ថ្នាក់​សិក្ខាសាលា
យ៉ារ៉ុម–អោមណៃ ៖ ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល​ដល់​ព្រះយេស៊ូវ​គ្រីស្ទ


« យ៉ារ៉ុម–អោមណៃ ៖ ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល​ដល់​ព្រះយេស៊ូវ​គ្រីស្ទ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ារ៉ុម–អោមណៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ារ៉ុម–អោមណៃ

ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល​ដល់​ព្រះយេស៊ូវ​គ្រីស្ទ

យុវនារី​កំពុង​អធិស្ឋាន

តើ​អ្នក​ងាក​ទៅ​រក​ការណែនាំ​មក​ពី​ណា នៅពេល​ធ្វើ​ការជ្រើសរើស​សំខាន់ៗ​ក្នុង​ជីវិត ? ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​ផ្តល់​ព្រះគម្ពីរ​ជា​ប្រភព​ចម្បង​នៃ​ការណែនាំ និង​ជំនួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា ។ ព្រះគម្ពីរ​យ៉ារ៉ុម និង អោមណៃ មាន​ការបង្រៀន​ផ្សេងៗ​ដែល​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​អនុវត្ត​ការស្វែងរក និង​អនុវត្ត​គោលការណ៍​ពី​ព្រះគម្ពីរ​ដែល​អាច​ផ្តល់​ពរ និង​ដឹកនាំ​ជីវិត​របស់​អ្នក ។

សូម​ជួយ​សិស្ស​ស្វែងយល់​ពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹង​ល្អ ។គោលលទ្ធិ​គឺ​ជា​សេចក្តីពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​មូលដ្ឋាន​ដែល​គ្មាន​ការប្រែប្រួល ។ គោលការណ៍​គឺ​ជា​សេចក្តីពិត​ដែល​ស្ថិតស្ថេរ​ដែល​ណែនាំ​បុគ្គល​ម្នាក់ៗ​ក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​នានា ។ គោលការណ៍​នៃ​ដំណឹងល្អ​គឺ​សកល ហើយ​ជួយ​មនុស្ស​ឲ្យ​អនុវត្ត​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ក្នុង​ជីវិត​របស់​ពួកគេ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ស្វែងរក​គោលការណ៍​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​ជីវិត​របស់​ពួកគេ ពេល​កំពុង​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មក​ដោយ​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​យ៉ាង​ហោច​ណាស់​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រកឃើញ ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើ​បាន

ការកាច់​ចង្កូត​កប៉ាល់

ដៃ​ចង្កូត​នៅលើ​កប៉ាល់

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​បង្ហាញ​រូបភាព​កប៉ាល់ ឬ​គូរ​រូប​កប៉ាល់​នៅ​លើ​ក្តារខៀន ។ ម្យ៉ាង​វិញ​ទៀត អ្នក​អាច​ឲ្យ​សិស្ស​ម្នាក់​គូរ​រូប​កប៉ាល់​នៅលើ​ក្តារ​ខៀន ។ អ្នក​អាច​សួរ​ពួកគេ​ថា​តើ​ផ្នែក​ណា​ខ្លះ​នៃ​កប៉ាល់​ដែល​ចាំបាច់ ដើម្បី​ជួយ​នាវិក​បើក​បរ​កប៉ាល់​ទៅ​កាន់​គោលដៅ​មួយ ។

សូម​ស្រមៃ​ថា ដំណើរ​ជីវិត​របស់​អ្នក គឺ​ដូច​ជា​កប៉ាល់​ដែល​កំពុង​ជិះ​លើ​មហា​សមុទ្រដូច្នោះ​ដែរ ។ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រៀបធៀប​នឹង​ដៃ​ចង្កូត ឬ​ចង្កូត​កប៉ាល់ ដែល​ដឹកនាំ​នាវា​តាម​ផ្លូវ​ធ្វើ​ដំណើរ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ផ្ដល់​ចម្លើយ​ដែល​អាច​ទៅ​រួច​មួយ ៖

