ជំហានទាំងប្រាំមួយដើម្បីទទួលបានការងារ
ឥឡូវនេះអ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
យើងពុំអាចមានភាពខ្លួនទីពឹងខ្លួនជាបណ្តោះអាសន្នបានទេ ប្រសិនបើយើងត្រូវការការងារមួយ ហើយគ្មានការងារនោះ ។ នេះគឺជាជំហានទាំងប្រាំមួយដើម្បីទទួលបានការងារ ។
តើអ្នកត្រូវការការងារថ្មី ឬការងារមួយដែលប្រសើរដែរឬទេ ? តើអ្នកស្គាល់នរណាម្នាក់ដែលត្រូវការការងារមួយដែរឬទេ ? ឧបសគ្គបច្ចុប្បន្ននេះសម្រាប់មនុស្សជាច្រើនដែលត្រូវការការងារជាខ្លាំង ឬការងារមួយដែលប្រសើរគឺថា ជារឿយៗពួកគេពុំប្រាកដចិត្តពីរបៀបដើម្បីទទួលបានការងារដែលពួកគេចង់ធ្វើឡើយ ។ ពួកគេសួរថា « តើខ្ញុំត្រូវសរសេរប្រវត្តិរូបសង្ខេប ដាក់វានៅលើអ៊ិនធើរណែត ឬត្រូវធ្វើកិច្ចការទាំងពីរនេះដែរឬទេ ហើយតើខ្ញុំត្រូវធ្វើដូចម្តេច ? » « តើអ្វីជារបៀបត្រឹមត្រូវដើម្បីឆ្លើយសំណួរដូចជា ‹ តើអ្វីខ្លះជាចំណុចខ្សោយរបស់អ្នក ? › និង ‹ ហេតុអ្វីខ្ញុំគួរតែជួលអ្នកឲ្យធ្វើការងារនេះ ? › »
អត្ថបទនេះចែកចាយពីផែនការនៃជំហានទាំងប្រាំមួយ ដែលបង្ហាញឲ្យឃើញអំពីអ្វីដែលអ្នកត្រូវដឹង ហើយបន្ទាប់មកធ្វើដើម្បីទទួលបានការងារដែលអ្នកចង់បាន ។ ជំហានទាំងប្រាំមួយនេះផ្តោតទៅលើផ្នែកនៃលទ្ធផលនៃការស្ទង់មតិមួយ ដែលខ្ញុំបានធ្វើស្តីពីការអនុវត្តការជួលបុគ្គលិកមកពីនាយោជកចំនួន ៧៦០ រូប ដែលបានរើសបុគ្គលិកនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ ជំហានទាំងនេះក៏ត្រូវបានបង្កើតឡើងមកពីព័ត៌មានដែលខ្ញុំបានទទួលពីអ្នកជំនាញជួលបុគ្គលិក និងការបំពាក់បំប៉នផ្នែកការងារ និងការរើសបុគ្គលិកដែលខ្ញុំបានបង្រៀនជាង ៣០ ឆ្នាំនេះ ដល់មនុស្សរាប់ពាន់នាក់នៅក្នុងជាង ២០ ប្រទេស ។ ទីបំផុត ខ្ញុំ និងភរិយាទើបតែបានបម្រើជាអ្នកផ្សព្វផ្សាយសាសនារៀមច្បង ដែលត្រូវបានចាត់តាំងឲ្យអនុវត្តសេវាកម្មខ្លួនទីពឹងខ្លួននៅទូទាំងទ្វីបអ៊ឺរ៉ុប ។ បទពិសោធន៍របស់យើងបានពង្រឹងយើងថា អ្នកស្វែងរកការងារត្រូវការជំនួយពិសេស ។ មិនថាអ្នករស់នៅទីណានៅក្នុងពិភពលោកនេះទេ ទោះអ្នកមានជំនាញការងារជាអ្វីក្តី ឬមុខងារការងារអ្វីដែលអ្នកចង់ធ្វើក្តី ទាំងនេះគឺជាជំហានទាំងប្រាំមួយដែលអាចជួយអ្នកបាន ។
