ឆ្នាំ ២០១៩
ការគាំទ្រ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់
ខែ កក្កដា ឆ្នាំ ២០១៩


ការគាំទ្រ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់

ចំណុច​គន្លឹះ​សម្រាប់​លើក​កម្ពស់​ការព្យាបាល​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​ការរំពឹង​ទុក ។

រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មក​ពី​ព្រះគម្ពីរ​មរមន​គឺ ពលទ័ព​កម្លោះ​របស់​ហេលេមិន ២០០ នាក់​ដែល​បាន​ដួល​ចុះ​ដោយ​រងរបួស​ក្នុង​ចម្បាំង ( សូមមើល អាលម៉ា ៥៧:២៥ ) ។ ខ្ញុំគិតពីភាព​ដូចគ្នា​​រវាង​ពលទ័ព​កម្លោះ​ទាំង ២០០ នាក់​នោះ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បច្ចុប្បន្ន​នេះ ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​ការរំពឹងទុក ដោយ​សារ​ហេតុផល​មួយ​ចំនួន ។

ទោះបី​ជា​ពល​ទ័ព​ទាំង ២០០ នាក់​បាន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ដោយ​មាន​ចិត្ត​ក្លាហាន​បំផុត​ក្តី ពួកគេ​បាន​ឃើញ​ថា ពួកគេ​ត្រូវ​បាន​សែង​ចេញ​ពី​សមរភូមិ​ដែរ ។ ខ្ញុំ​​សង្ឃឹម​ថា ពួកគេ​បាន​ឃើញ​ខ្លួន​ពួកគេ​ថា ក្លាហាន បាន​ថ្វាយ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន ប៉ុន្តែ​ខ្ញុំ​គិត​ថា ពួកគេ​បាន​ជួប​នឹង​ការសង្ស័យ​​ពី​ខ្លួន​ឯង ហើយ​មាន​ចម្ងល់​ពី​មូលហេតុ​ដែល​ពួកគេ​ពុំ​ត្រូវបាន​ការពារ ដូច​ពលទ័ព​កម្លោះ​ផ្សេងទៀត ។

ដូចជា​ពលទ័ព​កម្លោះ​របស់​ហេលេមិន​ដែរ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ពី​បេសកកម្ម​របស់​ពួកគេ ជារឿយៗ មើល​រំលង​ការពិត​​ដែល​ថា ពួកគេ​បាន​ស្ម័គ្រ​ចិត្ត ហើយ​ចេញទៅក្នុង « ចម្បាំង » ដោយ​វីរៈភាព​​ដោយ​ថ្វាយ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​មាន ។ ពួកគេ​បាន​រៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម​របស់​ពួកគេ ហើយ​បាន​ពោរពេញ​ដោយ​សេចក្តីជំនឿ​ដ៏មហិមា ហើយ​មាន​បំណង​ប្រាថ្នា​បម្រើ​ព្រះអម្ចាស់ ។ ពេល​ពួកគេ « ដួលចុះដោយ​រងរបួស » ( ឧទាហរណ៍ ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​រូបកាយ ឬ​សុខភាព​ផ្លូវ​ចិត្ត ឬ​សូម្បី​តែ​ការរំលង​ក្តី ) ជារឿយៗ ពួកគេ​ផ្តោត​ចិត្ត​ទៅលើ​អ្វី​ដែល​ពួកគេ​ពុំ​សម្រេច​បាន ហើយ​មាន​អារម្មណ៍​ខកចិត្ត ខ្មាសអៀន ឬ​បាក់ទឹកចិត្ត ។ ពួកគេ​អាច​ងឿង​ឆ្ងល់​ពី​ការបំផុសគំនិត​ដែល​ដឹកនាំ​ពួកគេ​ឲ្យ​បម្រើ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​​ត្រឡប់​មក​ពី​បេសកកម្ម​មុន​កំណត់​ទាំង​នេះ អាច​បារម្ភ​ពី​ទស្សន​របស់​មនុស្ស​ដទៃ​​មាន​មក​លើ​ពួកគេ ឬ​សូម្បី​តែ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។ ពួកគេ​អាច​មាន​អារម្មណ៍​ថា ពួកគេ​បាន​បរាជ័យ ឬ​ពុំ​មាន​គេ​ទទួល​យក​ខ្លួន ហើយ​អាច​វិនិច្ឆ័យ​ខ្លួន​ពួកគេ​ដោយ​ភាពអវិជ្ជមាន ។

