« ពាក្យសម្តីនៃមរមន ៖ ‹ ដើម្បីប្រយោជន៍មួយដ៏សំខាន់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ពាក្យសម្តីនៃមរមន » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ពាក្យសម្ដីនៃមរមន
« ដើម្បីប្រយោជន៍មួយដ៏សំខាន់ »
តើអ្នកធ្លាប់បានទទួលពរដោយការរៀបចំទុកជាមុនរបស់បុគ្គលម្នាក់ផ្សេងទៀតដែរឬទេ ? តើការរៀបចំរបស់ពួកគេជះឥទ្ធិពលដល់បទពិសោធន៍របស់អ្នកយ៉ាងដូចម្តេច ? មរមនបានរកឃើញផ្ទាំងតូចៗរបស់នីហ្វៃ បន្ទាប់ពីលោកបានធ្វើការសង្ខេបមួយដែលជាផ្នែកនៃបញ្ជីរបស់សាសន៍នីហ្វៃ ។ ដោយត្រូវបានដឹកនាំពីព្រះវិញ្ញាណនៃព្រះអម្ចាស់ មរមនបានបញ្ចូលផ្ទាំងតូចទាំងនោះ « ដើម្បីប្រយោជន៍មួយដ៏សំខាន់ » ស្របតាមព្រះទ័យរបស់ព្រះអម្ចាស់ ( សូមមើល ពាក្យសម្ដីនៃមរមន ១:៣–៧ ) ។ មេរៀននេះអាចជួយអ្នកមានអារម្មណ៍ជឿជាក់ថា ព្រះអម្ចាស់ជ្រាបគ្រប់ការណ៍ទាំងអស់ ហើយថាកិច្ចការរបស់ទ្រង់នឹងត្រូវបានសម្រេច ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
ជំនឿអំពីព្រះ
ដោយប្រើរង្វាស់ពី ០–៥ ( ០ = ខ្ញុំមិនជឿ ៥ = ខ្ញុំមានជំនឿខ្លាំង ) សូមចំណាយពេលបន្តិច ដើម្បីវាយតម្លៃកម្រិតនៃជំនឿរបស់អ្នកដោយស្មោះត្រង់សម្រាប់សេចក្តីថ្លែងការណ៍នីមួយៗខាងក្រោម ៖
-
ខ្ញុំជឿលើព្រះ ។
-
ខ្ញុំជឿថា ទ្រង់ជ្រាបគ្រប់ការណ៍ទាំងអស់ ហើយមានព្រះចេស្តាគ្រប់យ៉ាង ។
-
ខ្ញុំជឿថា ទ្រង់រៀបចំផ្លូវសម្រាប់ខ្ញុំដើម្បីជោគជ័យក្នុងជីវិតរបស់ខ្ញុំ ។
-
ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទុកចិត្តលើព្រះឱវាទ និងការបំផុសគំនិតដែលទ្រង់ប្រទានឲ្យខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
វាអាចមានប្រយោជន៍ក្នុងការសញ្ជឹងគិតអំពីមូលហេតុដែលអ្នកជឿលើរបៀបដែលអ្នកធ្វើ ។
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលសេចក្តីពិតដែលអាចនឹងបង្កើន ឬធានាដល់អ្នកអំពីជំនឿ និងការទុកចិត្តរបស់អ្នកលើព្រះ ព្រះចេស្តារបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចកិច្ចការរបស់ទ្រង់ ។
ការសង្ខេបនៃផ្ទាំងរបស់មរមន
សូមស្រមៃគិតថា តើវាមានសភាពបែបណា ដើម្បីរស់នៅដូចព្យាការីមរមនបានរស់នៅ ក្រោយពីគ្រួសាររបស់លីហៃបានចាកចេញពីក្រុងយេរូសាឡិមជិត ១០០០ ឆ្នាំនោះ ។ លោកគឺជាអ្នករក្សាបញ្ជីចុងក្រោយរបស់សាសន៍នីហ្វៃ ហើយបានធ្វើការដើម្បីបង្រួមប្រវត្តិសាស្ត្រមួយសហស្សវត្សរ៍នៃសាសន៍នីហ្វៃទៅជាផ្ទាំងតែមួយឈុត ។ តើអ្នកនឹងសម្រេចចិត្តថា ត្រូវបញ្ចូល ឬលុបចោលព្រឹត្តិការណ៍ណាមួយយ៉ាងដូចម្តេច ?