ដំណើរការនៃការទទួលបានការងារដែលអ្នកចង់បាន អាចត្រូវចំណាយពេលពី ពីរបីថ្ងៃ ឬរហូតដល់សប្តាហ៍ ឬសូម្បីតែច្រើនខែផងដែរ ។ ប៉ុន្តែដំណឹងល្អនោះគឺថា ដំណើរការនេះវាមានជោគជ័យ ។ ជំហានទាំងប្រាំមួយនេះអាចជួយអ្នកស្វែងរកការងារនៅគ្រប់កម្រិតទាំងអស់ ដែលត្រូវនឹងចំណុចមួយនៃចំណុចទាំងបីនេះ ៖ (១) អ្នកដែលស្វែងរកការងារជាលើកដំបូង (២) អ្នកដែលចង់ប្តូរការងារមួយផ្សេងទៀត ឬទទួលបានការតម្កើងតំណែងនៅក្នុងក្រុមហ៊ុន ឬអង្គការបច្ចុប្បន្ន និង (៣) អ្នកដែលចង់ប្តូរតំណែងនៅក្នុងអង្គការមួយផ្សេងទៀត ។
ជំហានទី ១ ។ កំណត់ពីការងារជាក់លាក់ដែលអ្នកចង់បានឥឡូវនេះ ។
អ្នកត្រូវកំណត់ឲ្យដឹងពីការងារពិតប្រាកដដែលអ្នកអាចធ្វើក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវនឹងជំនាញ ប្រវត្តិ សមិទ្ធិផល ឬការអប់រំដែលទាក់ទងនឹងការងារផ្ទាល់របស់អ្នក ។ នៅពេលអ្នកសម្រេចចិត្ត សូមកត់ត្រាឈ្មោះការងារនោះ ។ ប្រសិនបើអ្នកត្រូវការជំនួយ នោះមានគេហទំព័រជាច្រើនដែលរៀបរាប់ពីឈ្មោះការងារផ្សេងៗ និងការបរិយាយការងារ ។ សម្រាប់ជំហានទី ១ អ្នកពុំចាំបាច់ត្រូវស្វែងរកការងារដែលគេកំពុងរើសនោះទេ គឺគ្រាន់តែកំណត់ឲ្យដឹងពីប្រភេទការងារដែលអ្នកមានសមត្ថភាពធ្វើបាន និងការងារដែលត្រូវនឹងចំណាប់អារម្មណ៍អ្នកបានហើយ ។
កំហុសធំបំផុតពីរដែលបេក្ខជនស្វែងរកការងារធ្វើមាននោះគឺ ពុំសម្រេចចិត្តរកការងារជាក់លាក់ដែលពួកគេពិតជាចង់ធ្វើ ឬជ្រើសយកមុខតំណែងមួយដែលពួកគេគ្មានសមត្ថភាពធ្វើ ។ ប្រសិនបើអ្នកមិនប្រាកដចិត្តថា តើការងារជាក់លាក់អ្វីដែលត្រូវរក និងចាប់យក នោះអ្នកអាចបញ្ចប់ដោយពុំទទួលបានការងារណាទាំងអស់ ។ ការនិយាយដូចជាឃ្លាថា « ខ្ញុំគ្រាន់តែត្រូវការការងារមួយ ការងារណាក៏បាន » វាគ្មានប្រយោជន៍ទេ ។ ការនិយាយបែបនេះពុំធ្វើឲ្យនិយោជកកោតសរសើរឡើយ ហើយបំផ្លាញកិច្ចខិតខំនៃការស្វែងរកការងាររបស់អ្នកផ្ទាល់ទៀតផង ។ ដូច្នេះសូមជ្រើសរើសការងារជាក់លាក់មួយដែលអ្នកអាចធ្វើបានក្នុងពេលបច្ចុប្បន្ននេះ ហើយបន្ទាប់មកផ្តោតទៅលើការទទួលបានការងារនោះ ។