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ត្រូវការ​កិច្ចខិតខំ​រួម​គ្នា​របស់​គ្រួសារ មិត្តភក្ដិ ថ្នាក់ដឹកនាំ និង​សមាជិក​វួដ​ជួយ​ពួកគេ​ឲ្យ « ជាសះស្បើយ » ។ នេះ​គឺជា​ចំណុច​គន្លឹះ​មួយ​ចំនួន​សម្រាប់​ទាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ និង​សមាជិក​គ្រួសារ ថ្នាក់​ដឹកនាំ​សាសនាចក្រ មិត្តភក្ដិ និង​សមាជិក​វួដ​របស់ពួកគេ ។

សម្រាប់​មនុស្ស​ជាទីស្រឡាញ់ ៖ រឿង ៦ យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​ជាសះស្បើយ

  1. ឈោងទៅ​ជួយ​ដោយ​សេចក្តីស្រឡាញ់ ដើម្បី​លួងលោម ធ្វើ​ឲ្យ​ទុកចិត្ត​ឡើង​វិញ និងមើល​ថែ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​វិញ​ម្នាក់ៗ និង​គ្រួសារ​របស់​ពួកគេ ដូច​អ្នក​ជា​ពលទ័ព​ដែល​ដួល​ចុះ​ដោយ​រងរបួស​ក្នុង​ចម្បាំង ។ សូម​ថ្លែង​អំណរគុណ​ដល់​ការបម្រើ​ដែល​ពួកគេ​បាន​ធ្វើ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្តោត​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ មិនមែន​ផ្តោត​ចិត្ត​លើ​អ្វី​ដែល​ពួកគេ​ពុំ​បាន​ធ្វើ​នោះ​ទេ ។

  2. សូម​ហៅ​ពួកគេ​ថា​ជា « អ្នក​ត្រឡប់​មក​ពី​បេសកកម្ម » ហើយ​កុំ​ហៅ​ពួកគេ​ថា « អ្នកត្រឡប់​​មក​ពី​បេសកកម្ម​មុន​កំណត់ » ឬ « អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ដោះលែង​មុន​កំណត់ » ឡើយ ។ ពាក្យពេចន៍​ត្រឹមត្រូវ​អាច​ជួយ​ដល់​តម្រូវការ​នៃ​ការព្យាបាល និង​ការជាសះស្បើយ ។

  3. សូម​ស្តាប់​ពួកគេ ដើម្បី​ញែក​ឲ្យ​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ជួយ​បាន​ល្អ​បំផុត ។

  4. គាំទ្រ​ដល់​ឪពុកម្តាយ​របស់​ពួកគេ ។ វា​អាច​ជា​​រឿង​ដ៏​សំខាន់​បំផុត​​មួយ ដើម្បី​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​នៃ​ការព្យាបាល​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ ។ សូម​ប្រុងប្រយ័ត្ន​កុំ​ព្រងើយ​កន្តើយ​នឹង​តម្រូវការ​ផ្នែក​សតិអារម្មណ៍​របស់​ឪពុក​ម្តាយ​នៃ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ ។

  5. សូម​ស្វែងរក​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ ប្រសិនបើ​ចាំបាច់ ។ អ្នក​មាន​វិជ្ជាជីវៈ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​អាច​ជួយ​ពួក​អ្នក​ត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ សម្រប​ខ្លួន​ទៅនឹង​ជីវិត​ដែល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​មក​លើ​ផ្លូវ​វិញ ។ នៅកន្លែង​ដែល​មាន សេវាកម្ម​គ្រួសារ​អិល.ឌី.អេស. ផ្តល់​វគ្គ​ប្រឹក្សា​ចំនួន​ប្រាំមួយ​ដង​ដោយ​ឥត​គិត​ថ្លៃ ដោយ​ផ្អែក​លើ​ការស្នើសុំ សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ។

  6. សូមស្វែងរក​ការណែនាំខាង​វិញ្ញាណ ។ សូម​កុំ​មើលងាយ​អំណាច​នៃ​ការអធិស្ឋាន ។ សូមអធិស្ឋានទូល​​សូម​ការ​ណែនាំ​អំពី​របៀប​ដែល​​អ្នក​អាច​ផ្តល់​ការគាំទ្រ​បាន​ល្អ​បំផុត​ដល់​ពួកគេ និង​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ។

សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រឡប់​មក​វិញមុន​កំណត់ ៖ សេចក្តីពិត ៥ យ៉ាង​ដើម្បី​ចងចាំ ពេល​អ្នក​ព្យាបាល

