« យ៉ារ៉ុម–អោមណៃ ៖ ថ្វាយព្រលឹងអ្នកទាំងមូលដល់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ារ៉ុម–អោមណៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ារ៉ុម–អោមណៃ
ថ្វាយព្រលឹងអ្នកទាំងមូលដល់ព្រះយេស៊ូវគ្រីស្ទ
តើអ្នកងាកទៅរកការណែនាំមកពីណា នៅពេលធ្វើការជ្រើសរើសសំខាន់ៗក្នុងជីវិត ? ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានផ្តល់ព្រះគម្ពីរជាប្រភពចម្បងនៃការណែនាំ និងជំនួយសម្រាប់អ្នកទាំងអស់គ្នា ។ ព្រះគម្ពីរយ៉ារ៉ុម និង អោមណៃ មានការបង្រៀនផ្សេងៗដែលអាចផ្តល់ពរជ័យដល់ជីវិតរបស់អ្នក ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកអនុវត្តការស្វែងរក និងអនុវត្តគោលការណ៍ពីព្រះគម្ពីរដែលអាចផ្តល់ពរ និងដឹកនាំជីវិតរបស់អ្នក ។
សូមជួយសិស្សស្វែងយល់ពីគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អ ។គោលលទ្ធិគឺជាសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមូលដ្ឋានដែលគ្មានការប្រែប្រួល ។ គោលការណ៍គឺជាសេចក្តីពិតដែលស្ថិតស្ថេរដែលណែនាំបុគ្គលម្នាក់ៗក្នុងការធ្វើការសម្រេចចិត្តនានា ។ គោលការណ៍នៃដំណឹងល្អគឺសកល ហើយជួយមនុស្សឲ្យអនុវត្តគោលលទ្ធិនៃដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអនុវត្តស្វែងរកគោលការណ៍ដែលនឹងផ្តល់ប្រយោជន៍ដល់ជីវិតរបស់ពួកគេ ពេលកំពុងសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមលើកទឹកចិត្តពួកគេឲ្យមកដោយរៀបចំខ្លួន ដើម្បីចែកចាយយ៉ាងហោចណាស់គោលការណ៍មួយដែលពួកគេបានរកឃើញ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
ការកាច់ចង្កូតកប៉ាល់
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាបង្ហាញរូបភាពកប៉ាល់ ឬគូររូបកប៉ាល់នៅលើក្តារខៀន ។ ម្យ៉ាងវិញទៀត អ្នកអាចឲ្យសិស្សម្នាក់គូររូបកប៉ាល់នៅលើក្តារខៀន ។ អ្នកអាចសួរពួកគេថាតើផ្នែកណាខ្លះនៃកប៉ាល់ដែលចាំបាច់ ដើម្បីជួយនាវិកបើកបរកប៉ាល់ទៅកាន់គោលដៅមួយ ។
សូមស្រមៃថា ដំណើរជីវិតរបស់អ្នក គឺដូចជាកប៉ាល់ដែលកំពុងជិះលើមហាសមុទ្រដូច្នោះដែរ ។ តើមានអ្វីខ្លះដែលអ្នកអាចប្រៀបធៀបនឹងដៃចង្កូត ឬចង្កូតកប៉ាល់ ដែលដឹកនាំនាវាតាមផ្លូវធ្វើដំណើរ ?
សូមពិចារណាសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់ចម្លើយដែលអាចទៅរួចមួយ ៖
សម្រាប់ខ្ញុំ និងអ្នក គោលការណ៍នៃដំណឹងល្អគឺដូចជាចង្កូតកប៉ាល់ដូច្នោះដែរ ។ គោលការណ៍ត្រឹមត្រូវធ្វើឲ្យយើងរកឃើញផ្លូវរបស់យើង ហើយឈរយ៉ាងរឹងមាំ ខ្ជាប់ខ្ជួន និងមិនរង្គោះរង្គើ ដើម្បីកុំឲ្យយើងបាត់បង់លំនឹងយើង ហើយដួលក្នុងព្យុះនៃភាពងងឹត និងការភាន់ច្រឡំនៅថ្ងៃចុងក្រោយដ៏ឃោរឃៅនេះ ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៦ )
-
តើគោលការណ៍នៃដំណឹងល្អអាចដូចជាដៃចង្កូត ឬចង្កូតកប៉ាល់យ៉ាងដូចម្ដេច ?
-
នៅលើរង្វាស់ពី ១ ដល់ ១០ តើអ្នកមានទំនុកចិត្តប៉ុនណាថា អ្នកអាចរកឃើញគោលការណ៍ពិតចេញពីព្រះគម្ពីរ ហើយប្រើវាដើម្បីដឹកនាំជីវិតរបស់អ្នក ? ហេតុអ្វី ?
-
តើអ្នកបានធ្វើអ្វីខ្លះពីអតីតកាល ដែលបានជួយអ្នកស្វែងរកគោលការណ៍នៅក្នុងព្រះគម្ពីរ ?