ជំហានទី ២ ។ សូមរកមើលការបរិយាយការងារសម្រាប់ការងារដែលអ្នកចង់ធ្វើ ។
ការស្ទង់មិតដែលខ្ញុំបានធ្វើជាមួយនិយោជកចំនួន ៧៦០ នាក់ ដែលបានជ្រើសរើសបុគ្គលិកនៅសាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ និងបទពិសោធន៍ការងារជាច្រើនឆ្នាំរបស់ខ្ញុំនៅក្នុងប្រទេសជាច្រើន បានបង្ហាញថា អ្នកជ្រើសរើសបុគ្គលិក និងអ្នកគ្រប់គ្រងការជួលបុគ្គលិកស្ទើរតែទាំងអស់តែងតែពិចារណាលើបេក្ខជនណាដែលស្វែងរកការងារជាក់លាក់ ដែលមានជំនាញ បទពិសោធន៍ សមិទ្ធិផល ឬការអប់រំត្រឹមត្រូវដែលទាក់ទងនឹងការងារនោះប៉ុណ្ណោះ ។ ជាពិសេស ការណ៍នោះពិតចំពោះអ្នកដែលរកការងារដែលមានតំណែងមធ្យម និងតំណែងកម្រិតខ្ពស់ ។ នៅពេលពួកគេពិចារណាយ៉ាងយកចិត្តទុកដាក់អំពីបេក្ខជន នោះអ្នកជ្រើសរើសបុគ្គលិកទាំងនេះប្រើប្រាស់គម្រោងមួយ ឬបញ្ជីមួយហៅថា ការបរិយាយការងារ ដើម្បីចាំពីតម្រូវការសំខាន់បំផុតសម្រាប់ការងារនីមួយៗ ។ បន្ទាប់មក បុគ្គលដែលជួលប្រៀបធៀបបេក្ខជនទាំងអស់ទៅនឹងការបរិយាយការងារជាក់លាក់នៃតំណែងនោះ ។
អ្នកត្រូវរកការបរិយាយការងារសម្រាប់ការងារដែលអ្នកចង់ធ្វើ ។ វានឹងជួយអ្នកឲ្យសម្រេចចិត្តថា តើអ្នកពិតជាបេក្ខជនល្អសម្រាប់ការងារនោះដែរឬទេ ។ វាក៏នឹងជួយអ្នកសម្រេចចិត្តពីអ្វីដែលត្រូវនិយាយ និងមិននិយាយអំពីខ្លួនអ្នកនៅលើប្រវត្តិរូបសង្ខេបរបស់អ្នក នៅក្នុងលិខិតអមប្រវត្តិរូបសង្ខេប និងនៅក្នុងការសម្ភាសជាមួយនិយោជក ។ ជាទូទៅ និយោជកធ្វើបញ្ជីបរិយាយការងារសម្រាប់ការងារជ្រើសរើសនីមួយៗរបស់ពួកគេនៅលើគេហទំព័រពួកគេ នៅលើសារព័ត៌មាន និងនៅលើគេហទំព័រស្វែងរកការងារ ។ បុគ្គលិកបច្ចុប្បន្នដែលដឹងពីការងារក៏អាចប្រាប់អ្នកអំពីការបរិយាយការងារ និងតម្រូវការការងារដែលជ្រើសរើស ។
កិច្ចការរបស់អ្នកនៅក្នុងជំហានទី ២ គឺរកមើលតម្រូវការជាក់លាក់ ដែលបានរៀបរាប់នៅក្នុងការបរិយាយការងារសម្រាប់ការងារដែលអ្នកចង់ធ្វើ ។ បន្ទាប់មក អ្នកត្រូវប្រើព័ត៌មានគន្លឹះនៅក្នុងជំហានទី ៣–៦ ។
ជំហានទី ៣ ។ កំណត់ពីជំនាញ បទពិសោធន៍ លទ្ធផលការងារ និងការអប់រំដែលត្រូវនឹងការងារដែលអ្នកបានជ្រើសរើស ។
