ប្រសិនបើអ្នកបញ្ចប់បេសកកម្មរបស់អ្នកមុនកំណត់ សូមកុំចុះចាញ់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
តម្លៃរបស់អ្នកពុំផុតរលត់នៅត្រឹមពេលការត្រលប់មកពីបេសកកម្មវិញមុនពេលកំណត់នោះទេ ។
ប្រសិនបើអ្នកកំពុងអានអត្ថបទនេះ អ្នកប្រហែលជាដឹងពីការលំបាកដ៏ច្រើនលើសលប់ដែលវាអាចកើតឡើងដោយសារការត្រឡប់មកពីបេសកកម្មវិញមុនកំណត់ ។ យុវមជ្ឈិមវ័យដែលបម្រើអាចមានបទពិសោធន៍នៃការឈឺចាប់ផ្នែករូបកាយ បញ្ហាសុខភាពផ្លូវចិត្ត ភាពអាសន្នផ្ទាល់ខ្លួន បញ្ហាភាពស័ក្តិសម ជម្លោះធ្ងន់ធ្ងរជាមួយមនុស្សដទៃ ឬការមិនគោរពប្រតិបត្តិតាមច្បាប់បេសកកម្ម បណ្តាលឲ្យពួកគេចេញពីបេសកកម្មរបស់ពួកគេមុនកាលបរិច្ឆេទដោះលែងដែលពួកគេរំពឹងទុក ។
ដោយមិនគិតពីហេតុផលអ្វីឡើយ ព្រះពុំសព្វព្រះទ័យឲ្យបទពិសោធន៍លំបាកទាំងនេះជះឥទ្ធិពលយូរអង្វែងដល់ការរីកចម្រើនខាងវិញ្ញាណរបស់បុត្រាបុត្រីទ្រង់ឡើយ ។ ដូច្នេះតើពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកពីបេសកកម្មវិញមុនកំណត់អាចបន្តឆ្ពោះទៅមុខចេញពីការផ្លាស់ប្តូរដ៏មិនរីករាយនោះតាមរបៀបណា ? ហើយតើឪពុកម្តាយ ថ្នាក់ដឹកនាំសាសនាចក្រ និងមនុស្សជាទីស្រឡាញ់អាចជួយតាមរបៀបណា ?
អ្នកផ្សព្វផ្សាយសាសនាម្នាក់មកពីព្រះគម្ពីរមរមន
រឿងមួយមកពីគម្ពីរអាលម៉ាផ្តល់គំរូដ៏មានប្រយោជន៍មួយដល់យើង ។ ព្យាការីសាសន៍នីហ្វៃឈ្មោះអាលម៉ាបានដឹកនាំបេសកកម្មទៅកាន់ពួកសាសន៍សូរាំទុច្ចរិត ដោយមានអ្នកផ្សព្វផ្សាយសាសនាមួយចំនួនដ៏គួរឲ្យទុកចិត្ត ។ មានអ្នកផ្សព្វផ្សាយម្នាក់ដែលជាកូនប្រុសរបស់លោកគឺកូរីអានតុន « [ បាន ] បោះបង់ចោលការងារបម្រើ ហើយបានទៅតាមស្រីខូច អ៊ីសាបែល ឆ្លងទៅឯដែនដីសៃរ៉ុន នៅតាមព្រំប្រទល់ដែនដីនៃពួកសាសន៍លេមិន » ( អាលម៉ា ៣៩:៣ ) ។ បន្ទាប់មក អាលម៉ាបានស្តីប្រដៅកូរីអានតុនជាខ្លាំង ហើយបានហៅគាត់ឲ្យប្រែចិត្ត ដូចបានចែងថា « ឪពុកពុំគួរនិយាយច្រំដែលអំពីទោសរបស់កូន ដើម្បីធ្វើឲ្យកូនកើតទុក្ខក្នុងចិត្តទេ ប្រសិនបើពុំមែនសម្រាប់ឲ្យកូនបានល្អ » ( អាលម៉ា ៣៩:៧ ) ។
កូរីអានតុនបានទទួលការវាយផ្ចាល់របស់ឪពុកគាត់ដោយរាបសា បានប្រែចិត្តពីអំពើបាបរបស់គាត់ ហើយបានត្រឡប់ទៅបម្រើជាអ្នកផ្សព្វផ្សាយសាសនាវិញនៅក្នុងចំណោមពួកសាសន៍សូរាំ « ទៅប្រកាសប្រាប់ព្រះបន្ទូល ដោយការពិត និងការម៉ឺងម៉ាត់ » ( អាលម៉ា ៤២:៣១ ) ។ ដំណើររឿងនោះបន្តទៀតដោយចែងថា បន្ទាប់ពីអាលម៉ាបានថ្លែងទៅពួកកូនប្រុសរបស់លោក « ពួកកូនប្រុសរបស់អាលម៉ា [ ទាំងស៊ិបឡុន និងកូរីអានតុន ] បានទៅក្នុងចំណោមប្រជាជន ដើម្បីប្រកាសប្រាប់ព្រះបន្ទូលដល់ពួកគេ » ( អាលម៉ា ៤៣:១ ) ។
