយ​ដោយ ជេមស៍ ធីសុត ដែល​មាន​ចំណង​ជើង​ថា ព្រះ​យេស៊ូវ​ត្រាស់​បង្គាប់​ឲ្យ​ពួក​សាវក​សម្រាក ។ រូបភាព​នៃ ម៉ាកុស ៦:៣០–៣១ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ងប់​អារម្មណ៍​ភ្លាម ។ ពេល​ខ្ញុំ​មើល​ឃើញ​ព្រះគ្រីស្ទ​បាន​មើល​​ពួក​អ្នក​បម្រើ​របស់​ទ្រង់​សម្រាក​ដូច្នោះ នោះ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​ក្តីស្រឡាញ់​ដ៏​ធំ​ធេង​ដែល​ទ្រង់​បាន​ស្រឡាញ់​ពួកគេ ។ និង​រូប​ខ្ញុំ ។

Tissot painting

ទីបំផុត​ខ្ញុំ​បាន​រៀន​ថា ការរំពឹង​ទុក​នានា​ដែល​ខ្ញុំ​មាន​សម្រាប់​ខ្លួន​ខ្ញុំ​នោះ ពុំ​ដូច​ទៅ​នឹង​ការរំពឹង​ទុក​ដែល​ព្រះ​មាន​សម្រាប់​ខ្ញុំ​ឡើយ ។ នៅក្នុង​របៀប​មួយ​ចំនួន ការរំពឹង​ទុក​របស់​ទ្រង់​​ជា​ការអញ្ជើញ​ផ្ទាល់​ខ្លួន​ជាង ប៉ុន្តែ​វា​ប្រសើរ​បំផុត​ទៅ​នឹង​តម្រូវ​ការ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​គុណ​​ចំពោះ​របៀប​ដែល​ទ្រង់​បង្រៀន​ខ្ញុំ ដើម្បី​ទទួល​យក​ជំនួយ​ទ្រង់ និង​សេចក្តីស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​កាន់តែ​ពេញលេញ​ឡើង ។ សេចក្តីជំនឿ​របស់​ទ្រង់​លើ​ខ្ញុំ​ផ្តល់​សេចក្តីសង្ឃឹម​ដល់​ខ្ញុំ ដែល​ខ្ញុំ​ត្រូវការ​បន្ត​ដំណើរ​ទៅមុខ​ទៀត ។

សាប្រ៊ីណា ម៉ាកស្វែល រដ្ឋ​យូថាហ៍ ស.រ.អា

ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​ដំណឹងល្អ

ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះវិញ​មុន​កំណត់​ពី​​បេសកកម្ម សេប៊ូ ហ្វីលីពីន​ភាគ​ខាង​កើត ។ « ការគិត​ពី​ស្ថានភាព​នោះ » និង​ការពុំ​បាន​បំពេញ​តាម « ការបម្រើ​បេសកកម្ម​គ្រប់​កំណត់ » បាន​ធ្វើ​ឲ្យ​ការសម្រប​ខ្លួន​របស់​ខ្ញុំ​ពេល​ខ្ញុំ​មក​ផ្ទះ​វិញ​មាន​ការលំបាក​ណាស់ ។ ដោយសារ​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​នៅ​ស្រុក​កំណើត​ខ្ញុំ​ផ្ទាល់ នោះ​ខ្ញុំ​មាន​ការលំបាក​ដោយ​គិត​ថា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​សាខា​របស់​ខ្ញុំ​អាប់ឱន​កេរ្តិ៍​ឈ្មោះ និង​ដឹង​ថា ខ្ញុំ​ពុំ​បំពេញ​តាម​ការរំពឹង​ទុក​របស់​ពួកគេ ។ ការប្រៀប​ធៀប​ខ្លួន​ខ្ញុំ​ទៅ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​វិញ « គ្រប់​កំណត់ » បាន​ធ្វើ​​ឲ្យ​ខ្ញុំ​ឃើញ​ថា ខ្លួន​ខ្ញុំ​ពុំ​សូវ​មាន​តម្លៃ ឬ​​ជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​គេ​បោះបង់​ចោល ។