ចំណុចនេះជាកន្លែងដែលអ្នកកំណត់ពីជំនាញផ្ទាល់ខ្លួនរបស់អ្នក និងសមិទ្ធិផលសម្រេចបានដែលទាក់ទងនឹងការងារ ដែលបង្ហាញថា ប្រវត្តិរបស់អ្នកពិតជាត្រូវគ្នានឹងតម្រូវការសំខាន់នៃការងារដែលអ្នកចង់បានបច្ចុប្បន្ននេះ ដូចបានបរិយាយនៅក្នុងការបរិយាយការងារដែលអ្នករកឃើញនៅក្នុងជំហានទី ២ ។
នៅពេលអ្នកធ្វើចំណុចនេះ សូមធ្វើបញ្ជីនៃជំនាញ និងសមិទ្ធិផលសម្រេចបានដែលទាក់ទងនឹងការងាររបស់អ្នក បន្ទាប់មកអ្នកអាចប្រៀបធៀបប្រវត្តិការងាររបស់អ្នកជាមួយគុណសម្បត្តិគន្លឹះ ដែលមានបង្ហាញនៅក្នុងការបរិយាយការងារដែលអ្នករកឃើញនៅក្នុងជំហានទី ២ ។ ប្រសិនបើបញ្ជីរបស់អ្នកបង្ហាញថា ជំនាញរបស់អ្នកត្រូវគ្នាយ៉ាងល្អជាមួយតម្រូវការការងារដែលអ្នកបានជ្រើសរើសនៅក្នុងជំហានទី ១ បន្ទាប់មកសូមឈានឆ្ពោះទៅកាន់ជំហានទី ៤–៦ ។ ប៉ុន្តែ ប្រសិនបើជំនាញ និងសមិទ្ធិផលសម្រេចបានរបស់អ្នកដែលអ្នកបានរៀបរាប់នៅក្នុងជំហានទី ៣ ពុំត្រូវគ្នាយ៉ាងល្អជាមួយការបរិយាយការងារដែលអ្នកមាននៅក្នុងជំហានទី ២ ទេ នោះអ្នកគួរតែពិចារណាឲ្យបានហ្មត់ចត់ដើម្បីជ្រើសរើសការងារមួយផ្សេងទៀត ដើម្បីចាប់យកវានាគ្រានេះ គឺការងារមួយដែលត្រូវខ្លាំងបំផុតនឹងជំនាញ និងសមត្ថភាពបច្ចុប្បន្នរបស់អ្នក ។
ជំហានទី ៤ ។ សូមសរសេរប្រវត្តិរូបសង្ខេបដែលត្រូវនឹងតម្រូវការរបស់និយោជកមួយ ឬពីរទំព័រ ។
គោលបំណងចម្បងនៃប្រវត្តិរូបសង្ខេប ឬស៊ីវីរបស់អ្នក គឺដើម្បីបានសម្ភាសជាមួយអ្នកជ្រើសរើសបុគ្គលិក ឬបុគ្គលដែលជួលបុគ្គលិក ដែលកំពុងរកមនុស្សបំពេញមុខតំណែងដែលជ្រើសរើស ។ ប្រវត្តិរូបសង្ខេបរបស់អ្នកសម្រេចការណ៍នេះ តាមរយៈការបង្ហាញដោយសង្ខេបដល់បុគ្គលដែលជួលបុគ្គលិកថា ជំនាញ បទពិសោធន៍ សមិទ្ធិផលសម្រេចបាន ឬការអប់រំដែលទាក់ទងនឹងការងាររបស់អ្នក ត្រូវនឹងការបរិយាយនៃការងាររបស់និយោជក គឺជាលក្ខណៈសំខាន់បំផុតនៃបេក្ខជនល្អបំផុតសម្រាប់ការងារនោះ ។
ប្រវត្តិរូបសង្ខេបដែលអ្នកសរសេរសម្រាប់ការងារជ្រើសរើសផ្សេងៗរបស់និយោជក ត្រូវតែតម្រូវទៅតាមតម្រូវការរបស់និយោជក ។ អ្នកពុំចាំបាច់ត្រូវផ្លាស់ប្តូរទន្និន័យសំខាន់ដូចគ្នាដែលអ្នកនឹងបញ្ជូលនៅលើប្រវត្តិរូបសង្ខេបរបស់អ្នកឡើយ ដូចជាប្រវត្តិការងាររបស់អ្នក ព័ត៌មានសាលារៀនរបស់អ្នក និងព័ត៌មានទាក់ទងបច្ចុប្បន្នភាពរបស់អ្នក ។ ព័ត៌មានទាំងនោះនឹងដូចគ្នានៅលើប្រវត្តិរូបសង្ខេបរបស់អ្នក ។ ប៉ុន្តែប្រសិនបើអ្នកដាក់ពាក្យស្នើសុំធ្វើការងារមួយ ជាមួយនិយោជកច្រើនជាងម្នាក់ នោះនិយោជកម្នាក់ៗនឹងមានការបរិយាយការងារផ្សេង ឬផ្សេងខ្លាំងពីគ្នាសម្រាប់ការងាររបស់ពួកគេ ។ ហេតុដូច្នេះហើយ អ្នកត្រូវជ្រើសរើសជំនាញ និងសមិទ្ធិផលសម្រេចបានណាមួយដែលទាក់ទងនឹងការបរិយាយការងារនីមួយៗ ។ សូមដាក់ជំនាញ និងសមិទ្ធិផលសម្រេចបានទាំងនោះនៅលើប្រវត្តិរូបសង្ខេបរបស់អ្នកជាសេចក្តីថ្លែងការណ៍ច្បាស់ៗ ដែលចាប់ផ្តើមជាមួយនឹងកិរិយាសព្ទពិពណ៌នាដូចជា « បានស្រាវជ្រាវ », « បានបង្កើត », « បានផលិត », « បានគ្រប់គ្រង » ជាដើម ។
ឧទាហរណ៍ ប្រសិនបើអ្នកមានបទពិសោធន៍ការងារទាំងផ្នែកលក់ និងផ្នែកទីផ្សារ ហើយអ្នកកំពុងដាក់ពាក្យធ្វើការពីរផ្សេងគ្នា—ការងារមួយផ្តោតលើការលក់ និងមួយទៀតផ្តោតលើផ្នែកទីផ្សារ—នោះអ្នកនឹងធ្វើប្រវត្តិរូបសង្ខេបពីរ ប្រវត្តិរូបសង្ខេបមួយចែកចាយឲ្យបានច្រើនពីសកម្មភាព និងសមិទ្ធិផលសម្រេចបាននៃផ្នែកលក់របស់អ្នក ហើយមួយទៀតចែកចាយឲ្យបានច្រើនពីសកម្មភាព និងសមិទ្ធិផលសម្រេចបាននៃផ្នែកទីផ្សាររបស់អ្នក ។ ( ប្រសិនបើអ្នកពុំមានបទពិសោធន៍ច្រើននៅឡើយ សូមមើលគេហទំព័រ lds.org/go/71939 ដើម្បីរៀនរបៀបប្រើបទពិសោធន៍មកពីការបម្រើរបស់អ្នកក្នុងសាសនាចក្រដើម្បីដាក់ក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក ) ។
ជំហានទី ៥ ។ សូមស្វែងរកនិយោជកដែលកំពុងជួលមនុស្សឲ្យធ្វើការងារដែលអ្នកចង់ធ្វើ ។
មានប្រភេទការងារមួយចំនួនដែលត្រូវការបុគ្គលិកជានិច្ច ទោះបីនៅពេលពុំសូវមានការងារក្តី ។ បុគ្គលិកចូលនិវត្តរ៍ ផ្លាស់ប្តូរការងារ ឡើងតំណែង បន្ទាបតំណែង ឬប្តូរទៅរស់នៅឆ្ងាយ ។ ហើយតែងតែមានអាជីវកម្មមួយចំនួនរីកចម្រើន ហើយត្រូវការបុគ្គលិកកាន់តែច្រើន ។ ស្ថានភាពទាំងអស់នេះដឹកនាំទៅរកតំណែងការងារនៅទំនេរ ដែលត្រូវតែបំពេញដោយបេក្ខជនដែលមានសមត្ថភាព ។ ជួនកាល មានការជ្រើសរើសបុគ្គលិកតិច ហើយជួនកាលត្រូវការជ្រើសរើសបុគ្គលិកច្រើន ។ ដូច្នេះសូមកុំបាក់ទឹកចិត្ត ប្រសិនបើអ្នកពុំទាន់រកបានការងារមួយនៅឡើយ ។ សូមបន្តរកមើលការងារនោះសម្រាប់អ្នក ។