សូមស្តាប់ចម្លើយរបស់សិស្សដោយយកចិត្តទុកដាក់ ។ សូមពិចារណាសរសេរអ្វីដែលពួកគេនិយាយនៅលើក្ដារខៀន ដើម្បីជួយមិត្តរួមថ្នាក់របស់ពួកគេ ។
ប្រសិនបើអ្នកចង់រំឭកពីរបៀបស្វែងរកគោលការណ៍ សូមពិចារណាមើលមេរៀនខាងក្រោមឡើងវិញ ៖ « ២ នីហ្វៃទី២ ១ » និង « យ៉ាកុប ៤ » ។
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីគោលការណ៍ថ្មីៗមួយ ដែលអ្នកបានរកឃើញអំឡុងពេលថ្នាក់សិក្ខាសាលា ឬការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ។
-
តើអ្នកបានរកឃើញគោលការណ៍អ្វីខ្លះ ? តើគោលការណ៍នោះបានផ្តល់ពរដល់ជីវិតអ្នកយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយ ។ សូមស្តាប់ដោយយកចិត្តទុកដាក់ដើម្បីវាយតម្លៃថា តើពួកគេកំណត់គោលការណ៍បានល្អប៉ុនណា និងរបៀបដែលអ្នកអាចជួយពួកគេបង្កើនសមត្ថភាពរបស់ពួកគេក្នុងអំឡុងពេលមេរៀននេះ ។ សូមអបអរសាទរពួកគេសម្រាប់ការសិក្សារបស់ពួកគេ ហើយលើកទឹកចិត្តឲ្យពួកគេបន្តផងដែរ ។
ការស្វែងរកគោលការណ៍នៃដំណឹងល្អ
ព្រះគម្ពីរយ៉ារ៉ុម និង អោមណៃ មានការសរសេរចុងក្រោយនៅក្នុងផ្ទាំងតូចៗរបស់នីហ្វៃ ហើយរួមបញ្ចូលគោលការណ៍ជាច្រើនដែលអាចផ្តល់ពរដល់ជីវិតរបស់យើង ។ យ៉ារ៉ុមបានទទួលផ្ទាំងពីឪពុករបស់លោកគឺអេណុស ហើយបានកត់ត្រាការតស៊ូ និងពរជ័យរបស់សាសន៍នីហ្វៃក្នុងរយៈពេលប្រហែល ៤០ ឆ្នាំ ។ បន្ទាប់មក លោកបានប្រគល់ផ្ទាំងទាំងនេះទៅឲ្យកូនប្រុសរបស់លោកគឺអោមណៃ ។ ព្រះគម្ពីរអោមណៃមានសំណេររបស់អ្នករក្សាបញ្ជីសាសន៍នីហ្វៃប្រាំនាក់ផ្សេងគ្នា ហើយគ្របដណ្ដប់ប្រមាណជា ១៩០ ឆ្នាំ ។
សូមកំណត់អំពីអ្វីដែលល្អបំផុតសម្រាប់សិស្សរបស់អ្នក ដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យក្នុងការស្វែងរកគោលការណ៍នៃដំណឹងល្អ ។ សិស្សអាចធ្វើការរៀងៗខ្លួន ឬបំបែកជាក្រុមតូចៗ ហើយធ្វើការជាមួយគ្នា ដើម្បីស្វែងរកគោលការណ៍នៅក្នុងសេចក្តីយោងបទគម្ពីរមួយ ឬច្រើន ។
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយអនុវត្តការស្វែងរកគោលការណ៍នៃដំណឹងល្អ ដែលអ្នកអាចប្រើក្នុងជីវិតរបស់អ្នក ។ ប្រហែលជាមានគោលការណ៍ជាច្រើនដែលមាននៅក្នុងបណ្តុំនៃខគម្ពីរនីមួយៗ ។ យ៉ាងហោចណាស់សូមស្វែងរកគោលការណ៍ឲ្យបានមួយពីវគ្គបទគម្ពីរនីមួយៗ ។
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរគោលការណ៍មួយចំនួនដែលពួកគេបានរកឃើញនៅលើក្ដារខៀន ។
ការប្រគល់ខ្លួនអ្នកថ្វាយព្រះអង្គសង្គ្រោះ និងកិច្ចការរបស់ទ្រង់
បន្ទាប់ពីស្វែងរកគោលការណ៍មួយហើយ វាជាការសំខាន់ក្នុងការចំណាយពេលដើម្បីសញ្ជឹងគិតអំពីអត្ថន័យ និងរបៀបដែលវាអាចអនុវត្តចំពោះជីវិតរបស់អ្នក ។ ឧទាហរណ៍ ៖ នៅក្នុង អោមណៃ ១:២៦ អ្នកអាចរកឃើញគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងមករកព្រះគ្រីស្ទ ហើយថ្វាយព្រលឹងយើងទាំងមូលដល់ទ្រង់ នោះយើងនឹងបានសង្គ្រោះ ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចស្វែងរកដើម្បីយល់កាន់តែច្បាស់ និងអនុវត្តគោលការណ៍នេះ ?
