ឆ្នាំ ២០១៩
ការយកឈ្នះ​លើ​ការបាក់​ទឹក​ចិត្ត
ខែ កក្កដា ឆ្នាំ ២០១៩


ការយកឈ្នះ​លើ​ការបាក់​ទឹក​ចិត្ត

មនុស្ស​គ្រប់​គ្នា​មាន​ការបាក់​ទឹកចិត្ត ប៉ុន្តែ​ក្តីបារម្ភរ៉ាំរ៉ៃ​អំពី​​បរាជ័យ ពុំ​គ្រាន់តែ​បញ្ឈប់​ភាព​រីកចម្រើន​របស់​អ្នក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​ទៀត​ផង ។

គំនិត​មិនពិត #១ ៖ យើង​ទាំងអស់​គ្នា​កើត​មក​ដើម្បី​សប្បាយ ។

គំនិត​មិនពិត #២ ៖ យើង​នឹង​ពុំ​​ដែល​ទទួល​បាន​អ្វី​ដែល​​យើងត្រូវការ​ដើម្បី​មាន​ភាព​រីករាយ​ឡើយ ដូច្នេះ​ហេតុអ្វី​យើង​ចាំបាច់​ព្យាយាម​ធ្វើ​អ្វី ?

លទ្ធផល​នៃ​គំនិត​មិន​ពិត​ទាំង​ពីរ​នេះ​គឺ​បំបាក់​ទឹកចិត្ត—យើង​ទទួល​អារម្មណ៍​នេះ ពេល​យើង​ពុំ​បាន​សម្រេច​តាម​ការរំពឹង​ទុក​ដែល​យើង​បាន​ដាក់​សម្រាប់​ខ្លួន​យើង ឬ​សូម្បី​តែ​ពេល​យើង​ពុំ​បាន​រំពឹង​ទុក​នូវ​អ្វី​សោះ ហើយ​គ្រាន់តែ​ទទួល​យក​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង ។ ជារឿយៗ​បរាជ័យ​កើត​ឡើង​មុន​ការបាក់​ទឹកចិត្ត ទោះជា​យើង​មាន​អារម្មណ៍​ថា យើង​កើត​មក​ដើម្បី​បរាជ័យ​ក្តី ថា​យើង​ពុំ​អាច​ធ្វើ​បាន​តាម​ការរំពឹង​ទុក​របស់​យើង​ទេ ឬ​ថា​យើង​បាន​ធ្វើ​អស់​សមត្ថភាព​របស់យើង​ហើយ តែ​វា​នៅតែ​ពុំ​បាន​ផល​ដូច​យើង​ចង់​បាន​ទេ ។

ប៉ុន្តែ​ការបាក់​ទឹកចិត្ត​គឺជា​ផ្នែក​នៃ​ជីវិត ហើយ​តាម​ពិត​ទៅ​វា​អាច​មាន​ប្រយោជន៍ ពេល​យើង​រៀន​ពី​របៀប​ដើម្បី​​យក​ឈ្នះ​លើ​វា ។ ដូច្នេះ​នេះ​ជាចំណុច​គន្លឹះ ១០ យ៉ាង ស្តីពី​របៀប​បង្វែរ​ការបាក់​ទឹកចិត្ត​របស់​អ្នក​ទៅ​រក​ភាព​រីកចម្រើន ៖

  1. ទទួល​ស្គាល់​ភាព​បរាជ័យ ហើយ​ទទួល​យក​ការទទួលខុសត្រូវ​ដែល​អ្នក​មាន​នៅក្នុង​បរាជ័យ​នោះ ។ មែន​ហើយ មាន​គ្រា​ជា​ច្រើន​ដែល​រឿង​នានា​បាន​កើត​ឡើង​​ពុំ​តាម​ការរំពឹង​ទុក​របស់យើង ហើយ​យើង​ពុំ​អាច​គ្រប់គ្រង​វា​បាន ប៉ុន្តែ​ភាគច្រើន យើង​អាច​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត ។ សូម​ព្យាយាម​រៀន​ពី​បរាជ័យ​របស់​អ្នក ។

  2. សូម​អធិស្ឋាន​អំពី​វា ។ សូម​អធិស្ឋាន តែ​ពុំ​ចាំបាច់​អធិស្ឋាន​សូម​ឲ្យ​រឿង​គ្រប់​យ៉ាង​​បាន​ល្អ ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ​ម្តង​ទៀត​នោះ​ទេ ប៉ុន្តែ​អធិស្ឋាន​ដើម្បី​យល់ ដើម្បី​រកឃើញ​មេរៀន និង​ដើម្បី​រកឃើញ​ឥរិយាបថ​វិជ្ជមាន ដើម្បី​អ្នក​អាច​បោះជំហាន​ទៅមុខ​ទៀត ។

  3. ដោះ​ស្រាយ​បញ្ហា ការបារម្ភ​គឺជា​ការឥតប្រយោជន៍ ។ សូម​ព្យាយាម​ប្តូរ​ការគិត​​របស់​អ្នក​ពី​ផ្នែក​ខាង​សតិអារម្មណ៍​នៃ​ខួរក្បាល​របស់​អ្នក​ទៅ​រកភាព​សមហេតុសមផល​មួយ—ដើម្បី​អ្នក​អាច​ប្រមូល​ធនធាន​នានា​ដើម្បី​រៀបចំ​ផែនការ ។