ទីបំផុត ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ថា បេសកកម្ម​គឺ​​ជា​របៀប​មួយ​នៃ​របៀប​ជាច្រើន​ដើម្បី​បម្រើ​ទ្រង់ ។ វា​ពុំ​មែន​ជា​ទីកន្លែង ឬ​រយៈពេលយូរ​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​គឺ​ពី របៀប ដែល​អ្នក​បម្រើ​វិញ​ដែល​​សំខាន់​នោះ ។ ទ្រង់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​បន្ទាប​ខ្លួន ហើយ​បន្តដើរ​នៅលើ​ផ្លូវ​នៃ​ដំណឹង​ល្អ ទោះបី​ជា​មាន​រឿង​លំបាក និង​ពុំ​ដំណើរការ​តាម​របៀប​របស់​ខ្ញុំ​យ៉ាង​ណា​ក្តី ។

ចាស្ពើ ហ្គាពុស្ស ប្រទេស​ហ្វីលីពីន

ចូរ​មើល​ទៅ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​នៅក្នុង​បេសកកម្ម នូវវែលសេឡង់ វែលលីងតុន ។ ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌ និង​ឪពុក​ម្តាយ​របស់​ខ្ញុំ​អាប់​ឱន​កិត្តិយស ។

ខ្ញុំ​បាន​រៀន​ច្រើន​ពី​បេសកកម្ម​របស់​ខ្ញុំ និង​ពី​ស្ថានភាព​នេះ ។ ខ្ញុំ​ពុំ​ដែល​ត្រូវការ​ពឹងផ្អែក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ​ដូច​ខ្ញុំ​បាន​ត្រូវការ​ពឹង​ផ្អែក កាល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​នោះ​ឡើយ ។ ខ្ញុំ​ត្រូវ​ទុកចិត្ត​លើ​ព្រះ ហើយ​ទទួល​យក​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ទទួល​យក និង​រៀន ។ ខ្ញុំ​ពុំ​អាច​បដិសេធ​អំណាច​នៃ​ដង្វាយធួន និង​របៀប​ដែល​ខ្ញុំ​ពិតជា​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា ព្រះ​ធ្វើ​ឲ្យ​ខ្ញុំ​រាបសា ហើយ​បង្រៀន​ខ្ញុំ​តាមរយៈ​ភាព​ទន់ខ្សោយ និង​គ្រា​លំបាកៗ​របស់​ខ្ញុំ ។

មិន​ថា​ខ្ញុំ​នៅ​ទីណា ឬ​ទោះបី​ខ្ញុំ​ពាក់​ស្លាក​ឈ្មោះ​មួយ​នៅលើ​ហោប៉ៅ​អាវ​ខ្ញុំ​នោះ​ទេ ខ្ញុំ​នៅតែ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​នៅតែ​ស្រឡាញ់​ខ្ញុំ ហើយ​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​បន្ត​បម្រើ​មនុស្ស​ដទៃ ។ ហើយ​ទោះបី​ជា​ខ្ញុំ​នៅ​ផ្ទះ​ក្តី ខ្ញុំ​ដឹង​ថា ខ្ញុំ​ពុំ​បរាជ័យ​ឡើយ ដោយសារ​ទ្រង់​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង​តាមរយៈបទពិសោធន៍​នេះ ។

ណាថាស្សា គ្រីស្ទសាណាឡូមេ ប្រទេស​ថៃ

បាន​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអង្គ​សង្គ្រោះ

ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​នៅក្នុង​ទីក្រុង​អែងឃ័ររ៉េច រដ្ឋ​អាឡាស្កា ស.រ.អា. ។ វា​គួរ​ឲ្យ​ខូច​ចិត្ត​ណាស់​ដែល​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ដោយសារ​តែ​ផល​វិបាក​មក​ពី​ការ​ថ្លោះ​ជង្គង់ និង​ជើង​ទាំង​សងខាង ។ វា​ពិត​ជា​ពុំ​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​បទពិសោធន៍​ជា​ច្រើន​ដែល​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ ។ ខ្ញុំ​បាន​រៀន​ថា ​ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​មួយ​​សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើងក្នុង​ជីវិត​របស់​យើង ។ ខ្ញុំក៏​បាន​រៀន​ផងដែរ​ពី​របៀប​​ទប់ទល់​នឹង​ការសាកល្បង​ជាមួយ​នឹង​ទស្សនវិស័យ​កាន់តែ​ប្រសើរ​ឡើង ។ ទំនាក់​ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះអង្គសង្គ្រោះ​បាន​ប្រែកាន់តែ​រឹងមាំ​​ជាង​ពីមុន ដោយសារ​ខ្ញុំ​បានរៀន​ពី​របៀប​អនុវត្ត​អំណាច​ដង្វាយធួន​នៃ​ការព្យាបាល​របស់​ទ្រង់ ។