នៅពេលកិច្ចការរបស់លោកក្នុងការសង្ខេបផ្ទាំងនីហ្វៃដល់សម័យស្តេចបេនយ៉ាមីន នោះមរមនបានរកឃើញអ្វីមួយដ៏សំខាន់ ។ លោកបានបញ្ចូលការពន្យល់ខ្លីមួយអំពីបទពិសោធន៍របស់លោកនៅក្នុងគម្ពីរដែលមានចំណងជើងថា ពាក្យសម្តីនៃមរមន ។
សូមអាន ពាក្យសម្ដីនៃមរមន ១:៣–៦ ដោយរកមើលអ្វីដែលមរមនបានរកឃើញ និងអ្វីដែលលោកបានធ្វើដោយសារតែការរកឃើញនោះ ។
វាអាចជាប្រយោជន៍ដើម្បីដឹងថាឃ្លា « ផ្ទាំងទាំងនេះ » ( ពាក្យសម្ដីនៃមរមន ១:៣–៤ ) សំដៅទៅលើផ្ទាំងតូចដែលនីហ្វៃត្រូវបានបញ្ជាឲ្យធ្វើ ( សូមមើល នីហ្វៃទី១ ៩:២–៤ ) ។ ផ្ទាំងតូចៗបានរាប់ពីរយៈពេលដូចគ្នានឹងផ្ទាំងធំៗនៃនីហ្វៃ ដែលមរមនបានសង្ខេបរួចហើយ ប៉ុន្តែផ្ទាំងទាំងនោះបានផ្តោតលើព្រឹត្តិការណ៍ខាងវិញ្ញាណដែលបានកើតឡើង ។ ប្រសិនបើអ្នកចង់យល់បន្ថែមអំពីបញ្ជីទាំងនេះ សូមពិចារណាអាន « ការអធិប្បាយដ៏ខ្លីអំពីព្រះគម្ពីរមរមន » ដែលមាននៅដើមព្រះគម្ពីរមរមន ។
ទាំងមរមន និងនីហ្វៃបានទទួលការបំផុសគំនិតជាក់លាក់ពីព្រះអម្ចាស់ទាក់ទងនឹងផ្ទាំងតូចៗ ។ សូមអាន នីហ្វៃទី១ ៩:៥–៦ និង ពាក្យសម្ដីនៃមរមន ១:៧–៨ ដោយរកមើលភាពស្រដៀងគ្នារវាងអ្វីដែលព្យាការីទាំងពីរនេះបានជួបប្រទះ ។
-
តើពាក្យ ឬឃ្លាណាមួយដែលអ្នកចាប់អារម្មណ៍ ?
-
តើខគម្ពីរទាំងនេះប្រាប់យើងអ្វីខ្លះអំពីនីហ្វៃ និងមរមន ?
-
តើសេចក្ដីពិតអ្វីខ្លះដែលពាក្យសម្ដីរបស់ពួកគេអាចបង្រៀនយើងអំពីព្រះអម្ចាស់ ?
ក្នុងចំណោមសេចក្តីពិតផ្សេងទៀត អ្នកប្រហែលជាបានកត់សម្គាល់ថា ព្រះអម្ចាស់ជ្រាបគ្រប់ការណ៍ទាំងអស់ មានព្រះចេស្តាគ្រប់យ៉ាង ហើយរៀបចំផ្លូវដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
-
ហេតុអ្វីវាសំខាន់សម្រាប់អ្នកដើម្បីដឹងថាព្រះអម្ចាស់ជ្រាបគ្រប់ការណ៍ទាំងអស់ ហើយមានព្រះចេស្តាទាំងអស់ ?
