ថ្នាក់​សិក្ខាសាលា
អេណុស–ពាក្យ​សម្តី​នៃ​មរមន ៖ ទិដ្ឋភាព​ទូទៅ


« អេណុស–ពាក្យ​សម្តី​នៃ​មរមន ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៣ )

« អេណុស–ពាក្យ​សម្តី​នៃ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេណុសពាក្យ​សម្ដី​នៃ​មរមន

ទិដ្ឋភាព​ទូទៅ

គម្ពីរ​ចាប់​ពី អេណុស ដល់ ពាក្យ​សម្តី​នៃ​មរមន​ គ្រប​ដណ្ដប់​រាប់​រយ​ឆ្នាំ ហើយ​ណែនាំ​យើង​ឲ្យ​ស្គាល់​ពួកព្យាការី និង​មនុស្ស​ដែល​មាន​ការបំផុស​គំនិត​ជាច្រើន​នាក់ ។ អេណុស ជា​កូនប្រុស​របស់ យ៉ាកុប និង​ជា​ចៅ​របស់ លីហៃ បាន​អធិស្ឋាន​ដល់​ព្រះ « ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង » សម្រាប់​អំពើបាប​របស់​លោក​( អេណុស ១:៤ ) ។ គម្ពីរ យ៉ារ៉ុម និង អោមណៃ មាន​ការបង្រៀន​ផ្សេងៗ​ដែល​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង ។ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បានដឹកនាំ​មរមន​ដើម្បី​បញ្ចូល​ផ្ទាំង​តូចៗ​ជា « ប្រយោជន៍​មួយ​ដ៏​សំខាន់ » ស្របតាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ( សូមមើល ពាក្យ​សម្ដី​នៃ​មរមន ១:៣–៧ ) ។ ហើយ​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ពួកបុត្រា​របស់​ទ្រង់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​នៅក្នុង​សេចក្តី​ជំនឿ​របស់​ពួកទ្រង់ ។

រៀបចំខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​យោបល់​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀប​ចំ​ទុក​ជា​មុន​សម្រាប់​មេរៀន​នីមួយៗ ។

អេណុស

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀននេះ​គឺ​ដើម្បី​ជួយ​សិស្ស​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដើម្បី​ទទួល​បាន​ការអភ័យទោស ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អេណុស ១:១–៨ មុនពេល​មក​រៀន ដោយ​សញ្ជឹងគិត​ពី​អារម្មណ៍​របស់​អេណុស និង​អ្វី​ដែល​លោក​បាន​រៀន​អំពី​ព្រះអម្ចាស់ និង​ការអភ័យទោស​ពី​អំពើបាប​របស់​លោក ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​គិត​ថា បទពិសោធន៍​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​អេណុស ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ឃ្លា​សំខាន់ៗ​ចេញពី អេណុស ១:១–៨ សូម​ពិចារណា​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​ឃ្លា​ទាំង​នោះ​ដោយ​ប្រើ​មុខងារ​ក្តារ​ខៀន ។ សិស្ស​អាច​ជ្រើសរើស​ឃ្លា​មួយ​ក្នុង​ចំណោម​ឃ្លា​ទាំង​នេះ ដែល​ពួកគេ​ចង់​យល់​កាន់តែ​ច្បាស់ ហើយ​បន្ថែម​កំណត់​ចំណាំ​ពី​ការសិក្សា​របស់​ពួកគេ​នៅជាប់​នឹង​ឃ្លា​នេះ ។ បន្ទាប់មក ពួកគេ​អាច​ត្រូវបាន​ស្នើសុំ​ឲ្យ​ពន្យល់​កំណត់​ចំណាំ​របស់​ពួកគេ ។

យ៉ារ៉ុម–អោមណៃ

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀននេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការស្វែងរក និង​ការអនុវត្ត​គោលការណ៍​ពី​ព្រះគម្ពីរ​ដែល​អាច​ផ្តល់ពរ និង​ដឹកនាំ​ជីវិត​របស់​ពួកគេ ។

  • ការរៀប​ចំ​សិស្ស ៖ នៅពេល​សិស្ស​ធ្វើ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​ស្វែងរក​ឲ្យ​ឃើញ​នូវ​គោលការណ៍​ដែល​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ខ្លួន ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មក​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​យ៉ាង​ហោច​ណាស់​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • រូបភាព ៖ រូបភាព​នៃ​កប៉ាល់ និង​ចង្កូត ដោយ​បង្ហាញ​ជា​រូបភាព ឬ​គូរ​នៅលើ​ក្តារ​ខៀន

  • វីដេអូ ៖ « With All Your Heart » ( ៣:២៦ )

  • យោបល់​សម្រាប់​បង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ជាមួយ​នឹង​សំណួរ​នេះ ៖ « សូម​ស្រមៃ​ថា​ដំណើរ​ជីវិត​របស់​អ្នក គឺ​ដូច​ជា​កប៉ាល់​ដែល​កំពុង​បើក​លើ​មហា​សមុទ្រ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រៀបធៀប​ទៅនឹង​ការកាច់​ដៃ​ចង្កូត ឬ​ចង្កូត​កប៉ាល់​ដែល​ដឹកនាំ​កប៉ាល់​តាម​ផ្លូវ​ធ្វើ​ដំណើរ ? » សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដោយ​ប្រើ​មុខងារ​ឈែត ។ សូម​អាន​ចម្លើយ​របស់​ពួកគេ​ខ្លះ​ឲ្យ​ឮៗ មុនពេល​បង្ហាញ សេចក្តី​ថ្លែងការណ៍ មកពី​អែលឌើរ ដាវីឌ អេ បែដណា ។

