ថ្នាក់​សិក្ខាសាលា
អេណុស ៖ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​មក​នូវ​ការអភ័យទោស​ពី​អំពើបាប


« អេណុស ៖ សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​មក​នូវ​ការអភ័យទោស​ពី​អំពើបាប » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេណុស » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេណុស

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​មក​នូវ​ការអភ័យទោស​ពី​អំពើបាប

អេណុស​កំពុង​អធិស្ឋាន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ពី​របៀប​ទទួល​បាន​ការអភ័យ​ទោស​ពី​អំពើបាប​របស់​អ្នក​ដែរ​ឬ​ទេ ? អេណុស​ជា​កូន​ប្រុស​របស់​យ៉ាកុប និង​ជា​ចៅ​របស់​លីហៃ បាន​អធិស្ឋាន​ដល់​ព្រះ « ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង » ( អេណុស ១:៤ ) ដើម្បី​ទទួល​ការអភ័យ​ទោស​ពី​អំពើ​បាប​របស់​លោក ។ គោលបំណង​នៃ​មេរៀននេះ​គឺ​ដើម្បី​ជួយ​អ្នក​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដើម្បី​ទទួល​បាន​ការអភ័យទោស ។

ការអធិស្ឋាន ។ជា​ផ្នែក​នៃ​ការរៀបចំ​ដើម្បី​បង្រៀន​មេរៀន សូម​ពិចារណា​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ដោយ​ទូល​សុំ​ទ្រង់​ឲ្យ​ជួយ​សិស្ស​របស់​អ្នក ។ ជា​ការសមរម្យ​ដើម្បី​អធិស្ឋាន​ឲ្យ​ពួកគេ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​ជួយ​ពួកគេ​ស្តាប់​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អេណុស ១:១–៨ មុន​ពេល​មក​រៀន ដោយ​សញ្ជឹង​គិត​ពី​អារម្មណ៍​របស់​អេណុស និង​អ្វី​ដែល​លោក​បាន​រៀន​អំពី​ព្រះអម្ចាស់ និង​ការអភ័យ​ទោស​ពី​អំពើបាប​របស់​លោក ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​គិត​ថា បទពិសោធន៍​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​អេណុស ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើ​បាន

ការគិត​អំពី​អត្ថន័យ​នៃ​ការអភ័យទោស​សម្រាប់​អ្នក

សូម​ពិចារណា​ធ្វើ​សកម្មភាព​ខាង​ក្រោម​នេះ ដើម្បី​ជួយ​សិស្ស​រៀបចំ​ការសិក្សា​អំពី​អេណុស និង​ការអភ័យ​ទោស ។

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​សួរ​អ្នក​អំពី​ការប្រែចិត្ត និង​ការអភ័យ​ទោស ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ខាង​ក្រោម ៖

  • តើ​អ្នក​នឹង​ដឹង​ដោយ​របៀប​ណា ប្រសិនបើ​អ្នក​ត្រូវ​អភ័យ​ទោស​សម្រាប់​អ្វី​មួយ ?

  • តើ​អ្នក​អាច​ទទួល​បាន​ការអភ័យទោស​ចំពោះ​អំពើ​បាប​ដោយ​របៀប​ណា ?

  • តើ​បុគ្គល​ម្នាក់​អាច​ដឹង​ថា តើ​ពួកគេ​បាន​ទទួល​ការអភ័យទោស​ដោយ​របៀប​ណា​បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​ប្រែចិត្ត ?

