« ហេលេមិន ៧–១២ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៧–១២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៧–១២
ទិដ្ឋភាពទូទៅ
ព្យាការី នីហ្វៃ ដែលជាកូនរបស់ ហេលេមិន បានរស់នៅក្នុងសម័យកាលនៃអំពើទុច្ចរិតដ៏ធំមួយ ។ នៅពេលដែលពួកសាសន៍នីហ្វៃដ៏ទុច្ចរិតបានចោទសួរលោកអំពីមូលហេតុដែលលោកបាននិយាយធ្ងន់ៗអំពីពួកគេ លោកបានថ្លែងទីបន្ទាល់ដោយក្លាហានអំពីព្រះអង្គសង្គ្រោះ ។ លោកបានព្រមានដល់ប្រជាជនរបស់លោកថា ពួកគេនឹងត្រូវបំផ្លាញចោល បើពួកគេមិនប្រែចិត្តទេនោះ ។ បន្ទាប់ពីការព្យាកររបស់លោកជុំវិញអំពើឃាតកម្មទៅលើមេចៅក្រម លោកបានសញ្ជឹងគិតអំពីអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានបង្ហាញដល់លោក ។ កាលដែលលោកបានធ្វើដូច្នោះ លោកបានមានបទពិសោធន៍ដ៏អស្ចារ្យដែលព្រះអម្ចាស់បានប្រទានពរជ័យដល់លោកចំពោះសេចក្តីស្មោះត្រង់របស់លោក ។ លោកបានទូលសូមព្រះអម្ចាស់ឲ្យបញ្ជូនអំណត់អត់មួយដល់ពួកសាសន៍នីហ្វៃ ដើម្បីឲ្យពួកគេប្រែចិត្ត ។ ជាលទ្ធផល ពួកសាសន៍នីហ្វៃជាច្រើនបានបន្ទាបខ្លួន ហើយប្រជាជនបានទទួលពរជ័យដោយមានភ្លៀងម្តងទៀត ។ បើទោះបីជាមានអព្ភូតហេតុបែបនេះក៏ដោយ ក៏ប្រជាជនភាគច្រើនបានងាកចេញពីព្រះអម្ចាស់វិញ ហើយបានប្រព្រឹត្តអំពើទុច្ចរិតជាបន្តបន្ទាប់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតយោបល់ដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ហេលេមិន ៧–១០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីតួនាទីដ៏សំខាន់របស់ព្យាការីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិភាក្សាជាមួយមិត្តភក្តិ ឬសមាជិកក្រុមគ្រួសារអំពីរបៀបដែលព្យាការីកំពុងនៅរស់មានឥទ្ធិពលលើជីវិតពួកគេ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីរៀបចំសិស្សឲ្យសិក្សា និងស្វែងរកសេចក្ដីពិតអំពីព្យាការីរបស់ព្រះអម្ចាស់ សូមពិចារណាប្រើមុខងារក្តារខៀនដើម្បីសរសេរចំណងជើង សេចក្ដីពិតអំពីព្យាការីរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យសរសេរបញ្ជីសេចក្ដីពិតនៅពីក្រោមចំណងជើងនេះនៅក្នុងមេរៀនទាំងមូល ។
ហេលេមិន ៨
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់ថា ព្យាការីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយវាអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្តីពិតនៃទីបន្ទាល់របស់ព្យាការី ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរកមើលឧទាហរណ៍មួយ ឬច្រើនអំពីព្យាការី និងសាវកដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសន្និសីទទូទៅកាលពីពេលថ្មីៗនេះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជីឈ្មោះព្យាការី និងបទគម្ពីរសម្រាប់ជម្រើស ក
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សិស្សដែលជ្រើសរើសជម្រើស ក សូមបង្ហាញបញ្ជីឈ្មោះព្យាការី និងសេចក្ដីយោងបទគម្ពីរដែលមកពីមេរៀននេះ ។ សម្រាប់សិស្សដែលជ្រើសរើសជម្រើស ខ សូមពិចារណាចែកចាយនៅក្នុងឈែតនូវតំណភ្ជាប់ទៅកាន់កម្រងវីដេអូ « សាក្សីពិសេសរបស់ព្រះគ្រីស្ទ » ដើម្បីឲ្យពួកគេអាចមើលទីបន្ទាល់មួយចំនួនរបស់ព្យាការី និងសាវកសម័យទំនើប ។
