ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៤:១–១៧ ៖ ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច


« អាលម៉ា ៣៤:១–១៧ ៖ ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៤:១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ១៣:១–១៧

ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​អធិស្ឋាន​នៅ​សួនច្បារ​គែតសេម៉ានី

តើ​អ្នក​ធ្លាប់​គិត​ថា ជីវិត​អ្នក​នឹង​ទៅ​ជា​យ៉ាងណា​ដែរ​ឬទេ បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ ? អាមូលេក ⁠បានបង្រៀន​ពួកសាសន៍​សូរាំ​ថា មនុស្ស​ទាំងអស់​មាន​ចិត្ត​រឹងរូស ធ្លាក់ និង​រង្វេង ⁠បើគ្មាន​ពលិកម្ម​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ចនៃ​ព្រះរាជបុត្រា​ព្រះ​ទេ​នោះ ។⁠ មេរៀននេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ​អ្នក​បាន​⁠តាមរយៈ​ពលិកម្ម​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​របស់ទ្រង់ ។

ដាក់​ការរំពឹងទុក​ខ្ពស់ ។ នៅពេល​សិស្ស​ដឹង​ថា ⁠អ្នក​មាន​ការរំពឹងទុក​ខ្ពស់​លើ​ពួកគេ ក្នុងនាម​ជា​អ្នកសិក្សា ជាទូទៅ​ពួកគេ​នឹង​ខិតខំ​បំពេញ⁠តាម​ការរំពឹងទុក​ទាំងនោះ ។⁠ ម្តងម្កាល សិស្ស​ខ្លះ​អាច​នឹង​មាន​ការរំខាន​ដោយ​មិត្តភក្ដិ​រួមថ្នាក់ ឬ​ឧបករណ៍​អេឡិចត្រូនិច ។ ជានិច្ចកាល⁠​ត្រូវ​ផ្តល់​នូវ​ការកែតម្រូវ​ដែល​ទន់ភ្លន់ និង​ពេញ​ដោយ​ក្ដីស្រឡាញ់ នៅពេល​ដែល​អាកប្បកិរិយា​រំខាន​ទាំងនេះ ឬ​ផ្សេងៗទៀត​កើតឡើង ។⁠ ការធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ទាំងមូល​ឲ្យ​យល់អំពី​ការរំពឹងទុក​របស់អ្នក និង​ផ្តល់​ឱកាស​កាន់តែច្រើន​ឲ្យ​សិស្ស​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យរកមើល និង​សិក្សាបទគម្ពីរ​ដែលជួយឲ្យ​ពួកគេយល់​កាន់តែច្បាស់​អំពីដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ ។⁠ Topical Guide និង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​អាច​ជា​ប្រភព​ដ៏​មាន​អត្ថប្រយោជន៍ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាងដូចម្ដេច ?

សូម​ពិចារណា​បង្ហាញ​សំណួរ​មិន​ពេញលេញ​ដូចខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​នៃ​របៀប​ដែល​ជីវិត​ពួកគេ​អាច​នឹង​ខុសគ្នា​⁠បើ​គ្មាន​មនុស្ស ឬ​វត្ថុ​មួយចំនួន​ដែល​ពួកគេ​ពឹងផ្អែក​លើ​ច្រើន​បំផុតនោះ​ទេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​ឧទាហរណ៍​នានា​បាន សូម​យក​វត្ថុ ឬ​រូបភាព​មួយចំនួន​នៃ​របស់របរ​ដែល​អ្នក​ឲ្យ​តម្លៃ ។

តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាង​ដូចម្ដេច​⁠បើ​គ្មាន …?

សូម​គិត​ពី​របៀប​ពីរបី​ដែល​អ្នក​អាច​នឹង​ឆ្លើយ​សំណួរ​នេះ​ដោយ​មាន​មនុស្ស ឬ​វត្ថុ​ដែល​អ្នក​ពឹងផ្អែក​លើ ។ ឧទាហរណ៍ អ្នក​អាច​នឹង​គិត​ពី​របៀប​ដែល​ជីវិត​អ្នក​នឹង​ខុសគ្នា​⁠បើ​គ្មាន​មនុស្ស បច្ចេកវិទ្យា ឬ​ឧបករណ៍​មួយចំនួន​ដែល​អ្នក​តែងតែ​ប្រើ ឬ​សកម្មភាព​ដែល​ធ្វើ​ជាញឹកញាប់​ដែល​អ្នក​ចូលចិត្ត ។

បន្ទាប់ពី​សិស្ស​បានឆ្លើយ​ប្រាប់​ចម្លើយ​ខ្លះៗ​របស់​ពួកគេ​ហើយ សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​កែសម្រួល​សេចក្តីថ្លែងការណ៍​ពី​មុនៗ​ដើម្បី​និយាយ ៖ តើ​ជីវិត​នឹង​ខុសគ្នា​យ៉ាង​ដូចម្ដេច បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ​នោះ ?

ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​ពី​របៀប​ដែល​ពួកគេ​ត្រូវឆ្លើយ​សំណួរ​នេះ ហើយ​ត្រូវ​ធ្វើ​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​អំពី​របៀប​ដែល​ជីវិត​ពួកគេ​នឹង​ខុសគ្នា​⁠យ៉ាងណា បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ទេ ។ ពួកគេ​នឹង​មាន​ឱកាស​ប្រាប់​នូវ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​នេះ​នៅក្នុង​មេរៀន​នេះ​ពេល​ក្រោយ ។

អាមូលេក ⁠ថ្លែង​ទីបន្ទាល់​ដល់​ពួកសាសន៍សូរាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ

អ្នក​អាច​នឹកចាំ​ថា អាលម៉ា និង អាមូលេក ⁠បានផ្សព្វផ្សាយ​ក្នុង​ចំណោម​ពួកសាសន៍​សូរាំ ដែល​ជា​អ្នក​ជឿ​ថា​នឹង « ពុំ​មាន​ព្រះ​គ្រីស្ទ​ទេ » ( អាលម៉ា ៣១:១៦ ) ។⁠ បន្ទាប់ពី​អាលម៉ា​បាន​បញ្ចប់​សារលិខិត​របស់​លោក​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា ៣២–៣៣ ហើយ អាមូលេក បាន​ចែកចាយ​ទីបន្ទាល់​របស់លោក​ផ្ទាល់​អំពី​ព្រះអង្គ​សង្រ្គោះ ។

សូម​អាន អាលម៉ា ៣៤:១–១០⁠ ដោយ​ការរកមើល​អ្វី​ដែល​អាមូលេក បាន​ចែកចាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ។

អាលម៉ា ៣៤:៩–១០ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរស​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​ពាក្យ ឬ​ឃ្លា​ដែល​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​មួយណា ដែល​អ្នក​បានរកឃើញ​ថា​មាន​អត្ថន័យ​ជាពិសេស ?⁠ ហេតុអ្វី ?

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ឲ្យ​ធួន​សម្រាប់​យើង?

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​របស់​អាមូលេក⁠​នៅក្នុង អាលម៉ា ៣៤:៨–១០ ជា​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​យ៉ាងដូចម្ដេច ?

អ្នក​អាច​រកឃើញ​សេចក្តីពិត​មួយ​ដែល​ស្រដៀង​ទៅនឹង​សេចក្តីពិត​ដូច​តទៅ​នេះ ៖ បើ​គ្មាន​ដង្វាយធួន​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​មនុស្ស​លោក​ទាំងអស់​នឹង​វង្វេង​ជារៀងរហូត ។

  • ហេតុអ្វីបាន​ជាមនុស្ស​ទាំងអស់​នឹង « ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » ឬ​ត្រូវ​វង្វេង​ជារៀង​រហូត​បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ទេ ?

សូម​ពិចារណា​ស្នើសុំ​ឲ្យ​សិស្ស​គិត​អំពី​វិធី​មួយចំនួន​ដែល​ពួកគេ​ផ្ទាល់​នឹង​មាន​ការវង្វេង​ជា​រៀងរហូត​ បើគ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ទេ ។⁠ វិធី​មួយ​ដែល​ត្រូវ​ធ្វើ​បែប​នេះ​បាន​⁠គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា នីហ្វៃ​ទី​២ ៩:៦–១២ ដោយ​រកមើល​ការបង្រៀន​ដែល​ពិពណ៌នា​ពី​មូលហេតុ​ដែល​ពួកយើង​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។

ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច

សូម​ពិចារណា​គូសចំណាំ​ពាក្យ « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » នៅ​ចុងបញ្ចប់​នៃ ខទី ១០ ហើយ​ចម្លង​ដ្យាក្រាម​ខាងក្រោម​ដាក់​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

សូម​ពិចារណា​គូរ​ដ្យាក្រាម​នេះ​នៅលើ​ក្ដារខៀន​ឲ្យ​សិស្ស​ចម្លងតាម ។

ពាក្យ​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅជាប់​នឹង​សញ្ញាព្រួញ​មួយ​ដែល​ចង្អុល​ទៅ​ពាក្យ​ថា « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។
  • តើ​អ្នក​គិត​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច មានន័យ​ដូចម្តេច ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ការយល់ដឹង​ដូច​ខាង​ក្រោម ៖

2:3

The Atonement of Jesus Christ is Infinite and Eternal

(Alma 34:10–14) Elder Russell M. Nelson teaches the infinite effects of the Atonement of Jesus Christ.