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​និយាយ​ទៅ​កាន់​មិត្ត​របស់​អ្នក ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង និង​ធ្លាប់​មាន​បទពិសោធន៍​ស្វែងរក​ការអភ័យ​ទោស ក៏​ដូចជា​អ្វី​ដែល​អ្នក​ចង់​ដឹង​កាន់តែ​ច្បាស់ ។

សូម​ពិចារណា​ក្នុង​ការសុំ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​អាច​និយាយ​បាន ។

នៅពេល​អ្នក​សិក្សា​ដំណើរ​រឿង​របស់​អេណុស​ក្នុង​មេរៀន​នេះ សូម​រកមើល​អ្វី​ដែល​លោក​បាន​ធ្វើ ដើម្បី​ទទួល​បាន​ការអភ័យ​ទោស​ពី​អំពើបាប​របស់​លោក និង​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ។

ការអភ័យទោស​ចាប់ផ្តើម​ដោយ​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ស៊ីជម្រៅ​រវាង​អ្នក និង​ព្រះ

អេណុស​ជា​កូន​ប្រុស​របស់​យ៉ាកុប និង​ជា​ចៅ​របស់​លីហៃ បាន​អធិស្ឋាន​ដល់​ព្រះ « ដោយ​ការអធិស្ឋាន​ដ៏​ខ្លាំង » ដើម្បី​ទទួល​ការអភ័យ​ទោស​ពី​អំពើបាប ។

សូម​អាន អេណុស ១:១–៨ ហើយ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​នានា​ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ស្វែងរក និង​ទទួល​បាន​ការអភ័យ​ទោស ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឃ្លា​ដែល​ពួកគេ​ចាប់​អារម្មណ៍​នៅលើ​ក្ដារ​ខៀន ។

ការចំណាយ​ពេល​សញ្ជឹង​គិត​ឃ្លា​សំខាន់ៗ​អាច​ជា​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍ ។ វា​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត​អ្នក​ឲ្យ​មាន​ការយល់​ដឹង​កាន់តែ​ច្រើន ។ ដើម្បី​សញ្ជឹង​គិត អ្នក​អាច​នឹង​គិត​អំពី​អត្ថន័យ​នៃ​ឃ្លា​មួយ ហើយ​រកមើល​ពាក្យ​ណា​មួយ​ដែល​អ្នក​ចង់​យល់​កាន់តែ​ច្បាស់ នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ Topical Guide ។ អ្នក​ប្រហែល​ជា​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​អេណុស​បាន​ប្រើ​ឃ្លា​ជាក់លាក់​មួយ ហើយ​ប្រសិនបើ​អ្នក​ធ្លាប់​ជួប​ប្រទះ​នឹង​អ្វី​ដែល​ស្រដៀង​គ្នា​នេះ ។

សូម​ជ្រើសរើស​ឃ្លា​មួយ​ចំនួន​ខាង​ក្រោម ឬ​ឃ្លា​ផ្សេង​ទៀត​ដែល​អ្នក​បាន​រកឃើញ ហើយ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​ឃ្លា​ទាំង​នោះ ។

សូម​ពិចារណា​បន្ថែម​ឃ្លា​ខាង​ក្រោម​ណា​មួយ​នៅលើ​ក្ដារ​ខៀន ។ នៅពេល​សិស្ស​ចែកចាយ​ឃ្លា​ទាំង​នេះ អ្នក​អាច​សួរ​សំណួរ​តាមដាន​ដូចជា « តើ​អ្នក​គិត​ថា អេណុស អាច​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ឃ្លា​ថា ‹ ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន ? › » « តើ​ការសញ្ជឹង​គិត​លើ​ការបង្រៀន​អំពី​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច និង​សេចក្តីអំណរ​របស់​ពួកបរិសុទ្ធ​អាច​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ស្រេក​ឃ្លាន​យ៉ាង​ដូចម្ដេច ? »  « ហេតុអ្វី​អំពើបាប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​គ្មាន​អ្វី​សោះ​ខាង​វិញ្ញាណ ? » « ហេតុអ្វី​ពាក្យ​ថា ការពុះពារ ជា​ពាក្យ​ល្អ​ដើម្បី​ពិពណ៌នា​ពី​ការខិតខំ​របស់​យើង​ដើម្បី​ប្រែចិត្ត ? »

  • « ការពុះពារ​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​ចំពោះ​ព្រះ » ( ខ​ទី ២ )

