« ម៉ូសាយ ១ ៖ ‹ បើពុំដោយសារផ្ទាំងទាំងនេះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១
« បើពុំដោយសារផ្ទាំងទាំងនេះ »
តើបទគម្ពីរអាចជះឥទ្ធិពលអ្វីខ្លះក្នុងការរក្សាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់អ្នក ? ស្តេចបេនយ៉ាមីនបានបង្រៀនពួកបុត្រារបស់ទ្រង់អំពីតួនាទីដ៏សំខាន់នៃព្រះគម្ពីរចំពោះសេចក្តីជំនឿរបស់ពួកទ្រង់ ។ មេរៀននេះអាចជួយអ្នកបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការសិក្សាព្រះគម្ពីរ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
តើអ្វីសំខាន់ចំពោះសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើជីវិតរបស់យើងនឹងទៅជាយ៉ាងណា ប្រសិនបើគ្មានព្រះគម្ពីរមរមន ឬព្រះគម្ពីរផ្សេងទៀតនោះ ?
ដើម្បីជួយអ្នកគិតអំពីសំណួរនេះ អ្នកប្រហែលជាចង់មើលវីដេអូ « Scriptures Legacy » ដែលអាចរកបាននៅ ChurchofJesusChrist.orgចាប់ពីនាទីទី ០:០០ ដល់នាទីទី ៥:៣៦ ។
សូមសញ្ជឹងគិតសំណួរខាងក្រោម ឬឆ្លើយសំណួរទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះគម្ពីរ ? ហេតុអ្វី ?
-
ប្រសិនបើអ្នកបន្តទម្លាប់បច្ចុប្បន្នរបស់អ្នកក្នុងការសិក្សាព្រះគម្ពីរសម្រាប់បួនប្រាំឆ្នាំខាងមុខ តើអ្នកគិតថាវានឹងជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ?
-
ប្រសិនបើបច្ចុប្បន្ននេះអ្នកគ្មានទម្លាប់សិក្សាព្រះគម្ពីរទេ តើអ្នកត្រូវយល់ ឬមានអារម្មណ៍យ៉ាងណាដើម្បីចាប់ផ្ដើមសិក្សាព្រះគម្ពីរ ?
សូមបន្តគិតអំពីសំណួរទាំងនេះ នៅពេលអ្នកសិក្សាមេរៀននេះ ។ អ្នកនឹងអានព្រះឱវាទពីស្តេចបេនយ៉ាមីន ដល់ពួកបុត្រារបស់ទ្រង់អំពីព្រះគម្ពីរ ។ សូមព្យាយាមដើម្បីរៀនតាមរយៈព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលព្រះគម្ពីរអាចផ្តល់ពរដល់ជីវិតរបស់អ្នក ។
ព្រះឱវាទពីស្តេចបេនយ៉ាមីន
ម៉ូសាយដែលជាបិតារបស់ស្តេចបេនយ៉ាមីន ត្រូវបានព្រះអម្ចាស់ព្រមានថា ប្រជារាស្រ្តរបស់ទ្រង់គួរតែចាកចេញពីស្រុកកំណើតរបស់ពួកគេ ។ នៅពេលពួកគេបានគោរពតាម នោះពួកគេបានរកឃើញប្រជាជនសារ៉ាហិមឡា ( សូមមើល អោមណៃ ១:១២–១៩ ) ។ មនុស្សពីរក្រុមនេះបានមករួមគ្នានៅក្រោមការគ្រប់គ្រងរបស់ម៉ូសាយ ដែលត្រូវបានតែងតាំងជាស្ដេច ហើយនៅទីបំផុតបេនយ៉ាមីន បានក្លាយជាស្ដេចបន្ទាប់ពីបិតារបស់ទ្រង់ ។ វាអាចមានប្រយោជន៍ក្នុងការដឹងបន្ថែមអំពីស្តេចបេនយ៉ាមីន ពីមុនអ្នកសិក្សាពីអ្វីដែលទ្រង់បានបង្រៀនពួកបុត្រារបស់ទ្រង់ ។
សូមអាន ពាក្យសម្ដីនៃមរមន ១:១២–១៨ និង ម៉ូសាយ ១:១ ដោយរកមើលការលំបាកដែលស្តេចបេនយ៉ាមីន បានជួបប្រទះ និងវិធីនានាដែលទ្រង់ធ្វើឲ្យអ្នកចាប់អារម្មណ៍ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
ហេតុអ្វីអ្នកប្រហែលជាចង់ស្តាប់ព្រះឱវាទពីស្ដេចបេនយ៉ាមីន ?
សូមអាន ម៉ូសាយ ១:២–៧ ដោយរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានបង្រៀនពួកបុត្រារបស់ទ្រង់អំពីព្រះគម្ពីរ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា « អាថ៌កំបាំងទាំងឡាយនៃព្រះ គឺជាសេចក្ដីពិតខាងវិញ្ញាណដែលដឹងតែតាមរយៈវិវរណៈប៉ុណ្ណោះ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អាថ៌កំបាំងទាំងឡាយនៃព្រះ » scriptures.ChurchofJesusChrist.org ) ។, ប្រសិនបើអ្នកចង់មើលវីដេអូដែលបង្ហាញពីបន្ទូលខ្លះៗរបស់ស្តេចបេនយ៉ាមីន សូមមើល « Scriptures Legacy » ដែលអាចរកបាននៅ ChurchofJesusChrist.orgចាប់ពីនាទីទី ៥:៤០ ដល់នាទីទី ៦:២០ ។
-
តើអ្នកបានរៀនអ្វីខ្លះពីស្ដេចបេនយ៉ាមីនអំពីព្រះគម្ពីរ ?