ព្រះវរបិតាសួគ៌​ពិត​ជាបាន​ជួយ​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នេះ​បាន ។ ទោះបី​ខ្ញុំ​នៅតែ​មាន​ការលំបាក​នៅ​គ្រា​ខ្លះ​ក្តី ខ្ញុំ​ដឹង​ថា ព្រះ​វរ​បិតា​សួគ៌​គ្រប់គ្រង​រឿង​នេះ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវការ​នៅក្នុង​ជីវិត​ខ្ញុំ​ច្រើន​ជាង​ខ្ញុំ​ដឹង​ដោយ​ខ្លួន​ឯង​ទៅ​ទៀត ។

អែមប៊ើរ ប៉ាងហ្គើធើរ រដ្ឋ​យូថាហ៍ ស.រ.អា

ចូរដឹង​ថា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​​មាន​បន្ត​ទៀត​ទោះបី​អ្នក​នៅ​ទីណា​ក្តី

ខ្ញុំបាន​បម្រើ​នៅក្នុង​​បេសកកម្ម ហុងហ្គើរី ប៊ូឌើរប៉េស ។ ពេល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់ វា​មាន​ការលំបាក​ណាស់ ដោយសារ​​ដៃ​គូ​ទាំង​អស់​របស់​ខ្ញុំ​នៅ​តែ​កំពុង​បម្រើ​បេសកកម្ម​របស់​ពួកគេ ហើយ​ខ្ញុំ​ខកខាន​ពុំ​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​ក៏​មាន​ការភ័យ​ខ្លាច​ថា សមាជិក​ផ្សេង​ទៀត​នៃ​សាសនាចក្រ​នឹង​វិនិច្ឆ័យ​ខ្ញុំ ប៉ុន្តែ​សំណាង​ល្អ​ ពួកគេ​គ្រប់​គ្នា​បាន​ប្រព្រឹត្ត​ដាក់​ខ្ញុំ​ដោយ​សេចក្តីស្រឡាញ់ និង​យល់​ពី​ស្ថានភាព​របស់​ខ្ញុំ ។

ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង កាល​ពេលវេលា​បាន​កន្លង​ផុត​ទៅ ។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​នៅក្នុង លីអាហូណា អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ​ជាង ដោយសារ​ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ទៀត​ឡើយ ( សូមមើល ដេស្ទីនី យ៉ាប្រ៊ូ « ត្រឡប់​មក​ផ្ទះ​វិញ​មុន​ការគ្រោង​ទុក » លីអាហូណា ខែ មករា ឆ្នាំ ២០១៨ ទំព័រ ៤៤–៤៧ ) ។ ហើយ​ខ្ញុំ​ក៏​ចាំ​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​ម្តាយ​មីង​របស់​ខ្ញុំ​បាន​និយាយ​ថា ៖ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​​មាន​បន្ត​ទៀត​ទោះបី​យើង​​នៅ​ទីណា​ក្តី » ។

លូកាស លូវីក សាយ​តូ ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល

សូម​ហ៊ុម​ព័ទ្ធ​ខ្លួន​របស់​អ្នក ដោយ​សេចក្តីល្អ

ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​កំណត់​នោះ​ទេ ហើយ​ខ្ញុំ​មាន​ការអៀន​ខ្មាស និង​ព្រួយ​បារម្ភ​អំពី​ការប្រឈម​មុខ​នឹង​មនុស្ស​គ្រប់​គ្នា ។ ទោះបី​វា​ជា​គ្រា​មួយ​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ក្តី ខ្ញុំ​ក៏​បាន​រីកចម្រើន​ឡើង​តាមរយៈ​បទពិសោធន៍​នោះ​ដែរ ។ វា​បាន​សម្រួច​សម្រាំង​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ឡើង ។

ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើ​តាម​ដំណើរ​ការ​នៃ​ការប្រែចិត្ត ។ ការជ្រើសរើស​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ធ្វើ​ពីមុន​បេសកកម្ម​របស់​ខ្ញុំ​ពុំ​ត្រូវ​នឹង​ការបង្រៀន និង​បទបញ្ញត្តិ​របស់​ដំណឹងល្អ​ឡើយ ។ ដោយសា​រ​តែ​ភាព​ខ្មាសអៀន និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ ដើម្បី​បន្ត​នៅក្នុង​សាសនាចក្រ នោះ​ខ្ញុំ​ពុំ​ធ្វើ​តាម​ដំណើរ​ការ​នៃ​ការប្រែចិត្ត​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ​ពីមុន​បេសកកម្ម​ទេ ។ ប៉ុន្តែ​អំឡុងពេល​ពីរបី​ខែ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ប្រែចិត្ត ដើម្បី​ខ្ញុំ​អាច​បម្រើ​ដោយ​កិត្តិយស និងភាព​ថ្លៃថ្នូរ ។

អ្វី​ដែល​ពិត​ជា​ជំរុញ​ចិត្ត​ខ្ញុំ​ពេល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​គឺ ការចូលរួម​ក្នុង​សកម្មភាព​ដែល​លើក​ស្ទួយ​ខាង​វិញ្ញាណ រួម​មាន​ការប្រជុំ​ក្នុង​សាសនាចក្រ គម្រោង​បម្រើ និង​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​ដែល​ខ្ញុំ​អាច​ធ្វើវា ។ ប៉ុន្តែ អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ច្រើន​បំផុត​នោះ គឺ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្ញុំ—គ្រួសារ មិត្តភក្តិ​មួយ​ចំនួន និង​សូម្បី​តែ​មនុស្ស​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ពី​មុន​បាន​បង្ហាញ​សេចក្តីស្រឡាញ់ និង​សេចក្តីសប្បុរស​ដល់​ខ្ញុំ ។

លើស​ពី​នោះ​ទៀត ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ និង​គំរូ​ដូចជា​ព្រះគ្រីស្ទ​នៅ​ជុំ​វិញ​ខ្ញុំ នោះ​ខ្ញុំ​អាច​ត្រឡប់​ទៅ​រដ្ឋ​ហ្លូរីដា​វិញ​ដើម្បី​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ ។ សេចក្តីសង្ឃឹម​របស់​ខ្ញុំ​គឺ​ថា យើង​​ទាំងអស់​គ្នា​នឹង​ព្យាយាម​មាន​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ដទៃ ទោះបី​ពួកគេ​បាន​ត្រឡប់​មក​​ផ្ទះ​វិញ​មុន​កំណត់ ឬ​ត្រូវការ​ជំនួយ​យ៉ាង​សាមញ្ញ​ក្តី ។

កាហ្គិន ស្តោត រដ្ឋ​យូថាហ៍ ស.រ.អា

ពឹងផ្អែក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ

ខ្ញុំ​ត្រូវបាន​ហៅ​បម្រើ​ទៅ​បេសកកម្ម ស្សាំបៀរ លូសាកា ។ រឿងមួយ​ដ៏​លំបាក​បំផុត​អំពីការ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​គឺ​ការពុំ​យល់​របស់​សមាជិក​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ។

ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​អស់រយៈពេល​បី​សប្តាហ៍ ហើយ​គ្មាន​សមាជិក​ណា​ម្នាក់​មក​ពី​ព្រះវិហារ​បាន​ទូរសព្ទ​មក​លេង ឬ​មក​សួរ​សុខទុក្ខ​ឡើយ ។ អ្នក​ដែល​បាន​មក​នោះ​គឺ​មាន​តែ​ក្រុម​អ្នក​ដឹកនាំ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ដែល​បាន​ចាត់​ឲ្យ​បម្រើ​សាក្រាម៉ង់​ដល់​ខ្ញុំ​រៀងរាល់​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ—ហើយ​វា​កើត​ឡើង​ដោយសារ​តែ​ខ្ញុំ​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ​ប៉ុណ្ណោះ ។ ខ្ញុំ​ពិត​ជា​អាច​ប្រើប្រាស់​ជំនួយ​ពី​សមាជិក​ដើម្បី​ស្ថាបនា​​ភាព​រឹងមាំ និង​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ អំឡុង​ពេល​ពីរបី​សប្តាហ៍​ដំបូង​នោះ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​វា​តែ​ម្នាក់​ឯង ។