ការត្រឡប់មកវិញជាមួយនឹងសក្តានុពល
តើយើងអាចរៀនអ្វីខ្លះមកពីរឿងនេះ ? ទីមួយ អ្នកផ្សព្វផ្សាយម្នាក់ដែលត្រឡប់មកផ្ទះវិញមុនកំណត់—ទោះបីដោយសារហេតុផលដែលអាចទប់ស្កាត់បានក្តី—គឺនៅតែមានលទ្ធភាពក្នុងការសម្រេចបាននូវកិច្ចការដ៏អស្ចារ្យ ។ កូរីអានតុនអាចធ្វើខុសធ្ងន់ ប៉ុន្តែគាត់នៅតែបន្តទៅសម្រេចកិច្ចការដ៏អស្ចារ្យនោះ ។ ដូចគ្នានេះផងដែរ ទោះបីពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រឡប់មកវិញដោយសារតែលទ្ធផលនៃទង្វើរបស់ពួកគេផ្ទាល់ក្តី ពុំគួរមានអារម្មណ៍ថា ពួកគេបានបំផ្លាញសក្តានុពលខាងវិញ្ញាណរបស់ពួកគេឡើយ ។ កូរីអានតុនបានរៀនពីកំហុសរបស់គាត់ ហើយបានស្ថាបនានគរព្រះតាមរបៀបដ៏អស្ចារ្យ ហើយសមត្ថភាពដូចគ្នានោះមាននៅក្នុងមនុស្សគ្រប់រូប មិនថាពួកគេមានអារម្មណ៍ថា ពួកគេបរាជ័យដល់កម្រិតណានោះទេ ។
ទីពីរ យើងរៀនពីតួនាទីសំខាន់ផ្សេងទៀតដែលមាននៅក្នុងការជាសះស្បើយឡើងវិញខាងវិញ្ញាណរបស់អ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលត្រឡប់មកផ្ទះវិញមុនកំណត់ ។ អាលម៉ា—ឪពុករបស់កូរីអានតុន និងជាថ្នាក់ដឹកនាំបព្វជិតភាព—បានទូន្មានកូរីអានតុនដោយមោះមុត និងដោយទំនុកចិត្តទៅលើសមត្ថភាពរបស់គាត់ ដើម្បីនៅតែសម្រេចបានសក្តានុពលខាងវិញ្ញាណរបស់គាត់ ។ ដូចនឹងកូរីអានតុនដែរ លទ្ធផលសម្រាប់ការមិនគោរពប្រតិបត្តិនៅក្នុងបេសកកម្មត្រូវតែមាន ប៉ុន្តែការដាក់វិន័យណាមួយគួរតែមាននូវសេចក្តីស្រឡាញ់ ការអភ័យទោស និងសេចក្តីមេត្តាករុណា ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤១–៤៤ ) ។
ការត្រឡប់មកវិញដើម្បីព្យាបាល
សារលិខិតដដែលនៃសេចក្តីសង្ឃឹមសម្រាប់អ្នកត្រឡប់មកពីបេសកកម្មវិញមុនកំណត់គឺនៅតែកើតឡើងដដែលនៅពេលបច្ចុប្បន្ននេះ ។ ម៉ាស្សែលដែលត្រឡប់មកផ្ទះវិញមុនកំណត់ដោយសារបញ្ហាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត មានអារម្មណ៍សោកស្តាយជាច្រើនដង ចំពោះទាំងឧបសគ្គខាងសុខភាព និងភាពខ្វះចន្លោះផ្ទាល់ខ្លួន ដែលរារាំងគាត់ពីការធ្វើកិច្ចការដ៏ពេញលេញក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ ទោះជាយ៉ាងណាក្តី គាត់មានអារម្មណ៍ថា ការបម្រើរបស់គាត់ពិតជាស័ក្តិសមណាស់ ។