ហេលេមិន ១០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សយល់អំពីសេចក្ដីពិតមកពីបទពិសោធន៍របស់នីហ្វៃដែលអាចយាងអញ្ជើញការដឹកនាំ និងព្រះចេស្ដារបស់ព្រះអម្ចាស់ឲ្យចូលទៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន ហេលេមិន ១០ ហើយរកមើលអ្វីដែលពួកគេអាចរៀនមកពីគំរូរបស់នីហ្វៃដែលអាចប្រទានពរជ័យដល់ជីវិតរបស់ពួកគេ ។
-
សំណៅចែក ៖ « ការសញ្ជឹងគិត និងវិវរណៈផ្ទាល់ខ្លួន » « ការស្វះស្វែងបំពេញបំណងរបស់ព្រះអម្ចាស់ដោយគ្មាននឿយហត់ » និង « អំណាចនៃការផ្សារភ្ជាប់ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់សកម្មភាពក្រុម អ្នកអាចដាក់សិស្សទៅក្នុងមុខងារបំបែកក្រុមដែលមានគ្នាបីនាក់ក្នុងមួយក្រុម ។ បន្ទាប់មក អ្នកអាចចូលទៅក្នុងក្រុមនីមួយៗទាំងនោះ ដើម្បីផ្តល់ជំនួយបើចាំបាច់ ឬគ្រាន់តែសង្កេតមើលសកម្មភាពសិស្សប៉ុណ្ណោះក៏បានដែរ ។
ហេលេមិន ១១–១២
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់បង្កើនការបន្ទាបខ្លួនចំពោះព្រះកាន់តែខ្លាំងឡើង ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យអានសុន្ទរកថាសន្និសីទទូទៅកាលពី ខែ មេសា ឆ្នាំ ១៩៨៩ របស់ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសឹន ដែលមានចំណងជើងថា ៖ « Beware of Pride » ។ សុន្ទរកថានេះមាននៅលើបណ្ណាល័យដំណឹងល្អ ឬនៅក្នុង Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤–៧ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពដែលមានលេខ ដ្យាក្រាមនៃវដ្តនៃការឆ្មើងឆ្មៃ
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាដាក់បង្ហាញដ្យាក្រាមនៃវដ្តនៃការឆ្មើងឆ្មៃនៅដើមមេរៀន ដើម្បីឲ្យសិស្សអាចចម្លងវាដាក់ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ដើម្បីបំពេញសកម្មភាពសិក្សា ។ ម៉្យាងទៀត អ្នកអាចផ្តល់ឯកសារភ្ជាប់រូបភាពដែលសិស្សអាចបើកនៅលើកុំព្យូទ័ររបស់ពួកគេ ហើយប្រហែលជាអាចបោះពុម្ពសម្រាប់ប្រើប្រាស់នៅអំឡុងពេលនៃការរៀននៅក្នុងថ្នាក់បាន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ១៧
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យទន្ទេញសេចក្តីយោងបទគម្ពីរជាច្រើន និងឃ្លាបទគម្ពីរគន្លឹះពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ១២ ចុងក្រោយនៅក្នុងព្រះគម្ពីរមរមន ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតរឿងនានានៅក្នុងជីវិតរបស់ពួកគេដែលពួកគេបានទន្ទេញចាំ ។ តើពួកគេអាចទន្ទេញចាំរឿងទាំងនេះបានដោយរបៀបណា ហើយតើវាបានជួយពួកគេដោយរបៀបណា ?
-
មាតិកាដែលត្រូវបង្ហាញ ៖ « ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ »
-
សម្ភារសម្រាប់សិស្ស ៖ ក្រដាស ប៊ិក និងកន្ត្រៃដើម្បីធ្វើកាតអនុស្សាវរីយ៍
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅដើមមេរៀននេះ សូមពិចារណាអនុញ្ញាតឲ្យសិស្សចែកចាយចម្លើយរបស់ពួកគេចេញមកពីសកម្មភាពរៀបចំសិស្ស ។