ព្រះអម្ចាស់​បន្ត​បង្រៀន​ខ្ញុំ​រៀងរាល់​ថ្ងៃ​អំពី​មូលហេតុ​ដែល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​នៃ​ការរំពឹងទុក ទោះបី​​វា​នៅតែ​ពិបាក​យល់​នៅពេល​ខ្លះ​ក្តី ​។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រកឃើញ​ឪពុក​របស់​ខ្ញុំ និង​គ្រួសារ​របស់​គាត់ ហើយ​ស្ថាបនា​ទំនាក់​ទំនង​ជាមួយ​ពួកគេ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ថា ខ្ញុំ​មានជំងឺ​មួយ​ដែល​បន្ត​មាន​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​រៀន​​ពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​ខ្ញុំ—ឧទាហរណ៍ របៀប​និយាយ « បដិសេធ » ។ ពីមុន វា​ពិបាក​ណាស់​ដើម្បី​ឲ្យ​ខ្ញុំ​និយាយ​បដិសេធ​ចំពោះ​អ្វី​មួយ ឬ​ចំពោះ​នរណា​ម្នាក់ ។ ខ្ញុំ​តែងតែ​មាន​ឆន្ទៈ​ធ្វើ​រឿង​នានា ហើយ​ដាក់​មនុស្ស​ដទៃ​មុន​ដំបូង​ជានិច្ច ទោះបី​ខ្ញុំ​មាន​ការនឿយ​ហត់ ឬ​មមាញឹក​យ៉ាង​ណា​ក្តី—ដែល​វា​មិន​ទាស់​ខុស​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការសាកល្បង​នេះ នោះ​ខ្ញុំ​បាន​រៀន​ថា ជួនកាល​ខ្ញុំត្រូវតែ​គិត​ពី​ខ្លួន​ឯង​ជាមុន​សិន ។

ខ្ញុំ​នៅតែ​រកឃើញ​រឿង​ថ្មីៗ​អំពី​ព្រះអម្ចាស់ និង​មូលហេតុ​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ។ ប៉ុន្តែ​មាន​ពរជ័យ​ជាច្រើន​បាន​កើត​​ឡើង​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​រៀងរាល់​ថ្ងៃ ។ ជួនកាល ទោះបី​វា​មាន​ការលំបាក ហើយ​មនុស្ស​ពុំ​យល់​ជានិច្ច​ក្តី ខ្ញុំ​ដឹង​ថា ព្រះអង្គសង្គ្រោះ​​បាន​យល់ ។ ហើយ​ខ្ញុំ​បន្ត​ពឹង​ផ្អែក​លើ​ទ្រង់ និង​​ដង្វាយធួន​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់ ។

លីនឌី ឆីបាសេ ហ្គូត​តេង អាហ្វ្រិកខាងត្បូង

ការសន្យា​ដែល​មាន​នៅក្នុង​លិខិត​ហៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​អ្នក ​ដែល​បាន​ផ្តល់​ដល់​អ្នក​ពេល​អ្នក​សម្រេច​ចិត្ត​បោះជំហាន​ទៅ​មុខ​នៅក្នុង​កិច្ចការ​នេះ នឹង​ត្រូវបាន​បំពេញ ៖ « ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់​សម្រាប់​សេចក្តីល្អ​​នៃ​ជីវិត​​របស់​អ្នក » ។ ជាមួយ​នឹងការយកចិត្តទុកដាក់​ ព្រមទាំង​ការមើល​ថែ នោះ​របួស​របស់​អ្នក​អាច​ត្រូវបាន​ព្យាបាល ហើយ​ក្លាយ​ជា​ឧបករណ៍​មួយ​សម្រាប់​អ្នក ដើម្បី​អាចជួយ​មនុស្ស​ដទៃ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ នេះ​គឺ​ជា​កាតព្វកិច្ច​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

កំណត់​ចំណាំ

  1. « តើ​អ្វី​ជា​គោលបំណង​របស់​ខ្ញុំ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ? » ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ ( ឆ្នាំ ២០១៨ ) គេហទំព័រ lds.org/manual/missionary ។