ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៩–២២ ៖ « គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ »


« នីហ្វៃទី ១ ១៩–២២ ៖ ‹ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៩–២២ ៖ ‹ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៩–២២

« គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ »

អ្នក​គង្វាល​ល្អ

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​មនុស្ស​សំខាន់​សម្រាប់​អ្នក​ចងចាំ​អ្នក ? ពេល​បង្រៀន​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល នីហ្វៃ​បាន​ប្រើ​ការព្យាករណ៍​របស់​អេសាយ ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​នឹង​មិន​ភ្លេច​វង្ស​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​នោះ​ឡើយ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក និង​មនុស្ស​ទាំងអស់ និង​បំណង​ប្រាថ្នា​របស់​ទ្រង់​ក្នុង​ការប្រមូល​ផ្តុំ​អ្នក​ទៅ​រក​ទ្រង់ ។

សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង

មាន​ពេលខ្លះ​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​ស្គាល់ និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​ពេលខ្លះ​ទៀត យើង​ប្រហែល​ជា​មិន​ទទួល​ស្គាល់​វា​ទាល់​តែ​សោះ ។ សូម​ស្រមៃ​ថា​អ្នក​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​ប្រាប់​អ្នក​ថា នាង​មិន​ប្រាកដ​ថា​ព្រះ​ស្រឡាញ់​នាង​ទេ ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ពី​បទគម្ពីរ​ដែល​អាច​ជួយ​មិត្ត​របស់​អ្នក ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មិត្ត​របស់​អ្នក អំពី​របៀប​ដែល​អ្នក​បាន​ស្គាល់ និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិចារណា​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក រួម​ទាំង​សំណួរ ឬ​កង្វល់​ទាំងឡាយ​ដែល​អ្នក​ប្រហែល​ជា​មាន ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​អ្នក ។

នីហ្វៃ​បង្រៀន​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង

នៅក្នុង នីហ្វៃទី ១ ១៩ នីហ្វៃ​បាន​ព្យាករ​អំពី​ព្រះជន្ម និង​បេសកកម្ម​នា​ពេល​អនាគត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន នីហ្វៃទី ១ ១៩:៧–១០ ដោយ​រកមើល​នូវ​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេ​ប្រព្រឹត្ត​មក​លើ​ទ្រង់ ក្នុង​អំឡុង​ពេល​ដែល​ទ្រង់​គង់​នៅ​លើ​ផែនដី និង​មូលហេតុ​ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ទទួល​ការប្រព្រឹត្តិ​ដូច្នោះ ។

  • តើ​មាន​ពាក្យ ឬ​ឃ្លា​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ពី​ខគម្ពីរ​ទាំង​នេះ ? ហេតុអ្វី ?

  • តើ​ការយល់​ពី​ការបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

បន្ទាប់ពី​បាន​កត់ត្រា​ការព្យាករណ៍​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ នីហ្វៃ​បាន​ចែកចាយ​ការព្យាករណ៍​ពី​ព្យាការី​អេសាយ​មកពី​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល ។ ការព្យាករណ៍​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​នីហ្វៃ និង​ក្រុម​គ្រួសារ​របស់​លោក ដែល​បាន​ខ្ចាត់ខ្ចាយ​ចេញ​ពី​ទឹក​ដី​កំណើត​របស់​ពួកលោក​ពី​ក្រុង​យេរូសាឡិម ដោយសារ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ។ ការព្យាករណ៍​របស់​អេសាយ​បាន​បង្ហាញ​ថា ប្រជាជន​អ៊ីស្រាអែល​ជាច្រើន​នឹង​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​បំភ្លេច​ពួកគេ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ខ្ចាត់ខ្ចាយ ។

សូម​អាន នីហ្វៃទី ១ ២១:១៤–១៦ ហើយ​រកមើល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​កាន់​អស់​អ្នក ដែល​មាន​អារម្មណ៍​ថា​ទ្រង់​បាន​បំភ្លេច​ពួកគេ ។

សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​បង្ហាញ​ដោយ​ព្រះឆន្ទៈ​របស់​ទ្រង់​ក្នុង​ការប្រមូល​ផ្តុំ​មនុស្ស​មក​រក​ទ្រង់

ប្រជាជន​អ៊ីស្រាអែល​ពី​បុរាណ​ត្រូវ​ខ្ចាត់ខ្ចាយ នៅពេល​ដែល​ពួកគេ​ឈប់​ថ្វាយបង្គំ​ព្រះយេហូវ៉ា ហើយ​បាន​បំពាន​លើ​សេចក្ដីសញ្ញា និង​បញ្ញត្តិ​របស់​ព្រះ ( សូមមើល នីហ្វៃទី ២ ៦:១០–១១; ១០:៣–៦ ) ។ ប្រជាជន​អ៊ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្តុំ​គ្នា នៅពេល​ពួកគេ​មក​រក​ព្រះគ្រីស្ទ ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​កាន់​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ជាមួយ​សាសន៍អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​ថា ទ្រង់​នឹង​មិន​ភ្លេច​ពួកគេ​ឡើយ ហើយ​ថា​ទ្រង់​នឹង​ប្រមូល​ពួកគេ​មក​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល នីហ្វៃទី ១ ១៥:១៣–១៤; នីហ្វៃទី ២ ៦:១១; ៩:១–២; ១០:៧–៨ ) ។

សូម​សិក្សា​ចំណងជើង​ជំពូក​នៃ នីហ្វៃទី ១ ២១ និង ២២ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​អេសាយ​កំពុង​ព្យាករ និង​បង្រៀន​នៅក្នុង​ជំពូក​ទាំង​នេះ ។

សូម​សិក្សា​វគ្គ​បទគម្ពីរ​ខាង​ក្រោម​អំពី​ការប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ពេចន៍ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​រាស្ដ្រ​របស់​ទ្រង់ ។

ប្រសិនបើ​មាន​ពេល សូម​ទស្សនាវី​ដេអូ « God Has a Plan for You » ( ៧:០៦ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org អំពី​យុវនារី​ម្នាក់​ឈ្មោះ រឺនុ ស៊ិញ ។ សូម​កត់​ចំណាំ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឈោង​ទៅ​រក ហើយ​ជួយ​ប្រមូល​នាង​ឲ្យ​ទៅ​រក​ទ្រង់ ។

7:15

នៅពេល​អ្នក​បញ្ចប់​មេរៀន​ថ្ងៃ​នេះ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​បាន​ចងចាំ ហើយ​ឈោង​ទៅ​រក​អ្នក​ដោយ​សេចក្តីមេត្តា​ករុណា និង​សេចក្តីសប្បុរស ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ការដឹង​គុណ​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ? សូម​ពិចារណា​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។