ដង្វាយធួន​របស់​ទ្រង់​គឺ​ដ៏​និរន្តរ៍—គ្មាន​ទីបញ្ចប់​នោះទេ ។⁠ វា​ក៏​ជា​និរន្ដរ៍​ដែល​មនុស្ស​លោក​ទាំងអស់​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​ដែល​មិន​ចេះចប់​ដែរ ។ វា​ជា​និរន្ដរ៍​ក្នុងន័យ​ការ​រងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ … វា​ជា​វិសាលភាព​ដ៏​និរន្តរ៍—វា​ត្រូវ​ធ្វើ​តែម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដី​មេត្តា​ករុណា​នៃ​ដង្វាយ​ធួន​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​ដល់​មនុស្សជា​ច្រើន​មហិមា​នោះ​ទេ ប៉ុន្ដែ​វា​ថែម​ទាំង​ដល់​ចំនួន​ដ៏​និរន្តរ៍​នៃ​ពិភពលោក​ដែល​បាន​បង្កើតឡើង​ដោយ​ទ្រង់​ផងដែរ ។ វា​ជា​និរន្តរ៍​លើស​ពី​ទំហំ​នៃ​រង្វាស់ ឬ​ការ​យល់ដឹង​ខាង​សាច់ឈាម​ណា​មួយ​របស់​មនុស្ស​ទៅ​ទៀត ។ ( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​បានជួយ​អ្នក​ឲ្យ​ស្វែងយល់ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ?

តើ​វា​ទាក់ទង​ទៅនឹង​រូបអ្នក​យ៉ាងដូចម្តេច ?

ដោយ​ជា​ផ្នែក​មួយ​នៃ​ការពន្យល់​ខាងក្រោម វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ ម៉ៃឃល ចន យូ ថេ នៃពួក​ចិតសិប​នាក់ ដែល​មាននៅក្នុង « វិចារណកថា និង​ព័ត៌មាន​សាច់រឿង » ។

ខណៈពេល​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​ដល់​មនុស្ស​គ្មាន​កំណត់​ចំនួន​តាមរយៈដង្វាយ​ធួនរបស់ទ្រង់ នោះ​ទ្រង់​ក៏​អាច​ប្រទានពរ​ដល់​អ្នក​ដោយផ្ទាល់​បាន​ផងដែរ ។⁠ សូម​ពិចារណា​ធ្វើបច្ចុប្បន្នភាព​ដ្យាក្រាម​ក្នុង​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ដើម្បី​ឲ្យ​មានលក្ខណៈ​ដូច​ខាងក្រោម ៖

ពាក្យ​ថា « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅជាប់​នឹង​សញ្ញាព្រួញ​មួយ​ចង្អុល​ទៅពាក្យ​ថា « ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » និង​សញ្ញាព្រួញ​មួយ​ចង្អុល​ទៅពាក្យ​ថា « ផ្ទាល់ខ្លួន »

សកម្មភាព​ខាងក្រោម​អាច​ជួយ​ឲ្យ​សិស្ស​យល់​បាន​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទានពរ​ដល់​ពួកគេ​បាន​ដោយផ្ទាល់ ដោយសារ​ដង្វាយធួន​របស់ទ្រង់ ។⁠ សូម​បង្ហាញ ⁠ឬ​បោះពុម្ព​ធនធាន​ឯកសារ​ដូច​ខាងក្រោម និង​ទុកពេល​ឲ្យ​សិស្ស​សិក្សា​ម្នាក់ឯង ឬ​ជាក្រុមៗ ។⁠ សូម​អញ្ជើញ​សិស្សឲ្យ​ស្វែងរក​ពាក្យ ឬ​ឃ្លា​ដែល​ចេញពី​ធនធាន​ឯកសារ​ទាំងនេះ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ​ដល់​ពួកគេ​ដោយ​ផ្ទាល់​តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។

ជាការបន្ថែម​ពីលើ​បទគម្ពីរ និង​សេចក្តី​ថ្លែងការណ៍នៅក្នុងបញ្ជី​នេះ សិស្ស​អាច​នឹង​រកមើល​បទគម្ពីរ ឬ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗទៀត​ដែល​បាន​ថ្លែង​ដោយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