សម្រាប់​ខ្ញុំ និង​អ្នក គោលការណ៍​នៃ​ដំណឹង​ល្អ​គឺ​ដូច​ជា​ចង្កូត​កប៉ាល់​ដូច្នោះ​ដែរ ។ គោលការណ៍​ត្រឹមត្រូវ​ធ្វើ​ឲ្យ​យើង​រក​ឃើញ​ផ្លូវ​របស់​យើង ហើយ​ឈរ​យ៉ាង​រឹងមាំ ខ្ជាប់ខ្ជួន និង​មិន​រង្គោះរង្គើ ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​លំនឹង​យើង ហើយ​ដួល​ក្នុង​ព្យុះ​នៃ​ភាពងងឹត និង​ការភាន់​​ច្រឡំ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដ៏​ឃោរឃៅ​នេះ ។ ( ដាវីឌ អេ បែដណា « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៦ )

  • តើ​គោលការណ៍​នៃ​ដំណឹងល្អ​អាច​ដូច​ជា​ដៃ​ចង្កូត ឬ​ចង្កូត​កប៉ាល់​យ៉ាង​ដូចម្ដេច ?

  • នៅលើ​រង្វាស់​ពី ១ ដល់ ១០ តើ​អ្នក​មាន​ទំនុក​ចិត្ត​ប៉ុន​ណា​ថា អ្នក​អាច​រកឃើញ​គោលការណ៍​ពិត​ចេញ​ពី​ព្រះគម្ពីរ ហើយ​ប្រើ​វា​ដើម្បី​ដឹកនាំ​ជីវិត​របស់​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ពី​អតីតកាល ដែល​បាន​ជួយ​អ្នក​ស្វែងរក​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ ?

សូម​ស្តាប់​ចម្លើយ​របស់​សិស្ស​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ សូម​ពិចារណា​សរសេរ​អ្វី​ដែល​ពួកគេ​និយាយ​នៅលើ​ក្ដារខៀន ដើម្បី​ជួយ​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ ។

ប្រសិនបើ​អ្នក​ចង់​រំឭក​ពី​របៀប​ស្វែងរក​គោលការណ៍ សូម​ពិចារណា​មើល​មេរៀន​ខាង​ក្រោម​ឡើង​វិញ ៖ « ២ នីហ្វៃ​ទី​២ ១ » និង « យ៉ាកុប ៤ » ។

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹង​គិត​ពី​គោលការណ៍​ថ្មីៗ​មួយ ដែល​អ្នក​បាន​រកឃើញ​អំឡុង​ពេល​ថ្នាក់​សិក្ខាសាលា ឬ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • តើ​អ្នក​បាន​រកឃើញ​គោលការណ៍​អ្វី​ខ្លះ ? តើ​គោលការណ៍​នោះ​បាន​ផ្តល់​ពរ​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ ។ សូម​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​វាយ​តម្លៃ​ថា តើ​ពួកគេ​កំណត់​គោលការណ៍​បាន​ល្អ​ប៉ុន​ណា និង​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​មេរៀន​នេះ ។ សូម​អបអរ​សាទរ​ពួកគេ​សម្រាប់​ការសិក្សា​របស់​ពួកគេ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​បន្ត​ផងដែរ ។

ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ

ព្រះគម្ពីរ​យ៉ារ៉ុម និង អោមណៃ មាន​ការសរសេរ​ចុង​ក្រោយ​នៅក្នុង​ផ្ទាំង​តូចៗ​របស់​នីហ្វៃ ហើយ​រួម​បញ្ចូល​គោលការណ៍​ជាច្រើន​ដែល​អាច​ផ្តល់​ពរ​ដល់​ជីវិត​របស់​យើង ។ យ៉ារ៉ុម​បាន​ទទួល​ផ្ទាំង​ពី​ឪពុក​របស់​លោក​គឺ​អេណុស ហើយ​បាន​កត់ត្រា​ការតស៊ូ និង​ពរជ័យ​របស់​សាសន៍​នីហ្វៃ​ក្នុង​រយៈពេល​ប្រហែល ៤០ ឆ្នាំ ។ បន្ទាប់មក លោក​បាន​ប្រគល់​ផ្ទាំង​ទាំង​នេះ​ទៅ​ឲ្យ​កូន​ប្រុស​របស់​លោក​គឺ​អោមណៃ ។ ព្រះគម្ពីរ​អោមណៃ​មាន​សំណេរ​របស់​អ្នក​រក្សា​បញ្ជី​​សាសន៍​នីហ្វៃ​ប្រាំ​នាក់​ផ្សេង​គ្នា ហើយ​គ្រប​ដណ្ដប់​ប្រមាណ​ជា ១៩០ ឆ្នាំ ។