-
តើចំណេះដឹងនេះអាចជួយអ្នកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើការយល់ដឹងអំពីសេចក្តីពិតទាំងនេះអាចជះឥទ្ធិពលលើឆន្ទៈរបស់អ្នកក្នុងការធ្វើតាមការបំផុសគំនិតរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
ព្រះអម្ចាស់បានរៀបចំផ្លូវ
ភស្តុតាងនៃការដឹងជាមុន និងព្រះចេស្តារបស់ព្រះអម្ចាស់អាចឃើញនៅក្នុងការបញ្ជារបស់ទ្រង់ឲ្យនីហ្វៃរៀបចំផ្ទាំងតូចៗ និងបំផុសគំនិតឲ្យមរមនបញ្ចូលបញ្ជីទាំងនោះនៅក្នុងការសង្ខេបរបស់លោក ។
រាប់រយឆ្នាំក្រោយមក នៅពេល យ៉ូសែប ស្ម៊ីធ កំពុងបកប្រែផ្ទាំងនៃព្រះគម្ពីរមរមន នោះលោកបានចាប់ផ្ដើមជាមួយការសង្ខេបរបស់មរមនអំពីផ្ទាំងធំៗរបស់នីហ្វៃ ។ ម៉ាទិន ហារីស ដែលកំពុងជួយក្នុងនាមជាអ្នកកត់ត្រារបស់យ៉ូសែប បានស្នើម្ដងហើយម្ដងទៀត ឲ្យបង្ហាញទំព័រដែលបានបកប្រែដល់ភរិយា និងសមាជិកផ្សេងទៀតនៃគ្រួសាររបស់លោក ។ ទោះបីជាព្រះអម្ចាស់បានបដិសេធសំណើរបស់ម៉ាទិនក៏ដោយ ក៏យ៉ូសែបបានបន្តទូលសុំការអនុញ្ញាតពីព្រះអម្ចាស់ដែរ ។ ទីបំផុត ជាមួយនឹងការណែនាំ និងការព្រមានដ៏តឹងរ៉ឹង នោះម៉ាទិនត្រូវបានអនុញ្ញាតឲ្យយកសំណេរដោយដៃចំនួន ១១៦ ទំព័រ ត្រឡប់ទៅផ្ទះរបស់លោកនៅ ប៉ាល់មីរ៉ា ទីក្រុងនូវយ៉ោក វិញ ។ លោកបានតាំងចិត្តប្រគល់សំណេរដោយដៃទៅយ៉ូសែបនៅទីក្រុង ហាម៉ូនី រដ្ឋ ផែនស៊ីវ៉ានញ៉ា ក្នុងរយៈពេលពីរសប្តាហ៍ ។
អ្នកប្រហែលជាចង់មើលវីដេអូ « The Work of God » ពីនាទីទី ៦:៥២–១១:៣០ ដោយរកមើលរបៀបដែលព្រះអម្ចាស់បានរៀបចំផ្លូវមុនពេលព្រឹត្តិការណ៍ទាំងនេះបានកើតឡើង ។ វីដេអូអាចរកបាននៅលើ ChurchofJesusChrist.org ។, ឬអ្នកអាចអានចំណុចខាងក្រោមដែលពិពណ៌នាអំពីអ្វីដែលយ៉ូសែប និងម៉ាទិនបានជួបប្រទះ ។ ( សូមមើលផងដែរ ពួកបរិសុទ្ធ៖ ដំណើររឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្តីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៥១–៥៣ ) ។
-
អិមម៉ាភរិយារបស់យ៉ូសែបបានសម្រាលកូនដំបូងរបស់ពួកលោក ហើយកូននោះបានស្លាប់ក្រោយពីកើតបានប៉ុន្មានម៉ោងប៉ុណ្ណោះ ។ យ៉ូសែបបានចំណាយពេលពីរសប្តាហ៍មើលថែអិមម៉ា បន្ទាប់មកបានធ្វើដំណើរទៅក្រុង ប៉ាល់មីរ៉ា ខណៈដែល ម៉ាទិន មិនបានត្រឡប់ទៅទីក្រុង ហាម៉ូនី វិញ ។
-
ម៉ាទិនបានសារភាពថា លោកបានធ្វើឲ្យបាត់ព្រះគម្ពីរមរមនដែលបានសរសេរដោយដៃនោះ ។ យ៉ូសែបត្រូវបានព្រះអម្ចាស់វាយផ្ចាល ហើយមិនត្រូវបានអនុញ្ញាតឲ្យបន្តការបកប្រែនោះទេ ។