សូមមើលគេហទំព័ររបស់និយោជក គេហទំព័រការងារ សារព័ត៌មាន និងធនធានផ្សេងទៀតសម្រាប់ការងារដែលអ្នកចង់បាន ។ របៀបមួយដ៏ល្អបំផុតដើម្បីរកឃើញការងារមួយគឺតាមរយៈបណ្តាញ—ការទាក់ទងមនុស្សជាច្រើនរៀងរាល់ថ្ងៃ ដូចជាអ្នកជិតខាង និងសមាជិកវួដ ដោយប្រាប់ពួកគេអំពីការងារជាក់លាក់ដែលអ្នកកំពុងស្វែងរក ហើយសួរពួកគេ ប្រសិនបើពួកគេដឹងថាគេរើសការងារនោះ ឬប្រសិនបើពួកគេស្គាល់នរណាម្នាក់ដែលដឹងថាគេរើសការងារនោះ ។ សូមប្រាកដថា អ្នកផ្តល់ព័ត៌មានទាក់ទងទៅកាន់មនុស្សទាំងនោះ ពេលអ្នកធ្វើបណ្តាញប្រចាំថ្ងៃ ។
ជំហានទី ៦ ។ សូមរៀនសម្ភាសឲ្យបានល្អពីមុនផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកទៅកាន់និយោជក ។
ពីមុនអ្នកចាប់ផ្តើមផ្ញើប្រវត្តិរូបសង្ខេបដ៏ល្អរបស់អ្នកទៅកាន់និយោជក អ្នកត្រូវតែរៀនសម្ភាសឲ្យបានល្អជាមុនសិន ។ មានមនុស្សជាច្រើនបានចាប់ផ្តើមផ្ញើប្រវត្តិរូបសង្ខេបយ៉ាងលឿនតាមដែលពួកគេអាចធ្វើបាន ពីមុនពួកគេរៀបចំខ្លួនដើម្បីសម្ភាសឲ្យបានល្អ ។ បញ្ហាត្រង់ចំណុចនេះគឺថា អ្នកស្វែងរកការងារមួយចំនួនអាចត្រូវបានអញ្ជើញឲ្យទៅជួបសម្ភាសភ្លាមៗ ។ បេក្ខជនទាំងនេះមានចិត្តរំភើប ទៅសម្ភាស ពីមុនរៀបចំខ្លួនឲ្យបានល្អគ្រប់គ្រាន់សម្រាប់ការសម្ភាស សម្ភាសពុំបានល្អ ហើយទីបំផុតពុំបានទទួលការងារនោះ ។ នៅពេលអ្នកបានធ្វើបែបនេះ អ្នកពុំអាចត្រឡប់ក្រោយទៅក្រុមហ៊ុន ឬអ្នកសម្ភាសនោះ ហើយសូមសម្ភាសម្តងទៀត ដោយនិយាយថា ឥឡូវនេះអ្នកបានរៀនរបៀបឆ្លើយសំណួរទាំងនោះបានត្រឹមត្រូវហើយ !
របៀបដែលអ្នកឆ្លើយគ្រប់សំណួរនៅក្នុងការសម្ភាសគឺសំខាន់ដល់ជោគជ័យក្នុងការទទួលបានការងារដែលអ្នកចង់បាន ។ ទោះបីអ្នកត្រូវតែមានចិត្តស្មោះត្រង់ទាំងស្រុងជានិច្ចក្តី នោះតែមានរបៀបឆ្លើយត្រូវ និងខុសចំពោះសំណួរនីមួយៗនៅក្នុងសម្ភាសដែរ ។ គេអាចនឹងសួរសំណួរដូចនេះដល់អ្នក ៖
-
តើអ្វីជាភាពខ្លាំង និងភាពខ្សោយរបស់អ្នក ?