  1. ព្រះ​ស្រឡាញ់​អ្នក ។ ពួកយើង​ទាំងអស់​គ្នា​ជួប​នឹង​ទុក្ខវេទនា​នៅ​គ្រា​ផ្សេងៗ នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺពុំមែន​ជាថ្នាំ​បង្ការ​​ទប់ទល់​នឹង​សេចក្តីទុក្ខវេទនា​ទេ—វា​គឺជា​គោលការណ៍​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​វា​បាន ។ ដោយសារ​ដង្វាយ​​ដ៏​ធួន​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​មាន​ព្រះចេស្តាពុំគ្រាន់តែ​អាច​លាង​ជម្រះ​យើង​ចេញពី​អំពើ​បាប​ប៉ុណ្ណោះ​ទេ ដង្វាយ​ដ៏ធួន​នេះ​ក៏​ផ្តល់​ការលួងលោម ការយល់​ចិត្ត ការព្យាបាល និង​ការគាំទ្រ​ផងដែរ ។ ( សូមមើល​សុន្ទរកថាសន្និសីទ​​របស់​អែលឌើរ ជេហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » ) ។

  2. បទគម្ពីរ​ប្រាប់​​អំពី​ការព្យាបាល ។ ព្រះ​មាន​បន្ទូល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ដឹង​រឿង​ផ្សេង​ទៀត ដោយ​ការសិក្សា និង អនុវត្ត​ខគម្ពីរ​ដោយ​ស្មោះសរ ។ សូម​អាន​អំពី​ពល​ទ័ព​កម្លោះ​របស់​ហេលេមិន និង​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​ដួលចុះ​ដោយ​រងរបួស​នៅក្នុង​ដំណើរនៃ​ជីវិត​របស់​ពួកគេ ដើម្បី​រកឃើញ​ការយល់​ដឹង ។ សូម​រកមើល​ឧទាហរណ៍​ផ្សេង​ទៀត​អំពី​របៀប​ដែល ព្រះ​វរ​បិតា​សួគ៌​បាន​ប្រទាន​ការងារ​បម្រើ និង​ជួយ​ព្យាបាល​ដល់​​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​ទ្រង់​កាល​ពី​បុរាណ ។

  3. ការបម្រើ​ជួយ​ព្យាបាល​អ្នក ។ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក « ឧស្សាហ៍​ចូលរួម » នៅក្នុង​ប្រយោជន៍​ល្អ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៨:២៧ ) ដោយ​នោះ​គឺ​ជា​អ្វី​ដែល​ជួយ​​ព្យាបាល​អ្នក ។ សូម​រកមើល ហើយ​អធិស្ឋាន​ទូល​សូម​ឱកាស​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ។

  4. ការអធិស្ថាន​អាច​បើក​ភ្នែក​របស់​អ្នក ។ សូម​បង្ហាញ​អំណរគុណ​​ចំពោះ​ព្រះវរបិតាសួគ៌ ។ ទ្រង់​សព្វ​ព្រះទ័យ​ចង់​ជួយ​ព្យាបាល​អ្នក ។ ទូល​សូម​​ទ្រង់​ឲ្យ​ផ្តល់​កម្លាំង​ដល់​អ្នក ឲ្យ​បើក​ភ្នែក​មើល​ឃើញ​អ្វីៗ​ដែល​ទ្រង់​កំពុង​ធ្វើ ដើម្បី​ប្រទាន​ពរ និង​ព្យាបាល​អ្នក ហើយ​ក៏​ទូល​សូម​កម្លាំង ដើម្បី រកវិធី​នានា​ដើម្បី​ផ្តល់​​ពរ​ដល់​មនុស្ស​ដទៃ​ទៀត ។​

  5. មនុស្ស​ដទៃ​ពុំ​អាចយល់​បាន​ឡើយ ។ គ្រប់​មនុស្ស​ទាំងអស់​ពុំ​អាច​យល់​ពី​ស្ថានភាព​របស់​អ្នក​ទេ ហើយ​ពួកគេ​អាច​និយាយ​អ្វី​ដែល​ពួកគេ​ពុំ​ដឹង ។ ប៉ុន្តែ​ចូរ​កុំ​ឲ្យ​រឿង​នេះ​បំបាក់​ទឹកចិត្ត​អ្នក​ឡើយ ! សូម​ផ្តោត​ចិត្ត​ទៅលើ​ការសម្តែង​អំណរគុណ​ចំពោះ​អ្នក​ដែល​ពង្រឹង​អ្នក ហើយ​អធិស្ឋាន​ទូល​សូម​ជំនួយ ដើម្បី​អភ័យទោស​ដល់​មនុស្ស​ដទៃ ប្រសិនបើ​ពួកគេ​ពុំ​យល់​ពី​ស្ថានភាព​របស់​អ្នក​ទាំង​ស្រុង​នោះ ។