-
បន្ទាប់ពីយ៉ូសែបបានបញ្ចប់ការប្រែចិត្តដោយស្មោះសរមួយរយៈពេល ហើយបានទូលអង្វរសុំការអភ័យទោស នោះព្រះអម្ចាស់បានអនុញ្ញាតឲ្យយ៉ូសែបបន្តការបកប្រែផ្ទាំងទាំងនោះទៀត ។ ទោះជាយ៉ាងណា លោកត្រូវបានណែនាំមិនឲ្យបកប្រែឡើងវិញនូវចំណែកដែលបានបាត់នោះទេ ។
-
ព្រះអម្ចាស់បានបើកសម្ដែងថា ក្រោមឥទ្ធិពលរបស់សាតាំង មនុស្សទុច្ចរិតបានលួចទំព័រដែលបានសរសេរដោយដៃនោះ ។ ពួកគេមានបំណងផ្លាស់ប្តូរពាក្យពេចន៍ ហើយបង្ហាញថា យ៉ូសែបគ្រាន់តែធ្វើពុតជាបកប្រែ ដូច្នេះវានឹងបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:១០–១៩, ២៩–៣៣ ) ។
-
ព្រះអម្ចាស់បានបញ្ជាដល់យ៉ូសែបឲ្យបកប្រែបញ្ជីរបស់នីហ្វៃនៅលើផ្ទាំងតូចៗ ដែលមរមនបានបញ្ចូលជាមួយនឹងការសង្ខេបរបស់លោក ហើយបានរៀបរាប់ពីរយៈពេលដូចគ្នា និងព្រឹត្តិការណ៍ជាច្រើននៅក្នុងផ្នែកដែលបានបាត់បង់ ។ ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ថា « ប្រាជ្ញារបស់យើងមហិមាជាងកលល្បិចនៃអារក្សទៅទៀត » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៣ ) ។
-
តើគំរូចេញពីប្រវត្តិសាសនាចក្រនេះបង្ហាញពីចំណេះដឹង និងព្រះចេស្ដារបស់ព្រះអម្ចាស់តាមរបៀបណាខ្លះ ?
-
តើហេតុការណ៍នេះអាចធានាដល់អ្នកថា ព្រះអម្ចាស់អាចរៀបចំផ្លូវក្នុងជីវិតអ្នកដោយរបៀបណា ?
-
តើនៅពេលណាដែលការឆ្លើយតបទៅនឹងការបំផុសគំនិតខាងវិញ្ញាណបានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ?
-
តើសេចក្ដីពិតដែលអ្នកបានរៀនថ្ងៃនេះអាចមានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ការធ្វើតាមការបំផុសគំនិត
រាល់សំណេរដែលអ្នកបានសិក្សារហូតមកដល់ពេលនេះក្នុងឆ្នាំនេះនៅក្នុងព្រះគម្ពីរមរមន ( នីហ្វៃទី១–អោមណៃ ) មានសម្រាប់អ្នក គឺដោយសារមរមនបានជឿថា ព្រះអម្ចាស់ជ្រាបដឹងគ្រប់ការណ៍ទាំងអស់ ហើយលោកបានធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ដើម្បីបញ្ចូលផ្ទាំងតូចៗ ។
ដូចនីហ្វៃដែរ អ្នកប្រហែលជាចង់បង្កើតផ្នែកមួយនៃ « ផ្ទាំងតូច » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីកត់ត្រាបទពិសោធន៍ដែលពិសិដ្ឋចំពោះអ្នក ។ អ្នកអាចនឹងចង់សញ្ជឹងគិត និងកត់ត្រានូវអ្វីដែលអ្នកដឹង និងជឿអំពីព្រះ និងរបៀបដែលទ្រង់អាចជួយអ្នកធ្វើសកម្មភាពដោយសេចក្តីជំនឿ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។