សូម​កំណត់​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​សិស្ស​របស់​អ្នក ដើម្បី​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ក្នុង​ការស្វែងរក​គោលការណ៍​នៃ​ដំណឹងល្អ ។ សិស្ស​អាច​ធ្វើ​ការរៀងៗ​ខ្លួន ឬ​បំបែក​ជា​ក្រុម​តូចៗ ហើយ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ស្វែងរក​គោលការណ៍​នៅក្នុង​សេចក្តីយោង​បទគម្ពីរ​មួយ ឬ​ច្រើន ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ហើយ​អនុវត្ត​ការស្វែងរក​គោលការណ៍​នៃ​ដំណឹង​ល្អ ដែល​អ្នក​អាច​ប្រើ​ក្នុង​ជីវិត​របស់​អ្នក ។ ប្រហែល​ជា​មាន​គោលការណ៍​ជាច្រើន​ដែល​មាន​នៅក្នុង​បណ្តុំ​នៃ​ខគម្ពីរ​នីមួយៗ ។ យ៉ាង​ហោច​ណាស់​សូម​ស្វែងរក​គោលការណ៍​ឲ្យ​បាន​មួយ​ពី​វគ្គបទគម្ពីរ​នីមួយៗ ។

  1. យ៉ារ៉ុម ១:៣–៤

  2. យ៉ារ៉ុម ១:៥–៩

  3. យ៉ារ៉ុម ១:១០–១២

  4. អោមណៃ ១:១២–១៦

  5. អោមណៃ ១:២៥–២៦

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គោលការណ៍​មួយ​ចំនួន​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន ។

ការប្រគល់​ខ្លួន​អ្នក​ថ្វាយ​ព្រះអង្គ​សង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់

បន្ទាប់ពី​ស្វែងរក​គោលការណ៍​មួយ​ហើយ វា​ជា​ការសំខាន់​ក្នុង​ការចំណាយ​ពេល​ដើម្បី​សញ្ជឹងគិត​អំពី​អត្ថន័យ និង​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ។ ឧទាហរណ៍ ៖ នៅក្នុង អោមណៃ ១:២៦ អ្នក​អាច​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​មក​រកព្រះគ្រីស្ទ ហើយ​ថ្វាយ​ព្រលឹង​យើង​ទាំង​មូល​ដល់​ទ្រង់ នោះ​យើង​នឹង​បាន​សង្គ្រោះ ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​ស្វែងរក​ដើម្បី​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​គោលការណ៍​នេះ ?

ខាង​ក្រោម​នេះ​គឺ​ជា​យោបល់​មួយ ៖

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការប្រៀបធៀប​គោលការណ៍​នេះ​ទៅ​នឹង​អ្វី​មួយ​ដែល​អ្នក​អាច​ផ្តល់​ជូន​ដល់​អ្នក​ដទៃ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

  • តើ​អ្នក​អាច​ផ្តល់​អ្វី​ដល់​អ្នក​ផ្សេង ?

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​គ្រាន់តែ​ផ្តល់​ផ្នែក​មួយ​នៃ​អ្វី​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​បាន ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ផ្តល់​អ្វី​ទាំងអស់​ដែល​អ្នក​អាច​ផ្តល់​ឲ្យ​នៅពេល​ណា ? ហេតុអ្វី ?