  • « បាន​ជ្រួតជ្រាប​ទៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ » ( ខ​ទី ៣ )

  • « ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន » ( ខ​ទី ៤ )

  • « ការអធិស្ឋាន និង​ការទូល​អង្វរ​ដ៏​ខ្លាំង » ( ខ​ទី ៤ )

  • « បាប​ទាំងឡាយ​របស់​អ្នក​ត្រូវបាន​អត់​ទោស​ឲ្យ​ហើយ » ( ខ​ទី ៥ )

  • « ទោស​របស់​ខ្ញុំ​បាន​បំបាត់​ចោល​ទៅ » ( ខ​ទី ៦ )

  • « ឱ​ព្រះអម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? » ( ខ​ទី ៧ )

  • « ពី​ព្រោះ​មក​ពី​សេចក្ដីជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ » ( ខ​ទី ៨ )

សូម​ពិចារណា​ចែក​សិស្ស​ជា​គូ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​កំពុង​រៀន ។ ពួកគេ​អាច​ឆ្លើយ​សំណួរ​ខាង​ក្រោម​ជាមួយ​គ្នា ៖

  • តើ​ពាក្យ និង​ឃ្លា​អ្វី​ខ្លះ​ដែល​អ្នក​ចាប់​អារម្មណ៍ ? ហេតុអ្វី ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ នៅពេល​អ្នក​សញ្ជឹង​គិត​អំពី​ឃ្លា​ទាំង​នេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះ​កំពុង​បង្រៀន​អ្នក​អ្វី​ខ្លះ​ពី​បទពិសោធន៍​របស់​អេណុស ?

ប្រសិនបើ​សិស្ស​បាន​ឆ្លើយ​សំណួរ​ទាំង​នេះ​ជា​ក្រុម​តូចៗ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​រៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​អ្វី​ដែល​ពួកគេ​ចូលចិត្ត​ដែល​ពួកគេ​បាន​ឮ​ពី​ដៃគូ​របស់​ពួកគេ ។ នៅពេល​ពួកគេ​ចែកចាយ​គោលការណ៍​ពិត សូម​ពិចារណា​សរសេរ​គោលការណ៍​ទាំង​នោះ​នៅលើ​ក្ដារខៀន ។

ប្រសិនបើ​សិស្ស​ពិបាក​ចែកចាយ​សេចក្ដីពិត សូម​ពិចារណា​សួរ​សំណួរ​ដូច​ត​ទៅ​នេះ ៖ « តើ​អេណុស​បាន​ផ្ដល់​ហេតុ​ផល​អ្វី​សម្រាប់​ទោស​របស់​លោក​បាន​បំបាត់​ចោល​ទៅ ? » « តើ​អេណុស​បាន​រៀន​អ្វី​ពី​ព្រះអម្ចាស់ អំពី​មូលហេតុ​ដែល​លោក​ត្រូវបាន​អត់​ទោស​សម្រាប់​អំពើបាប​របស់​លោក ? »

គោលការណ៍​សំខាន់​មួយ​ដែល​យើង​រៀន​នៅក្នុង​អេណុស​គឺ​ថា នៅពេល​យើង​ប្រែចិត្ត ហើយ​អនុវត្ត​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​លើកលែង​ទោស​ពី​អំពើបាប​របស់​យើង ហើយ​យើង​អាច​បាន​ជា​សះ​ស្បើយ ។ អ្នក​ប្រហែល​ជា​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

សូម​អាន​សេចក្ដីថ្លែង​ការណ៍​ពី អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។