ពាក្យ​សម្ដី​នៃ​មរមន

គោលបំណង​មេរៀន ៖​ មេរៀន​នេះ​អាច​ជួយ​សិស្ស​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ហើយ​កិច្ចការ​របស់​ទ្រង់​នឹង​ត្រូវ​បាន​សម្រេច ។

  • ការរៀប​ចំ​សិស្ស ៖ សិស្ស​អាច​សួរ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹក​នាំ​សាសនាចក្រ​ពី​របៀប​ដែល​ពួកគេ​ត្រូវបាន​ណែនាំ ឬ​ទទួល​ពរ ដោយ​ការឆ្លើយ​តប​ទៅ​នឹង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ឬ​ការបំផុស​គំនិត ។ 

  • វីដេអូ ៖ « The Work of God » ( ១៣:៣៥ សូមមើល​ពី​នាទី​ទី ៦:៥២ ដល់​នាទី​ទី ១១:៣០ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅពេល​សិស្ស​អាន នីហ្វៃ​ទី​១ ៩:៥–៦ និង ពាក្យ​សម្ដី​នៃ​មរមន ១:៧–៨ សូម​ពិចារណា​ចែក​សិស្ស​ជា​ក្រុម​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ដើម្បី​ពិភាក្សា​អំពី​សំណួរ និង​ស្វែងរក​គោលការណ៍​ដែល​ពួកគេ​រក​ឃើញ ។ អាស្រ័យ​លើ​ទំហំ​នៃ​ក្រុម​នីមួយៗ សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់រៀន​អំពី​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​ពិភាក្សា​នៅក្នុង នីហ្វៃ​ទី​១ ៩:៥–៦ ហើយ​បន្ទាប់​មក សិស្ស​ផ្សេងៗ​មក​ពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​អ្វី​ដែល​ក្រុម​របស់​ពួកគេ​បាន​ពិភាក្សា​នូវ ពាក្យ​សម្ដី​នៃ​មរមន ១:៧–៨ ។

ពាក្យ​សម្ដី​នៃ​មរមន ១:១២–១៨; ម៉ូសាយ ១

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​ចំណង់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​វា​ជះ​ឥទ្ធិពល​លើ​ពួកគេ ជា​ពិសេស​អារម្មណ៍ និង​ការទុក​ចិត្ត​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • វីដេអូ ៖ « Scriptures Legacy » ( ២២:២៩ សូមមើល​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៥:៣៦ និង​ពី​នាទី​ទី ៥:៤០ ដល់​នាទី​ទី ៦:២០ ); « The Blessings of Scripture » ( ៣:០៣ ); « An Invitation to Study the Book of Mormon » ( ១៦:២១ សូមមើល​ពី​នាទី​ទី ៦:១៧ ដល់​នាទី ៩:០០ ); « What Scriptures Mean to Me » ( ៥:០៣ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ នៅជិត​ចុង​បញ្ចប់​មេរៀន នៅពេល​សិស្ស​អាច​ជ្រើសរើស​សកម្មភាព​មួយ​ចំនួន​អំពី​ការសិក្សា​ព្រះគម្ពីរ​ដើម្បី​ធ្វើ សូម​ពិចារណា​ធ្វើ​សកម្មភាព​វីដេអូ​ជា​ថ្នាក់​ទាំង​មូល ។ សូម​ទាញ​យក​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ជាច្រើន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​មើល​វា ដោយ​រកមើល​ឧទាហរណ៍​អំពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​យើង និង​បង្កើន​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ មុនពេល​ជ្រើសរើស​សកម្មភាព​ពីរ​ដែល​នៅ​សល់ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៦

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ី​ជម្រៅ និង​ពន្យល់​សេចក្តីពិត​ចេញ​ពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ​មរមន ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​វគ្គ​បទគម្ពីរ​ពី​តារាង​ក្នុង​មេរៀន​នេះ ហើយ​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​ពួកគេ​ចង់​យល់​កាន់តែ​ច្បាស់ ។ សូម​ឲ្យ​ពួកគេ​អាន​វគ្គ​បទគម្ពីរ​ដែល​ពួកគេ​បានជ្រើសរើស ហើយ​ព្យាយាម​យល់​វា​ឲ្យ​កាន់តែ​ច្បាស់ ។ នេះ​អាច​រួម​បញ្ចូល​ការស្វែងរក​ខគម្ពីរ​ដែល​គាំទ្រ​ផ្សេង​ទៀត ដោយ​សរសេរ​គំនិត​របស់​ពួកគេ​អំពី​ខគម្ពីរ​នោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ពួកគេ ឬ​សួរ​អ្នក​ផ្សេង​ពី​អ្វី​ដែល​ពួកគេ​យល់​ពី​ខគម្ពីរ​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ និង​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • រូបភាព ៖ រូបភាព​នៃ​ការប្រកួត ឬ​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​បំបែក​សិស្ស​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ហើយ​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​សកម្មភាព « មួយ​បន្ទាត់​ម្តងៗ » ដោយ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​ត្រឡប់​មក​ជាមួយ​គ្នា​វិញ ដើម្បី​ចែកចាយ​សកម្មភាព​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ដទៃ​ទៀត​ក្នុង​ថ្នាក់ ។