  • តើ​ការណ៍​នេះ​អាច​អនុវត្ត​យ៉ាង​ណា​ចំពោះ​ការថ្វាយ​ព្រលឹង​យើង​ទាំង​មូល​ដល់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

នៅពេល​អ្នក​ស្តាប់​ចម្លើយ​របស់​សិស្ស សំណួរ​ខាង​ក្រោម​អាច​នឹង​មាន​ប្រយោជន៍ ៖ តើ​អ្នក​គិត​ថា​វា​មាន​លក្ខណៈ​ដូចម្តេច​ក្នុង​ការថ្វាយ​ព្រលឹង​ទាំង​មូល​របស់​អ្នក​ដល់​ព្រះយេស៊ូវគ្រីស្ទ ? តើ​អ្វី​អាច​រារាំង​មនុស្ស​ម្នាក់​ពី​ការលះបង់​ទាំង​ស្រុង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​គិត​ថា​ការថ្វាយ​ព្រលឹង​ទាំង​មូល​របស់​អ្នក​ដល់​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​ដូចម្តេច ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ប្រទាន​ដល់​ទ្រង់​នូវ​ព្រលឹង​របស់​យើង​ទាំង​មូល ?

  • តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​ដ៏​ល្អ​មួយ​ជា​មនុស្ស​ដែល​កំពុង​ព្យាយាម​ថ្វាយ​ព្រលឹង​ពួកគេ​ទាំងស្រុង​ដល់​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ទទួល​ពរ​យ៉ាង​ដូចម្តេច​ខ្លះ​តាមរយៈ​ការធ្វើ​កិច្ចការ​នោះ ?

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « With All Your Heart » ( ៣:២៦ ) ដែល​មាន​នៅ ChurchofJesusChrist.orgដើម្បី​មើល​គំរូ​របស់​យុវជន​ម្នាក់ ដែល​ព្យាយាម​លះបង់​ខ្លួន​ទាំង​ស្រុង​ថ្វាយ​ព្រះអម្ចាស់ ។

2:3

សូម​ពិចារណា​គូរ​រង្វង់​មួយ​ដែល​តំណាង​ឲ្យ​ជីវិត​របស់​អ្នក ។ សូម​គូស​ផាត់​នៅក្នុង​ផ្នែក​នៃ​រង្វង់ ដែល​អ្នក​ទទួល​អារម្មណ៍​ថា វា​តំណាង​ឲ្យ​កម្រិត​ដ៏​ច្រើន​បំផុត​នៃ​ការថ្វាយ​ខ្លួន​របស់​អ្នក​ដល់​ព្រះអម្ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹង​គិត​ពី​របៀប ដែល​អ្នក​អាច​ថ្វាយ​ព្រលឹង​ទាំង​មូល​របស់​អ្នក​ដល់​ព្រះយេស៊ូវគ្រីស្ទ​បាន​ពេញ​លេញ​ជាង​មុន ។ សូម​សរសេរ​វិធី​មួយ ឬ​ពីរ​ដែល​អ្នក​នឹង​ព្យាយាម​ធ្វើ​កិច្ចការ​នេះ និង​របៀប​ដែល​ការធ្វើ​កិច្ចការ​ទាំង​នេះ​អាច​ផ្តល់​ប្រយោជន៍​ដល់​ជីវិត​របស់​អ្នក ។

ការយល់​ដឹង និង​ការអនុវត្ត​គោលការណ៍

សូម​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​ដែល​អ្នក​បាន​រកឃើញ​ពី​មុន​ពី​ព្រះគម្ពីរ​យ៉ារ៉ុម និង អោមណៃ ។

  • តើ​គោលការណ៍​ណា​មួយ​ដែល​អ្នក​បាន​រកឃើញ​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី ?

  • តើ​អ្នក​អាច​យល់ និង​អនុវត្ត​គោលការណ៍​នេះ​បាន​កាន់តែ​ច្បាស់​ដោយ​របៀប​ណា ?

  • តើ​ការរស់​នៅ​តាម​គោលការណ៍​នេះ​អាច​ជួយ​ដឹកនាំ​ជីវិត​អ្នក​ទៅរក​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?