ប្រធាន ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​បាន​បង្រៀន ៖

2:3

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

បងប្រុស ខាលីស្ទើរ បង្រៀន​យើង​អំពី​របៀប​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​ទៅកាន់​ការ​រីកចម្រើន​របស់យើង ។

មាន​គ្រាមួយ ខ្ញុំ​បាន​ជួប​នឹង​ពួក​បរិសុទ្ធ​ល្អៗ​ដែល​ពិបាក​នឹង​អភ័យទោស​ដល់​ខ្លួន​ឯង ដែល​ជា​មនុស្ស​ដែល​បាន​ដាក់ដែន​កំណត់​ពុំ​ត្រឹមត្រូវ​ទៅ​លើ​ព្រះចេស្ដា​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អចេតនា ។ ដោយ​ពុំ​ដឹង​ខ្លួន ពួកគេ​បាន​បំលែង​ដង្វាយធួនដ៏​និរន្ដរ៍​មួយ​ទៅ​ជា​ដង្វាយ​ធួន​ដែល​កំណត់ ដែល​ពុំ​អាច​បំពេញ​បន្ថែម​ដល់​អំពើ​បាប ឬ​ភាព​ទន់​ខ្សោយ​ជាក់​លាក់​របស់​ពួកគេ ។ ប៉ុន្តែ​វា​គឺជា​ដង្វាយធួន​ជា​និរន្តរ៍​មួយ ដោយសារ​វាមាន​រាប់បញ្ចូល​នូវ​រាល់​អំពើ​បាប និង​ភាព​ទន់ខ្សោយ ក៏​ដូចជា​រាល់​ការ​បំពាន ឬ​ការ​ឈឺចាប់​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ដទៃ​ផង​ដែរ ។ ( ថាត អរ​ខាលីស្ទើរ « The Atonement of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៦ )

សូម​ពិភាក្សា​ជាមួយ​សិស្ស​អំពី​អ្វី​ដែល​ពួកគេ​បានរៀន និង​មាន​អារម្មណ៍​ពី​ការសិក្សា​របស់​ពួកគេ ។⁠ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពាក្យ ឬ​ឃ្លា​ជាក់លាក់​ដែល​ពួកគេ​បានរកឃើញ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទានពរ​ដល់​ពួកគេ​ដោយ​ផ្ទាល់​តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ។⁠ ឧទាហរណ៍ សិស្ស​អាច​លើកឡើង​ឃ្លា​ដូចជា « នឹង​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​ទ្រង់ » ( អាលម៉ា ៣៤:១៥ ) « ព្រះ … រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​យើង​រំដោះ​ខ្លួន​ចេញ​ពី … សេចក្ដី​ស្លាប់ និង​ស្ថាន​នរក » ( នីហ្វៃទី​២ ៩:១០ ) ឬ « យើង​ជា​ព្រះ​អម្ចាស់​មិន [ ចាំ​ពី​អំពើ​បាប​ទាំង​នោះ ] ទៀត​ទេ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៨:៤២ ) ។

បន្ទាប់ពី​ការពិភាក្សា​គ្នា​ហើយ សូម​ឲ្យ​សិស្សមើល​បញ្ជី​ដែល​ពួកគេ​បានបង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ពួកគេ​អំពី​សភាព​នៃ​ជីវិត​ពួកគេ​នៅពេល​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ទេ ។⁠ សិស្ស​អាច​នឹង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ពួកគេ​ដោយ​អាស្រ័យ​លើ​អ្វី​ដែល​ពួកគេ​បានរៀន​រហូតមក ។⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បញ្ជី​របស់ពួកគេ​ជាមួយ​ដៃគូ ឬ​ជាមួយ​ថ្នាក់​ទាំងមូល ។⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អ្វីមួយ​ដែល​ពួកគេ​បាន​បន្ថែម​ចូល​បញ្ជី​របស់​ពួកគេ​⁠ដោយសារតែ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅថ្ងៃនេះ ។⁠ ពួកគេ​ក៏​អាច​នឹង​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​បញ្ចូល​ក្នុង​បញ្ជី​របស់​ពួកគេ​រួចហើយ ដែល​មាន​ន័យ​យ៉ាង​ខ្លាំង​ចំពោះ​ពួកគេ ⁠ដោយសារតែ​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ រួចហើយ​ពន្យល់ពី​មូលហេតុ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បានពិភាក្សា​រួចមកហើយ ។⁠ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុសគំនិត​មួយចំនួន​ដែល​ពួកគេបាន​ទទួល​នៅអំឡុង​ពេល​រៀន​មេរៀន ។