« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០—‹ ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ អាលម៉ា ៣៤:៩–១០
« ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ ពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងដោយប្រើវគ្គបទគម្ពីរនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពន្យល់ និងទន្ទេញ
តើអ្នកធ្លាប់សម្គាល់ឃើញថា ការយល់អ្វីមួយក្នុងចិត្តអ្នកងាយស្រួលជាងការនិយាយពន្យល់វាដែរឬទេ ? គោលបំណងមួយនៃគោលបំណងចំណេះចំណានខាងគោលលទ្ធិគឺដើម្បីផ្ដល់ឱកាសឲ្យអ្នកពន្យល់គោលលទ្ធិដែលចេញមកពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនោះដោយពាក្យពេចន៍អ្នកផ្ទាល់ ។
នៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពី អាលម៉ា ៣៤:៩–១០ អ្នកបានរៀនថា បើគ្មានដង្វាយធួនដ៏និរន្តរ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទទេ នោះមនុស្សលោកទាំងអស់នឹងមានការវង្វេងជារៀងរហូត ។
សូមស្រមៃថា អ្នកបានមានឱកាសពន្យល់ពីអត្ថន័យនៃ អាលម៉ា ៣៤:៩–១០ ទៅនរណាម្នាក់ដែលដឹងតិចតួចអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចំណាយពេលបន្តិចដើម្បីពិនិត្យមើលខគម្ពីរទាំងនេះឡើងវិញ ហើយគូសចំណាំ ឬសរសេរចូលនូវពាក្យ ឬឃ្លាដែលអ្នកចង់ឲ្យបុគ្គលនេះយល់ ។
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អាលម៉ា ៣៤:៩–១០ គឺ៖ « ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។
រៀនអនុវត្ត
សូមស្រមៃថា មានគេស្នើសុំឲ្យអ្នកបង្រៀនមេរៀនអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ នៅថ្នាក់រៀននៃសាលាថ្ងៃអាទិត្យរបស់អ្នក ។ ដោយជាផ្នែកមួយនៃការរៀបចំរបស់អ្នក អ្នកត្រូវទាក់ទងទៅយុវនារីម្នាក់នៅក្នុងវួដរបស់អ្នកដែលមានឈ្មោះថា អូលីវ ហើយស្នើសុំឲ្យគាត់ចែកចាយគំនិតគាត់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានប្រទានពរដល់ជីវិតគាត់ ដោយសារដង្វាយធួនរបស់ទ្រង់ ។
ការឆ្លើយតបរបស់ អូលីវ ធ្វើឲ្យអ្នកភ្ញាក់ផ្អើល ។ នាងនិយាយថា « ប្រាប់អ្នកឲ្យត្រង់ចុះ ខ្ញុំគិតថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទគឺអស្ចារ្យសម្រាប់មនុស្សភាគច្រើនបំផុត ក៏ប៉ុន្តែខ្ញុំមិនប្រាកដថា វាអាចប្រើបានច្រើនកម្រិតណាចំពោះខ្ញុំតទៅទៀតទេ ដោយសារកំហុសមួយចំនួនដែលខ្ញុំបានធ្វើ និងកំពុងបន្តសាង ។ មានអំពើបាបមួយចំនួនដែលខ្ញុំមិនដឹងថា តើខ្ញុំនឹងអាចយកឈ្នះបានឬអត់នោះទេ » ។
នៅពេលដែលអ្នកបន្តរៀបចំមេរៀនអ្នក អ្នកក៏បន្តគិតដល់យោបល់របស់ អូលីវ ហើយចង់ជួយគាត់ផងដែរ ។ សូមពិចារណាពីរបៀបដែលការបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចនឹងជួយ អូលីវ ជាមួយនឹងបញ្ហាកង្វល់របស់នាងបាន ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើមានសកម្មភាពដ៏ស្មោះត្រង់ជាក់លាក់អ្វីខ្លះដែលអ្នកគិតថា អូលីវ អាចធ្វើបានដែលអាចនឹងជួយដល់គាត់ ?
-
តើអ្នកអាចបង្រៀន អូលីវ អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលអាចនឹងជួយឲ្យអូលីវ ធ្វើសកម្មភាពដោយសេចក្តីជំនឿ ? តើការបង្រៀននៅក្នុង អាលម៉ា ៣៤:៩–១០ អាចជួយបានយ៉ាងដូចម្តេច ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវ អាចធ្វើសកម្មភាពដោយសេចក្ដីជំនឿបាននោះ អ្នកអាចអាន កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ។
ពិនិត្យមើលគោលគំនិត ឬសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹងទតមើលកង្វល់ដូចជាកង្វល់របស់អូលីវនេះយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាការចងចាំថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺ « ដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា ៣៤:១០ ) មានសារៈសំខាន់ចំពោះអូលីវ ?
-
តើការចងចាំថា មនុស្សទាំងអស់ នឹងធ្លាក់ ហើយវង្វេង បើគ្មានដង្វាយធួនរបស់ព្រះអង្គសង្គ្រោះទេនោះ អាចនឹងជួយនាងឲ្យមើលទៅកង្វល់របស់នាងខុសពីមុនបានយ៉ាងដូចម្ដេចខ្លះ ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវ អាចនឹងពិនិត្យមើលគោលគំនិត ឬសំណួរដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច នោះអ្នកអាចអាន កថាខណ្ឌទី ៨ នៃផ្នែក ៖ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើប្រភពដ៏ទេវភាពដែលបានតែងតាំងប្រភេទណាដែលអ្នកនឹងផ្ដល់អនុសាសន៍ឲ្យអូលីវ ដើម្បីជួយនាងទទួលបានការណែនាំ និងការដឹកនាំ ? ហេតុអ្វី ?
-
បន្ថែមពីលើ អាលម៉ា ៣៤:៩–១០ តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍ណាមកពីថ្នាក់ដឹកនាំសាសនាចក្រដែលអ្នកអាចចែកចាយជាមួយអូលីវបាន ? តើវិធីនេះអាចនឹងជួយនាងបានយ៉ាងដូចម្តេច ?
ចំពោះគំនិតផ្សេងៗទៀតអំពីរបៀបដែលអូលីវអាចនឹងខិតខំស្វែងយល់បន្តទៀតតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព នោះអ្នកអាចអាន កថាខណ្ឌទី ១១–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។