« អាលម៉ា ៣៤:១៧–៤១ ៖ ជីវិតនេះគឺជាពេលប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៤:១៧–៤១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៤:១៧–៤១
ជីវិតនេះគឺជាពេលប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា តើការជួបព្រះវរបិតាសួគ៌បន្ទាប់ពីជីវិតនេះមានសភាពបែបណាទៅ ? អាមូលេក បានរំឭកពួកសាសន៍សូរាំថា « ជីវិតនេះគឺជាពេលវេលា … ប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ » ( អាលម៉ា ៣៤:៣២ ) និងបានអង្វរកុំឲ្យពួកគេពន្យារពេលប្រែចិត្តរបស់ពួកគេឡើយ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យខិតខំដើម្បីប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃការប្រុងប្រៀបខ្លួន
សូមគិតអំពីអ្វីមួយដែលអ្នកត្រូវប្រុងប្រៀបខ្លួនសម្រាប់ការណ៍នោះនៅក្នុងជីវិតរបស់អ្នក ដូចជាការប្រឡង ការសម្ដែង ឬព្រឹត្តិការណ៍កីឡាអត្តពលកម្មជាដើម ។
-
តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកធ្លាប់ប្រើដើម្បីជួយអ្នកឲ្យប្រុងប្រៀបខ្លួន ?
-
តើមានអ្វីខ្លះដែលបានធ្វើ ឬអាចនឹងធ្វើឲ្យការប្រុងប្រៀបខ្លួនមានការលំបាក ?
សូមរំឭកថា អាលម៉ា និងអាមូលេកបានផ្សព្វផ្សាយទៅកាន់ពួកសាសន៍សូរាំមួយក្រុម ដែលត្រូវបានបណ្តេញចេញពីសាលាប្រជុំដោយសារតែភាពក្រីក្ររបស់ពួកគេ ។ ពួកសាសន៍សូរាំទាំងនេះមិនធ្លាប់ជឿលើព្រះយេស៊ូវគ្រីស្ទពីមុនមកទេ ( សូមមើល អាលម៉ា ៣១:១៦ ) ដូច្នេះទើប អាលម៉ា និង អាមូលេក បានទូន្មានពួកគេឲ្យបង្កើតឲ្យមានកន្លែងនៅក្នុងចិត្តពួកគេ ដើម្បីឲ្យទីបន្ទាល់អំពីព្រះអង្គសង្គ្រោះរីកចម្រើនឡើង ( សូមមើល អាលម៉ា ៣២:២៧–២៨; ៣៤:៤–៦ ) ។ ពេលកំពុងបង្រៀនមនុស្សទាំងនេះ អាមូលេកបានចែកចាយអ្វីមួយដែលយើងទាំងអស់គ្នាត្រូវប្រុងប្រៀបខ្លួន ។
សូមអាន អាលម៉ា ៣៤:៣២ ដោយរកមើលអ្វីដែលអាមូលេក បានបង្រៀន ។
ផ្ដើមចេញពីការបង្រៀនរបស់អាមូលេក យើងដឹងថា ជីវិតនេះគឺជាពេលសម្រាប់យើងប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ ។
-
តើអាកប្បកិរិយា និងឥរិយាបថអ្វីខ្លះដែលអ្នករំពឹងចង់បានពីនរណាម្នាក់ដែលកំពុងប្រុងប្រៀបខ្លួនដើម្បីទៅជួបនឹងព្រះ ?
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតអំពីអារម្មណ៍របស់អ្នកអំពីការត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវិញ ។ សូមពិចារណាថា តើអ្នកកំពុងព្យាយាមមានភាពស័ក្តិសមដើម្បីត្រឡប់ទៅទីវត្តមានរបស់ទ្រង់វិញដែរឬទេ និងថាតើអ្វីទៅដែលអាចបង្វែរអ្នកពីគោលដៅនោះបាន ។ នៅពេលអ្នកបន្តសិក្សា សូមគិតអំពីរបៀបដែលអ្នកអាចអនុវត្តតាមការបង្រៀននៅក្នុង អាលម៉ា ៣៤ ដើម្បីជួយឲ្យអ្នកប្រុងប្រៀបខ្លួនទៅជួបព្រះបានកាន់តែប្រសើរ ។
របៀបនានាដែលយើងអាចប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ
ការបង្រៀនជាច្រើនរបស់អាមូលេក នៅក្នុង អាលម៉ា ៣៤ ជួយយើងឲ្យយល់ពីរបៀបដែលយើងអាចប្រុងប្រៀបខ្លួនឥឡូវនេះដើម្បីទៅជួបនឹងព្រះ ។
-
តើអាមូលេកបានបង្រៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចនឹងជួយអ្នកឲ្យប្រុងប្រៀបខ្លួនទៅជួបនឹងព្រះបាន ?
-
តើការអនុវត្តតាមរបៀបនៃការបង្រៀនទាំងនេះអាចជួយយើងឲ្យប្រុងប្រៀបខ្លួនឲ្យមានភាពស័ក្តិសមដើម្បីត្រឡប់ទៅទីវត្តមាននៃព្រះវិញដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីបុគ្គលិកលក្ខណៈ និងព្រះរាជបំណងរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីខគម្ពីរដែលអ្នកបានសិក្សាហើយនោះ ?
កុំបង្អង់នូវពេលវេលាចំពោះការប្រែចិត្ត ។
សូមមើលសេចក្តីថ្លែងការណ៍របស់អាមូលេក នៅក្នុង ខទី ៣៣ ៖ « កុំបង្អង់នូវពេលវេលាចំពោះការប្រែចិត្តទុកដល់ទីអវសាននោះឡើយ » ។ សូមពិចារណាគូសចំណាំខគម្ពីរនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
ហេតុអ្វីមនុស្សខ្លះព្យាយាមបង្អង់នូវពេលវេលាចំពោះការប្រែចិត្ត ?
សូមអាន អាលម៉ា ៣៤:៣៣–៣៥ ដោយរកមើលមូលហេតុដែលអាមូលេក បានដាស់តឿនថា យើងមិនត្រូវបង្អង់នូវពេលវេលាចំពោះការប្រែចិត្តឡើយ ។
យើងត្រូវបានបង្រៀនថា ការប្រែចិត្តអាចធ្វើឡើងក្នុងពិភពវិញ្ញាណ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៣១, ៣៣, ៥៨ ) ។ ប៉ុន្តែ ព្យាការីក្នុងព្រះគម្ពីរ និងនៅថ្ងៃចុងក្រោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដែលយើងប្រែចិត្តក្នុងជីវិតរមែងស្លាប់នេះ ។ អែលឌើរ មែលវិន ជេ បាឡឺដ [ ឆ្នាំ ១៨៧៣–១៩៣៩ ] ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
វាងាយស្រួលជាងដើម្បីយកឈ្នះអំពើបាប ហើយបម្រើព្រះអម្ចាស់ នៅពេលសាច់ និងវិញ្ញាណនៅផ្គុំគ្នាតែមួយ ។ នេះគឺជាពេលដែលមនុស្សអាចសម្របខ្លួន ហើយទទួលឥទ្ធិពលបានច្រើន ។ … ជីវិតនេះគឺជាពេលវេលាដើម្បីប្រែចិត្ត ។ ( មែលវិន ជេ បាឡឺដ ៖ Crusader for Righteousness ( ឆ្នាំ ១៩៩៦ ) ទំព័រ ២១២–២១៣ បានដកស្រង់នៅក្នុងសម្រង់របស់ ដាល្លិន អេក អូក « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៤ )
-
តើ ខទី ៣៣–៣៥ និងសេចក្តីថ្លែងការណ៍នេះជួយឲ្យអ្នកយល់អ្វីខ្លះ អំពីមូលហេតុដែលយើងមិនត្រូវបង្អង់នូវពេលវេលាចំពោះការប្រែចិត្តរបស់យើង ?
ការប្រែចិត្តគឺជាផ្នែកដ៏សំខាន់មួយនៃការប្រុងប្រៀបខ្លួនត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវិញ ។ សូមចាំថា ព្រះអម្ចាស់ប្រទានសេចក្តីមេត្តាករុណាពេញដោយក្តីស្រឡាញ់ដល់អស់អ្នកដែលខិតខំប្រែចិត្ត សូម្បីតែនៅពេលដែលពួកគេពិបាកយកឈ្នះលើអំពើបាបក៏ដោយ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ពេលខ្លះនៅក្នុងការប្រែចិត្តយើង នៅក្នុងការខិតខំប្រចាំថ្ងៃរបស់យើងដើម្បីក្លាយខ្លួនឲ្យកាន់តែដូចជាព្រះគ្រីស្ទ យើងឃើញថាខ្លួនយើងកំពុងតស៊ូជំនះម្តងហើយម្តងទៀតជាមួយនឹងការលំបាកដដែលៗ ។ …. សូមកុំបាក់ទឹកចិត្តឡើយ ។ បើអ្នកកំពុងខិតខំ និងធ្វើការដើម្បីប្រែចិត្ត នោះអ្នកកំពុងស្ថិតក្នុងដំណើរការនៃការប្រែចិត្តហើយ ។ ( នែល អិល អាន់ឌើរសិន « Repent …. That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤១ )
-
តើអ្នកអាចនឹងចែកចាយអ្វីខ្លះ ចេញពីការបង្រៀនរបស់អាមូលេកនៅក្នុង អាលម៉ា ៣៤:៣០–៣៨ ដែលអាចនឹងជួយនរណាម្នាក់ដែលមានការល្បួងឲ្យរង់ចាំរហូតដល់ពេលក្រោយនៃជីវិតដើម្បីប្រែចិត្ត និងផ្លាស់ប្តូរ ?
-
ហេតុអ្វីបានជាអ្នកគិតថា ការប្រែចិត្តមានតម្លៃ បើទោះបីជាមានហេតុផលជាច្រើនដែលបុគ្គលនេះប្រហែលជាមាន ដើម្បីមិនធ្វើការប្រែចិត្តក៏ដោយនោះ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលអាចនឹងលើកទឹកចិត្តបុគ្គលនេះឲ្យប្រែចិត្តក្នុងពេលឆាប់ៗ និងញឹកញាប់ ?
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនហើយ និងទទួលអារម្មណ៍នៅថ្ងៃនេះដើម្បីប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ និងមិនបង្អង់ពេលដើម្បីប្រើចិត្ត ។ សូមគិតអំពីសកម្មភាពដែលអ្នកចង់ធ្វើ ដោយសារតែអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។