  4. សូម​អធិស្ឋាន​ម្តង​ទៀត ។ ពេល​អ្នក​មាន​ផែនការ​ល្អ​មួយ​​ដើម្បី​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការបាក់​ទឹកចិត្ត នោះ​សូម​អធិស្ឋាន​សូម​ការបញ្ជាក់​​ថា ផែនការ​របស់​អ្នក​គឺ​ជា​ផែនការ​ល្អ​មួយ ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​បោះជំហាន​ទៅមុខ ហួស​ពី​បរាជ័យ​ដែល​បាន​បណ្តាល​​ឲ្យ​បាក់ទឹកចិត្ត​​តាំង​ពី​ដំបូង​ទៅ​ទៀត ។

  5. ចូរទៅ​ធ្វើការ ។ ប្រសិនបើ​អ្នក​បាត់បង់​ការងារ ចូរ​ខិតខំ​រកការងារ​ថ្មីរៀង​រាល់​ថ្ងៃ ដោយ​ចំណាយ​ពេល​រក​ការងារ​នោះ​ដូច​ចំនួន​ម៉ោង​ដែល​អ្នក​ធ្លាប់​ធ្វើ​ការងារ​ចាស់​របស់​អ្នក​ដែរ ។ ប្រសិនបើ​បញ្ហា​វា​កើត​មក​ពី​ទំនាក់ទំនង ចូរ​ទៅ​ដោះស្រាយ​​ទំនាក់ទំនង​នោះ ។ ទោះ​ជា​អ្វី​ក៏​ដោយ​ដែល​អ្នកកំពុង​ពុះពារ​យក​ឈ្នះ—ជាពិសេស​ប្រសិនបើ​វា​ជា​អំពើ​បាប ដែល​បណ្តាល​ឲ្យ​អ្នក​បាក់ទឹកចិត្ត—សូម​ខិតខំ​ផ្លាស់ប្តូរ ហើយ​បំពេញ​ឲ្យ​បាន​នូវ​គោលដៅ​តូចៗ ។

  6. ធ្វើ​កិច្ចការ​នោះ​មួយម្តងៗ ។ សូម្បី​តែ​គោលដៅ​ដែល​ជា​ផ្នែក​មួយ​នៃផែនការ​របស់​អ្នក គួរតែ​ជា​គោលដៅ​តូច ហើយ​គួរតែ​ជំរុញ​អ្នក​ឲ្យ​ទៅរកទិសដៅ​ត្រឹមត្រូវ ។

  7. សូម​ប្រើ​បណ្តាញ​គាំទ្រ​របស់​អ្នក ។ មិត្តភក្ដិ និង​គ្រួសារ​​គឺជា​ធនធាន​ដ៏អស្ចារ្យ​បំផុត ។ សូម​ឲ្យ​ពួកគេ​ដឹង​ពី​ស្ថានភាព​របស់​អ្នក ដោយ​កុំ​ធ្វើ​ដូច​ជា​កំសត់​ពេក ។ មិត្តភក្ដិ​ពិតប្រាកដ​នឹង​ស្តាប់ ហើយ​គាំទ្រ ។ ជួនកាល​ការស្តាប់​ដ៏​ល្អ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​​ទាំងស្រុង ។

  8. ចូរ​សូម​ការប្រសិទ្ធពរ​បព្វជិតភាព​មួយ ។ ការ​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព​ពុំ​មាន​ចំនួន​កំណត់​ទេ ។ ប្រសិនបើ​អ្នក​ត្រូវការ​ការប្រសិទ្ធពរ ចូរ​សូម​ការប្រសិទ្ធពរ ។

  9. ចូរ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់ ។ ជួនកាល វា​ត្រូវការ​ពេល​មួយ​រយៈ​ដើម្បី​ឲ្យ​គ្រា​ដ៏​អាក្រក់​នោះ​កន្លង​ផុត​ទៅ ។

  10. ចូរ​រាប់​ព្រះពរ​របស់​អ្នក ។ សូម​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​​មាន​អំណរគុណ ។ បន្ថែម​​ទៅក្នុង​បញ្ជី​នោះ​រៀងរាល់​ថ្ងៃ ហើយ​ចូរ​ដឹង​ថា នៅទីបំផុត​សុភមង្គល​កំពុង​រង់ចាំ​យើង​ទាំងអស់​គ្នា ។

មែន​ហើយ ជីវិត​មាន​ការលំបាក ។ វា​លំបាក​សម្រាប់​យើង​ទាំងអស់​គ្នា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​ជំនឿ​របស់​យើង​រីកចម្រើន ពេល​យើង​ប្រតិកម្ម​ចំពោះ​ការសាកល្បង​របស់​យើង​តាម​របៀប​វិជ្ជមាន​មួយ ។ យើង​ទំនង​ជា​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​សម្រាប់​យើង ដោយសារ​យើង​កំពុង​រីកចម្រើន ចូរ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ហើយ​ទូលសូម​ជំនួយ​របស់​ទ្រង់ ។