ខាងក្រោមនេះគឺជាយោបល់មួយ ៖
វាអាចមានប្រយោជន៍ក្នុងការប្រៀបធៀបគោលការណ៍នេះទៅនឹងអ្វីមួយដែលអ្នកអាចផ្តល់ជូនដល់អ្នកដទៃក្នុងជីវិតប្រចាំថ្ងៃ ។
-
តើអ្នកអាចផ្តល់អ្វីដល់អ្នកផ្សេង ?
-
តើមានវិធីណាខ្លះដែលអ្នកអាចគ្រាន់តែផ្តល់ផ្នែកមួយនៃអ្វីដែលអ្នកអាចផ្តល់ឲ្យបាន ? ហេតុអ្វី ?
-
តើអ្នកអាចផ្តល់អ្វីទាំងអស់ដែលអ្នកអាចផ្តល់ឲ្យនៅពេលណា ? ហេតុអ្វី ?
-
តើការណ៍នេះអាចអនុវត្តយ៉ាងណាចំពោះការថ្វាយព្រលឹងយើងទាំងមូលដល់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
នៅពេលអ្នកស្តាប់ចម្លើយរបស់សិស្ស សំណួរខាងក្រោមអាចនឹងមានប្រយោជន៍ ៖ តើអ្នកគិតថាវាមានលក្ខណៈដូចម្តេចក្នុងការថ្វាយព្រលឹងទាំងមូលរបស់អ្នកដល់ព្រះយេស៊ូវគ្រីស្ទ ? តើអ្វីអាចរារាំងមនុស្សម្នាក់ពីការលះបង់ទាំងស្រុងចំពោះព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថាការថ្វាយព្រលឹងទាំងមូលរបស់អ្នកដល់ព្រះយេស៊ូវគ្រីស្ទមានន័យដូចម្តេច ?
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់សុំឲ្យយើងប្រទានដល់ទ្រង់នូវព្រលឹងរបស់យើងទាំងមូល ?
-
តើអ្នកស្គាល់នរណាដែលជាគំរូដ៏ល្អមួយជាមនុស្សដែលកំពុងព្យាយាមថ្វាយព្រលឹងពួកគេទាំងស្រុងដល់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? តើអ្នកបានទទួលពរយ៉ាងដូចម្តេចខ្លះតាមរយៈការធ្វើកិច្ចការនោះ ?
អ្នកប្រហែលជាចង់មើលវីដេអូ « With All Your Heart » ( ៣:២៦ ) ដែលមាននៅ ChurchofJesusChrist.orgដើម្បីមើលគំរូរបស់យុវជនម្នាក់ ដែលព្យាយាមលះបង់ខ្លួនទាំងស្រុងថ្វាយព្រះអម្ចាស់ ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F7a%2F34%2F7a34ade43d13dd5a6df4fe32fdfefc998616277d%2F7a34ade43d13dd5a6df4fe32fdfefc998616277d.jpeg/full/!250,/0/default)
សូមពិចារណាគូររង្វង់មួយដែលតំណាងឲ្យជីវិតរបស់អ្នក ។ សូមគូសផាត់នៅក្នុងផ្នែកនៃរង្វង់ ដែលអ្នកទទួលអារម្មណ៍ថា វាតំណាងឲ្យកម្រិតដ៏ច្រើនបំផុតនៃការថ្វាយខ្លួនរបស់អ្នកដល់ព្រះអម្ចាស់នាពេលបច្ចុប្បន្ននេះ ។ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីរបៀប ដែលអ្នកអាចថ្វាយព្រលឹងទាំងមូលរបស់អ្នកដល់ព្រះយេស៊ូវគ្រីស្ទបានពេញលេញជាងមុន ។ សូមសរសេរវិធីមួយ ឬពីរដែលអ្នកនឹងព្យាយាមធ្វើកិច្ចការនេះ និងរបៀបដែលការធ្វើកិច្ចការទាំងនេះអាចផ្តល់ប្រយោជន៍ដល់ជីវិតរបស់អ្នក ។
ការយល់ដឹង និងការអនុវត្តគោលការណ៍
សូមរំឭកឡើងវិញនូវគោលការណ៍ដែលអ្នកបានរកឃើញពីមុនពីព្រះគម្ពីរយ៉ារ៉ុម និង អោមណៃ ។
-
តើគោលការណ៍ណាមួយដែលអ្នកបានរកឃើញដែលមានអត្ថន័យបំផុតសម្រាប់អ្នក ? ហេតុអ្វី ?
-
តើអ្នកអាចយល់ និងអនុវត្តគោលការណ៍នេះបានកាន់តែច្បាស់ដោយរបៀបណា ?
-
តើការរស់នៅតាមគោលការណ៍នេះអាចជួយដឹកនាំជីវិតអ្នកទៅរកព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរដោយរបៀបណា ?