« អាលម៉ា ៣៣ ៖ ការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៣
អាលម៉ា ៣៣ ៖ ការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ
តើអ្នកធ្លាប់មានអារម្មណ៍ថាចង់ធ្វើតាមព្រះអម្ចាស់ឲ្យបានកាន់តែជិតស្និទ្ធ ប៉ុន្តែមិនដឹងថាត្រូវធ្វើអ្វីដែរទេ ? ពួកអ្នកក្រីក្រក្នុងចំណោមពួកសាសន៍សូរាំបានសួរទៅព្យាការី អាលម៉ា អំពីរបៀបដែល « គេត្រូវចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿរបស់គេ » ( អាលម៉ា ៣៣:១ ) ។ ការឆ្លើយតបរបស់ អាលម៉ា មានសារៈសំខាន់ណាស់ដែលពួកសិស្សទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទត្រូវយល់ ។ មេរៀននេះអាចធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីជំហានទាំងឡាយ ដែលអ្នកអាចប្រកាន់យកដើម្បីអនុវត្តសេចក្តីជំនឿបានកាន់តែខ្លាំងឡើងលើព្រះយេស៊ូវគ្រីស្ទ ។
ផ្តល់ឱកាសឲ្យសិស្សបង្រៀន ។ សូមរកមើលឱកាសដែលត្រូវអនុញ្ញាតឲ្យសិស្សបង្រៀនផ្នែកនានានៃមេរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យគិតពីថ្នាក់សិក្ខាសាលាថាជាកន្លែងមួយដ៏មានសុវត្ថិភាពសម្រាប់ការអនុវត្តការបង្រៀន ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៣ នៅផ្ទះ ហើយជ្រើសរើសខគម្ពីរ ឬក្រុមខគម្ពីរដែលពួកគេចង់យល់ឲ្យបានកាន់តែច្បាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សំណួរអំពីដំណឹងល្អ
សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះជាមួយដៃគូ ឬក្នុងក្រុមតូចមួយ ។
-
បើអ្នកមានឱកាសសួរព្យាការីនៃព្រះអំពីសំណួរមួយ ឬពីរនោះ តើអ្នកចង់ដឹងអំពីអ្វីខ្លះ ? ហេតុអ្វី ?
នៅក្នុង អាលម៉ា ជំពូកទី ៣២ ព្យាការី អាលម៉ាបានអញ្ជើញពួកសាសន៍សូរាំឲ្យពង្រឹងទីបន្ទាល់របស់ពួកគេតាមរយៈការបណ្ដុះព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តពួកគេ ។ ពួកគេបានឆ្លើយតបដោយការសួរលោកអំពីសំណួរសំខាន់ៗមួយចំនួន ។
សូមអាន អាលម៉ា ៣៣:១ ដោយការរកមើលសំណួរដែលពួកគេបានសួរទៅព្យាការី ។
-
នៅសព្វថ្ងៃនេះ តើអ្នកគិតថា ក្មេងជំទង់ម្នាក់អាចនឹងប្ដូរពាក្យសួរសំណួរនេះទៅជាយ៉ាងណាវិញ ៖ « តើគេត្រូវចាប់ផ្ដើមអនុវត្តសេចក្ដីជំនឿរបស់គេដោយរបៀបណា ? »
-
ដោយផ្អែកលើអ្វីដែលអ្នកដឹងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តើអ្នកនឹងឆ្លើយសំណួរនោះយ៉ាងដូចម្ដេច ?
ការអនុវត្តសេចក្តីជំនឿគឺមានន័យច្រើនជាងការជឿសាមញ្ញៗលើព្រះយេស៊ូវគ្រីស្ទទៅទៀត ។ យើងអនុវត្តសេចក្ដីជំនឿ នៅពេលដែលយើងធ្វើអ្វីដែលព្រះអង្គសង្គ្រោះបង្គាប់ និងខិតខំដើរតាមទ្រង់ដោយមានឆន្ទៈ ។ អាលម៉ាបានឆ្លើយតបនឹងសំណួររបស់ពួកសាសន៍សូរាំដោយការបង្រៀនពួកគេនូវវិធីជាច្រើនដែលយើងអាចអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទរបស់យើងបាន ។
សូមជ្រើសរើសយកជម្រើសមួយក្នុងចំណោមសំណួរទាំងបីខាងក្រោមចេញពីការឆ្លើយតបរបស់អាលម៉ា ដែលអ្នកចង់យល់ឲ្យបានកាន់តែច្បាស់ ។ សូមរៀបចំខ្លួនឲ្យដូចជាអ្នកកំពុងតែទៅបង្រៀនមេរៀនដែលមានរយៈពេលពីប្រាំទៅប្រាំពីរនាទីអំពីជម្រើសដែលអ្នកជ្រើសរើស ។ សូមពិចារណាគិតដល់នរណាម្នាក់ដែលអ្នកស្គាល់ ហើយរៀបចំខ្លួនឲ្យដូចជាអ្នកកំពុងចែកចាយមេរៀននោះជាមួយពួកគេ ។ អ្នកអាចនឹងចង់ប្រើគំនិតមួយចំនួនដែលបានរាយនៅក្រោមផ្នែក « គំនិតសម្រាប់ការរៀបចំមេរៀន » ដែលមាននៅពេលក្រោយក្នុងមេរៀននេះ ដើម្បីជួយអ្នកឲ្យរៀបចំមេរៀន ។
សូមប្រាប់សិស្សថា ពួកគេនឹងមានឱកាសបង្រៀនមេរៀនដែលពួកគេបានរៀបចំដល់មិត្តរួមថ្នាក់មួយក្រុមតូច ។ សូមផ្តល់ជម្រើសឲ្យសិស្សដែលអាចនឹងមានអារម្មណ៍អន្ទះសាខ្លាំង ពេលដែលគាត់ត្រូវបង្រៀននិយាយឮៗ ។ ការណ៍ទាំងនេះរួមមានការផ្ដល់ចំណុចសំខាន់ៗនៃមេរៀនរបស់ពួកគេ ឬការធ្វើការជាមួយដៃគូដែលមានទំនុកចិត្ត ឬបទពិសោធន៍ច្រើនជាង ។ បើអ្នកជ្រើសរើសមិនឲ្យសិស្សរៀបចំមេរៀនទេ សូមពិចារណាប្រើគំនិតទាំងឡាយដែលមានបន្ទាប់ពីជម្រើសនៃការសិក្សានីមួយៗ អំពីរបៀបដើម្បីបង្រៀនផ្នែកផ្សេងៗនៃមេរៀននេះ ។
វាអាចនឹងជួយសិស្សបាន បើអ្នកធ្វើជាគំរូដោយសង្ខេបអំពីរបៀបរៀបចំមេរៀនខ្លីមួយ ។ បើមិនដូច្នោះទេ អ្នកអាចអញ្ជើញសិស្សដែលមានបទពិសោធន៍ឲ្យចែកចាយគំនិតតាមរយៈការសួរសំណួរដូចតទៅនេះ ៖ « ដោយផ្ដើមចេញពីបទពិសោធន៍អ្នក តើជំហានដំបូងក្នុងការរៀបចំមេរៀនរបស់អ្នកមានអ្វីខ្លះ ? » ឬ « តើផែនការមេរៀនធម្មតាមួយ មានលក្ខណៈយ៉ាងណាដែរចំពោះអ្នក ? » ឬ « តើអ្នកទៅរកព័ត៌មានបន្ថែមអំពីប្រធានបទរបស់អ្នកនៅឯណា ? »
សូមពិចារណាសរសេរជម្រើសបីខាងក្រោមនៅលើក្ដារខៀនឲ្យសិស្សជ្រើសរើសយកមួយ ។
ជម្រើសទី ១ ៖ យើងអាចអនុវត្តសេចក្តីជំនឿលើព្រះតាមរយៈការថ្វាយបង្គំទ្រង់នៅក្នុងការអធិស្ឋាន ។ អាលម៉ា ៣៣:៣–១១
បទគម្ពីរបន្ថែមដែលត្រូវពិចារណា ៖ អាលម៉ា ៣៤:១៧–២៧
បើអ្នកសម្រេចចិត្តរើសយកជម្រើសសិក្សាទី ១ ជាថ្នាក់រៀនមួយជំនួសការឲ្យសិស្សរៀបចំបង្រៀនវា សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីពីសេចក្ដីពិតដែលពួកគេបានរៀនអំពីការអធិស្ឋានពីខគម្ពីរទាំងនេះ ។ អ្នកក៏អាចពិភាក្សាអំពីការយល់ខុសមួយចំនួនដែលមនុស្សមានអំពីការអធិស្ឋាន ដែលសេចក្តីពិតពីខគម្ពីរទាំងនេះបានលើកឡើង និងកែតម្រូវ ។
ការអញ្ជើញសិស្សឲ្យស្វែងរកសៀវភៅទំនុកតម្កើងដើម្បីរកបានឃ្លាអំពីការអធិស្ឋាន ដែលមានអត្ថន័យសម្រាប់ពួកគេអាចនឹងមានប្រយោជន៍ផងដែរ ។ ពួកគេអាចនឹងនិយាយប្រាប់គ្នាអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលពាក្យបទចម្រៀងនេះឆ្លុះបញ្ចាំងឲ្យឃើញ ។
ជម្រើសទី ២ ៖ យើងអាចអនុវត្តសេចក្ដីជំនឿបានតាមរយៈការជឿលើព្រះរាជបុត្រារបស់ព្រះ ។ អាលម៉ា ៣៣:១២–១៨
បទគម្ពីរបន្ថែមដែលត្រូវពិចារណា ៖ យ៉ូហាន ៣:១៦; នីហ្វៃទី២ ២:៦–៨
បើអ្នកសម្រេចចិត្តរើសយកជម្រើសសិក្សាទី ២ ជាថ្នាក់រៀនមួយជំនួសការឲ្យសិស្សរៀបចំបង្រៀនវា សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំ អាលម៉ា ៣៣:១៤, ១៨ ។ បន្ទាប់មក សូមស្នើឲ្យសិស្សស្វែងរក និងចែកចាយវគ្គបទគម្ពីរដែលពួកគេចូលចិត្តអំពីព្រះរាជបុត្រានៃព្រះចេញពីគម្ពីរណាក៏បាន ។ ពួកគេអាចប្រើបញ្ជីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលបានពីវគ្គសិក្សាទាំងបួនជាធនធានបានផងដែរ ប្រសិនបើចាំបាច់ ។
ជម្រើសទី ៣ ៖ យើងអាចអនុវត្តសេចក្ដីជំនឿតាមរយៈការមើលទៅគ្រីស្ទដើម្បីទទួលបានការព្យាបាល ។ អាលម៉ា ៣៣:១៨–២៣
បទគម្ពីរបន្ថែមដែលត្រូវពិចារណា ៖ ជនគណនា ២១:៤–៩; ហេលេមិន ៨:១៤–១៥
បើអ្នកសម្រេចចិត្តរើសយកជម្រើសសិក្សាទី ៣ ជាថ្នាក់រៀនមួយជំនួសការឲ្យសិស្សរៀបចំបង្រៀនវា សូមពិចារណាបង្ហាញរូបភាពពីសៀវភៅរូបភាពដំណឹងល្អ « ម៉ូសេ និងសត្វពស់លង្ហិន » និង « ការឆ្កាង » ខណៈពេលដែលសិស្សកំពុងអានវគ្គបទគម្ពីរខាងលើ ។ សូមអញ្ជើញពួកគេឲ្យពិភាក្សាគ្នាអំពីមូលហេតុដែលមនុស្សសព្វថ្ងៃនេះអាចជ្រើសរើសមិនមើលទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានការព្យាបាលខាងវិញ្ញាណ និងធនធាននានាដែលមនុស្សអាចរកមើលជំនួសវិញ ។ សូមសួរសិស្សអំពីអ្វីដែលពួកគេនឹងនិយាយទៅកាន់មនុស្សម្នាក់ដែលចង់ដឹងថា តើព្រះយេស៊ូវគ្រីស្ទពិតជាអាចជួយពួកគេបានឬអត់ ។
បើសិស្សត្រូវធ្វើការរៀបចំ និងបង្រៀនមេរៀន សូមពិចារណាផ្ដល់សំណៅចែកឲ្យសិស្សខាងក្រោមដើម្បីជួយដល់ការត្រៀមរៀបចំរបស់ពួកគេ ។
លើសពីនេះ សូមពិចារណាចែកឲ្យសិស្សនូវឯកសារដែលទាក់ទងនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » តាមដែលចាំបាច់ ។
គំនិតសម្រាប់ការរៀបចំមេរៀន
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« អាលម៉ា ៣៣ ៖ ការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ »
តើជម្រើសមួយណាដែលអ្នកជ្រើសរើសផ្តោត ?
សូមពិចារណាប្រើការក្រើនរំឭកមួយចំនួនខាងក្រោមដើម្បីជួយឲ្យអ្នករៀបចំគម្រោងមេរៀនរបស់អ្នក ។
ឃ្លាគន្លឹះមកពីខគម្ពីរដែលអ្នកអាចនឹងណែនាំដល់មនុស្សដែលអ្នកបង្រៀនឲ្យគូសសម្គាល់បាន ៖
អ្វីដែលខគម្ពីរទាំងនេះអាចជួយមនុស្សដែលអ្នកបង្រៀនឲ្យយល់ ឬមានអារម្មណ៍គិតដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖
របៀបដែលសេចក្ដីពិតនេះអាចនឹងមានឥទ្ធិពលលើជីវិតរបស់មនុស្សដែលអ្នកបង្រៀន ៖
មេរៀនប្រើវត្ថុបង្ហាញ ឬគំរូល្អៗនៃបុគ្គលដែលកំពុងរស់នៅតាមសេចក្តីពិតនេះ ៖
សំណួរដែលអ្នកអាចនឹងសួរដើម្បីជួយមនុស្សដែលអ្នកបង្រៀនឲ្យសញ្ជឹងគិតអំពីអ្វីដែលអាលម៉ាបានបង្រៀន ៖
បទពិសោធន៍ដែលអ្នកមានអំពីអ្វីដែលអាលម៉ាបានបង្រៀន ៖
បទគម្ពីរ ឬសេចក្តីថ្លែងការណ៍បន្ថែមពីថ្នាក់ដឹកនាំសាសនាចក្រ ៖
អ្វីដែលអ្នកអាចនឹងអញ្ជើញមនុស្សដែលអ្នកបង្រៀនឲ្យធ្វើ ដោយសារអ្វីដែលពួកគេបានរៀនហើយ ៖
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សូមអញ្ជើញសិស្សឲ្យប្តូរវេនគ្នាបង្រៀនមេរៀនរបស់ពួកគេដល់ដៃគូ ឬក្រុមតូចៗ ។ សូមប្រយ័ត្នកុំបង្ខំសិស្សដែលមានអារម្មណ៍អន្ទះសាខ្លាំង ពេលដែលពួកគេត្រូវបង្រៀនឮៗ ។ សូមពិចារណាអញ្ជើញសិស្សដែលស្ម័គ្រចិត្តបង្រៀនថ្នាក់ទាំងមូល ។
សូមពិចារណាដោយការអធិស្ឋានពីរបៀបដែលអ្នកអាចនឹងចែកចាយអ្វីដែលអ្នកបានរៀន ជាមួយមនុស្សដែលអ្នកគិតដល់នៅក្នុងចិត្តអ្នក នៅពេលអ្នករៀបចំមេរៀននេះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេពី អាលម៉ា ៣៣ នៅក្នុងថ្នាក់រៀនដោយប្រើសំណួរដូចខាងក្រោម ៖
-
តើការយល់ដឹងអ្វីខ្លះដែលអ្នកបានទទួលមកពីការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះ ?
-
តើការរៀបចំមេរៀនអំពីរឿងនេះជួយអ្នកឲ្យទទួលបានការយល់ដឹងទាំងនោះដោយរបៀបណា ?
អ្នកអាចនឹងចែកចាយការយល់ដឹងដ៏មានអត្ថន័យពី អាលម៉ា ៣៣ ដែលអ្នកបានទទួលនៅពេលដែលអ្នកបានរៀបចំបង្រៀនមេរៀននេះ ។