នៅពេល​យើង​ពិតជា​បាន​ប្រែចិត្ត នោះ​ព្រះគ្រីស្ទ​នឹង​ដក​បន្ទុក​នៃ​អំពើបាប​ចេញ​ពី​អំពើបាប​របស់​យើង ។ យើង​អាច​ដឹង​ដោយ​ខ្លួន​ឯង​ថា យើង​ត្រូវបាន​អត់​ទោស​ឲ្យ ហើយ​បាន​ធ្វើ​ឲ្យ​ស្អាត ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ពី​ការណ៍​នេះ​ដល់​យើង ទ្រង់​គឺ​ជា​អ្នក​ញែក​ឲ្យ​បរិសុទ្ធ ។ គ្មាន​ទីបន្ទាល់​ណា​ទៀត​នៃ​ការអភ័យ​ទោស អាច​មាន​អំណាច​មហិមា ជាង​នេះ​នោះ​ទេ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Point of Safe Return » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ )

ប្រសិនបើ​សិស្ស​បាន​សរសេរ​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គូស​រង្វង់​ផ្នែក​នៃ​គោលការណ៍​ដែល​ពួកគេ​ចង់​យល់​កាន់តែ​ច្បាស់ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​គូស​រង្វង់ ។ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង ដែល​អាច​ជួយ​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ។ ពួកគេ​អាច​ប្រើ​បទគម្ពីរ បទ​ពិសោធន៍ ឬ​សេចក្ដីថ្លែង​ការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ជួយ ។ សំណួរ​ខាង​ក្រោម​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ៖

  • តើ​អ្នក​គិត​ថា​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​នរណា​ម្នាក់​ព្យាយាម​ស្វែងរក​ការអភ័យ​ទោស​ដោយ​មិន​ប្រែចិត្ត និង​មិន​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អេណុស​បាន​ព្យាយាម​ប្រែចិត្ត ហើយ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ ?

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឃើញ​ថា តើ​សំណួរ​អ្វី​ខ្លះ​មក​ពី​ស្ថានភាព​នៅដើម​មេរៀន ដែល​អ្នក​អាច​ឆ្លើយ​ដោយ​ប្រើ​ដំណើរ​រឿង​របស់​អេណុស ។

យើង​អាច​មាន​បទពិសោធន៍​ដូច​អេណុស​សព្វ​ថ្ងៃ​នេះ

មនុស្ស​ភាគ​ច្រើន​មិន​ទទួល​បាន​ការអភ័យ​ទោស​តាម​របៀប​ភ្លាមៗ ឬ​យ៉ាង​អស្ចារ្យ​ដូច​អេណុស​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​យើង​ព្យាយាម​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ដូច​អេណុស​បាន​ធ្វើ នោះ​យើង​ក៏​អាច​ទទួល​បានការអភ័យ​ទោស និង​ត្រូវបាន​ជា​សះ​ស្បើយ ។

សូម​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត ។ អ្នក​អាច​បង្ហាញ​គំនិត​ទាំង​នេះ ឬ​ផ្សេង​ទៀត​ដែល​អ្នក​អាច​គិត​ដើម្បី​ជួយ​សិស្ស ។

  • សូម​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ទ្រង់​ក្នុង​ការអត់ទោស និង​ជួយ​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​ថា ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត ?

  • សូម​គិត​អំពី​គ្រា​ចុង​ក្រោយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នកដូច​ជា​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត ។ តើ​វា​បាន​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​ឬ​ទេ ? ហេតុអ្វី​កើត​ឡើង ឬ​ហេតុអ្វី​មិនកើត​ឡើង ?

  • សូម​ពិចារណា​ដាក់​ផែនការរក​ពេលវេលា​មួយ​ដើម្បី​អធិស្ឋាន​ដោយ​មាន​សេចក្តីជំនឿ​កាន់តែ​ខ្លាំង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ធ្វើ​ការអធិស្ឋាន​របស់​អ្នក​ខុស​ពី​ការអធិស្ឋាន​ដែល​អ្នក​តែងតែ​ធ្វើ​ដោយ​របៀប​ណា ? តើ​អ្នក​អាច​បង្ហាញ​ថា អ្នក​ចង់​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់​ដូចគ្នា​នឹង​អេណុស​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចំណាប់​អារម្មណ៍ និង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​អេណុស ។ សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។