-
តើបញ្ហាអ្វីដែលអ្នកបានមាននៅកន្លែងការងារចាស់របស់អ្នក ដែលឥឡូវនេះអ្នកនឹងដោះស្រាយវាដោយរបៀបផ្សេងនោះ ?
-
តើអ្នកចង់បានប្រាក់ខែប៉ុន្មាន ?
-
តើអ្នកចង់ធ្វើការងារអ្វីនៅក្នុងអំឡុងប្រាំឆ្នាំទៀត ?
ក្នុងនាមជាបេក្ខជន ចម្លើយដែលអ្នកឆ្លើយចំពោះគ្រប់សំណួរដែលគេសួរអ្នក ត្រូវតែមានការលៃលកទុកជាមុន និងបានដាក់ផែនការជាមុន ។ សូម្បីតែចម្លើយអាក្រក់មួយអាចរារាំងអ្នកមិនឲ្យទទួលបានការងារ ។ សូមឆ្លើយចម្លើយខ្លី ផ្តល់ឧទាហរណ៍ពីរមួយទៅពីរនាទីដែលបង្ហាញថា ប្រវត្តិរូប ជំនាញ និងសមិទ្ធិផលសម្រេចបានរបស់អ្នកពិតជាត្រូវនឹងការបរិយាយការងាររបស់ពួកគេ ។ សិក្សាស្រាវជ្រាវអំពីអង្គការពីមុនការសម្ភាសដំបូង ដើម្បីអ្នកអាចតម្រូវចម្លើយទៅតាមតម្រូវការដែលពួកគេចង់បាន ។
ភាគច្រើននៅចុងបញ្ចប់នៃការសម្ភាស អ្នកនឹងមានឱកាសសួរសំណួរដល់និយោជកពីរបីសំណួរ ។ សំណួរដ៏ល្អបំផុតរបស់អ្នកគឺអំពីការងារដែលជ្រើសរើសនោះ ។ « តើមានតម្រូវការអ្វីខ្លះដែលត្រូវសម្រេចឲ្យបាន ឬផ្លាស់ប្តូរក្នុងការងារនេះ ? » ការណ៍នេះនឹងជួយអ្នកក្នុងការសម្ភាសនាពេលខាងមុខរបស់អ្នក ប្រសិនបើអ្នកត្រូវបានសូមឲ្យត្រឡប់មកវិញ ។ ជាទូទៅ អ្នកអាចទុកសំណួររបស់អ្នកអំពីគោលដៅ វប្បធម៌ការងារ ប្រាក់ខែរបស់អង្គការ ( លុះត្រាតែគេបានសួរអ្នកអំពីសំណួរនេះ ) ម៉ោងធ្វើការ និងប្រយោជន៍នានាសម្រាប់ការសម្ភាសនាពេលខាងមុខ ។
ឥឡូវនេះអ្នកមានជំហានទាំងប្រាំមួយដើម្បីទទួលបានការងារដែលអ្នកចង់ធ្វើ ។ អ្នកពុំអាចមានភាពខ្លួនទីពឹងខ្លួនជាបណ្តោះអាសន្នបានទេ ប្រសិនបើអ្នកត្រូវការការងារមួយ ហើយគ្មានការងារនោះ ។ ប្រសិនបើអ្នកត្រូវការការងារ ការងារមួយដែលប្រសើរជាងនេះ ឬស្គាល់នរណាម្នាក់ដែលត្រូវការចំណុចទាំងនេះ សូមប្រើប្រាស់ ឬចែកចាយឧបករណ៍ស្វែងរកការងារដ៏មានឥទ្ធិពលដែលបានបង្ហាញនេះ ។ វាមានប្រសិទ្ធភាពណាស់ ! សូមឲ្យព្រះអម្ចាស់ប្រទានពរដល់អ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីទទួលបានការងារដែលអ្នកចង់បាន ។