ទាំងនេះគឺជាគោលការណ៍មួយចំនួនដែលយើងអាចរៀនពីស្តេចបេនយ៉ាមីន ៖
-
ប្រសិនបើយើងមិនសិក្សាព្រះគម្ពីរដោយខ្ជាប់ខ្ជួន និងឧស្សាហ៍ព្យាយាមទេ នោះយើងអាចបាត់បង់ជំនឿរបស់យើងបន្តិចម្តងៗ ។
-
យើងនឹងទទួលបានប្រយោជន៍តាមរយៈការស្រាវជ្រាវបទគម្ពីរដោយឧស្សាហ៍ព្យាយាម ។
-
ហេតុអ្វីអ្នកគិតថា យើងអាចបាត់បង់ជំនឿរបស់យើងបន្តិចម្តងៗ ប្រសិនបើយើងមិនសិក្សាព្រះគម្ពីរ ?
ព្រះអម្ចាស់បានសន្យាថានឹងប្រទានពរដល់យើងតាមរបៀបជាច្រើន នៅពេលយើងអានព្រះគម្ពីរ ។ សូមសិក្សាវគ្គបទគម្ពីរមួយចំនួនខាងក្រោម ហើយស្វែងរកពរជ័យមួយចំនួននេះ ៖
-
តើពរជ័យមួយណាដែលអ្នកប្រាថ្នាចង់បានបំផុតក្នុងជីវិតរបស់អ្នក ?
-
តើពរជ័យទាំងនេះនឹងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ដោយរបៀបណា ?
ព្រះគម្ពីរ និងជំនឿរបស់យើង
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
គោលបំណងដ៏សំខាន់បំផុតរបស់ព្រះគម្ពីរទាំងអស់គឺដើម្បីបំពេញព្រលឹងយើងដោយសេចក្ដីជំនឿលើព្រះជាព្រះវរបិតា និងលើព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ—ពោលគឺសេចក្ដីជំនឿដែលថា គឺពិតជាមានទ្រង់ទាំងទ្វេ ជាសេចក្ដីជំនឿលើផែនការរបស់ព្រះវរបិតាសម្រាប់ជីវិតអមត និងជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ជាសេចក្ដីជំនឿលើដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យផែនការនៃសុភមង្គលអាចកើតឡើង ជាសេចក្ដីជំនឿដើម្បីធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្លាយជាផ្លូវនៃជីវិតរបស់យើង និងជាសេចក្ដីជំនឿដើម្បីមកស្គាល់ « ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់បាន ] ចាត់ឲ្យមកផង ( យ៉ូហាន ១៧:៣ ) » ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ )
-
សូមសរសេរបទគម្ពីរយោងទៅខគម្ពីរពីរ ឬបីដែលមានឥទ្ធិពលខ្លាំងលើអ្នក និងទីបន្ទាល់របស់អ្នក ជាពិសេសអំពីព្រះយេស៊ូវគ្រីស្ទ ឬព្រះវរបិតាសួគ៌ ។ តើបទគម្ពីរទាំងនេះបានជួយអ្នកយ៉ាងដូចម្ដេច ? តើជីវិតរបស់អ្នកអាចខុសប្លែកយ៉ាងណា ប្រសិនបើអ្នកមិនធ្លាប់អានខគម្ពីរទាំងនោះ ?
-
សូមសិក្សាព្រះគម្ពីររបស់អ្នករយៈពេលប្រាំនាទី ។ សូមរកមើលសេចក្តីពិតណាដែលអាចជួយអ្នករក្សាភាពស្មោះត្រង់ចំពោះព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ។ សូមយកចិត្តទុកដាក់ចំពោះអារម្មណ៍ណាមួយដែលអាចមានប្រយោជន៍ផងដែរ ។ សូមសរសេរបទពិសោធន៍របស់អ្នក ។
-
សូមផ្ញើសារជាអក្សរ ឬនិយាយទៅកាន់នរណាម្នាក់ដែលអ្នកគិតថាស្មោះត្រង់បំផុតចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ សូមសួរអ្នកនោះថាតើបទគម្ពីរមានតួនាទីអ្វីក្នុងការជួយគាត់ឲ្យរក្សាភាពស្មោះត្រង់ ។
-
សូមទស្សនាវីដេអូមួយក្នុងចំណោមវីដេអូខាងក្រោម ដោយរកមើលឧទាហរណ៍អំពីរបៀបដែលការសិក្សាព្រះគម្ពីរអាចផ្តល់ពរដល់ជីវិតរបស់យើង ហើយបង្កើនជំនឿរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វីដេអូទាំងអស់មាននៅ ChurchofJesusChrist.org។,
-
« The Blessings of Scripture » ( ៣:០៣ )
3:3 -
« An Invitation to Study the Book of Mormon » ចាប់ពីនាទីទី ៦:១៧ ដល់នាទីទី ៩:០០
16:21 -
« What Scriptures Mean to Me » ( ៥:០៣ )
5:3
-
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក
សូមពិចារណាអំពីការសិក្សាព្រះគម្ពីររបស់អ្នក ។ តើសេចក្ដីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរីកចម្រើនតាមរបៀបណា នៅពេលអ្នកសិក្សាព្រះបន្ទូលនៃព្រះដោយឧស្សាហ៍ព្យាយាម ? តើមានអ្វីខ្លះដែលអ្នកទទួលអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើដើម្បីកែលម្អការសិក្សារបស់អ្នកដែរឬទេ ? សូមពិចារណាសរសេរគោលដៅណាមួយដែលអ្នកអាចមាននៅក្នុងសៀវភៅសិក្សារបស់អ្នក ។