ម៉ាស្សែលនិយាយថា « ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា យើងពុំល្អឥតខ្ចោះនោះទេ ។ យើងនៅតែអាចធ្លាក់ក្នុងការល្បួង យើងអាចនៅតែប្រព្រឹត្តអំពើបាប ។ ប៉ុន្តែភាពមិនល្អឥតខ្ចោះរបស់អ្នក គឺជាអ្វីដែលប្រហែលជាសាតាំងចង់ឲ្យអ្នកផ្តោតចិត្តទៅលើ—ដើម្បីមានអារម្មណ៍ថា ព្រះអម្ចាស់មិនទទួលយកការបម្រើរបស់អ្នកទេ ដោយសារគ្រាដែលអ្នកពុំបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អបំផុតនោះ » ។
ម៉ាស្សែលជឿថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកអ្នកផ្សព្វផ្សាយសាសនាដឹងថា ទ្រង់សព្វព្រះទ័យជាមួយកិច្ចការដែលពួកគេធ្វើ ទោះបីជាពេលខ្លះការបម្រើនោះពុំល្អឥតខ្ចោះ ដោយសារតែជម្រើស ឬកាលៈទេសៈណាមួយក្តី ។
ម៉ាស្សែលបានរៀនដោះស្រាយ និងព្យាបាលតាមរយៈការធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដែលគាត់អាចធ្វើបាន ដើម្បីបន្តនៅក្បែរព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។
ការត្រឡប់មកវិញដើម្បីប្រែចិត្ត
អ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀតដែលបានបម្រើនៅបេសកកម្មខាឡូរ៉ាដូ ស.រ.អា. ត្រូវបានបញ្ជូនមកផ្ទះវិញ ដោយហេតុផលនៃការដាក់វិន័យ និងលុបឈ្មោះចេញពីសាសនាចក្រ ប៉ុន្តែក្រោយមកគាត់បានទទួលបុណ្យជ្រមុជទឹកឡើងវិញ ។ គាត់និយាយថា « ការត្រឡប់មកផ្ទះវិញគឺពិបាកណាស់ ។ ខ្ញុំមានអារម្មណ៍ថាបាត់បង់ និងគ្មានអ្វីសោះ ។ នៅគ្រាជាច្រើន ផ្នែកដ៏លំបាកបំផុតនៃការត្រឡប់មកផ្ទះវិញគឺ [ ការរកឃើញ ] ការជំរុញចិត្តឲ្យបន្តទៅព្រះវិហារ ការអានព្រះគម្ពីរ និងការអធិស្ឋាន ។ រឿងដែលសាមញ្ញក្លាយជារឿងពិបាកបំផុត » ។
ប៉ុន្តែគាត់បានរកឃើញកម្លាំងនៅក្នុងការគាំទ្រពីមិត្តភក្តិ និងគ្រួសារ និងដោយការប្រែចិត្ត ។
គាត់បានបន្ថែមទៀតថា « ការដាក់គោលដៅ ការជួបជាមួយប៊ីស្សព និងការទៅព្រះវិហារបរិសុទ្ធពេលខ្ញុំមានភាពស័ក្តិសម គឺជាគន្លឹះសំខាន់ដើម្បីអាចខិតកាន់តែជិតព្រះវរបិតាសួគ៌ ។ ខ្ញុំចាំពីគ្រានានា ពេលដែលខ្ញុំពុំអាចជួបជាមួយប៊ីស្សព ឬសម្រេចបានគោលដៅមួយចំនួន នោះពួកមារសត្រូវតែងតែនៅទីនោះល្បួងខ្ញុំ » ។
ការជាសះស្បើយរបស់គាត់អាចធ្វើបានតាមរយៈ « ការចងចាំជានិច្ចថា ខ្ញុំមានព្រះវរបិតាសួគ៌ដែលស្រឡាញ់ខ្ញុំ ហើយសព្វព្រះទ័យឲ្យខ្ញុំរីករាយ ។ ដោយការមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងការប្រែចិត្ត នោះយើងអាចខិតកាន់តែជិតព្រះជានិច្ច មិនថាយើងមានអារម្មណ៍ឆ្ងាយពីទ្រង់ប៉ុណ្ណានោះទេ » ។
ដោយនិយាយពីប៉ុន្មានខែដែលគាត់បានបម្រើពីមុនព្រឹត្តិការណ៍ដែលដឹកនាំឲ្យគេបញ្ជូនគាត់មកផ្ទះវិញ នោះគាត់បានបន្តទៀតថា « ក្រឡេកមើលទៅបេសកកម្មរបស់ខ្ញុំវិញ ខ្ញុំនៅតែមានអារម្មណ៍ថា វាគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលខ្ញុំធ្លាប់មាន ។ ខ្ញុំបានរៀនច្រើន ហើយទោះបីជាវាពុំបានប្រែមកតាមអ្វីដែលខ្ញុំបានដាក់ផែនការក្តី ខ្ញុំនៅតែអាចឃើញថា ជីវិតមនុស្សជាច្រើនបានផ្លាស់ប្តូរដោយសារដំណឹងល្អ ។ ខ្ញុំបានធ្វើកំហុសមួយចំនួន ប៉ុន្តែទីបន្ទាល់របស់ខ្ញុំបានចម្រើនឡើងកាន់តែខ្លាំង ពេលខ្ញុំបានព្យាយាមប្រែចិត្ត ហើយបន្តឆ្ពោះទៅមុខ » ។
ទ្រង់សព្វព្រះទ័យឲ្យមនុស្សផ្សេងទៀតដែលត្រឡប់មកផ្ទះវិញមុនកំណត់ដោយសារតែជម្រើសរបស់ពួកគេដឹងថា « ពិភពលោកនេះមិនទាន់ចប់នៅឡើយទេ ។ ការត្រឡប់មកផ្ទះវិញគឺជាជំហានដំបូងនៃការប្រែចិត្ត ។ នៅពេលអ្នកឆ្លងកាត់ដំណើរការនៃការប្រែចិត្ត នោះអ្នកនឹងទទួលបានអ្វីៗជាច្រើន ។ បន្ទុកដ៏ធ្ងន់នោះនឹងត្រូវបានសម្រាលឡើង ។ គ្មានអារម្មណ៍ណាប្រសើរជាងដែលដឹងថា អ្នកត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះនោះទេ » ។
ស្រឡាញ់អ្នកដែលត្រឡប់មកពីបេសកកម្មមុនកំណត់
ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់ទាំងពីរនាក់នេះបានគូសបញ្ជាក់ពីសារៈសំខាន់ដែលមិត្តភក្តិ និងគ្រួសារ ដែលមានពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់នោះត្រូវស្រឡាញ់ និងគាំទ្រពួកគេ ។
ម៉ាស្សែលនិយាយថា « សូមផ្តល់សេរីភាពដល់ពួកគេ ។ ប៉ុន្តែសូមប្រាកដថា អ្នកនៅក្បែរពួកគេ ដោយសារវាអាចក្លាយជាការបាក់ទឹកចិត្តបន្តិច ។ សូមធ្វើជាមិត្តនឹងពួកគេ » ។ តាមរយៈការស្ដាប់តាមព្រះវិញ្ញាណ នោះយើងអាចកំណត់ពីតម្រូវការរបស់ពួកគេ ហើយដឹងពីពេលដែលត្រូវឈោងទៅជួយ និងពេលដែលត្រូវគោរពដល់ភាពឯកជនរបស់ពួកគេ ។
អ្នកផ្សព្វផ្សាយសាសនាដែលបានបម្រើនៅខូឡូរ៉ាដូបន្ថែមថា « សូមស្រឡាញ់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យចងចាំពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
របៀបដែលមនុស្សដទៃប្រព្រឹត្តដាក់ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់ អាចជួយឲ្យមានភាពខុសប្លែករវាងការធ្លាក់របស់ពួកគេក្នុងការអៀនខ្មាស ឬការបន្តឆ្ពោះទៅមុខប្រកបដោយសេចក្តីជំនឿ ។ បន្ទាប់មក វាសំខាន់ថា ពួកគេត្រូវបានស្រឡាញ់ដោយគ្មានការវិនិច្ឆ័យឡើយ ។
ដូចជាកូរីអានតុនដែរ ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់ មានសក្តានុពលដើម្បីងើបចេញពីស្ថានភាពបច្ចុប្បន្នដែលធ្វើឲ្យឈឺចាប់ ទៅជាឧបករណ៍ដ៏មានអំណាចរបស់ព្រះអម្ចាស់ ។
ការរកឃើញសេចក្តីសង្ឃឹមនៅក្នុងផែនការរបស់ព្រះ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ផ្តល់ពាក្យលួងលោមមួយចំនួនដល់ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់ ។ លោកបានមានប្រសាសន៍ថា « នៅពេលនរណាម្នាក់សួរថា តើអ្នកបានបម្រើបេសកកម្មដែរឬទេ ហើយអ្នកនិយាយថា បានបម្រើ…សូមរីករាយនឹងការបម្រើដែលអ្នកបានផ្តល់ឲ្យ ។ សូមមានអំណរគុណសម្រាប់ឱកាសដែលបានថ្លែងទីបន្ទាល់ ឱកាសដែលបានចេញទៅក្នុងព្រះនាមព្រះអម្ចាស់ ដើម្បីពាក់ស្លាកឈ្មោះជាអ្នកផ្សព្វផ្សាយសាសនានោះ ។…សូមកុំ សូមកុំរំឭកអំពីរឿងនោះ សូមកុំនឹកនាពីវាឡើយ សូមកុំគិតថា អ្នកខ្វះចន្លោះ ឬបរាជ័យឡើយ » ។១
សម្រាប់អ្នកដែលត្រឡប់មកពីបេសកកម្មវិញមុនកំណត់ ដែលកើតមកពីដោយសារតែអំពើបាប នោះសូមចាំពាក្យទាំងនេះមកពីស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅថា ៖ « ប្រសិនបើយើងមានអំពើបាប យើងមានភាពស័ក្តិសមតិច ប៉ុន្តែយើងពុំមែនមានតម្លៃតិចនោះទេ ! »២ គាត់បានថ្លែងថា ព្រះនឹងជួយយើងបង្កើតទំនុកចិត្តក្នុងខ្លួនយើងនៅក្នុងគ្រាដ៏លំបាកបំផុតរបស់យើង ប្រសិនបើយើងនឹងងាកត្រឡប់ទៅរកទ្រង់វិញ ។
សារលិខិតមកពីព្រះគម្ពីរមរមន សារលិខិតមកពីពួកអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកពីបេសកកម្មមុនកំណត់ និងមកពីថ្នាក់ដឹកនាំសាសនាចក្រគឺដូចគ្នា ៖ សូមកុំបោះបង់ក្តីសង្ឃឹមឡើយ ដោយសារព្រះនៅតែមានផែនការសម្រាប់អ្នកប្រសើរជាងអ្នកអាចស្រមៃឃើញទៅទៀត ។ សម្រាប់មនុស្សជាទីស្រឡាញ់នៃពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ ការឆ្លើយតបរបស់អ្នកចំពោះការត្រឡប់មកផ្ទះវិញរបស់ពួកគេនឹងធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងធំធេងក្នុងការជួយដល់ពួកគេឲ្យព្យាបាល និងទៅដល់សក្តានុពលរបស់ពួកគេ ។ សូមចងចាំថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចព្យាបាលគ្រប់របួសទាំងអស់—រួមទាំងអស់អ្នកដែលត្រឡប់មកពីបេសកកម្មវិញមុនកំណត់ផងដែរ ។